
ស្នាមគំនូសដែលអ្នកជាប់ឃុំសរសេរនៅជញ្ជាំងគុកទួលស្លែង។ រូបថត សារមន្ទីរទួលស្លែង
ភ្នំពេញៈ សារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង ឬមន្ទីរស-២១ បានរកឃើញសំណេរ គំនូសសញ្ញា និងរូបភាពដែលបន្សល់ទុកនៅតាមជញ្ជាំងអគារ កាំជណ្តើរ សសរ ឬនៅលើកម្រាលឥដ្ឋតាមអគារនីមួយៗចំនួន ១១ ៤៤៣ ផ្ទាំង ដែលអ្នកជាប់ឃុំជាច្រើនបានសរសេរ និងគូសវាសសញ្ញានៅក្នុងចន្លោះឆ្នាំ ១៩៧៥-១៩៧៩។
យោងតាមការផ្សព្វផ្សាយរបស់សារមន្ទីរប្រល័យពូជសាសន៍ទួលស្លែងនៅថ្ងៃទី ១ ខែសីហាថា ក្នុងចំណោមចំនួន ១១ ៤៤៣ ផ្ទាំង សារមន្ទីរបានបញ្ចូលព័ត៌មានសំខាន់ៗចំនួន ១ ១៣៦ ផ្ទាំងក្នុងប្រព័ន្ធទិន្នន័យ (Database)។ ទិន្នន័យទាំងនេះរួមមានរូបមន្តគណិតវិទ្យា មេរៀនប្រវត្តិសាស្ត្រខ្មែរ ពាក្យស្លោក សារនយោបាយ កាលបរិច្ឆេទជាប់ឃុំចំនួនថ្ងៃ [នៃការឃុំខ្លួន] ឈ្មោះជនជាប់ឃុំ រូបសញ្ញាជាតិរបស់កម្ពុជាប្រជាធិបតេយ្យ រូបភាពអាសអាភាស ឃ្លាប្រយោគស្នេហា និងសារសង្វេគចុងក្រោយរបស់ជនរងគ្រោះ។ល។
ក្នុងការរកឃើញនេះដែរ ជនរងគ្រោះបានសរសេរថា «“លាហើយ ១ ឆាកជីវិតនេះ សុំឆ្លាក់ ជាប់គុក ១.៨.៧៧ [ថ្ងៃ ១ សីហា ឆ្នាំ ១៩៧៧] ព្រាត់ប្ដី+កូន ដូចក្អែកព្រាត់បង្គង”»។ ខ្លឹមសារសំណេរបានបង្កប់នូវអារម្មណ៍នៃការរំជួលចិត្ត និងអស់សង្ឃឹមរបស់អ្នកជាប់ឃុំ។ អ្នកជាប់ឃុំមួយចំនួនបានដឹងខ្លួនថា នឹងប្រឈមការបាត់បង់ជីវិត។
លោក ឆាយ វិសុទ្ធ ប្រធានសារមន្ទីរស-២១ ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១ ខែសីហា ថាមន្ទីរស-២១ បានកត់ត្រាចងក្រងចាប់តាំងពីឆ្នាំ ២០១៦ ដោយបានថតគំនូសទាំងនោះបញ្ចូលទៅក្នុងប្រព័ន្ធទិន្នន័យបឋមតូចមួយ។ ប៉ុន្តែបច្ចុប្បន្ននេះបានរៀបចំអភិវឌ្ឍប្រព័ន្ធទិន្នន័យថ្មីមួយ (Database) ដើម្បីបញ្ចូលទិន្នន័យ ឬព័ត៌មានសំខាន់ដែលពាក់ព័ន្ធទៅនឹងមន្ទីរស-២១ នេះ។
លោកបន្តថា ភាគច្រើនភ្ញៀវទេសចរជាតិ និងអន្តរជាតិមិនសូវបានចាប់អារម្មណ៍ទៅនឹងគំនូស ឬសំណេរនៅតាមជញ្ជាំងដែលត្រូវបានគូសស្នាមឆូតៗត្រង់ដោយអ្នកជាប់ឃុំ គូសពីចំនួនថ្ងៃដែលពួកគាត់បានជាប់ឃុំនោះទេ។ អ្នកខ្លះទៀតក៏បានគូស ១៥ ថ្ងៃ និងអ្នកខ្លះទៀត ២០ ថ្ងៃលែងឃើញគូសបន្តទៀតហើយត្រូវបានគេសង្ស័យថាគេយកទៅសម្លាប់ ឬក៏ស្លាប់។ មួយទៀតក៏មានសរសេរជាឈ្មោះរបស់ខ្លួន សរសេរជាប្រយោគថាគាត់ស្មោះនឹងអង្គការ ហើយត្រូវបានគេឃុំដោយបង្ខំ និងចាប់ពង្រាត់គ្រួសារជាដើម។
លោកថ្លែងថា៖ «នៅក្នុងអគារ C យើងកត់សម្គាល់ឃើញមានទាំងអ្នកជាប់ឃុំ និងឆ្មាំគុកដែលបានដើរយាម មានការធុញក៏បានគូសនៅតាមជញ្ជាំងកាំជណ្តើរ គូរមានជារូបអាសអាភាស ពាក្យចម្អេះចំអាស ហើយក៏គាត់និយាយពីតួនាទី ពួកហ្នឹងអាចគូសវាសនៅខាងក្រៅបាន ប៉ុន្តែអ្នកទោសបានគូសនៅកន្លែងដែលគាត់អង្គុយជាមួយជើងជាប់ខ្នោះ។
បើតាមលោក ឆាយ វិសុទ្ធ ភាគច្រើនអ្នកជាប់ឃុំបានគូសនឹងក្រចកដៃទៅលើជញ្ជាំង និងឥដ្ឋដែលបង្ហាញពីចំនួនថ្ងៃដែលគាត់ជាប់ឃុំ ប៉ុន្តែខ្លះទៀតក៏ឃើញសរសេរខ្មៅដៃ និងមួយទៀតជាវត្ថុស្រួច។
យោងតាមឯកសាររបស់សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង បង្ហាញថា មន្ទីរស-២១ ជាកន្លែងចងចាំពីព្រឹត្តិការណ៍នៃការសួរចម្លើយ និងឃុំឃាំងនាសម័យខ្មែរក្រហម។ សារមន្ទីរនេះបានរក្សាទុក និងបង្ហាញភ័ស្ដុតាងនៃព្រឹត្តិការណ៍សោកនាដកម្មក្នុងប្រវត្ដិសាស្ដ្រកម្ពុជា ដើម្បីឱ្យសាធារណជនសិក្សាស្វែងយល់ក្នុងបំណងជំរុញ និងលើកទឹកចិត្តឱ្យពួកគេក្លាយទៅជាអ្នកផ្សព្វផ្សាយសារសន្តិភាព។
មន្ទីរស-២១ ជាមណ្ឌលកណ្តាលដ៏ធំមួយនៃប្រព័ន្ធគុកនៅទូទាំងប្រទេស ហើយគុកនេះក៏ជាកន្លែងសម្ងាត់សម្រាប់ឃុំឃាំងសួរចម្លើយធ្វើទារុណកម្ម និងកម្ទេចអ្នកដែលត្រូវចាត់ទុកថាជា “អ្នកទោសនយោបាយ” របស់របបនេះ។ ខ្មែរក្រហមចាប់យកអ្នកទោសមកឃុំឃាំងដោយផ្អែកលើគោលនយោបាយដាក់កំហុសជាប្រព័ន្ធ។
អ្នកទោសមួយចំនួនតូចត្រូវខ្មែរក្រហមដោះលែង ក្រោយចាប់មកឃុំឃាំងនៅមន្ទីរស-២១ នៅក្រោមការគ្រប់គ្រងរបស់ខ្លួនចន្លោះឆ្នាំ ១៩៧៥-១៩៧៩ ហើយក្នុងចំណោមនោះ មានតែជនរងគ្រោះ ១២ នាក់ប៉ុណ្ណោះដែលមានជីវិតនៅពេលកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិបានរំដោះទីក្រុងភ្នំពេញ ដែលក្នុងនោះមានកុមារចំនួន ៤ នាក់៕