ភ្នំពេញៈ​ ឧ​ត្ត​ម​មន្ត្រី​ការបរទេស​នៃ​បណ្តា​ប្រទេស​អាស៊ាន​ទាំង​ ១០ ប្តេជ្ញា​ជំរុញ​កិច្ច​សហ​ប្រតិ​​ប​ត្តិ​ការ​ដើម្បី​រួមចំណែក​ធ្វើឱ្យមាន​សន្តិភាព ស្ថិរភាព និង​វិបុលភាព​ក្នុង​តំបន់ និង​ពិភពលោក​។​

​កាលពី​ថ្ងៃទី​ ១ ខែសីហា ឧ​ត្ត​ម​​មន្ត្រី​បណ្តា​ប្រទេស​អាស៊ាន​ទាំង​ ១០ បាន​ជួបប្រជុំ​ពិភាក្សាគ្នា​នៅ ស​ណា្ឋ​គារ​សុខា រាជធានី​ភ្នំពេញ ដើម្បី​សម្រេច​នូវ​របៀបវារៈ​សំខាន់ៗ មុននឹង​ឈានទៅដល់​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី ​៣ ខែសីហា​។ កិច្ចប្រជុំ​ឧ​ត្ត​ម​មន្ត្រី​នៃ​បណ្តា​ប្រទេស​អាស៊ាន​ទាំង​ ១០​ នេះ​ ដឹកនាំ​ដោយ​លោកស្រី អ៊ា​ត សោភា រដ្ឋលេខាធិការ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ និង​ជា​ឧ​ត្ត​ម​មន្ត្រី​អាស៊ាន​នៃ​ប្រទេស​កម្ពុជា ដោយមាន​ការ​​ចូលរួម​ពី​ឧ​ត្ត​ម​មន្ត្រី​នៃ​លេខា​ធិ​ការ​អាស៊ាន​ផងដែរ​។​

​យោងតាម​ទូរទស្សន៍​ជាតិ​កម្ពុជា (​ទ​ទក​) បានឱ្យដឹងថា​៖ «​មន្ត្រី​ការបរទេស​ជាន់ខ្ពស់​នៃ​ប្រទេស​ទាំងនេះ នឹងធ្វើ​ការជជែក​គ្នា​សំដៅ​លើកកម្ពស់​ទំនាក់ទំនង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ និង​បញ្ជាក់​ពី​ការប្តេជ្ញាចិត្ត​យ៉ាង​មុត​​មាំ​ជាមួយគ្នា​ក្នុងការ​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ដោយ​ឈរលើ​គោលការណ៍ និង​ផល​​ប្រយោជន៍​រួម ដើម្បី​រួមចំណែក​ដល់​សន្តិភាព សុខដុមភាព និង​ស្ថិរភាព វិបុលភាព​ក្នុង​តំបន់ និង​ពិភពលោក​»​។​

​គិត​ត្រឹម​ថ្ងៃទី​ ១​ ខែសីហា កិច្ច​ប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន (AMM) លើក​ទី​៥៥ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ បាន​ឈាន​ចូលដល់​ថ្ងៃទី​ ៣ ​ហើយ ដោយ​ចាប់ផ្តើម តាំងពី​ថ្ងៃទី​ ២៩ ខែកក្កដា ​ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ថ្ងៃទី ​៥ ខែសីហា​។​

​នា​ថ្ងៃទី​ ១ សីហា គណៈប្រតិភូ​ឧ​ត្ត​ម​មន្ត្រី​នៃ​ប្រទេស​ឥណ្ឌា​ដែល​ដឹកនាំ​ដោយ​លោក Saurabh Kumar ប្រធាន​ឧ​ត្ត​ម​មន្ត្រី​នៃ​ប្រទេស​ឥណ្ឌា បានមក​ដល់​រាជ​​ធានី​ភ្នំពេញ ដើម្បី​ចូលរួម​កិច្ច​ប្រជុំ AMM លើក​ទី​៥៥ និង​កិច្ច​ប្រជុំ​ពាក់ព័ន្ធ​។​

​លោក​ លឹម ចុក​ហ៊ុយ (Dato Lim Jock Hoi) អគ្គលេខា​​ធិ​ការ​អាស៊ាន និង​លោកស្រី Adaljiza Albertina Xavier Reis Magno រដ្ឋមន្ត្រី​ក្រសួងការបរទេស​ទី​ម័​រ​ខាងកើត ក៏បាន​ដឹកនាំ​គណៈប្រតិភូ​មកដល់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំ​​ពេញ នា​ថ្ងៃទី​ ១ ខែសីហា ដើម្បី​ចូលរួម​កិច្ចប្រជុំ​ទាំងនេះ​។​

​នៅមុន​កិច្ចប្រជុំ AMM នេះ​ចាប់ផ្តើម​ប្រមាណ​ ១ ​សប្តាហ៍ លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ការ​​បរទេស​កម្ពុជា និង​លោក ដា​តូ អ៊ី​រី​វ៉ាន់ ពើ​ហ៊ី​ន យូ​ស៊ូ​ហ៍ (Dato Erywan Pehin Yusof) រដ្ឋ​​មន្ត្រី​ការបរទេស​ទី​២​ នៃ​ប្រទេស​ប្រ៊ុយណេ ក៏បាន​បញ្ជាក់​ពី​ការ​​ប្តេជ្ញាចិត្ត​ក្នុងការ​ពង្រឹង​កិច្ច​សហ​​ប្រតិបត្តិការ​ពហុភាគី ដើម្បី​បុព្វ​​ហេតុ​នៃ​សន្តិភាព ស្ថិរភាព​និង​ការអភិវឌ្ឍ ប្រកបដោយ​ចីរភាព​នៅក្នុង​តំបន់​និង​ក្រៅ​តំបន់​ផង​ដែរ ​ក្នុងជំនួប​តាម​ប្រព័ន្ធ​វីដេអូ​។​

​លោក គង់ ភោគ រដ្ឋលេខា​ធិ​ការ​ក្រសួងការបរទេស ថ្លែង​ក្នុង​សន្និសីទកាសែត​នា​ថ្ងៃទី ​១ សីហាថា ដោយសារ​បញ្ហា​សុខ​​ភាព​រដ្ឋមន្ត្រីការបរទេស​ហ្វីលីពីន លោក Enrique A. Manalo មិន​អាចមក​ចូលរួម​ក្នុង​កិច្ចប្រជុំ AMM នេះ​បានទេ តែ​ឧ​ត្ត​ម​មន្ត្រី​របស់លោក​នឹងចូលរួម​ជំនួស​។ ឯកអគ្គរដ្ឋទូត​កូរ៉េខាងជើង​ប្រចាំ​កម្ពុជា ក៏​នឹងចូលរួម​កិច្ចប្រជុំ​នេះ​ជំនួស​តំណាង​របស់​ប្រទេស​កូរ៉េខាងជើង ​ផងដែរ​។

លោក​បញ្ជាក់ថា អាស៊ាន​មិន​ចង់​ជ្រើសរើស​ភាគី​ណា​នោះទេ អាស៊ាន​​ គឺ​ចង់​ជ្រើស​រើសយក​ភាគី​ទាំងអស់ ពីព្រោះ​អាស៊ាន​ គឺជា​វេទិកា​សម្រាប់​លើកតម្កើង​ការសហការ​គ្នា​រវាង​បណ្តា​ប្រទេស​អាស៊ាន​ក៏ដូចជា រវាង​អាស៊ាន​ជាមួយនឹង​ដៃគូ​។​

​លោក​ថ្លែងថា​៖ «​ដូច្នេះ គោល​​ជំហរ​នេះ​ក៏​នៅតែ​បន្ត​ហើយ​និង​បន្ត​ជំរុញ​ឱ្យ​ដៃគូ​របស់​យើង​ជា​ពិសេស​ប្រទេស​មហាអំណាច​ទាំងអស់ សហការ​ជាមួយ​អាស៊ាន ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ធំៗ​ជាច្រើន​ទៀត​ដែល​យើង​កំពុងតែ​ប្រឈម​ទាំង​ក្នុង​តំបន់ និង​ក្រៅ​តំបន់​»​។​

​លោក យង់ គិ​ម​អេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាពថ្លែងថា អាស៊ាន​ត្រូវតែមាន​ជំហរ​ជាក់​លាក់​ក្នុងការ​ឆ្លើយតប​ចំពោះ «​សង្គ្រាម​ដែល​បង្កឡើង​ដោយ​រុស្ស៊ី​នៅ​អ៊ុយ​ក្រែ​ន​» ដើម្បី​ទប់​​ស្កាត់​មិនឱ្យ​ប្រទេស​មហាអំណាច​ដែល​អាង​ខ្លួន​ខ្លាំង​ខាង​អាវុធយុទ្ធភណ្ឌ​ធ្វើការ​រំលោភ​ទៅលើ​ប្រទេស​ដែល​ទន់ខ្សោយ ដែល​នឹងធ្វើ​ឱ្យមាន​វិនាសកម្ម​ដល់​សង្គមមនុស្ស​ជាតិ​។

លោក​ថ្លែងថា​៖ «​ជាមួយគ្នានេះដែរ ខ្ញុំ​ថា អាស៊ាន​គួរតែ​ក្រឡេកមើល​ទៅនឹង​បញ្ហា​ខ្លួនឯង នៅក្នុង​តំបន់​ដែរ​។ នៅក្នុង​តំបន់​ហ្នឹង​ពិតមែនតែ​យើង​ចង់បាន​សន្តិភាព យើង​ចង់បាន​ស្ថិរភាព និង​ការអភិវឌ្ឍ ប៉ុន្តែ​ក៏​យើង​ត្រូវ​គិត​អំពី​បញ្ហា​ប្រ​ជា​ធិបតេយ្យ បញ្ហា​សិទ្ធិមនុស្ស​ដែរ ដូចជា​នៅ​ភូមា​ជាដើម ដែល​ធ្វើឱ្យមាន​បញ្ហា​ដែល​វា​ប៉ះពាល់​ដល់​តំបន់​អាស៊ាន​ហ្នឹង​ដែរ​»​។​

​ជាមួយគ្នានេះ នៅ​ថ្ងៃទី​ ១ ខែសីហា ផងដែរ កិច្ចប្រជុំ​មន្ត្រី​ជាន់​ខ្ពស់​មេគង្គ​-​គង្គា បានចាប់ផ្តើម ក្នុង​ក្របខ័ណ្ឌ​នៃ​របៀបវារៈ​នៃ​កិច្ច​ប្រជុំ AMM លើក​ទី​៥៥ ​នេះ​ ដែល​ផ្តោតលើ​កិច្ចសហប្រតិបត្តិការ​រ​វាង​ឥណ្ឌា និង​បណ្តា​ប្រទេស​មេគង្គ ដែល​រួមមាន កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា ថៃ និង​វៀតណាម​។​

​យោងតាម​វិទ្យុជាតិ​បានឱ្យដឹងថា កិច្ចប្រជុំ​នេះ​គឺធ្វើឡើង ដើម្បី​ពិនិត្យ​ពី​វឌ្ឍនភាពនៃ​កិច្ច​សហ​​ប្រតិបត្តិការ និង​ការកំណត់​ទិស​​ដៅ​អនាគត​នៃ​កិច្ច​សហ​ប្រតិ​​ប​ត្តិ​ការ​មេគង្គ​-​គង្គា ជាពិសេស នៅក្នុង​បរិបទ​នៃ​ជំងឺ​រាតត្បាត​កូ​វីដ​ ១៩ និង​វិបត្តិ​នានា​ដែល​កំពុង​កើតមាន​នៅលើ​ពិភពលោក​៕