មណ្ឌល​គិរីៈ លោក​ នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​បាន​លើកឡើ​ង​ថា ​ការ​ស្តារ​សត្វ​ខ្លាធំ​ឡើង​វិញ ជារឿង​សំខាន់​ព្រោះវា​ធ្វើ​ឱ្យមាន​តុល្យ​ភាព​ប្រព័ន្ធ​អេកូឡូ​ស៊ី នៃ​បរិស្ថាន​ធម្មជាតិ ​​ខណៈ​ដែល​កម្ពុជា ជាប្រទេស​ធ្លាប់មាន​ខ្លាធំ​ ដែល​​ត្រូ​វតែ​ធ្វើ​ឱ្យមាន​ការ​បន្ត​ពូជ​ឡើង​វិញ​។

ក្នុង​ពេល​ចុះធ្វើ​យុទ្ធនា​ការ​អន្ទាក់​សូន្យ នៅ​ខេត្ត​មណ្ឌល​គិរី កាល​ពីថ្ងៃ​ទី ២៩ ខែ កក្កដា លោក​នេត្រ ភក្ត្រា បាន​ឱ្យដឹង​ថា ការ​ស្តារ​សត្វ​ខ្លា​ធំឡើង​វិញ គឺ​ដើម្បី​បញ្ជាក់​ថា ​កម្ពុជា​ជា​ប្រទេស​ធ្លាប់​មាន​ខ្លាធំ ​ដែល​ត្រូវ​តែ​ឱ្យ​មាន​ការ​បន្តពូជ​បន្ថែម​ទៀត ខណៈ​សត្វ​ព្រៃ​ដែល​អាច​រក្សាបាន​នូវ​តុល្យភាព​អេកូឡូ​ស៊ី ដែល​កម្ពុជា​បាន​បាត់​បង់​ទៅ មិនមែន​ត្រឹម​តែខ្លា​ធំនោះ​ទេ គឺមាន​ទាំង​រមាស និងគោ​ព្រៃផង​ដែរ​។

លោក​ថ្លែង​ថា៖«​ក្នុង​នាម​ជាអ្នក​អភិរក្ស ពិត​ជា​មាន​ការ​សោក​ស្តាយ ដែល​បាត់​បង់​នូវ​ប្រភេទ​ពូជ​សត្វ​មួយ​ចំនួន។ អ៊ីចឹង​ហើយ បាន​ជា​​យើង​ខិតខំ​ប្រឹង​ប្រែង​ធ្វើ​យុទ្ធនាការ​អន្ទាក់​សូន្យ ដើម្បី​សង្គ្រោះ​សត្វ​ព្រៃ ដើម្បី​ផ្តល់​ទីជម្រក​ឱ្យ​សត្វ​ព្រៃមាន​សុវត្ថិ​ភាព និងផ្តល់​ក្តី​សង្ឃឹម​ដល់សត្វ​មួយ​ចំនួន​ដែល​ជិត​ផុត​ពូច​។ ឧទាហរណ៍​ដូច​ជា​ត្មាត សត្វ​ខ្សឹប សត្វ​ក្រៀល ក្រពើ​ភ្នំ ទន្សោង និង​តូច​ថ្ពាល់​លឿង​ជា​ដើម»

​អ្នកនាំ​ពាក្យ​ក្រសួង​បរិស្ថាន​រូប​នេះបាន​ឱ្យដឹង​ថា នៅ​កម្ពុជា​ធ្លាប់​មាន​ខ្លាធំ ​ដែល​វត្តមាន​របស់វា​ត្រូវបាន​គេឃើញ​​មាន​ចុង​ក្រោយ​បំផុត​នៅ​ឆ្នាំ ២០០៧ ដែលថត​បាន​នៅក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​នៃ​ខេត្ត​មណ្ឌល​គិរី។

ប៉ុន្តែ​ចាប់​តាំង​ពីឆ្នាំ ២០០៧ រហូត​មក​ដល់ ឆ្នាំ ២០២២​នេះ មាន​រយៈ ពេល ១៥ឆ្នាំ មក​ហើយ ដែល​គេ​មិន​ឃើញវត្ត​មាន​ សត្វ​ខ្លា​ធំ​​ទៀត​ទេ ដែល​អាច​សន្និដ្ឋាន​បាន​ថា កម្ពុជា​បានបាត់​ពូជ​ប្រភេទ​សត្វខ្លាធំ​នេះ​ហើយ។ សត្វខ្លា​ធំ​នៅ​កម្ពុជា​ដែល​បាន​បាត់​បង់ទៅ​នោះ​អាច​បណ្តាល​មក​ពីការ​ដាក់​អន្ទាក់​។

​លោក​ឱ្យ​ដឹង​ទៀត​ថា ដើម្បី​ធ្វើសមា​ហរណ​កម្ម​ខ្លាធំ​ចូល​មក​កម្ពុជា​វិញ ក្រសួង​បរិស្ថាន កំពុង​សហការ​ជា​មួយ​អង្គការ​ WA នៅ​តំបន់​ជួរ​ភ្នំក្រវាញ​ដើម្បី​ពិនិត្យ​ទៅ​លើ​ទីតាំង​សម​ស្រប​ដើម្បី​យក​សត្វខ្លា​ធំ ដាក់​ចូល​ក្នុង​ព្រៃ​ធម្មជាតិ​វិញ ដោយ​សហការ​យក​ខ្លា​ធំ​មកពី​ប្រទេស​ឥណ្ឌា ព្រោះ​ប្រទេស​នេះ​សំបូរ​សត្វ​ខ្លាធំ​។

បើតាម​ក្រសួង​បរិស្ថាន​ កាលពី​ថ្ងៃទី​០៦ និង​ទី​០៧ ខែមីនា ឆ្នាំ​២០២២ លោក លឿង កេស​រោ អគ្គ​នាយក​រង នៃ​អគ្គនាយក​ដ្ឋាន​តំបន់​ការពារ​ធម្មជាតិ​ កញ្ញា Suwanna Gaunlet និង​លោក ហ៊ត់ សុគន្ធ មកពី​អង្គការ ​Wildlife Alliance (WA) និង​លោក Thomas Gray តំណាង​អង្គការ WWF និង​ប្រតិភូ​ឥណ្ឌា​ ដឹកនាំ​ដោយ​លោក Satya Prakash Yadav អគ្គនាយក​នៃ​អាជ្ញាធរ​ជាតិ​អភិរក្ស​សត្វ​ខ្លា នៃ​ក្រសួងបរិស្ថាន ព្រៃ​ឈើ និង​ប្រែ​ប្រួល​អាកាស​ធាតុ ប្រទេស​ឥណ្ឌា អម​ដំណើរ​ដោយ​លោក Rajesh Gopal អគ្គលេខាធិការ នៃ​វេទិកា​សត្វ​ខ្លា​ពិភព​លោក ព្រមទាំង​ជំនាញការ​ឥណ្ឌា បានធ្វើ​ដំណើរ​ដោយ​ឧទ្ធម្ភាគចក្រ និង​រថយន្ត ទៅ​ខេត្ត​កោះ​កុង​​ដើម្បី​ចុះ​​ពិនិត្យ​ទីវាល និង​វាយតម្លៃ​ស្ថានភាព​ព្រៃ​ធម្មជាតិ​ស្ថិតនៅក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​តា​តៃ សំ​កុស និង​ឧទ្យាន​ជាតិ​ក្រវាញ​កណ្តាល និង​ខាង​ត្បូង និង​ដើម្បី​ពិនិត្យ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត​ [​មាន​របង​ដែក ទ្រុង​ដែក អាងទឹក​សម្រាប់​សត្វ​ខ្លា និង​សត្វព្រៃ​ ចំណី​ខ្លា​និង​មជ្ឈ​មណ្ឌល​ស្តារ​សត្វ​ខ្លា​] ដែល​បាន​សង់​រួច​លើដី​ទំហំ​៩០​ហិកតា​។

ទីតាំង​នេះ​ស្ថិតនៅក្នុង​ដែនជម្រកសត្វព្រៃ​តា​តៃ​សម្រាប់​បន្ស៊ាំ​សត្វ​ខ្លាធំ មុន​លែង​ចូល​ទៅ​ក្នុង​តំបន់​ស្នូល នៃ​តំបន់​អភិរក្ស​សត្វ​ខ្លា​។ ជាមួយ​គ្នានេះ តំណាង​ប្រតិភូ​ឥណ្ឌា​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​កម្ពុជា ក្នុងការ​អភិរក្ស​ធន​ធាន​ធម្មជាតិ និង​បានចាត់​ទុក​ប្រទេស​កម្ពុជា គឺជា​ទីតាំង​ភូមិសាស្ត្រ​​មួយ​ដ៏​សំខាន់​សម្រាប់​ឥណ្ឌា​ក្នុង​កម្មវិធី​ស្តារ​សត្វ​ខ្លាធំ​។

ទោះ​យ៉ាង​នេះក្តី លោ​កនេត្រ ភក្ត្រា នៅមិន​ទាន់អាច​បញ្ជាក់​បាន​ថា សត្វ​ខ្លាធំ​នឹង​ត្រូវ​នាំ​មក​ដល់​ប្រទេស​កម្ពុជា​ពេល​ណា ហើយ​នឹង​ត្រូវ​ប្រលែង​ចូល​ក្នុង​ព្រៃ​ធម្មជាតិ​នៅ​ពេល​ណានោះ​ទេ។

លោក​បញ្ជាក់​ថា ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ស្រែពក ក៏ជា​តំបន់​មួយ​ដែល​មាន​សក្តា​នុពល​ខ្ពស់ ក្នុងការ​ធ្វើ​សមា​ហរណក​ម្ម​សត្វ​ខ្លា​ធំ​ផង​ដែរ។ ​​បច្ចុប្បន្ន​ក្រសួង​បរិស្ថាន​កំពុង​សិក្សារួម​គ្នាជាមួយ​អង្គការ​ WWF នៅភូមិ​ភាគ​ឦសាន ​ដើម្បីរៀប​ចំជាវិ​ធាន​ការ​កញ្ចប់​មួយ​ធ្វើ​យ៉ាង​ណាអាច​ថែរក្សា​ប្រភេទ​សត្វ​មួយ​ចំនួន​ ដែល​កម្រ​និង​ជិត​ផុតពូជ ឱ្យនៅ​គង់​វង្ស និង​កើន​ប្រជា​សាស្ត្រឡើង​វិញ ហើយ​ក៏​ជាផ្នែក​មួយ ​នៃការ​បង្កើត​សត្វ​រំពារ ជា​ប្រភេទ​សត្វ​ដែល​ជា​ចំណី​របស់​សត្វ​ខ្លា មាន​ដូច​ជា សត្វ​ឈ្លូស ប្រើស ក្តាន់ ទន្សោង ឬ​ខ្ទីង​ជា​ដើម ជា​ប្រយោជន៍​ក្នុង​ការ​ស្តារ​សត្វ​ខ្លាធំ​ឡើង​វិញ​ក្នុង​ខេត្ត​នេះ​ផង​ដែរ។​

លោកថ្លែ​ង​ថា៖«អ៊ីចឹង​ការ​គ្រប់​គ្រង​ដែល​យើង​គិត​នោះ​គឺ ការ​ពិនិត្យ​ទៅលើថា​តើ យើង​អាចនឹង​រៀបចំ​ការ​ដាក់​ជា​របង ព័ទ្ធ​តំបន់​ស្នូល​ណា​មួយ​ដែល​យើង​យល់​ថា មាន​កម្រិត​ដង់​ស៊ីតេ​សត្វ​ព្រៃ​ខ្ពស់​ដើម្បីឱ្យ​វានៅ​គង់​វង្ស ហើយ​បន្ទាប់​មក​យើង​ពង្រីក​ space របស់​យើង។ តែនេះ​ជាគម្រោង​ដែល​យើង​កំពុង​សិក្សា ហើយ​គម្រោង​នេះ ត្រូវ​ការ​ចំណាយ​ថវិកា​ច្រើន​ដែរ​»។ ​

លោក​ថា ​ក្នុង​បរិបទ​កូវីដ​១៩ ក្រសួង​បរិស្ថាន និង​ដៃគូ​រអភិវឌ្ឍន៍​កំពុង​ពិចារ​ណារ​កម្រិត​នៃការ​ធ្វើទាំង​បច្ចេក​ទេស ហិរញ្ញ​វត្ថុ និង​តម្រូវ​ការ​ប្រព័ន្ធ​អេកូឡូ​ស៊ីជាក់​ស្តែង។ យ៉ាងណា​ជាបទ​ពិសោធ​នៅតំបន់​មួយ​ចំនួន ដូច​ជានៅ​ក្នុង​ខេត្ត​ឧត្តរ​មាន​ជ័យ ដែល​មាន​ការ​ដាក់​របង​អភិរក្ស​សត្វ​ព្រៃដែរ​នោះ​ឃើញ​ថា កម្រិត​នៃ​កំណើន​សត្វ​ព្រៃកើន​ឡើង​ខ្លាំង។

លោក សេង ទៀក តំណាង​ប្រចាំ​ប្រទេស​នៃអង្គ​ការ WWF បាន​ឱ្យដឹង​ថា ​អង្គការ WWF បាន​ធ្វើការ​ជាមួយ​ដៃគូដោ​យ​ដាក់​​កម្មវិធី​​មួយ​ហៅ​ថា ស្តារ​ខ្លាធំ​ឱ្យ​កើន​ចំនួន​២​ដង នៅ​ក្នុង​ប្រទេស​ទាំង​១៣​ដែល​មាន​ខ្លាធំ​ចាប់​តាំង​ពីឆ្នាំ ២០១០ ​ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ដែល​ជា​លទ្ធ​ផល​បង្ហាញ​ថា ចំនួន​សត្វ​ខ្លាធំ​ មិ​ន​មែន​សុទ្ធតែ​កើន​ឡើង​ នៅគ្រប់​បណ្តា​ប្រទេស​ដែល​មាន​សត្វ​ខ្លាធំ​នោះទេ។

លោក​ប្រាប់​ថា តាម​របាយ​ការណ៍​របស់ IUCN អំពី​ចំនួន​សត្វខ្លា​ធំ នៅ​លើពិភព​លោក​ដែល​ទើប​ចេញ​ផ្សាយ​​ក្នុង​ពេល​ថ្មីៗ​នេះ​បញ្ជាក់​ថា ចំនួន​សត្វ​ខ្លាធំ មាន​ការ​កើន​ឡើង​ពី ៣ ២០០​ក្បាល ដល់ ៤ ៦៥២​ក្បាល គិត​ពី​ឆ្នាំ ២០១០ ដល់ ២០២២​។​

លោក​ថា ប្រទេស​ដែល​​មាន​សត្វខ្លា​ធំកើន​ឡើង ២ដង​មាន​ប្រទេស ឥណ្ឌា និង​នេប៉ាល់។ ចំណែក​ប្រទេស​ដែល​មាន​ការ​កើន​ឡើង មិន​ដល់​២​ដង គឺមាន​ប្រទេស​ប៊ូតាន ចិន និង​រុស្ស៊ី​ ហើយ​ប្រទេស​ដែល​មាន​ចំនួន​ខ្លា​ថេរ មាន​បង់ក្លា​ដែស និង​ប្រទេស​ថៃ ។ ដោយ​ឡែក ប្រទេស​ដែល​មាន​សត្វ​ខ្លា​ថយ​ចុះ នៅក្នុង​រយៈ​ពេល​១២​ ឆ្នាំនេះ គឺ​ប្រទេស​ភូមា ម៉ា​ឡេស៊ី និង​ប្រទេស​ឥណ្ឌូនេស៊ី​។

ចំណែក ​ប្រទេស​ដែល​បាត់​វត្ត​មាន​ខ្លា ឬ​ប្រទេស​ដែល​មាន​ខ្លា តែ​មិន​អាច​បន្ត​ពូជ​បាន​ មាន​ប្រទេស​កម្ពុជា វៀត​ណាម និង​ប្រទេស​ឡាវ។

បើតាម​លោក​សេង ទៀក សត្វ​ខ្លា​ត្រូវ​បាន​គេប្រើ​ជាប្រភេទ​សត្វ​សូច​នាករ បាន​ន័យ​ថា សត្វខ្លា​ឈ្មោល​១​ក្បាល​ត្រូវ​ការ​ដែន​ជម្រក​យ៉ាង​ហោច​ណាស់​ ១០០ គីឡូ​ម៉ែត្រ​ការ៉េ ដែល​ពាក្យ១​គេនិយាយ​ថា ភ្នំ១​មិន​ដែល​មាន​ខ្លា​២ ប៉ុន្តែ​បើមាន​សត្វខ្លា​នៅ​ព្រៃណា ព្រៃនោះ​គឺសំបូរ​ទៅ​ដោយ​សត្វ​ព្រៃ។

លោក​បញ្ជាក់​ថា​៖«ខ្ញុំ​និយាយ​ថា វា​ជា​សូច​នាករ មាន​ន័យ​ថា វាវាស់វែង​ពីសុខភាព​នៅក្នុង​ព្រៃ ព្រោះ​ដើម្បី​ការពារ​ខ្លា​បាន ត្រូវ​ការ​កត្តា​៣ ទី១គឺ​ទីជម្រក​ដ៏ល្អ ដែល​មិន​រំខាន ទី២​ចាំ​បាច់​ត្រូវ​មានទឹក និងទី ៣ ត្រូវ​មាន​ចំណី» ៕