
សមត្ថកិច្ច ពេលកំពុងចាប់ខ្លួន សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ វីល្លាម គ័ង និងបក្ខពួកកាលពីចុងឆ្នាំ ២០២១ ។ រូបថត ប៉ូលិស
ភ្នំពញៈ សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី ២ សីហា បានប្រកាសសាលក្រមផ្តន្ទាទោសអតីតប្រធានគណបក្សខ្មែរក្រោក និងបក្ខពួក ៧ នាក់ទៀត ឱ្យជាប់ពន្ធនាគារពី ៦ ដល់ ៩ ឆ្នាំ ពាក់ព័ន្ធអំពើប្លន់អ្នកលក់ឡេឈ្មោះ អ៊ាន សៀវម៉ី នៅសង្កាត់ចោមចៅ ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីខែធ្នូ ឆ្នាំ ២០២១។
លោក អ៊ី រិន្ទ អ្នកនាំពាក្យតុលាការរាជធានីភ្នំពេញបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២ សីហាថា សាលក្រមផ្តន្ទាទោសជនជាប់ចោទទាំង៨នាក់នេះ ត្រូវបានប្រកាសនៅថ្ងៃទី ២ សីហា ដោយលោកស្រី ឈុន ដាវី ប្រធានក្រុមប្រឹក្សាជំនុំជំម្រះតុលាការរាជធានីភ្នំពេញ ។
លោកបានឱ្យដឹងទៀតថា ជនជាប់ចោទ ឈ្មោះ សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ សុខ សុវណ្ណវឌ្ឍនាសាពង្ស ហៅ វីល្លាម គ័ង ភេទប្រុស អាយុ ៤៤ ឆ្នាំ ជនជាតិខ្មែរ ដាក់ពន្ធនាគារកំណត់រយៈពេល៩ឆ្នាំ ពីបទលួចមានស្ថានទម្ងន់ទោស, កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងក្លែងបន្លំឯកសារជាសាធារណៈ ប្រព្រឹត្តនៅចំណុចបុរីមូនថោនផ្ទះលេខV01 ផ្លូវឌួងងៀប ភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃ១៩ ខែ ធ្នូ ឆ្នាំ ២០២១ បទល្មើសព្រហ្មទណ្ឌដែលមានចែងនិងផ្តន្ទាទោសតាមមាត្រា ៣៥៣ មាត្រា ៣៥៧ មាត្រា ៤៩០ និងមាត្រា ៦២៩ នៃក្រមព្រហ្មទណ្ឌ។
ផ្តន្ទាទោសបក្ខពួក ៤ នាក់ទៀត ដាក់ពន្ធនាគារម្នាក់ ៨ ឆ្នាំពីបទ: លួចមានស្ថានទម្ងន់ទោស និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្តនៅចំណុចបុរីមូលថោន ផ្ទះលេខ V01 ផ្លូវឌួងងៀប ភូមិគោកចំបក់ សង្កាត់ចោមចៅទី១ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញកាលពីថ្ងៃ ១៩ ខែ ធ្នូ ឆ្នាំ ២០២១ បទល្មើសព្រហ្មទណ្ឌដែលមានចែងនិងផ្តន្ទាទោសតាមមាត្រា ៣៥៣ មាត្រា ៣៥៧ និងមាត្រា ៤៩០ នៃក្រមព្រហ្មទណ្ឌ។
បើតាមលោក អ៊ី រិន្ទ ចំពោះបក្ខពួក៣នាក់ទៀតត្រូវផ្តន្ទាទោសម្នាក់៦ឆ្នាំពីបទសមគំនិតក្នុងអំពើលួចមានស្ថានទម្ងន់ទោស និងក្លែងបន្លំឯកសារជាសាធារណៈ ប្រព្រឹត្តនៅចំណុចបុរីមូនថោន ផ្ទះលេខ V01 ផ្លូវឌួងងៀប ភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃ ១៩ ខែ ធ្នូ ឆ្នាំ ២០២១ បទល្មើសព្រហ្មទណ្ឌដែលមានចែងនិងផ្តន្ទាទោសតាមមាត្រា ២៩ មាត្រា ៣៥៣ មាត្រា ៣៥៧ និងមាត្រា ៦២៩ នៃក្រមព្រហ្មទណ្ឌ។នៅក្នុងពេលប្រកាសសាលក្រមនោះដែរ ចៅក្រមបានបង្គាប់ឱ្យជនជាប់ចោទទាំង ៨ នាក់ រួមគ្នាសងសំណងជំងឺចិត្តចំនួន ២០០ លានរៀល និងសំណងថ្លៃការខូចខាតចំនួន ៥០ ម៉ឺនដុល្លារ។
លោកបានបញ្ជាក់យ៉ាងខ្លីថា៖ «សាលក្រមនេះជំនុំជម្រះនិងប្រកាសជាសាធារណៈនៅថ្ងៃទី ២ ខែ សីហា ឆ្នាំ ២០២២ ទុកសិទ្ធិប្តឹងទាស់ និងប្តឹងឧទ្ធរណ៍ក្នុងកំណត់ច្បាប់»។
គួររំឭកថា ក្រុមជនជាប់ចោទបានចូលប្លន់ផ្ទះអ្នកលក់ឡេតាមអនឡាញម្នាក់ឈ្មោះ អ៊ាន សៀវម៉ី កាលពីថ្ងៃទី ១៩ ខែ ធ្នូ ឆ្នាំ ២០២១។ ក្រុមជនជាប់ចោទបានស្លៀកពាក់ឯកសណ្ឋានជាសមត្ថកិច្ចនគរបាល ដោយក្លែងបង្ហាញដីកាចាប់ខ្លួនពីតុលាការហើយធ្វើសកម្មភាពប្លន់តែម្តង៕
វីដេអូ៖