ភ្នំពេញៈ ក្រសួង​អភិវឌ្ឍន៍​ជនបទ​កាលពី​ម្សិលមិញ​បាន​ប្រកាស​ផែនការ​កំណត់​ទិសដៅ​នៃ​ការផ្ដល់សេវា​ទឹកស្អាត​ និង​អនាម័យ​ឱ្យបាន​សម្រេច​ ១០០ ភាគរយ​នៅ​ឆ្នាំ​ ២០២៥ ក្រោយពី​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​ការផ្គត់ផ្គង់​ទឹកស្អាត និង​ការលើក​កម្ពស់​អនាម័យ​ជនបទ​បាន​សម្រេច​លើស​ផែនការ​ដែល​បាន​គ្រោង​ទុក​ក្នុង​រយៈពេល​ ៥ ​ឆ្នាំ​កន្លង​មក​នេះ​។

លោក ជ្រុន ថេរ៉ាវ៉ាត អ្នក​នាំពាក្យ​ក្រសួង​អភិវឌ្ឍន៍​ជនបទ​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី «​សមិទ្ធផល​សម្រេច​បាន​រយៈពេល​ ៥​ ឆ្នាំ​កន្លងមក​របស់​ក្រសួង​អភិវឌ្ឍន៍​ជនបទ​» រៀបចំ​ដោយ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កាលពី​ថ្ងៃទី​ ១ ខែសីហា ឆ្នាំ​ ២០២២ ​នៅ​ទីស្ដីការ​គណៈរដ្ឋមន្ដ្រី​ថា ការអនុវត្ត​ផែនការ​សកម្មភាព​ជាតិ​ស្តីពី​ការផ្គត់ផ្គង់​ទឹក និង​អនាម័យ​ជនបទ​ជំហាន​ទី​ ២ (២០១៩-២០២៣) ​បាន​សម្រេច​ជាង​ ៨០ ​ភាគរយ​ក្នុង​ពេល​បច្ចុប្បន្ននេះ​នឹង​គ្រោង​សម្រេច​ទិសដៅ​ឱ្យបាន​គ្របដណ្តប់​ ៩០% ​នៅ​ឆ្នាំ​​ ២០២៣​។

លោក ជ្រុន ថេរ៉ាវ៉ាត ដែលមាន​ឋានៈ​ជា​រដ្ឋលេខាធិការ​ផងដែរ​នោះបាន​ថ្លែងថា រាជរដ្ឋាភិបាល​បាន​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​ការផ្គត់ផ្គង់​ទឹកស្អាត និង​ការលើកកម្ពស់​អនាម័យ​នៅ​ជនបទ​ឆ្នាំ ​២០១៤-២០២៥ ក្នុង​គោលបំណង​ធ្វើឱ្យ​សេវា​ទឹកស្អាត សុខភាព និង​អនាម័យ​នៅ​ជនបទ​មាន​ភាពប្រសើរ​ឡើង និង​ប្រកប​ដោយ​និរន្តរភាព​ ដើម្បី​រួមចំណែក​គាំទ្រ​ដល់​រាជរដ្ឋាភិបាល​ក្នុង​ការលើក​កម្ពស់​សុខភាព និង​អាហារូបត្ថម្ភ​។

លោក​ថ្លែងថា​៖ «​គិត​ត្រឹម​ត្រីមាស​ទី​ ១​ ឆ្នាំ​ ២០២២​ នេះ បើទោះ​ជា​ស្ថិតក្នុង​បរិបទ​នៃ​ការរីក​រាលដាល​ជំងឺ​កូវីដ​ ១៩ យ៉ាងណា​ក៏ដោយ ក៏​អត្រា​គ្រប​ដណ្តប់​លើ​ការទទួល​បាន​សេវា​ទឹកស្អាត និង​អនាម័យ​ជនបទ​សម្រេច​បាន​កើនឡើង​រហូតដល់​ជាង ៨០% ​ហើយ​»​។

លោក​បានឱ្យ​ដឹងថា កាលពី​ឆ្នាំ​ ២០០០​ រាជរដ្ឋាភិបាល​បាន​កំណត់​ទិសដៅ​អភិវឌ្ឍន៍​សហស្ស-​វត្សរ៍​កម្ពុជា​ឆ្នាំ​ ២០១៥ ស្តីពី​ការផ្គត់ផ្គង់​ទឹកស្អាត​ជនបទ​ឱ្យបាន​ ៥០% និង​អនាម័យ​ឱ្យបាន​ ៣០% នៅត្រឹម​ឆ្នាំ​ ២០១៥ ប៉ុន្តែ​ជាក់ស្តែង​សម្រេចបាន​ ៥៣% សម្រាប់​ការ​ផ្គត់ផ្គង់​ទឹកស្អាត និង​ ៥២,៩% សម្រាប់​អនាម័យ​លើស​គោលដៅ​ដែល​បានគ្រោង​ទុក​។

លោក​បន្តថា នៅ​ឆ្នាំ ២០១៤ រាជរដ្ឋាភិបាល​បាន​កំណត់​ទិសដៅ​ថ្មី​ ៦០% ទាំង​ការផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​ជនបទ​នៅក្នុង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជនបទ ២០១៤-២០១៨ ប៉ុន្តែ​ជាក់ស្តែង​សម្រេច​បាន​លើស​គោលដៅ ដោយ​អត្រា​គ្របដណ្តប់​ការផ្គត់ផ្គង់​ទឹកស្អាត​ជនបទ និង​អនាម័យ​ជនបទ​បាន​កើន​ដល់​ជាង ៧០% នៅ​ឆ្នាំ​ ២០១៨​។ គិតដល់​ពេលនេះ​អត្រា​គ្របដណ្តប់​ការផ្គត់ផ្គង់​ទឹកស្អាត ជនបទ និង​អនាម័យ​ជនបទ​មាន​រហូតដល់​ជាង ៨០% ហើយ​។

តាម​របាយការណ៍​របស់​ក្រសួង​អភិវឌ្ឍន៍​ជនបទ​បាន​ឱ្យដឹងថា រយៈពេល ៥ ឆ្នាំនេះ​ក្រសួង​បាន​សាងសង់​អណ្តូងទឹក​គ្រប់​ប្រភេទ​បាន​ចំនួន ១១ ៧៤១ ​អណ្តូង​។ ជួសជុល​អណ្តូង​គ្រប់​ប្រភេទ​ដែល​ខូច​ឱ្យ​ដំណើរការ​ឡើងវិញ​បាន​ចំនួន ១ ៥៨៥ អណ្តូង​។ ស្តារ និង​សាងសង់​ស្រះ​ទឹក​សហគមន៍​ចំនួន ១ ២៧១​ ស្រះ​។ សាងសង់​អាង​ត្រង​ទឹកភ្លៀង​ចំណុះ ៣-៥ ម៉ែត្រគុប និង​ចំណុះ ១០ ០០០ លីត្រ សរុប​ចំនួន ២៤២០ អាង​។ ចែក​ពាង​ត្រងទឹក​ភ្លៀង​ដល់​ប្រជាពលរដ្ឋ​តាម​គ្រួសារ​បាន​ចំនួន ១៤៥ ៨៦៥ ពាង សាងសង់​ប្រព័ន្ធ​ចែកចាយ​ទឹក​តាម​ទុយោ​តាម​ភូមិ​បាន​ចំនួន ២០០ ​ប្រព័ន្ធ​។

ក្រសួង​ក៏បាន​សាងសង់​ស្ថានីយ​ផលិត​ទឹក​សហគមន៍​ដាក់​ពី​ដុង​ចំណុះ​ ២០ ​លីត្រ បាន​ចំនួន ៦៧ ​ស្ថានីយ សាងសង់​ស្ថានីយ​ផលិត​ទឹកស្អាត​បាន​ចំនួន ៣៣០ ​ស្ថានីយ សាងសង់​ប្រព័ន្ធ​ចម្រោះ​ទឹកស្អាត​បាន​ចំនួន ១០ ៤៧០ ប្រព័ន្ធ សាងសង់​ធុង​ចម្រោះ បេតុង​ដាក់​ខ្សាច់​ចំណុះ​ ២០​ លីត្រ​ចំនួន ៨១ ៦១៣ ​ធុង ផ្តល់​ធុង​សម្រាប់​ដាក់​ទឹក​ផឹក​តាម​គ្រួសារ​ចំនួន ២២ ៩១២ ​ធុង សាងសង់​ស៊ីទែន​ចំណុះ​ ២០០០​ លីត្រ នៅតាម​សាលារៀន​ចំនួន ៣៣ កន្លែង​។ សាងសង់​ប្រព័ន្ធ​ស្រោចស្រព​ខ្នាតតូច​បាន ១២៨ ​ប្រព័ន្ធ​។ ស្ថានីយ​បូមទឹក​ស្រោចស្រព​ចំនួន ១៣ កន្លែង និង​អប់រំ​ប្រជាពលរដ្ឋ​យល់ដឹង​ពី​ការប្រើប្រាស់​ទឹកស្អាត​ទុកដាក់​ទឹក​ឱ្យមាន​សុវត្ថិភាព​ចំនួន ២ ៦៩២ ៣១០ ​នាក់​។

លោក ថេរ៉ាវ៉ាត បាន​បញ្ជាក់ថា​៖ «​ក្រសួង​អភិវឌ្ឍន៍​ជនបទ​បាន​និង​កំពុង​បន្ត​អនុវត្ត​ផែនការ​សកម្មភាព​ជាតិ​ស្តីពី​ការផ្គត់ផ្គង់​ទឹក ការសម្អាត និង​អនាម័យ​ជនបទ​ជំហាន​ទី​ ២ ឆ្នាំ​ (២០១៩-២០២៣) ដោយ​កំណត់​យក​នូវ​គោលដៅ​អត្រា​គ្របដណ្តប់​ចំនួន ​៩០% ត្រឹម​ឆ្នាំ​ ២០២៣ លើ​ការទទួល​បាន​សេវា​ទឹកស្អាត និង​អនាម័យ​ជនបទ​»​។

លោក ឡុង ណារ៉ូ អគ្គនាយក រដ្ឋាករទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ​បាន​ឱ្យ​ដឹងថា ចាប់តាំងពី​ឆ្នាំ​ ១៩៩៣ រហូត​មក​ទល់​បច្ចុប្បន្ន​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​បាននិង​កំពុង​អនុវត្ត​ផែនការមេ​ចំនួន​ ៣ ជាប់ៗ​គ្នា​ដែល​មាន​ជាអាទិ៍ ផែនការមេ​ទី​ ១ ១៩៩៣-២០១០, ផែនការមេ​ទី ​២ ២០០៦-២០២០, បច្ចុប្បន្នភាព​ផែនការមេ​ទី​ ២ ២០០៨-២០១២, ផែនការមេ​ទី​ ៣ ២០១៦-២០៣០ និង​បច្ចុប្បន្នភាព​ផែនការមេ​ទី ​៣ ២០២១-២០៣០ ដើម្បី​ធានាថា ការផ្គត់ផ្គង់​ទឹកស្អាត​ សម្រាប់​ពលរដ្ឋ​ប្រើប្រាស់​ពេល​អនុវត្ដ​គម្រោង​ទី​ ៣​ នេះ​លែង​មាន​ការខ្វះខាត​បន្ត​ទៀត​។

លោក​ថ្លែ​ថា​៖ «​ជាពិសេស​ចាប់ពី​ឆ្នាំ​ ២០២១ រដ្ឋាករទឹក​រាជធានី​ភ្នំពេញ​មាន​ផែនការ​វិនិយោគ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​ ដើម្បី​ធ្វើយ៉ាងណា ធ្វើការ​អភិវឌ្ឍ​ការផ្គត់ផ្គង់​ទឹកស្អាត​ដល់​ប្រជាពលរដ្ឋ​ធានា​ឈប់​ឱ្យ​មាន​ការខ្វះខាត​បន្តទៀត​»​។

លោក​បានឱ្យ​ដឹងថា បញ្ហា​​ខ្វះខាត​ទឹកស្អាត​ប្រើប្រាស់​របស់​ប្រជាពលរដ្ឋ​នៅ​រាជធានី​-​ភ្នំពេញ​កន្លងមក​រដ្ឋាករ​ទឹក​ធ្លាប់​ជួបប្រទះ គឺ​នៅ​គម្រោង​មេ​ជំហាន​ទី​ ១ ជំហាន​ទី​ ២​។ គម្រោង​ផែនការមេ​ជំហាន​ទី​ ២ រដ្ឋាករ​ទឹកបាន​ជួប​បញ្ហា​បន្តិច ដោយសារតែ​ការសិក្សា​លើ​គម្រោង​នេះ​គឺ​បាន​សិក្សា​តែ​ប្រជាពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ​ស្ថិត​នៅក្រោម​ផ្ទៃ​សេវា​ផ្គត់ផ្គង់ ៣៨០ គីឡូម៉ែត្រ​ការ៉េ​។ ក៏ប៉ុន្ដែ​ក្នុងពេល​អនុវត្ដ​គម្រោង​នេះ​រាជរដ្ឋាភិបាល​បាន​កាត់​ឃុំ ចំនួន ២០ ចូល​មកក្នុង​រាជធានី​ភ្នំពេញ ដែល​បច្ចុប្បន្ន​រដ្ឋាករ​ទឹក​មាន​ផ្ទៃ​សេវា​ដែល​ត្រូវ​ផ្គត់ផ្គង់​ទឹក​រហូត​ទៅដល់​ ៦៧០ គីឡូម៉ែត្រ​ការ៉េ​។ ដូច្នេះ​ការផ្ទេរ​ឃុំ​ថ្មី​ឱ្យ​សាលា​រាជធានី​ភ្នំពេញ​គឺជា​ពេលដែល​ពលរដ្ឋ​នៅ​ក្រុង​ភ្នំពេញ​មានទឹក​ ១ ​ផ្ដិល ត្រូវ​ចែក​ទឹក​នេះ​ឱ្យ​ប្រជាពលរដ្ឋ ២០ ឃុំ​ដែល​ទើប​កាត់​បញ្ចូល​មក​ថ្មី​នោះ​ប្រើប្រាស់​ដែរ​។

លោក​បាន​ឱ្យ​ដឹងថា​៖ «​បច្ចុប្បន្ន រដ្ឋាករទឹក​មាន​សមត្ថភាព​ផលិត​ទឹកស្អាត​បាន​ប្រមាណ ៦ ម៉ឺន​ម៉ែត្រគុប​ក្នុង ១ ​ថ្ងៃ​។ ហើយ​ផែនការមេ​លើក​ទី​ ៣ ​របស់​យើង គឺ​យើង​ធ្វើ​សំដៅ​ចាប់ពី​ឆ្នាំ​ ២០២១ ​នេះ​រហូតដល់​ឆ្នាំ​ ២០៣០ ហើយ​ការសិក្សា​លើក​នេះ​មាន​លក្ខណៈ​ទូលំទូលាយ​ណាស់ ដែល​ជា​ការគិតគូរ​របស់​រដ្ឋាករទឹក​សំដៅ​ធ្វើ​ម៉េច ពី​ ១ ឆ្នាំ​ទៅ ​១​ ឆ្នាំ​ក្នុង​ផែនការមេ​លើក​ទី​ ៣ ​នេះ​មិនឱ្យ​មានការ​ខ្វះខាត​ទឹក​សម្រាប់​ផ្គត់ផ្គង់​ដល់​ប្រជាពលរដ្ឋ​នៅក្នុង​ទីក្រុង​ភ្នំពេញ​ទៀត​ទេ​»​។

លោក ណារ៉ូ បានឱ្យ​ដឹងថា ការអភិវឌ្ឍ​វិស័យ​ទឹកស្អាត ការសាងសង់​រោងចក្រ ការពង្រីក​បណ្ដាញ​មេនាំ​ទឹក ការពង្រីក​បណ្ដាញ​​ចែកចាយ​ទឹក ការ​ចោះ​បំពង់​ទឹក​ពី​បំពង់​ចែកចាយ​ទៅផ្ទះ​អតិថិជន ចាប់ផ្ដើម​ពី​ការស្វែងរក​ថវិការ​រហូត​ទៅ​ដល់​ការងារ​បញ្ចប់​អាច​ឱ្យ​ប្រជាពលរដ្ឋ​បាន​ទឹក​ប្រើប្រាស់​បាន គឺ​ត្រូវ​ប្រើប្រាស់​រយៈពេល​ ៥​ ឆ្នាំ​។ ចំពោះ​ការសិក្សា និង​ការសាងសង់​ជាទូទៅ​ប្រើប្រាស់​ពេល ៣ ​ឆ្នាំ ទើប​អាច​បញ្ចប់​គម្រោង​សាងសង់​នីមួយៗ​៕