ភ្នំពេញៈ ការព្យាបាល​ដោយ​ឱសថ​ប្រឆាំងនឹង​មេរោគ​អេដស៍ គឺ​សំដៅលើ​ការព្យាបាល​ដោយ​ឱសថ​ទាំងឡាយណា ដែល​មាន​សកម្មភាព​ប្រឆាំងនឹង​មេរោគ​អេដស៍ ហើយ​ឱសថ​ទាំងនេះ មាន​សកម្មភាព​ទប់ស្កាត់​អង់ហ៊្ស៊ីម ដែល​មេរោគ​អេដស៍​ត្រូវការ​ដើម្បី​បំបែក​ខ្លួន​វា និង​ចម្លង​ទៅ​កោសិកា​ផ្សេងទៀត​។ នេះ​បើតាម​មន្ត្រី​ជំនាញ​ផ្នែក​សុខាភិបាល​។

ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ ​សើ​ស្បែក ​និង​កាមរោគ លោក​វេជ្ជបណ្ឌិត​អ៊ុក វិជ្ជា ​បញ្ជាក់ថា​ ការយកចិត្ត​ទុកដាក់ ​ការឆ្លើយតប ​និង​ការថែទាំ​ បង្ការ​មេរោគ​អេដស៍​នៅ​ប្រទេស​កម្ពុជា ត្រូវបាន​រៀបចំ ​សម្រាប់​ការឆ្លើយតប​នេះ​។ នៅ​ឆ្នាំ​ ២០០៣ ​ក្រសួង​សុខាភិបាល បាន​ដាក់ឱ្យ​ដំណើរការ សេវា​ថែទាំ ព្យាបាល​បន្ត​អ្នកមាន​ផ្ទុកមេរោគ​អេដស៍ និង​ជំងឺអេដស៍​ មុនដំបូង​គេ​នៅ​មន្ទីរពេទ្យ​មោងឫស្សី ខេត្តបាត់ដំបង​។

លោក​វេជ្ជបណ្ឌិត អ៊ុក វិជ្ជា ​ដែលជា​ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ លើកឡើង​បែបនេះ​ក្នុង​កម្មវិធី​ឥស្សរជន​ឆ្នើម​ថ្នាក់ជាតិ លើក​ទី​៣១ ប្រចាំខែ​កក្កដា ស្តីពី «​សារៈសំខាន់​នៃ​ការគ្រប់គ្រង​ការព្យាបាល​ដោយ​ឱសថ​ប្រឆាំង​មេរោគ​អេដស៍​ត្រឹមត្រូវ តាម​គោលការណ៍​ណែនាំ​របស់​ថ្នាក់ជាតិ​» កាលពី​ថ្ងៃទី​ ២៩ ​ខែកក្កដា ដែល​រៀបចំឡើង​ដោយ​កាកបាទ​ក្រហម​កម្ពុជា​។

លោក​វេជ្ជបណ្ឌិត ​អ៊ុក វិជ្ជា ដែល​ក៏​ជា​សមាជិក​ក្រុមការងារ​ឥស្សរជន​ឆ្នើម​ថ្នាក់ជាតិ​ផងដែរ​នោះ ឱ្យដឹងថា​ ស្របតាម​គោល​បំណង​នៃ​ការណែនាំ​ព្យាបាល​ដោយ​ឱសថ​ប្រឆាំងនឹង​ជំងឺអេដស៍​ថ្នាក់ជាតិ គឺ​ការព្យាបាល​ត្រូវតែ​ធ្វើ​ជាមួយគ្នា​ក្នុង​ថ្ងៃ​តែមួយ បន្ទាប់ពី​តេស្ត​រកឃើញ​មាន​វិជ្ជមាន​នៃ​មេរោគ​អេដស៍​។

លោក​ថ្លែងថា​៖ «មិនត្រូវ​ធ្វើការ​រង់ចាំ​នោះឡើយ ​ពីព្រោះ​នៅពេលដែល​យើង​ឆាប់​ធ្វើការ​ព្យាបាល នោះ​ប្រសិទ្ធភាព​នៃ​ការព្យាបាល អាច​ទទួលបាន នូវ​ប្រសិទ្ធភាព​ខ្ពស់ ដោយ​ជួយ​កាត់បន្ថយ នូវ​ការរីក​រាលដាល នៃ​បន្ទុក​មេរោគ​អេដស៍​នៅក្នុង​ឈាម ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​»​។​

បើតាម​គោលការណ៍​ណែនាំ​ជាតិ​ស្តីពី​ការព្យាបាល​ដោយ​ឱសថ​ប្រឆាំងនឹង​មេរោគ​អេដស៍​លើ​មនុស្សពេញវ័យ​ដែល​បានដាក់​ឱ្យប្រើ​ប្រាស់​ដោយ​ក្រសួងសុខាភិបាល ​កាលពី​ឆ្នាំ​ ២០១២ ការ​លេបថ្នាំ​ប្រឆាំងនឹង​មេរោគ​អេដស៍​ឱ្យបាន​ត្រឹមត្រូវ ទៀងទាត់ និង​ជាប់លាប់ គឺជា​ការ​លេបថ្នាំ​ជា​បន្ត​រហូត ដោយ​មិនត្រូវ​ភ្លេច​លេប ឬ​ពន្យារពេល​លេប​។ ឯការ​លេបថ្នាំ​ត្រឹមត្រូវ​តាម​កម្រិត​ដូ​ស​ឱសថ គឺជា​កត្តា​ដ៏​សំខាន់ ក្នុងការ​ទទួលជោគជ័យ នៃ​ការព្យាបាល ដោយ​ឱសថ​ប្រឆាំងនឹង​មេរោគ​អេដស៍​។

​គោលការណ៍​នេះ​បញ្ជាក់ថា ការ​លេប​ឱសថ​ប្រឆាំងនឹង​មេរោគ​អេដស៍​មិនបាន​ត្រឹមត្រូវ មិន​ទៀងទាត់ ​និង​មិនជា​ប់លាប់ (Poor adherence) តិចជាង​ ៩០% គឺ​បណ្តាលឱ្យ​ការព្យាបាល​ទទួល​បរាជ័យ ដែលនាំឱ្យ​មេរោគ​អេដស៍​សុំា​នឹង​ឱសថ​ប្រឆាំងនឹង​មេរោគ​អេដស៍​។​

លោក​វេជ្ជបណ្ឌិត​ អ៊ុក វិជ្ជា ​បញ្ជាក់ថា​ មកដល់​បច្ចុប្បន្ន​មិនទាន់មាន​ថ្នាំ​សម្រាប់​ព្យាបាល​មេរោគ​អេដស៍ ​ជំងឺអេដស៍​នេះ​ឱ្យ​ជាសះស្បើយ​ដាច់​នោះទេ​។ ប៉ុន្តែ​ក្រសួង​មាន​ថ្នាំ​សម្រាប់​ទប់ស្កាត់​ការបង្ក​កូនចៅ ការ​បំប្លែង​ខ្លួន នៃ​មេរោគ​អេដស៍ កុំឱ្យ​កើនឡើង​ច្រើនឡើងៗ​ក្នុង​ខ្លួន​អ្នកជំងឺ​។

​លោក​ថ្លែងថា​៖​ «ការប្រើ​ឱសថ​ប្រឆាំង​មេរោគ​អេដស៍​នេះ គឺ​ដើម្បី​ស្តារឡើងវិញ នូវ​ប្រព័ន្ធ​ភាព​សុំា​របស់​យើង ដែល​ក្នុង​ភាព​សុំា​ខ្លួន​យើង​នោះ​មាន​កោសិកា​សេ​ដេ​កាត់ ដែលមាន​តួនាទី​មួយ ដូចជា​ទាហាន​ការពារ​ខ្លួន​អ្នកជំងឺ​ដែរ​។ បើ​ភាព​សុំា​មានការ​ធ្លាក់ចុះ នោះ​មេរោគ​អេដស៍​នៅក្នុង​ខ្លួន​អ្នកជំងឺ ​នឹងរង​នូវ​ [ការវាយលុក]​ និង ​[ធ្វើឱ្យ]​ ជំងឺ​ឱកាស​ និយម​ច្រើន​អាច​ឆ្លង​ដល់​ពួកគាត់​ផងដែរ ​ដូចជា​ជំងឺរបេង រលាក​ស្រោមខួរ​ជាដើម»។

លោក​ប្រធាន​មជ្ឈមណ្ឌល ​លើកទឹកចិត្ត​ឱ្យ​អ្នក ​ដែលមាន​ការសង្ស័យថា ​មាន​ផ្ទុកមេរោគ​អេដស៍​ឆាប់​ទៅធ្វើ​តេស្ត​ដើម្បី​កុំឱ្យ​ពួកគាត់​ទៅ​ទទួល​សេវា​ព្យាបាល​ក្នុង​តំណាក់កាល ​ដែល​ស្ថានភាព​របស់គាត់​ធ្លាក់​ដល់​ភាព​ធ្ងន់ធ្ងរ ​ដែល​ធ្វើឱ្យ​ការព្យាបាល​ពិបាក​ក្នុងការ​ស្តារឡើងវិញ​។

លោក​បញ្ជាក់ថា​៖ «ការព្យាបាល​ទាន់ពេលវេលា ​គឺ​ជួយ​កាត់បន្ថយ​នូវ​អត្រា​ឈឺ និង​ស្លាប់​របស់​អ្នកជំងឺ​អេដស៍ ​ដែល​អាចជួយ​ឱ្យ​គាត់​អាចរ​ស់បាន​ដូចជា​អ្នកជំងឺ​ធម្មតា ហើយ​បើ​គាត់​ទទួលបាន​ការព្យាបាល​ត្រឹមត្រូវ​នោះ គាត់​មាន​សុខភាព​ល្អ ដូច​មនុស្ស​ធម្មតា​ដែរ»។​

លោក​វេជ្ជបណ្ឌិត ​ប៉ុក ​សាវឿន ​ប្រធាន​គ្លីនិក​ជាតិ​ព្យាបាល​ជំងឺអេដស៍ ​សើ​ស្បែក ​និង​កាមរោគ ​(NCHADS) បាន​លើកឡើង​ដែរ​ថា ​គោលការណ៍​របស់​មជ្ឈមណ្ឌល​ជាតិ ​នៅពេលណា​ដែល​អតិថិជន​តេស្ត​វិជ្ជមាន​មេរោគ​អេដស៍ គឺ​ត្រូវតែ​ផ្តល់​ការព្យាបាល​ភ្លាម​។ ក្នុងករណី​ដែល​ស្ថានភាព​សុខភាព​របស់គាត់​ល្អ​ មជ្ឈមណ្ឌល​នឹង​បញ្ជូន​ថ្នាំ​សម្រាប់​ប្រើប្រាស់​តាម​ស្ថានភាព​បច្ចេកទេស របស់​ថ្នាំ ART (Anti Retroviral Therapy)។​

​លោក​បន្ថែមថា ​បើ​អ្នក​ឆ្លង​នោះ​មាន​សុខភាព​ទ្រុឌទ្រោម ​គ្រូពេទ្យ​មាន​ការព្យាបាល​បន្ថែម​ជាមួយនឹង​ថ្នាំ​ឱកាស​និយម​ផ្សេងៗ​ទៀត។​

គួរ​បញ្ជាក់ដែរថា ​សម្រាប់​គោលដៅ​បន្ត​ដល់​ឆ្នាំ​ ២០២៥ ​កម្ពុជា​ប្តេជ្ញា​ឱ្យសម្រេចបាន​នូវ​គោលដៅ ​៩៥-៩៥-៩៥ ដើម្បី​លុបបំបាត់​ការឆ្លង​រីក​រាលដាល​ជំងឺអេដស៍ ​និង​មេរោគ​អេដស៍​នៅក្នុង​ប្រទេស​កម្ពុជា៕