
មន្ត្រីជំនាញ និងមន្ត្រីនៃអង្គភាព CPU ចុះពិនិត្យទីតាំង ករណីឳពុកសម្លាប់កូនប្រុសបង្កើតអាយុ៥ខែ នៅខេត្តកំពង់ស្ពឺ នាថ្ងៃទី ៣១ កក្កដា។ រូបថត CPU
កំពង់ស្ពឺៈ បុរសដែលវាយសម្លាប់កូនប្រុសបង្កើតអាយុ ៥ ខែម្នាក់ នឹងត្រូវនគរបាលព្រហ្មទណ្ឌខេត្តកំពង់ស្ពឺ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត នៅថ្ងៃទី ២ ខែសីហា បន្ទាប់ពីចាប់ខ្លួន ៣ ថ្ងៃ ក្រោយសម្លាប់ក្មេងរងគ្រោះដោយចោទថា ជាកូនសហាយរបស់ប្រពន្ធខ្លួន ដែលប្រព្រឹត្តនៅភូមិត្រពាំងក្រើញ ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
លោក សម សាក់ ស្នងការរងទទួលផែននគរបាលព្រហ្មទណ្ឌ ខេត្តកំពង់ស្ពឺ ប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ១ សីហា ថា ជនសង្ស័យឈ្មោះ បឿន រ័ត្នធី អាយុ ២៩ ឆ្នាំ រីឯកូនប្រុសស្លាប់ ឈ្មោះ ធី ខេមរា អាយុ ៥ ខែ ដែលស្ត្រីជាម្តាយឈ្មោះ ពែក សៅតេ អាយុ ២៤ ឆ្នាំ រស់នៅក្នុងភូមិកើតហេតុខាងលើ។ ជនសង្ស័យនឹងត្រូវសមត្ថកិច្ចជំនាញរបស់លោកកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺនៅថ្ងៃទី ២ សីហា។
លោកថ្លែងថា៖ «ជនសង្ស័យសម្លាប់កូនខ្លួនឯងម្នាក់នោះ ខាងជំនាញខ្ញុំមិនទាន់បញ្ជូនទៅតុលាការទេ នៅថ្ងៃនេះ [ថ្ងៃទី ១ សីហា] ហើយកម្លាំងយើងបញ្ជូនគាត់ទៅតំណាងអយ្យការនៅថ្ងៃស្អែក [ថ្ងៃទី ២ សីហា។ តែជនសង្ស័យមិនបានឆ្លើយសារភាពប្រាប់យើងនៅឡើយទេ»។
លោក ឡាយ សុផាត អនុប្រធានផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកថ្ពង ឱ្យដឹងតាមសម្តីសាច់ញាតិរបស់ស្ត្រីម្តាយក្មេងរងគ្រោះនៅថ្ងៃទី ១ ខែសីហា ថា ជនសង្ស័យបានយកគ្នាជាប្តីប្រពន្ធ ជាមួយស្ត្រី ឈ្មោះបឿន រ័ត្នធី រហូតមានកូនចំនួន៣នាក់ ក្នុងនោះប្រុស២នាក់ និងស្រីជាកូនច្បង។ ប៉ុន្តែក្រោយមក ស្ត្រីជាប្រពន្ធមានជម្លោះជាមួយជនសង្ស័យ ហើយបាននាំកូនទៅរស់នៅស្រុកត្រែងត្រយឹង និងមានប្តីក្រោយ។
លោកបន្តថា ក្រោយមកជនសង្ស័យបានសុំប្រពន្ធរបស់ខ្លួនរួមរស់ជាមួយគ្នាឡើងវិញ ហើយស្ត្រីជាប្រពន្ធក៏យល់ព្រម និងមករស់នៅក្នុងភូមិត្រពាំងក្រើញ ឃុំប្រាំបីមុម ស្រុកថ្ពង ដូចមុនវិញ។ បន្ទាប់ពីបានរួមរស់នៅជាមួយគ្នា គឺជនសង្ស័យតែងតែវាយដំទៅលើក្មេងរងគ្រោះដោយពេលខ្លះយកបារីអុចខ្លួនក៏មាន និងប្រើអំពើហិង្សាជាប្រចាំ។ លុះនៅវេលាថ្ងៃត្រង់ថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ ២០២២ ពេលម្តាយរបស់ក្មេងរងគ្រោះមកពីស៊ីឈ្នួលស្ទូងស្រូវឱ្យគេ ជនសង្ស័យបានប្រាប់ប្រពន្ធថា កូនធ្លាក់ពីលើគ្រែមិនស្រួលខ្លួនខ្លាំង ហើយពួកគេបានយកកូនទៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ តែដោយស្ថានភាពធ្ងន់ធ្ងរពេក គ្រូពេទ្យបានប្រាប់ឱ្យយកទៅមន្ទីរពេទ្យគន្ធបុប្ផានៅរាជធានីភ្នំពេញ។
លោក សុផាត បន្តថា នៅវេលាថ្ងៃត្រង់ ថ្ងៃដដែលនោះ ពួកគេបានយកកូនទៅមន្ទីរពេទ្យគន្ធបុប្ផាតាមគ្រូពេទ្យប្រាប់។ ប៉ុន្តែពេលជិះម៉ូតូដល់ពាក់កណ្តាលផ្លូវក្មេងរងគ្រោះបានដាច់ខ្យល់ស្លាប់ ហើយពួកគេបានយកក្មេងរងគ្រោះត្រឡប់មកផ្ទះវិញ។ នៅពេលនោះដែរសមត្ថកិច្ចរបស់លោក ក៏បានចុះទៅមើលក្មេងរងគ្រោះ ហើយបានណែនាំឱ្យជនសង្ស័យ និងប្រពន្ធយកសាកសពក្មេងទៅកប់សិនដើម្បីទុកឱ្យសមត្ថកិច្ចជំនាញចុះមកធ្វើកោសល្យវិច័យបន្តទៀត។ បន្ទាប់មក លោកបានរាយការណ៍ទៅលោកអធិការនគរបាលស្រុកថ្ពងថា ក្មេងរងគ្រោះអាចស្លាប់បណ្តាលមកពីរងនូវការធ្វើទារុណកម្ម និងអំពើហិង្សាពីសំណាក់ឪពុក។
បើតាមលោក សុផាត នៅថ្ងៃទី ៣១ កក្កដា សមត្ថកិច្ចជំនាញនៃនាយកដ្ឋានបច្ចេកទេសវិទ្យាសាស្ត្រក្រសួងមហាផ្ទៃ សហការជាមួយអង្គភាពស៊ីភីយូ (CPU) របស់ប្រទេសអូស្ត្រាលីប្រចាំនៅប្រទេសកម្ពុជា បានចុះធ្វើការស្រាវជ្រាវដល់ផ្ទះកើតហេតុ។ ពេលនោះបានគាស់សាកសពក្មេងរងគ្រោះមកធ្វើកោសល្យវិច័យឃើញថា ក្មេងរងគ្រោះបាក់ដៃឆ្វេង ហើយនៅផ្នែកក្បាលមានស្នាមជាំជាច្រើនកន្លែង ពិសេសផ្នែកក្បាលមានប្រេះលលាដ៍ផង។ មន្ត្រីជំនាញរបស់អូស្ត្រាលីសន្និដ្ឋាន ក៏បានលើកជើងក្មេងរងគ្រោះសំយុងក្បាលចុះក្រោមហើយនិយាយថា ប្រសិនបើក្មេងរងគ្រោះធ្លាក់ពីលើគ្រែមែននោះ គឺមិនអាចប្រេះលលាដ៍ក្បាល និងមានស្នាមជាំពកក្បាលទេ ប៉ុន្តែប្រាកដជាទទួលរងនូវការធ្វើទារុណកម្មពីសំណាក់ជនសង្ស័យជាឪពុកហើយ។
លោក សុផាត បញ្ជាក់ថា៖ «ពេលនោះសមត្ថកិច្ចជំនាញបានសាកសួរព័ត៌មានពីអ្នករស់នៅក្បែរៗផ្ទះកើតហេតុ បញ្ជាក់ថា ជនសង្ស័យតែងធ្វើទារុណកម្មលើក្មេងរងគ្រោះមែន។ ព័ត៌មាននេះ វាមានភាព[ស៊ីចង្វាក់]គ្នានឹងការសន្និដ្ឋានរបស់មន្ត្រីជំនាញ ទើបសមត្ថកិច្ចយើងឃាត់ខ្លួនជនសង្ស័យតែម្តងទៅ»។
លោក ឡាយ សុផាត បន្ថែមថា នៅពេលឃាត់ខ្លួន ជនសង្ស័យបាននិយាយប្រាប់លោកថា គាត់មានការសង្ស័យលើកូនប្រុសពៅរបស់គាត់ថា វាមិនមែនជាកូនបង្កើតរបស់គាត់ទេ ព្រោះក្រោយពីគាត់ឈ្លោះគ្នា គឺប្រពន្ធរបស់គាត់បានទៅរស់នៅជាមួយប្តីក្រោយនៅស្រុកត្រែងត្រយឹង។ ហេតុដូច្នេះហើយទើបជនសង្ស័យតែងតែធ្វើបាបក្មេងរងគ្រោះ។
លោក ភោក សម្បត្តិ នាយការិយាល័យនគរបាលបច្ចេកទេសវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ប្រាប់នៅថ្ងៃទី ១ សីហា ថា ក្មេងរងគ្រោះត្រូវបានជំនាញរបស់លោកធ្វើកោសល្យវិច័យឃើញថា នៅក្បាលក្មេងរងគ្រោះមានស្នាមប្រេះលលាដ៍ ១ កន្លែង និងមានបាក់ដៃឆ្វេង រួមទាំងមានស្នាមជាំក្បាលខ្លះទៀត៕