តំណាង​ជាន់ខ្ពស់​ទទួល​បន្ទុក​កិច្ចការបរទេស និង​គោលនយោបាយ​សន្តិសុខ និង​ជា​អនុប្រធាន​គណៈកម្មការ​អឺរ៉ុប លោក Josep Borrell Fontelles បាន​ផ្ដល់​កិច្ចសម្ភាសន៍​ផ្ដាច់មុខ​ដល់​​កាសែត​ភ្នំពេញ​ប៉ុស្ដិ៍​មុនពេល​លោក​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ចាប់ពី​ថ្ងៃទី​ ២៩ កក្កដា ដល់​ថ្ងៃទី ​៥ សីហា ឆ្នាំ​ ២០២២ ដូចតទៅ​នេះ ៖

សំណួរៈ ឯកឧត្តម​, យើងខ្ញុំ​យល់​អំពី​សារៈសំខាន់​នៃ​អធិបតេយ្យ​របស់​ប្រទេស​អ៊ុយក្រែន​នេះ​ហើយ​ជា​មូលហេតុ​ដែល​រដ្ឋាភិបាល​កម្ពុជា​ក៏ដូចជា​ប្រជាជាតិ​ដទៃទៀត​បាន​បោះឆ្នោត​នៅ​អង្គការ​សហប្រជាជាតិ​ប្រឆាំង​នឹង​ការឈ្លានពាន​របស់​រុស្ស៊ី​លើ​ប្រទេស​អ៊ុយក្រែន​។ ប៉ុន្តែ​ទោះបី​ជា​យ៉ាងណា​ក៏ដោយ ការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​ប្រទេស​រុស្ស៊ី​ហាក់បី​ដូចជា​អាវុធ​មុខ​ ៣​ អ៊ីចឹង​ដែរ​។ ជាការ​ពិត​ណាស់ មុខ​ ១ គឺ​សំដៅ​ទៅលើ​លោក​ ពូទីន ​នៃ​ប្រទេស​រុស្ស៊ី ប៉ុន្តែ​មុខ​ទី​ ២ និង​មុខ​ទី​ ៣ បាន​ធ្វើឱ្យ​ប៉ះពាល់​ដល់​សហភាព​អឺរ៉ុប និង​សេដ្ឋកិច្ច ពិភពលោក​ទាំងមូល​ជាមួយ​នឹង​កំណត់ត្រា​អតិផរណា​ដ៏​ខ្ពស់​។ តាម​ការយល់ឃើញ​របស់​ឯកឧត្តម តើ​ពិភពលោក​ត្រូវ​ស៊ូទ្រាំ​នឹង​ការធ្លាក់ចុះ​សេដ្ឋកិច្ច​ដល់​ពេលណា​?

នេះ​គឺជា​វិបត្តិ​ដែល​បង្កើតឡើង​ដោយ​មនុស្ស​។ ឈ្មោះ​របស់​មនុស្ស​នោះ​គឺ ​ពូទីន ហើយ​មានតែ​គាត់​ម្នាក់​ប៉ុណ្ណោះ​ដែល​អាច​បញ្ចប់​បញ្ហា​នេះ​បាន​។ ការដាក់​ទណ្ឌកម្ម​របស់​សហភាព​អឺរ៉ុប គឺ​មាន​គោលបំណង​ដាក់​កម្រិត​សមត្ថភាព​របស់​វិមាន​ក្រឹមឡាំង​ក្នុង​ការបន្ត​ផ្តល់​ហិរញ្ញប្បទាន​ដល់​សង្គ្រាម​។ សម្ពាធ​សេដ្ឋកិច្ច​ដែល​ពួកគេ​បាន​ដាក់ គឺ​រួមបញ្ចូល​ជាមួយ​នឹង​សម្ពាធ​នយោបាយ និង​ការទូត ដើម្បី​ធ្វើឱ្យ​រុស្ស៊ី​កាន់តែ​នៅ​ឯកោ ហើយ​បង្ខំ​ឱ្យ​ប្រទេស​នេះ​ផ្លាស់ប្តូរ​ការឈ្លានពាន​ទាំង​គឃ្លើន​របស់ខ្លួន​ប្រឆាំង​នឹង​ប្រទេស​អធិបតេយ្យ​មួយ ក៏ដូចជា​ផ្លាស់ប្តូរ​អាកប្បកិរិយា ដែល​មិន​គោរព​ច្បាប់​អន្តរជាតិ​។

ជា​ការពិត​ណាស់ បញ្ហា​នេះ​មិនមែន​មិន​ប៉ះពាល់​ដល់​សហភាព​អឺរ៉ុប​នោះទេ ហើយ​វា​ក៏​ប៉ះពាល់​ផងដែរ​ដល់ដៃ​គូ​​របស់​យើង​នៅ​ទូទាំង​ពិភពលោក​។ ប៉ុន្តែ ទោះជា​យ៉ាងណា​ក៏ដោយ យើង​ក្នុងនាម​ជា​សហភាព​អឺរ៉ុប​ត្រូវតែ​ឈរ​ជាមួយ​នឹង​ប្រជាជន​អ៊ុយក្រែន ដែល​កំពុងតែ​រងគ្រោះ​បំផុត​។ អ៊ុយក្រែន​គឺជា​ប្រទេស​ជិតខាង​របស់​យើង ហើយ​ប្រជាជន​អ៊ុយក្រែន​បាន​សម្រេចចិត្ត​ថា​ពួកគេ​ចង់​ចែករំលែក​អនាគត​របស់​ពួកគេ​ជាមួយ​យើង ដោយ​ផ្អែកលើ​គោលការណ៍​ប្រជាធិបតេយ្យ និង​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​។ ប៉ុន្តែ​អនុញ្ញាត​ឱ្យ​ខ្ញុំ​គូសបញ្ជាក់​ថា អ្វីដែល​រុស្ស៊ី​កំពុង​ធ្វើ​នៅ​ប្រទេស​អ៊ុយក្រែន គឺ​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​សហភាព​អឺរ៉ុប​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ថែមទាំង​ប៉ះពាល់​ដោយផ្ទាល់​ដល់​ប្រទេស​ផ្សេងទៀត​នៅក្នុង​ពិភពលោក​ផងដែរ​។

ការឈ្លានពាន​របស់​ប្រទេស​រុស្ស៊ី​ទៅលើ​ប្រទេស​អ៊ុយក្រែន​បាន​ផ្លាស់ប្តូរ​ទិដ្ឋភាព​ភូមិសាស្ត្រ​នយោបាយ​របស់​អឺរ៉ុប និង​ពិភពលោក​។ វា​ផ្ទុយ​ទៅនឹង​គោលការណ៍​ស្នូល​នៃ​ការរួមរស់​ជាមួយ​គ្នា​ជា​អន្តរជាតិ ដែល​មានចែង​នៅក្នុង​ធម្មនុញ្ញ​របស់​អង្គការ​សហប្រជាជាតិ​៖ អធិបតេយ្យ​ស្មើគ្នា​នៃ​រដ្ឋ​ជា​សមាជិក ការដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី និង​ការហាមឃាត់​ការប្រើប្រាស់​កម្លាំង​នៅក្នុង​ទំនាក់ទំនង​អន្តរជាតិ​។ នេះ​គឺជា​ការគំរាម​កំហែង​ដល់​មនុស្ស​ទាំងអស់ មិនមែន​ចំពោះតែ​អឺរ៉ុប​ប៉ុណ្ណោះ​ទេ ពីព្រោះ​អ្វី​ដែលជា​បញ្ហា​នៅ​ទីបញ្ចប់ គឺ​ការការពារ​រដ្ឋ​ទន់ខ្សោយ​ពី​ប្រទេស​មហាអំណាច ដែល​អាច​ឈ្លានពាន​ពួកគេ​។

យើង​ទាំងអស់​គ្នា​ត្រូវតែ​ទប់ស្កាត់​ការប៉ុនប៉ង​របស់​រុស្ស៊ី​ក្នុង​ការ​បំផ្លាញ​ប្រទេស​អ៊ុយក្រែន ហើយ​បង្ហាញថា​ជាការ​ឆ្លើយតប​ដែល​អាច​ទទួល​យក​បាន បើ​មិន​ដូច្នេះ​ទេ ប្រទេស​ផ្សេង​ទៀត​អាច​ប្រឈម​នឹង​ហានិភ័យ​នៃ​ការបំផ្លិច​បំផ្លាញ​ដោយ​ប្រទេស​ជិតខាង​ដែល​ធំ​ជាង​ ឬ​ខ្លាំង​ជាង​។ ខ្ញុំ​ប្រាកដ​ណាស់​ថា គ្មាន​ប្រទេស​ណាមួយ​នៅក្នុង​តំបន់​អាស៊ី ឬ​ក្នុង​ទ្វីប​អាហ្វ្រិក ដែល​មិន​យល់ស្រប​ថា អធិបតេយ្យ​នៃ​ប្រជាជាតិ​នានា​ត្រូវតែ​លើក​តម្កើង តាម​គោលការណ៍​ដែល​មានចែង​ស្រាប់​នៅក្នុង​ធម្មនុញ្ញ​របស់​អង្គការ​សហប្រជាជាតិ​នោះទេ​។

ទាក់ទង​នឹង​សេដ្ឋកិច្ច​សកល​លោក ខ្ញុំ​សូមបញ្ជាក់​ថា វា​ច្បាស់​ណាស់​គឺ​ការទទួល​ខុសត្រូវ​ស្ថិត​នៅលើ​បញ្ហា​អតិផរណា និង​វិបត្តិ​ស្បៀងអាហារ​នៅលើ​ពិភពលោក​។ ទណ្ឌកម្ម​របស់​យើង​មិនមែន​ដាក់​គោលដៅ​លើ​ការនាំចេញ​ស្រូវ​សាឡី ឬ​ជីរ​បស់​ប្រទេស​រុស្ស៊ី​នោះទេ ហើយ​វា​មិន​ត្រូវបាន​អនុវត្ត​នៅ​ខាងក្រៅ​ទឹកដី​នៃ​សហភាព​អឺរ៉ុប​ទេ​។ មានតែ​រុស្ស៊ី​មួយ​ប៉ុណ្ណោះ​ដែលមាន​ចេតនា​ចង់​បំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ​កសិកម្ម និង​ដឹកជញ្ជូន​របស់​ប្រទេស​អ៊ុយក្រែន ដែល​បណ្តាល​ឱ្យ​មាន​កង្វះ​ប្រេងឥន្ធនៈ និង​ធ្វើឱ្យមាន​បញ្ហា​ដល់​ខ្សែចង្វាក់​ផ្គត់ផ្គង់​ស្បៀងអាហារ​នៅ​ទូទាំង​ពិភពលោក តាមរយៈ​ការបិទ​កំពង់ផែ​របស់​ប្រទេស​អ៊ុយក្រែន និង​ការ​លួច​គ្រាប់​ធញ្ញជាតិ​របស់​អ៊ុយក្រែន​។ ប្រទេស​រុស្ស៊ី​បាននិង​កំពុង​បង្ក​គ្រោះថ្នាក់​ដល់​បញ្ហា​សន្តិសុខ​ស្បៀង​សម្រាប់​មនុស្ស​រាប់លាន​នាក់​នៅ​ទូទាំង​ពិភពលោក​។ កិច្ចព្រមព្រៀង​ដែល​ដឹកនាំ​ដោយ​អង្គការ​សហប្រជាជាតិ និង​ប្រទេស​តួកគី​ជាមួយ​ប្រទេស​រុស្ស៊ី និង​អ៊ុយក្រែន ដើម្បី​បើក​ច្រក​សមុទ្រ​ខ្មៅ​សម្រាប់​ការនាំចេញ​គ្រាប់​ធញ្ញជាតិ​របស់​អ៊ុយក្រែន គឺ​ផ្តល់ឱកាស​ដើម្បី​ចាប់ផ្តើម​ផ្លាស់ប្តូរ​ទិសដៅ​អវិជ្ជមាន ប៉ុន្តែ​ជាថ្មី​ម្តងទៀត​គឺ​វា​នឹង​អាស្រ័យ​លើ​ការអនុវត្ត​ដោយ​ឆាប់រហ័ស និង​ដោយស្មោះ​ត្រង់​របស់​រុស្ស៊ី​ចំពោះ​កិច្ចព្រមព្រៀង​នេះ​។

នៅក្នុង​បរិបទ​នេះ សហភាព​អឺរ៉ុប​នៅតែ​ប្តេជ្ញាចិត្ត​ជួយ​ប្រទេស​អ៊ុយក្រែន ដើម្បី​អាច​នាំចេញ​គ្រាប់​ធញ្ញជាតិ​ជាច្រើន​របស់ខ្លួន​ចូលទៅក្នុង​ទីផ្សារ​ពិភពលោក​ឱ្យបាន​លឿន​តាម​ដែល​អាចធ្វើ​ទៅបាន​។ ផែនការ Solidarity Lanes របស់​សហភាព​អឺរ៉ុប​បាន​ជួយ​សម្រួល​ដល់​ការនាំចេញ​នៅក្នុង​ខែមិថុនា​តែមួយ​គឺមាន​ចំនួន​ ២,៥ ​លាន​តោន​។ យើង​ក៏​កំពុង​តែ​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ដៃគូ​ផ្សេងទៀត​ផងដែរ ដូចជា​អង្គការ​សហប្រជាជាតិ​ (UN) ​និង​ក្រុម​ប្រទេស​មហាអំណាច​ឧស្សាហកម្ម​ទាំង​ ៧ (G7)​ ដើម្បី​លើកកម្ពស់​ការឆ្លើយតប​ពហុភាគី​ចំពោះ​ទិដ្ឋភាព​ទូលំទូលាយ​នៃ​សន្តិសុខ​ស្បៀង​ពិភពលោក​។ នៅក្នុង​បរិបទ​នេះ​ខាង​សហភាព​អឺរ៉ុប​តែឯង គឺ​យើង​មាន​បំណង​កៀរគរ​ប្រាក់​ជាង​ ៧,៧ ​ពាន់​លាន​អឺរ៉ូ​រហូតដល់​ឆ្នាំ​ ២០២៤ ដើម្បី​គាំទ្រ​ដល់​ការឆ្លើយតប​ជា​សកល​ចំពោះ​បញ្ហា​អសន្តិសុខ​ស្បៀង​។ ​ទាំងនេះ​គឺ​រួមបញ្ចូល​ទាំង​ជំនួយ​ស្បៀងអាហារ និង​អាហារូបត្ថម្ភ​ឆាប់រហ័ស​សម្រាប់​ដៃគូ​ដែល​ងាយ​រងគ្រោះ​បំផុត​របស់​យើង ក៏ដូចជា​ការវិនិយោគ​រយៈពេល​មធ្យម​ទៅលើ​សន្តិសុខ​ស្បៀង និង​ប្រព័ន្ធ​ម្ហូបអាហារ​ប្រកប​ដោយ​និរន្តរភាព​នៅក្នុង​ប្រទេស​ដៃគូ​ជាង​ ៧០​។

សំណួរៈ ទាក់ទង​ការផ្គត់ផ្គង់​សព្វាវុធ​ដល់​ប្រទេស​អ៊ុយក្រែន​, មានការ​ចោទប្រកាន់​ជាច្រើន​ថា សព្វាវុធ​ធុន​ធ្ងន់​ទាំងនោះ​ត្រូវបាន​លួច​លក់​ទៅដល់​ទីផ្សារងងឹត​។ ក្នុង​បរិបទ​សង្គ្រាម លទ្ធភាព​នៃ​ការលេច​ធ្លាយ​អាវុធ​ទៅ​ទីផ្សារងងឹត​ខ្ពស់​ណាស់​។ តើ​ឯកឧត្តម​គិតថា ការបន្ត​ផ្គត់ផ្គង់​សព្វាវុធ​ដល់​ប្រទេស​អ៊ុយក្រែន​អាច​បណ្តាល​ឱ្យ​លេច​ធ្លាយ​អាវុធ​ទាំងនោះ​ដល់ដៃ​ភេរវករ ដែល​ជា​ការគំរាម​កំហែង​ដល់​សន្តិសុខ​ពិភពលោក​ដែរឬទេ​?

បច្ចុប្បន្ន​អ៊ុយក្រែន​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​ការឈ្លានពាន​បូរណភាព​ទឹកដី​ទាំង​អយុត្តិធម៌​ពី​ប្រទេស​រុស្ស៊ី​។ នេះ​មិនមែន​គ្រាន់តែ​ជា​បញ្ហា​សន្តិសុខ បូរណភាព​ទឹកដី និង​ប្រជាជន​ស៊ីវិល​របស់​ប្រទេស​អ៊ុយក្រែន​ប៉ុណ្ណោះ​ទេ ដូចដែល​ខ្ញុំ​បាន​លើកឡើង វា​គឺជា​អនាគត​នៃ​សណ្តាប់ធ្នាប់​ដែល​ផ្អែកលើ​ច្បាប់​អន្តរជាតិ​។

សហភាព​អឺរ៉ុប​បាន​ប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​ក្នុង​ការគាំទ្រ​ដល់​ប្រទេស​អ៊ុយក្រែន​ ដើម្បី​ការពារ​បូរណភាព​ទឹកដី​របស់ខ្លួន និង​ការពារ​ប្រជាជន​របស់​ខ្លួន​ព្រមទាំង​តាមរយៈ​ការផ្គត់ផ្គង់​សម្ភារ​យោធា​ផងដែរ​។

យើង​បានកំណត់​យន្តការ​ក្នុង​ការគ្រប់គ្រង និង​ត្រួតពិនិត្យ​ថា សម្ភារ​ទាំងនោះ​នឹងត្រូវ​បាន​ប្រើប្រាស់​តាម​គោលបំណង​របស់ខ្លួន​។ វា​នឹង​ក្លាយជា​កម្មវត្ថុ​នៃ​ការត្រួតពិនិត្យ និង​ការការពារ​យ៉ាង​តឹងរ៉ឹង បន្ទាប់ពី​វា​ត្រូវបាន​បញ្ជូន​ទៅដល់​។ មិន​ត្រឹមតែ​សម្រាប់​ពេលបច្ចុប្បន្ន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សម្រាប់​ពេល​អនាគត​ផងដែរ​។ ទាំងនេះ​គឺ​រួមបញ្ចូល​ទាំង​ការត្រួតពិនិត្យ ដែល​ការប្រើប្រាស់​គឺ​ស្របតាម​សិទ្ធិមនុស្ស​អន្តរជាតិ និង​ច្បាប់​មនុស្សធម៌​អន្តរជាតិ ព្រមទាំង​ការរាយការណ៍​ជាប្រចាំ និង​/​ ឬ​ការត្រួតពិនិត្យ​ស្ថានភាព​សម្ភារ​ទាំងនោះ​នៅ​នឹង​កន្លែង​។

ពិតណាស់ ជាទូទៅ​ហានិភ័យ​គឺ​មាន​នៅ​គ្រប់​ស្ថានភាព​សង្គ្រាម ដែល​សព្វាវុធ​មួយចំនួន​អាច​ត្រូវបាន​គេ​ប្រើប្រាស់​ខុស ប៉ុន្តែ​យើង​ជឿជាក់​ថា អ៊ុយក្រែន ក្នុង​ខណៈ​ពេល​ដែល​កំពុង​តែ​ប្រយុទ្ធ​ដើម្បី​ការរស់រាន​មាន​ជីវិត​របស់​ប្រទេស និង​ប្រជាជាតិ​របស់​ពួកគេ​នោះ​នឹង​ប្រើប្រាស់​សព្វាវុធ​ទាំងអស់​នោះ​សម្រាប់​គោលបំណង​ដែល​ពួកគេ​ត្រូវ​បាន​ផ្តល់ឱ្យ​ដែល​ពួកគេ​ត្រូវការពារ​ជីវិត​ប្រជាជន​កូនចៅ​របស់​ពួកគេ​ពី​កម្លាំង​ឈ្លានពាន​។

សំណួរៈ ទាក់ទង​នឹង​ការប្រែប្រួល​អាកាសធាតុ​ដែលជា​បញ្ហា​ប្រឈម​ដ៏សំខាន់​សម្រាប់​ពិភពលោក តើ​សហភាព​អឺរ៉ុប​នឹង​ដើរ​ទាន់​ការសន្យា​នៅក្នុង​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ស្តីពី​អព្យាក្រឹតភាព​កាបូន​នៅ​ឆ្នាំ​ ២០៥០​ ឬទេ នៅពេល​ដែល​អឺរ៉ុប​ដាក់ទណ្ឌកម្ម​លើ​ឧស្ម័ន​រុស្ស៊ី និង​វិបត្តិ​ថាមពល​នៅ​អឺរ៉ុប​?

បាទ​, វា​មិនមាន​ជម្រើស​ផ្សេង​ទៀត​ទេ ហើយ​ការផ្លាស់ប្តូរ​គឺ​សំខាន់​ជាង​ពេលណាៗ​ទាំងអស់​។ វិទ្យាសាស្ត្រ ប្រាប់​យើង​ថា វា​ជា​រឿង​បន្ទាន់​បំផុត ហើយ​រលក​កម្ដៅ​ខ្លាំង បញ្ហា​ភ្លើង​ឆេះ​ព្រៃ និង​ទឹកជំនន់​នាពេល​ថ្មីៗ​នេះ​បាន​បញ្ជាក់​ពី​បញ្ហា​នេះ​។ សហភាព​អឺរ៉ុប​បានកំណត់​មហិច្ឆតា​របស់​យើង​ទៅក្នុង​ច្បាប់​អាកាសធាតុ​ (Climate Law) ដោយ​កំណត់​គោលដៅ​អព្យាក្រឹត​អាកាសធាតុ​អឺរ៉ុប​នៅ​ឆ្នាំ​ ២០៥០ ហើយ​យើង​នឹង​ធ្វើការ​ដើម្បី​អនុវត្ត​មហិច្ឆតា​អាកាសធាតុ​របស់​យើង និង គាំទ្រ​ការផ្លាស់ប្តូរ​បៃតង​ជា​សកល​។ ការផ្លាស់ប្តូរ​នឹង​ក្លាយជា​មូលដ្ឋាន​សម្រាប់​ការងារ និង​ការរីកចម្រើន​នាពេល​អនាគត​។ ហើយ​យើង​នឹង​ធ្វើការ​ជាមួយនឹង​ដៃគូ​នៅ​ជុំវិញ​ពិភពលោក​។

ការផ្លាស់ប្តូរ​បៃតង​គឺជា​សសរស្តម្ភ​មួយ​នៃ​គោលនយោបាយ​ខាងក្រៅ​របស់​យើង​។ បច្ចុប្បន្ន យើង​មាន​កម្រិត​មូលនិធិ​ដែល​មិន​ធ្លាប់មាន​ពីមុន ដែល​ត្រូវ​បាន​រៀបចំ​សម្រាប់​ការផ្លាស់ប្តូរ​បៃតង​ជាមួយ​នឹង​គោលដៅ​ចំណាយ​ស្របច្បាប់​ចំនួន​ ៣០ ​ភាគរយ សម្រាប់​អាកាសធាតុ​នៅក្នុង​ថវិកា​ខាងក្រៅ​សហភាព​អឺរ៉ុប​របស់​យើង​សម្រាប់​រយៈពេល​ ៧​ ឆ្នាំ​ខាងមុខ ហើយ​យើង​នឹង​បន្ត​ដឹកនាំ​រួមជាមួយ​នឹង​ដៃគូ​លើ​គំនិត​ផ្តួចផ្តើម​ ដើម្បី​ទប់ស្កាត់​ការបំភាយ​ឧស្ម័ន និង​បង្កើន​ការ​សម្រប​ខ្លួន​។

នៅ​ក្នុងន័យនេះ យើង​នៅតែ​ផ្តោត​ការយកចិត្ត​ទុកដាក់​យ៉ាងខ្លាំង​ទៅលើ​ការអនុវត្ត​សេចក្តី​សម្រេច​របស់​កិច្ចប្រជុំ​ Glasgow COP26 ហើយ​យើង​គាំទ្រ​ដល់​ការធ្វើជា​ប្រធាន COP27 របស់​ប្រទេស​អេហ្ស៊ីប​ដែល​នឹង​ចូល​មកដល់ ដើម្បី​ធ្វើ​វឌ្ឍនភាព​បន្ថែម​ទៀត​។ ជាពិសេស​អ្វីដែល​កាន់តែ​ចាំបាច់​បន្ថែមទៀត​នោះ គឺ​ការ​សម្រប​ខ្លួន​ទៅនឹង​អាកាសធាតុ និង​ហិរញ្ញវត្ថុ​ដើម្បី​គាំទ្រ​ដល់​ប្រទេស​នានា​ក្នុង​ការសម្រប​ខ្លួន​ទៅនឹង​ការពិត​នៃ​អាកាសធាតុ​ថ្មី​ទាំង​នៅ​អឺរ៉ុប អាស៊ី និង​គ្រប់​តំបន់​ផ្សេងទៀត​នៅក្នុង​ពិភពលោក​។

សម្រាប់​សហភាព​អឺរ៉ុប ការឈ្លានពាន​របស់​ប្រទេស​រុស្ស៊ី​ទៅលើ​ប្រទេស​អ៊ុយក្រែន​កាន់តែ​បាន​ធ្វើឱ្យ​មាន​ការបង្កើន​ល្បឿន​នៃ​តម្រូវការ​ក្នុង​ការ​កាត់បន្ថយ​ការពឹងផ្អែក និង​ការប្រើប្រាស់​ឥន្ធនៈ​ហ្វូស៊ីល​របស់​យើង​។

គោលដៅ​គោលនយោបាយ​រួម​របស់​យើង​ក្នុង​រយៈពេល​វែង​គឺ​នៅតែ​ច្បាស់លាស់ ស្របតាម​សារៈសំខាន់​នៅក្នុង​គម្រោង «REPowerEU» ​របស់​យើង និង​យុទ្ធសាស្ត្រ​ថាមពល​ខាងក្រៅ ​(External Energy Strategy)​ ដែល​ត្រូវ​បាន​អនុម័ត​នៅក្នុង​ខែឧសភា​។ ការផ្លាស់ប្តូរ​ថាមពល​បៃតង​គឺជា​មធ្យោបាយ​តែមួយគត់​ ដើម្បី​ធានា​បាន​នូវ​ថាមពល​ប្រកប​ដោយ​និរន្តរភាព សុវត្ថិភាព និង​តម្លៃ​សមរម្យ​នៅ​ទូទាំង​ពិភពលោក​។

សហភាព​អឺរ៉ុប​បានដាក់​ចេញ​នូវ​វិធានការ​រយៈពេល​ខ្លី​ជា​បន្តបន្ទាប់ ដើម្បី​កាត់បន្ថយ​តម្រូវការ​ឥន្ធនៈ​ហ្វូស៊ីល​នៅក្នុង​សហភាព​អឺរ៉ុប​។ យើង​ក៏​នឹង​បន្ត​កសាង​ភាពជា​ដៃគូ​អន្តរជាតិ​យូរអង្វែង និង​លើកកម្ពស់​ឧស្សាហកម្ម​ថាមពល​ស្អាត​របស់​សហភាព​អឺរ៉ុប​នៅ​ទូទាំង​ពិភពលោក​ផងដែរ​។

ជាមួយ​នឹង​វិធានការ​ទាំងនេះ ខ្ញុំ​អាច​និយាយ​ដោយ​ទំនុកចិត្ត​ថា សហភាព​អឺរ៉ុប​កំពុង​ស្ថិតនៅ​លើផ្លូវ​ឆ្ពោះ​ទៅរក​គោលដៅ​អាកាសធាតុ​របស់ខ្លួន​។ តាមពិត​យើង​កំពុង​​ពន្លឿន​វិធានការ ហើយ​យើង​នឹង​គាំទ្រ​ដៃគូ​ដែលមាន​មហិច្ឆតា​អាកាសធាតុ​ដូចគ្នា​។

សំណួរៈ និយាយ​នៅក្នុង​តំបន់​វិញ តើ​ឯកឧត្តម​មាន​គម្រោង​ផ្តល់​ធាតុ​ចូល​អ្វីខ្លះ​ដល់​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន លើក​ទី​ ៥៥​ នាពេល​ខាងមុខ​? ហើយ​អ្វី​ជា​លទ្ធផល​ដែល​ឯកឧត្តម​រំពឹង​ទុក​?

អំឡុងពេល​ខ្ញុំ​នៅ​ប្រទេស​កម្ពុជា ​ខ្ញុំ​នឹង​ចូលរួម​សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី​ក្រោយ​កិច្ចប្រជុំ​អាស៊ាន​អឺរ៉ុប​ (PMC) និង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​វេទិកា​តំបន់​អាស៊ាន​ ASEAN Regional Forum (ARF)​។ អាស៊ាន និង​សហភាព​អឺរ៉ុប​គឺជា​ដៃគូ​យុទ្ធសាស្ត្រ ហើយ​អត្ថប្រយោជន៍​គឺ​យើង​អាច​និយាយ​ដោយ​ត្រង់​អំពី​កង្វល់​របស់​យើង និង​ស្វែងរក​ផ្នែក​ថ្មី​នៃ​សហប្រតិបត្តិការ​។

នៅក្នុង​កិច្ចប្រជុំ​ទាំងនេះ ខ្ញុំ​នឹង​ចែករំលែក​ការ​ថ្កោលទោស​រួម​របស់​សហភាព​អឺរ៉ុប​ចំពោះ​ការឈ្លានពាន​របស់​ប្រទេស​រុស្ស៊ី​លើ​ប្រទេស​អ៊ុយក្រែន​។ ការឈ្លានពាន​របស់​រុស្ស៊ី​លើ​ប្រទេស​តូចតាច​ជិតខាង​ការសម្លាប់​ជនស៊ីវិល ការរឹបអូស​យក​ដីធ្លី និង​ធនធាន [​និង​] ការចាប់​ពង្រត់​មន្ត្រី​មូលដ្ឋាន គឺ​ទាំងអស់​នេះ​សុទ្ធតែ​ជា​ការបំពាន​យ៉ាងច្បាស់​លើ​ធម្មនុញ្ញ​របស់​អង្គការ​សហប្រជាជាតិ ជាពិសេស​មាត្រា​ ២ និង​ច្បាប់​មនុស្សធម៌​អន្តរជាតិ​។ ជម្លោះ​នេះ​អាច​ហាក់​ដូចជា​នៅ​ឆ្ងាយ​សម្រាប់​ពលរដ្ឋ និង​រដ្ឋាភិបាល​អាស៊ាន​មួយចំនួន ប៉ុន្តែ​សហគមន៍​សកល​ទាំងមូល​បាន​រង​ផលប៉ះពាល់ នៅពេល​ដែល​មហាអំណាច​ក្នុង​តំបន់​​ដ៏ធំ​មួយ​រំលោភ​លើ​ធម្មនុញ្ញ​របស់​​អង្គការ​សហប្រជាជាតិ និង​ព្រំដែន​ដែល​ត្រូវបាន​ទទួល​ស្គាល់​ជា​អន្តរជាតិ ​ខណៈ​រុស្ស៊ី​ដែលជា​សមាជិក​អចិន្រៃ្តយ៍​នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ និង​ជា​មហាអំណាច​នុយក្លេអ៊ែរ​បានធ្វើ​។

ខ្ញុំ​នឹង​ថ្លែងអំណរគុណ​ចំពោះ​សមាជិក​អាស៊ាន​ទាំងនោះ​ដែល​បាន​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​របស់​សហភាព​អឺរ៉ុប ដើម្បី​បញ្ចប់​អំពើហិង្សា និង​​ថ្កោលទោស​រុស្ស៊ី​តាមរយៈ​ដំណោះស្រាយ​របស់​អង្គការ​សហប្រជាជាតិ និង​ទណ្ឌកម្ម​អន្តរជាតិ​។

នេះ​ក៏​ជា​ពេលវេលា​ដើម្បី​ពិភាក្សា​អំពី​ឥទ្ធិពល​នៃ​សង្គ្រាម​របស់​រុស្ស៊ី​ទៅលើ​សន្តិសុខ​ស្បៀង​ផងដែរ​។ រុស្ស៊ី​បាន​ព្យាយាម​គេចចេញ​ពី​ការទទួល​ខុសត្រូវ​ចំពោះ​ការបង្ក​គ្រោះថ្នាក់​ដល់​សុខភាព និង​ការផ្គត់ផ្គង់​ស្បៀង​អាហារ​សម្រាប់​មនុស្ស​រាប់​លាន​នាក់​ជុំវិញ​ពិភពលោក ប៉ុន្តែ​ការទម្លាក់​គ្រាប់បែក​របស់​រុស្ស៊ី​បានធ្វើឱ្យ​កសិករ​អ៊ុយក្រែន​មិនអាច​ដាំដុះ​បាន​។ វា​បាន​ដុតបំផ្លាញ​វាលស្រែ​ស្រូវ​សាឡី និង​មាន​ចេតនា​បំផ្លាញ​ទៅលើ​គ្រឿងចក្រ​កសិកម្ម ហើយ​កំពុង​រារាំង​កប៉ាល់​រាប់រយ​គ្រឿង​ដែល​ដឹក​ពេញ​ទៅ​​ដោយ​ស្រូវ​សាឡី​នៅក្នុង​សមុទ្រ​ខ្មៅ​ (Black Sea)​។

ពិតណាស់ យើង​ក៏​នឹង​ពិភាក្សា​ផងដែរ​អំពី​ស្ថានភាព​នៅក្នុង​ប្រទេស​មីយ៉ាន់ម៉ា ដែល​របប​យោធា​បន្ត​យុទ្ធនាការ​ភេរវកម្ម និង​ការគាបសង្កត់​។ ​ការប្រហារជីវិត​សកម្មជន​ប្រជាធិបតេយ្យ​ ៤ ​នាក់​កាលពី​ពេល​ថ្មីៗ​នេះ រួមទាំង​សមាជិកសភា ​១ ​រូប គឺជា​សញ្ញា​ដ៏គួរ​ឱ្យ​រន្ធត់​មួយ​សម្រាប់​ពិភពលោក ចំពោះ​ការមិន​យកចិត្ត​ទុកដាក់​របស់​របប​យោធា​ចំពោះ​ជីវិត និង​សិទ្ធិ​របស់​ពលរដ្ឋ​មីយ៉ាន់ម៉ា និង​បំណង​ប្រាថ្នា​ចង់​បាន​សេរីភាព​របស់​ពួកគេ​។ សហភាព​អឺរ៉ុប​ចាត់ទុក​ស្ថានការណ៍​ក្នុង​ប្រទេស​នោះ​ថា ធ្ងន់ធ្ងរ ហើយ​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រដ្ឋមន្ត្រី​ការបរទេស ឯកឧត្តម ប្រាក់ សុខុន ក្នុង​នាម​ជា​បេសកជន​ពិសេស​របស់​អាស៊ាន​ក្នុង​ការបញ្ចប់​អំពើហិង្សា និង​បង្រួប​បង្រួម​អាស៊ាន​ឱ្យមាន​សកម្មភាព​ម៉ឺងម៉ាត់​។

ទាក់ទង​នឹង​លទ្ធផល អាស៊ាន និង​សហភាព​អឺរ៉ុប​នឹង​អនុម័ត​ផែនការ​សកម្មភាព​រយៈពេល​ ៥ ​ឆ្នាំ​ថ្មី ដោយ​កំណត់​វិស័យ​ថ្មីៗ​នៃ​កិច្ចសហប្រតិបត្តិការ​ក្នុង​ការស្តារ​ឡើងវិញ​នូវ​ពាណិជ្ជកម្ម ការ​ងើប​ឡើង​វិញ​ក្រោយ​ជំងឺ​រាតត្បាត ការតភ្ជាប់​ផ្អែកលើ​ច្បាប់ និង​និរន្តរភាព ការប្រែប្រួល​អាកាសធាតុ ការស្រាវជ្រាវ និង​សន្តិសុខ​។ ការតភ្ជាប់​នឹង​ក្លាយជា​ចំណុច​សំខាន់​នៃ​ការពិភាក្សា ដោយសារ​តែ​ភាគី​ទាំង​ ២ កំពុង​ទន្ទឹង​រង់ចាំ​ការចុះហត្ថលេខា​នាពេល​ខាងមុខ​នៃ​កិច្ចព្រមពៀង​ដឹកជញ្ជូន​តាមផ្លូវ​អាកាស​គ្រប់​ជ្រុងជ្រោយ​រវាង​អាស៊ាន និង​សហភាព​អឺរ៉ុប​ EU-ASEAN (CATA) ដែលជា​កិច្ចព្រមព្រៀង​ដឹកជញ្ជូន​តាមផ្លូវ​អាកាស​ពី​តំបន់​ ១ ​ទៅ​តំបន់​ ១ ​ដំបូង​គេ​នៅក្នុង​ពិភពលោក និង​ជា​ក្បាលម៉ាស៊ីន​ងើបឡើង​វិញ ក្រោយពី​ជំងឺ​រាតត្បាត សម្រាប់​ក្រុមហ៊ុន​អាកាសចរណ៍​របស់​យើង​។

សំណួរៈ តាម​ទស្សនៈ​របស់​ឯកឧត្តម ដូចម្ដេច​ទៅ​ដែល​ហៅថា​ទំនាក់ទំនង​ទ្វេភាគី​ដ៏​ល្អ​រវាង​កម្ពុជា​ និង​សហភាព​អឺរ៉ុប​?

ទំនាក់ទំនង​រវាង​កម្ពុជា និង​សហភាព​អឺរ៉ុប​គឺ​ពិបាក​សង្ខេប​ត្រឹមតែ​ ១​ ប្រយោគ​។ វា​គឺជា​ទំនាក់ទំនង​ទ្វេភាគី​ដ៏​សម្បូរបែប ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​ជាច្រើន និង​ចូលរួម​ពី​តួអង្គ​ជាច្រើន​មកពី​ស្ថាប័ន​អឺរ៉ុប​ (European Institutions) រដ្ឋាភិបាល​កម្ពុជា វិស័យ​ឯកជន អង្គការ​សង្គម​ស៊ីវិល និង​មាន​ជាច្រើន​ទៀត​។ យើង​ក៏​ជា​ដៃគូ​ក្នុង​ការការពារ​ពហុភាគី​និយម ជា​អ្វីដែល​ពាក់ព័ន្ធ ជាពិសេស​នៅក្នុង​បរិបទ​អន្តរជាតិ​បច្ចុប្បន្ន​នៃ​បញ្ហា​ប្រឈម​ជា​សកល​ដែល​កំពុង​កើនឡើង​។ កម្ពុជា​សម្រាប់​យើង​គឺជា​ដៃគូ​ក្នុង​​ក្របខ័ណ្ឌ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​​រវាង​សហភាព​អឺរ៉ុប និង​អាស៊ាន និង​យុទ្ធសាស្ត្រ​ឥណ្ឌូ​ប៉ាស៊ីហ្វិក​របស់​សហភាព​អឺរ៉ុប​ (EU Indo-Pacific Strategy)​។ កាន់តែ​ពិសេស​ទៀត​​នៅ​ឆ្នាំនេះ នៅពេល​ដែល​កម្ពុជា​ធ្វើជា​ប្រធាន​អាស៊ាន ហើយ​នឹង​ធ្វើជា​សហប្រធាន​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​អឺរ៉ុប​ (EU-ASEAN Summit) នៅ​ទីក្រុង​ប្រ៊ុចសែល នៅ​ខែធ្នូ​។

អឺរ៉ុប​គឺជា​ទីផ្សារ​នាំចេញ​ធំ​ទី​ ២​ សម្រាប់​ឧស្សាហកម្ម​ផលិតកម្ម​របស់​កម្ពុជា ហើយ​ការទទួល​បាន​ការអនុគ្រោះ​តាមរយៈ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ អ្វី​គ្រប់យ៉ាង​លើកលែង​តែ​អាវុធ (EBA) នឹង​បន្ត​គាំទ្រ​ដល់​ពាណិជ្ជកម្ម​ខាងក្រៅ និង​ការបង្កើត​ការងារ​។

កម្មវិធី​កិច្ចសហប្រតិបត្តិការ​របស់​យើង គឺ​បាន​ផ្តល់​ជំនួយ​ជា​ទឹកប្រាក់​ប្រមាណ​ ៤០០​ លាន​អឺរ៉ូ និង​ផ្តល់​ប្រាក់​កម្ចី​ចំនួន ៤៥០​ លាន​អឺរ៉ូ (២០១៤-២០២០) ​ដែល​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​ក្នុងការ​គាំទ្រ​គោលនយោបាយ​អភិវឌ្ឍន៍​ក្នុង​វិស័យ​ជាច្រើន និង​ជាមួយ​សង្គម​ស៊ីវិល និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ដ៏សកម្ម​នៅ​កម្ពុជា​។

កម្មវិធី​ថ្មី​របស់​យើង​គឺ​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​ជាថ្មី​ក្នុង​ការគាំទ្រ​ដល់​ការ​ងើប​ឡើងវិញ​នៃ​សេដ្ឋកិច្ច និង​ការតភ្ជាប់​។

យើង​មាន​រចនាសម្ព័ន្ធ​ការសន្ទនា​ទ្វេភាគី​រួមទាំង​ទំនាក់​ទំនង​នយោបាយ សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​។ ភាពខុសគ្នា​របស់​យើង​នៅក្នុង​វិធីសាស្ត្រ​ចំពោះ​សំណួរ​ទាំងនេះ​រួមមាន​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ គឺ​ច្បាស់លាស់ និង​ជា​សាធារណៈ យើង​មិនមាន​របៀបវារៈ​លាក់កំបាំង​​ទេ​។ ​នេះ​នឹង​មិន​បន្ទុច​បង្អាក់​យើង​​ពី​ការពិភាក្សា​ជាមួយ​រដ្ឋាភិបាល​ក្នុង​លក្ខណៈ​បើកចំហ និង​ស្មោះត្រង់​ទេ រួមទាំង​លើ​សេណារីយ៉ូ​ដែល​នឹង​អនុញ្ញាត​ឱ្យ​មាន​ការអនុវត្ត​ពេញលេញ​នៃ​ EBA ម្តងទៀត​។ យើង​គ្រាន់តែ​អាច​ដោះស្រាយ​បញ្ហា​ទាំងនេះ​រួមគ្នា ក្នុង​ក្របខ័ណ្ឌ​នៃ​ទំនាក់ទំនង​របស់​យើង និង​បន្ត​គាំទ្រ​រាល់​កិច្ចខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា​ឆ្ពោះ​ទៅរក​ការកសាង​សង្គម​ប្រជាធិបតេយ្យ​ប្រកប​ដោយ​​បរិយាប័ន្ន​៕