ភ្នំពេញៈ អគ្គិភ័យ​ជាគ្រោះ​មហន្តរាយ​មួយ ​ក្នុង​ចំណោម​គ្រោះ​មហន្តរាយ​ផ្សេងៗ​ទៀត ​ដែល​បណ្តាលឱ្យ​ខូចខាត​ទ្រព្យសម្បត្តិ ​និង​បង្ក​ឱ្យ​បាត់បង់​ជីវិត​ ប្រសិនបើ​គ្មាន​ការទប់ស្កាត់​ទាន់​ពេល ​ហើយ​ការសង្គ្រោះ​ជីវិត​ និង​ការការពារ​ទ្រព្យសម្បត្តិ ​ឬ​ផ្ទះសំបែង ​ឱ្យ​រួច​ផុតពី​ការធ្លាក់​ចូល​ក្តីអន្តរាយ​ ក្នុង​គ្រោះ​អគ្គិភ័យ ​គឺជា​គោលដៅ ​និង​ភារកិច្ច​ដ៏ចម្បង​របស់​កង​នគរបាល​បង្ការ ​និង​ពន្លត់​អគ្គិភ័យ ​នៃ​ក្រសួង​មហាផ្ទៃ។

ស្ថិត​ក្នុង​គោលដៅ ​និង​ភារកិច្ច​ចម្បង ​ដែលជា​តម្រូវការ​ចាំបាច់ ​ក្នុង​ការជួយ​សង្គ្រោះ​ឱ្យ​ផុតពី​គ្រោះមហន្តរាយ​អគ្គិភ័យ​នេះ​ មន្ត្រី​នគរបាល​ផ្នែក​ពន្លត់​អគ្គិភ័យ ​ដែល​ត្រូវបាន​ជ្រើសរើស​មកពី​ការិយាល័យ​អគ្គិភ័យ​គ្រប់​រាជធានី-​ខេត្ត ​និង​នាយកដ្ឋាន​ជំនាញ ​នឹង​ត្រូវបញ្ចប់​ថ្នាក់​បរិញ្ញាបត្រ ​ផ្នែក​ពន្លត់​អគ្គិភ័យ ​រយៈពេល​៥ឆ្នាំ ​ពី​ប្រទេស​វៀតណាម ​នា​ពេល​ខាង​មុខ។

ជា​អ្នក​សង្គ្រោះ ​ត្រូវតែ​ពុះពារ​គ្រប់​កាលៈទេសៈ​លំបាកៗ ​ដូច​ព្រឹត្តិការណ៍ ​ដែល​បាន​កើតឡើង ​កាលពី​យប់​ថ្ងៃទី ១៦ ​កក្កដា​ ឆ្នាំ ២០២២ ​ដែល​ពេលនោះ​រថយន្ត​ពន្លត់​អគ្គិភ័យ​គ្មាន​លទ្ធភាព​បាញ់​ទឹក​ទៅដល់​ជាន់​ទី៣៤ ​ខណៈ​ភ្លើង​ក៏​កំពុង​ឆេះ​ពេញ​បន្ទុក ​ហើយ​ជនរងគ្រោះ​ប្រុស​ស្រី​ជាជន​ជាតិ​ចិន​ ២ នាក់ ​គ្មាន​លទ្ធភាព​រំដោះខ្លួន​ចេញពី​បន្ទប់​បាន។ ប៉ុន្តែ​ដើម្បី​សង្គ្រោះ​ជីវិត​ជន​រងគ្រោះ ​នគរបាល​នៃ​ការិយាល័យ​ពន្លត់​អគ្គិភ័យ​ បាន​ប្រើប្រាស់​ជណ្តើរ​ជើង​ឡើង​រហូតដល់​ជាន់​ទី៣៤ ​ហើយ​រំដោះ​ជន​រងគ្រោះ​បាន​ដោយ​សុវត្ថិភាព។

លោក​ នេត ​វន្ថា ​ប្រធាន​នាយកដ្ឋាន​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ ​និង​សង្គ្រោះ ​នៃ​ក្រសួង​មហាផ្ទៃ ​បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍ថា ​បន្ទប់​ដែល​ឆេះ​ក្នុង​អគារ​ខុនដូ​ព្រីនស៍ ​ផ្លាហ្សា​ ស្ថិតនៅ​ជាន់​ទី៣៤ ​ហើយ​នៅ​ពេលនោះ​មន្ត្រី​ជំនាញ​ផ្នែក​ពន្លត់​អគ្គិភ័យ​បាន​ប្រើ​មធ្យោបាយ​ឡើង​តាម​ជណ្តើរ​ជើង ​និង​ទាញ​ទុយោ​ទឹក​ដែល​មាន​រៀបចំ​ជា​ប្រព័ន្ធ​ស្រាប់​នៅ​ទីនោះ​បាញ់​ចូលទៅ​ក្នុង​បន្ទប់​ហើយ​សម្រុក​ចូល​បន្ទប់​កំពុង​ឆេះ។ ភ្លាមៗ​នោះ​កម្លាំង​នគរបាល​បាន​រំដោះ​ជន​រងគ្រោះ​ទាំង​២នាក់​ចេញពី​បន្ទប់​បាន​ដោយ​សុវត្ថិភាព។

លោក​ថ្លែងថា​៖ «ភ្លើង​ឆាបឆេះ​តែ​នៅក្នុង​បន្ទប់​ស្នាក់នៅ​របស់​ជនរងគ្រោះ ​មិន​រាលដាល​ដល់​បន្ទប់​ដទៃ​ ហើយ​កម្លាំង​ជំនាញ​របស់​យើង​បាន​ប្រើ​ប្រព័ន្ធ​ទឹក​ សម្រាប់​ហេតុការណ៍​អាសន្ន​របស់​អគារ​នោះ​តែម្តង»។

លោក​ឱ្យដឹងដែរ​ថា ​ហេតុការណ៍​អគ្គិភ័យ​នោះ​បាន​កើតឡើង ​កាលពី​វេលា​ម៉ោង​ជាង ​៩ យប់​ ថ្ងៃទី ១៦ ​កក្កដា ​ឆ្នាំ ២០២២​ ស្ថិតក្នុង​ភូមិសាស្ត្រ​សង្កាត់​ទន្លេបាសាក់ ​ខណ្ឌចំការមន ​ រាជធានី​ភ្នំពេញ។​ រថយន្ត​ពន្លត់​អគ្គិភ័យ​ជាច្រើន​គ្រឿង​ក៏​ត្រូវ​បាន​ត្រៀម​បម្រុង​រួចជា​ស្រេច​ផងដែរ​នៅ​ខាងក្រោម​អគារ​រួម​ ត្រៀម​បម្រុង​សម្រាប់​ការប្រើប្រាស់​មធ្យោបាយ​ផ្សេងៗ​ទៀត។ ពាក់​ព័ន្ធ​មធ្យោបាយ​រថយន្ត​វិញ ​បច្ចុប្បន្ន​ នាយកដ្ឋាន​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​មួយចំនួន​ មាន​សមត្ថភាព​អាច​ប្រើ​បាន ​១៥ ជាន់​ចុះ​ក្រោម។ ចំពោះ​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​មាន​ចំនួន​៥៨គ្រឿង​ ខណៈ​នាយកដ្ឋាន​ពន្លត់​អគ្គិភ័យ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​មាន​ ៨ គ្រឿង។

បើ​តាម​នាយនគរ​បាល​រូបនេះ ​កន្លងមក​នាយកដ្ឋាន​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ ​និង​សង្គ្រោះ ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ចិន​មួយ​ ដោយ​មាន​ការបណ្តុះបណ្តាល​មន្ត្រី​ពន្លត់​អគ្គិភ័យ​មកពី​រាជធានី​-ខេត្ត​ ជា​រៀងរាល់​ ១ ឆ្នាំ​ម្តង។

ការបណ្តុះបណ្តាល​នោះ​មាន​ដូចជា​អំពី​របៀប​ពន្លត់​អគ្គិភ័យ​ របៀប​សង្គ្រោះ​ជនរងគ្រោះ ​អំពី​របៀប​បង្ការ​កុំឱ្យ​កើតមាន​អគ្គិភ័យ​ និង​ពី​របៀប​សិក្សា​ប្លង់។ ដូច្នេះ​មន្ត្រីនគរបាល​ផ្នែក​ពន្លត់​អគ្គិភ័យ​ទូទាំង​រាជធានី​-ខេត្ត​ បាន​សិក្សា​រៀន​សូត្រ​ពី​ជំនាញ​បច្ចេកទេស​នេះ​បាន​ជាប់​រហូត​មក។ ប៉ុន្តែ ​ដោយសារ​ស្ថានការណ៍​ជំងឺ​កូវីដ​ រយៈពេល​ប្រហែល​៣ឆ្នាំ​នេះ​ គឺ​ខាង​នាយកដ្ឋាន​របស់​លោក​បាន​ផ្អាក​ ១ រយៈពេល​សិន។

លោក​ថ្លែងថា​៖ «កន្លងមក​ យើង​ក៏មាន​វគ្គ​បណ្តុះបណ្តាល​ខ្លី​ រយៈពេល​៣ខែ។ ប៉ុន្តែ​យើង​ក៏មាន​ការបណ្តុះ​បណ្តាល​រយៈ​ពេល​វែង​៥ឆ្នាំ​នៅ​ប្រទេស​វៀតណាម​ដែរ​ ដែល​មន្ត្រី​នគរបាល​យើង​មកពី​គ្រប់​រាជធានី​-ខេត្ត ​ពេល​រៀន​ចប់​ពួកគាត់​ក្លាយ​ទៅជា ​[អ្នក​មាន]​ បរិញ្ញាបត្រ​អគ្គិភ័យ​ហើយ»។

លោក​ ហួត មុនី​ពិសាខ ​អាយុ ​៣៨ ឆ្នាំ ​បច្ចុប្បន្ន​ជា​មន្ត្រី​នគរបាល​ផ្នែក​អន្តរាគមន៍ ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀមរាប ​គឺជា​ជនរងគ្រោះ​ស្ទើរតែ​បាត់បង់​ជីវិត ​ក្នុងគ្រោះ​អគ្គិភ័យ​ដែរ​ ដោយលោក​ត្រូវ​ពិការ​ម្រាមដៃ​៣ ​ទាញ​ក្ងេងក្ងង់ ​និង​ខូច​ប្រព័ន្ធ​សរសៃ​ប្រសាទ​ខ្លះ​នៃ​រាងកាយ​ផង។ ហេតុការណ៍​ដែល​លោក​មិនដែល​ជួបប្រទះ ​និង​ការសោកស្តាយ​ សម្រាប់​លោក​នោះ ​គឺ​កាលពី​វេលា​ម៉ោង ១ ​និង​ ២០ នាទី​រសៀល​ ថ្ងៃទី ១៤ ​ខែ សីហា ​ឆ្នាំ ២០១៩ ​បន្ទាប់ពី​លោក​ងើប​ពី​គេង​ស្រាប់តែ​លោក​ឮស្នូរ​សំឡេង​ផ្ទុះ​ហ្គាស​ ហើយ​មើល​ពី​ផ្ទះ​របស់​លោក​នៅ​ជាន់​ទី១ ​ចម្ងាយ​ប្រហែល​ ៣០ ម៉ែត្រ ​ពី​ទីតាំង​កើត​ហេតុ ​បានឃើញ​ភ្លើង​ឆេះ​យ៉ាង​សន្ធោសន្ធៅ​ចេញពី​ក្នុង​ហ្គារ៉ាស​សាំង។

មន្ត្រីពន្លត់អគ្គិភ័យ បាញ់ទឹកពន្លត់អគ្គិភ័យ ដែលឆេះរថយន្តរ​បស់ក្រុមហ៊ុនដឹកអ្នកដំណើរ នៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីឆ្នាំ ២០២១។ ហុង មិនា

នៅ​គ្រានោះ​លោក​បាន​ស្ទុះ​ចុះពី​លើ​ផ្ទះ​ជាន់​ទី១ ​រត់​សំដៅ​ទៅរក​កន្លែង​ផ្ទុះ​ឆេះ​នោះ ​និង​ប្រញាប់​ប្រញាល់​ដាក់​របាំង​បិទផ្លូវ​មិន​ឱ្យ​អ្នកដំណើរ​ឆ្លងកាត់​ ព្រោះតែ​អណ្តាតភ្លើង​ហ្គាស​មាន​កម្លាំង​ខ្លាំង។ ភ្លាមៗ​លោក​ក៏​ឃើញ​បុរស​វ័យ​ជាង​៤០ ឆ្នាំ​ម្នាក់​ឆេះ​ខ្លួន​ប្រាណ​អស់ ​រត់​ចេញពី​ផ្ទះ​ ដែល​មាន​ហ្គារ៉ាសសាំង​នៅ​ពីមុខ​ ខណៈ​នោះ​លោក​ក៏បម្រុង​ចូលទៅ​ជួយ​គាត់​ដែរ ​ប៉ុន្តែ​អណ្តាត​ភ្លើង​បាន​ជះ​មក​ត្រូវចំ​ខ្លួន​របស់​លោក​បណ្តាល​ឱ្យ​រលាក​របួស​ជា​ទម្ងន់។ ក្នុង​ស្ថានភាព​នោះ ​អ្នក​នៅ​ក្បែរៗ​ហេតុការណ៍​ បាន​យក​ទឹក​ជះ​លើ​ខ្លួន​លោក ​ហើយ​ភ្លាមៗ​លោក​ត្រូវបាន​ក្រុម​គ្រួសារ​ដឹកយក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ខេត្ត​សៀម​រាប។

លោក​បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ តាម​សម្តី​សាក្សី​ ដែល​បាន​ឃើញថា ​មុន​មាន​អគ្គិភ័យ​ឆេះ ​គឺ​មាន​រថយន្ត​ធំ ​១ គ្រឿង​ដឹក​ហ្គាស​មក​បូម​ដាក់​ធុង​ស្តុក​ក្នុង​ហ្គារ៉ាសសាំង។ ប៉ុន្តែ​ក្នុង​ធុង​ស្តុក​ហ្គាស​ពេញ​ហើយ ​អ្នក​បូម​មិនបាន​មើល​នាឡិការ​ចេះតែ​បើក​បង្ហូរ​ហ្គាស​បន្តទៀត​ បណ្តាល​ឱ្យ​ផ្ទុះ​គម្រប​ធុង​ហ្គាស ​និង​ចេញ​ហ្គាស​មក​ក្រៅ​ ហើយ​ក៏​ឆាបឆេះ​តែ​ម្តង​ទៅ។

បើ​តាម​លោក មុនី​ពិសាខ ​នៅពេល​នោះ ​លោក​ត្រូវបាន​ក្រុមគ្រួសារ​បញ្ជូនទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ ​រយៈពេល​ ៥ ខែ​ ហើយ​ត្រឡប់​មក​បន្ត​ព្យាបាល​នៅ​ខេត្ត​សៀមរាប​២ខែ​ទៀត។ ប៉ុន្តែ​ ដោយ​របួស​ងាប់​ប្រព័ន្ធ​ប្រសាទ​ នៅ​ផ្នែក​ដៃ​ខាងស្តាំ​ម្ខាង ​ទើប​គ្រូពេទ្យ​តម្រូវឱ្យ​លោក​មក​ចៀរ​យក​សាច់​ត្រគាក​ដើម្បី​ប៉ះ​សាច់ ​និង​បណ្តុះ​កោសិកា​ឡើងវិញ​ ត្រង់​ដៃ​ខាងស្តាំ​ ដើម្បី​ឱ្យ​សាច់​រស់​ឡើង​វិញ។ បច្ចុប្បន្ន​ម្រាមដៃ​ខាងស្តាំ​ចំនួន​៣ម្រាម ​ត្រូវ​ស្បែក​ទាញ​ជាប់​គ្នា​ ប្រៀប​ដូច​ក្រញាំ​ជើង​ទា​។ គ្រូពេទ្យ​ប្រាប់ថា​ លោក​ត្រូវ​ធ្វើការវះ​៣ដង​ទៀត​ ដើម្បី​កាត់ផ្តាច់​ស្បែក​ម្រាមដៃ​ ដែលជាប់​គ្នា​ឱ្យ​ម្រាមដៃ​ឃ្លាត​ពីគ្នា​ហើយ​ឱ្យ​ត្រង់​ដូច​ដើម​វិញ។

លោក​ថ្លែងថា​៖ «ស្លាក​ស្នាម​របួស​ភ្លើង​ឆេះ​នៅ​មិនទាន់​ជាសះស្រួលបួល​នៅ​ឡើយ​ទេ​ ហើយ​បើ​យើង​មុត ​ឬ​ប៉ះ​លើ​មុខរបួស​នោះ​ខ្ញុំ​មិនដឹង​ឈឺ​ទេ​ វា​ខូចខាត​ងាប់​ប្រព័ន្ធ​ប្រសាទ​អស់​តែម្តង ។ គ្រូពេទ្យ​ថៃ​ប្រាប់​ខ្ញុំ​ថា ​ចំហាយ​ភ្លើង​ហ្គាស​នេះ​ប្រៀប​ដូចជា​ប្រេងខ្យល់​អ៊ីចឹង​ ពេល​យើង​ហិត​ទៅ​ យើង​ហឺត​ចូល​ក្នុង។ រីឯ​ហ្គាស​ក៏​ដូចគ្នា ​គឺ​វា​ឆេះ​មួយ​វឹប​ហ្នឹង​ វា​ចូលក្នុង​បំពង់​ដង្ហើម​គ្រឿង​ក្នុង​យើង​ទាំងអស់​ ព្រោះ​ចំហេះ ​វា​មាន​រហូតដល់​៥ពាន់​អង្សា​សេ​ឯណោះ»។

ដោយ​មិន​ចង់ឱ្យ​ជួប​បញ្ហា ​និង​ពិការភាព ​ដោយ​គ្រោះ​អគ្គិភ័យ​ ដូច​ដែល​លោក​បាន​ជួបប្រទះ​នោះ ​លោក​ហួត មុនី​ពិសាខ​ បាន​ថ្លែងថា ​នៅពេល​ដែល​នរណា​ម្នាក់ ​ឬ​គ្រួសារ​ណាមួយ​បាន​ជួបប្រទះ​នឹង​គ្រោះ​អគ្គិភ័យ ​នឹងត្រូវ​បាត់បង់​ព្រទ្យ​សម្បត្តិ​ផ្ទះ​សំបែង​ ឬ​អាច​គ្រោះថ្នាក់​ពិការ​ដូច​លោក​ ឬ​គ្រោះថ្នាក់​ដល់​អាយុជីវិត​ថែម​ទៀត។ ហេតុ​ដូច្នេះ​មានតែ​ការប្រុង​ប្រយ័ត្ន​ និង​បង្ការ​ជាមុន​ទេ​ ទើប​យើង​រក្សា​ទ្រព្យនៅ​គង់វង្ស​បាន៕