
អគារគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ ហេង ជីវ័ន
ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) ចាប់ផ្តើមជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា រយៈពេលខ្លីចំនួន ៥២៧ រូប ពីថ្ងៃទី ១ ខែសីហា ដើម្បីបម្រើការងារនៅតាមលេខាធិការដ្ឋានរាជធានី-ខេត្តរៀបចំការបោះឆ្នោត (លធ.ខប) ទាំង ២៥ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ ២០២២។
អនុលោមតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ គ.ជ.ប.ត្រូវធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោតក្នុងឃុំ-សង្កាត់ តាមរយៈការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ ដើម្បីឱ្យបញ្ជីបោះឆ្នោតមានគុណភាពល្អដែលធានាបាននូវភាពពេញលេញ ភាពត្រឹមត្រូវ និងមានបច្ចុប្បន្នភាព។ សម្រាប់ឆ្នាំ ២០២២ នេះ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល ៥០ ថ្ងៃ ដែលនឹងត្រូវចាប់ផ្តើមពីថ្ងៃទី ២០ តុលា ដល់ថ្ងៃទី៨ ខែ ធ្នូ ឆ្នាំ ២០២២ ហើយនៅថ្ងៃទី ២១ ខែ កុម្ភ: ឆ្នាំ ២០២៣ នឹងប្រកាសបញ្ជីបោះឆ្នោតផ្លូវការ។
បើតាមសេចក្តីជូនដំណឹងពីថ្ងៃទី ២៦ ខែកក្កដា របស់លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប. មុខតំណែងដែលត្រូវជ្រើសរើស រួមមាន ជំនួយការរដ្ឋបាល និងលេខាធិការ ជំនួយការគណនេយ្យ ជំនួយការប្រតិបត្តិការ ជំនួយការសេវាកម្មច្បាប់ និងវិវាទកម្ម លេខាធិការ ជំនួយការអប់រំ ព័ត៌មាន និងទំនាក់ទំនងសាធារណៈ និងអ្នកបើកបររថយន្ត។
គ.ជ.ប.បញ្ជាក់ថា សាធារណជនដែលមានបំណងដាក់ពាក្យសុំចូលបម្រើការងារតាមមុខតំណែងខាងលើ សូមអញ្ជើញមកទទួល និងដាក់ពាក្យសុំចូលបម្រើការងារ នៅរៀងរាល់ម៉ោងធ្វើការ នៅតាមលេខាធិការដ្ឋានរាជធានី-ខេត្ត រៀបចំការបោះឆ្នោត។
លោក ជា ពុំ ប្រធានលេខាធិការដ្ឋានគណៈកម្មការខេត្តកំពង់ធំ រៀបចំការបោះឆ្នោតប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១ ខែសីហាថា តាមសេចក្តីណែនាំរបស់ គ.ជ.ប. លេខាធិការដ្ឋានខេត្តរៀបចំការបោះឆ្នោត នឹងចាត់ចែងផ្សព្វផ្សាយតាមទូរទស្សន៍ វិទ្យុរបស់ខេត្ត និងបិទផ្សាយនៅតាមទីប្រជុំជន ចាប់ពីថ្ងៃទី ១ ខែសីហា ដល់ថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០២២ ដើម្បីឱ្យសាធារណជនបានដឹង។
លោកថ្លែងថា៖ «តាមសេចក្តីណែនាំ គឺចាប់ផ្តើមចែក និងទទួលពាក្យពីថ្ងៃទី ៦ ខែ សីហា ឆ្នាំ ២០២២ និងលក្ខខណ្ឌផ្សេងៗ មានចែងលម្អិតនៅក្នុងសេចក្តីជូនដំណឹង។ ដោយឡែក នៅលេខាធិការដ្ឋានខេត្តកំពង់ធំរៀបចំការបោះឆ្នោត មានមុខតំណែង ២៣ ដែលត្រូវជ្រើសរើសបំពេញបន្ថែម»។
បើតាម លោក ជា ពុំ ការជ្រើសរើសមន្ត្រីកិច្ចសន្យារយៈពេលខ្លីនេះដើម្បីឱ្យបម្រើការងារនៅលេខាធិការដ្ឋានខេត្ត ដើម្បីពិនិត្យ និងចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២២ ពីព្រោះនៅតាមលេខាធិការដ្ឋានរៀបចំការបោះឆ្នោតនីមួយៗ មិនមានមន្ត្រីច្រើនទេ ក្នុងការបំពេញការងារមួយនេះ។
លោក សោម សូរីដា អ្នកនាំពាក្យ គ.ជ.ប. ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១ សីហាថា ក្នុងខែសីហា នេះ គ.ជ.ប. នឹងជ្រើសរើសមន្ត្រីកិច្ចសន្យារយៈពេលខ្លីឱ្យបម្រើការងារនៅតាមលេខាធិការដ្ឋានរាជធានី-ខេត្ត រៀបចំការបោះឆ្នោតទាំង ២៥ នៅទូទាំងប្រទេស ដែលមានចំនួន ៥២៧ នាក់។
លោកថា ការងារនេះ គ.ជ.ប. តែងតែអនុវត្ត នៅមុនពេលចាប់ផើ្តមពិនិត្យបញ្ជី និងចុះឈ្មោះបោះឆ្នោត។ ការត្រៀមការងាររបស់ គ.ជ.ប. គឺការងារជ្រើសរើសមន្ត្រីបុគ្គលិក និងបណ្តុះបណ្តាល ដើម្បីបំពេញការងារសម្រាប់ដំណើរការពិនិត្យ និងចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២២ ដែលរៀបចំឡើងក្នុងគោលបំណងផលិត បញ្ជីបោះឆ្នោតមួយសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ ២០២៣៕