កំពង់ធំៈ ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តកំពង់ធំ បានឱ្យដឹងថា ក្នុង​រដូវវស្សា​ឆ្នាំ ២០២២ ជំនន់​ទឹកភ្លៀង​បាន​បង្ក​ផលប៉ះពាល់​ដល់​ក្រុង​-​ស្រុក ចំនួន ៥ ដែល​ធ្វើឱ្យប៉ះពាល់​ដល់​ដំណាំ​ស្រូវ​ជាង ៧ ០០០ ហិកតា នៃ​គ្រួសារ​សរុប​ជាង​ ៤ ០០០​ គ្រួសារ​។​

យោងតាម​របាយការណ៍​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តកំពង់ធំ បានឱ្យដឹងថា គិត​ត្រឹម​ថ្ងៃទី​ ១ ខែ សីហា ឆ្នាំ​ ២០២២ ផ្ទៃដី​ប៉ះពាល់​ដោយ​ជំនន់​ទឹកភ្លៀង​សរុប​ចំនួន ៧ ៤០៩ ហិកតា ក្នុងនោះ​ខូចខាត​ចំនួន ៣ ៧៩៣ ហិកតា មាន ២៤​ ឃុំ ស្មើនឹង ៤ ៥០៩ គ្រួសារ​។ ​​របាយការណ៍​ដ​ដែលបន្តថា​ក្រុង​-​ស្រុក​ចំនួន ៥ ដែល​រង​ឥទ្ធិពល​ជំនន់​ទឹកភ្លៀង​រួមមាន​​ស្រុក​កំពង់ស្វាយ ស្រុក​បារាយណ៍ ស្រុក​តាំងគោក ស្រុក​សន្ទុក និង​ក្រុង​ស្ទឹងសែន​។​

លោក គន់ គីម អនុប្រធាន​ទី​១ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ បាន​ដឹកនាំ​ក្រុមការងារ​អមដំណើរ​ដោយ​អភិបាល​ខេត្តកំពង់ធំ​លោក ងួន រតនៈ បាន​ចុះ​ពិនិត្យ​ស្ថានភាព​ជំនន់​ទឹកភ្លៀង​ដែល​លិចលង់ កាលពី​ថ្ងៃទី​ ១​និង ២ ​ខែសីហា​នេះ ដើម្បី​មាន​វិធានការ​ឆ្លើយតប​ទាន់ពេលវេលា​។​

លោក គន់ គីម បាន​ណែនាំ​ឱ្យ​លេខាធិការដ្ឋាន​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្ត​បន្ត​តាមដាន និង​ធ្វើ​បច្ចុប្បន្នភាព​ឱ្យបាន​ជាប់​ជា​ប្រចាំ​ពី​ផលប៉ះពាល់​និង​ខូចខាត​ដែលមាន​ជា​បន្តបន្ទាប់ ដើម្បី​ងាយស្រួល​ដល់​ខាង​ស្បៀង​បម្រុង​ធ្វើការ​ផ្តល់ជូន​គ្រាប់​ពូជស្រូវ​សម្រាប់ធ្វើ​ការដោះស្រាយ ការស្តារ​ឡើងវិញ​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ក្រោយ​ទឹកបាន​ស្រក​អស់​។

លោក​ថា​៖ «​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្ត​ត្រៀម​បម្រុង និង​មាន​វិធានការ​ឆ្លើយតបបាន​ទាន់ពេលវេលា​ប្រកបដោយ​ប្រសិទ្ធភាព​សំដៅ​កាត់បន្ថយ​បាន​ផលប៉ះពាល់​ឱ្យនៅ​កម្រិត​ទាប​បំផុត​»។​

លោក ប៉ែន វណ្ណ​រិ​ទ្ធ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តកំពង់ធំប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា គិត​ត្រឹម​ថ្ងៃទី ​២​ ខែសីហា នេះ ភ្លៀង​នៅតែ​បន្ត​ធ្លាក់ ប៉ុន្តែ​មិន​ខ្លាំង​ដូច​ប៉ុន្មាន​ថ្ងៃមុន ហើយ​លោក​កំពុង​បន្ត​តាមដាន​ជាប្រចាំ​ចំពោះ​ដីស្រែ​ដែល​រង​ផលប៉ះពាល់​។

លោក​បន្តថា ផ្ទៃដី​ក្រុង​-​ស្រុក ដែល​លិចលង់​ដោយសារ​ស្ថាន​ដី​ទាប ខណៈ​ក្រុមការងារ​កំពុង​តាមដាន​កន្លែង​ណា​ដែលមាន​ប្រឡាយ ដើម្បី​កាយ​រំដោះ​ទឹក​ចេញ កុំឱ្យ​លិចលង់​ដំណាំ​ស្រូវ​ធ្ងន់ធ្ងរ​។​

លោក​បន្ថែមសម្រាប់​វិធានការ​ចំពោះមុខ មិនទាន់ចែក​ពូជស្រូវ​ទេ រង់ចាំ​ស្រង់​ស្ថិតិ​ពិត​ប្រា​កសិន​។ លោក​ថា​៖ «បើសិនជា​ចែក​ឥឡូវ​ក៏​គាត់​ធ្វើ​មិនទាន់​បានដែរ អ៊ីចឹ​ង​​ចាំ​ដល់ពេល​ទឹក​ស្រក​ទៅវិញ យើង​នឹង​ចែក​គ្រាប់ពូជ​គាត់ ព្រោះ​ក្រសួងកសិកម្ម បាន​ត្រៀម​ស្រូវពូជ​រួចហើយ រង់ចាំតែ​ពេល​បាន​ស្ថិត​ពិតប្រាកដ​ពី​ការខូចខាត​»​។

លោក​ឱ្យដឹងថា ស្រូវ​ដែល​រង​ការខូចខាត​នោះ​មាន ​២ ​ប្រភេទ ទី​១​ ស្រូវ​ដែល​ទើប​ព្រោះស្រូវ​បាន​ប៉ះពាល់​មួយចំនួន​ដែរ ហើយ​ទី​២ ​ស្រូវ​ដែល​ជិត​ទុំ​ហើយ ដែលជា​ស្រូវ​គាត់​ធ្វើ​ដើមរដូវ​។

ក្រុង​-​ស្រុក​ចំនួន ៥ ដែល​រង​ផលប៉ះពាល់​ដោយ​ជំនន់​ទឹកភ្លៀង​រួមមាន ១​ ស្រុក​បារាយណ៍ មាន​៣ ឃុំ​ចំនួន ៧៥៦​ ហិកតា ស្មើ ​២២៦ ​គ្រួសារ ២ ស្រុក​កំពង់ស្វាយ មាន​ ៨ ឃុំ ប៉ះពាល់​ចំនួន ៤ ៤២៥​ ហិកតា ក្នុងនោះ​ខូចខាត​ចំនួន ២ ៧០៧ ហិកតា ស្មើ ២ ១៧១​ គ្រួសារ ៣ ក្រុង​ស្ទឹងសែន​មាន​៣ សង្កាត់ ប៉ះពាល់​ចំនួន ២៨៥ ហិកតា ក្នុងនោះ​ខូចខាត ចំនួន ១៥ ហិកតា ស្មើ ១២២ ​គ្រួសារ ៤ ស្រុក​សន្ទុក មាន​៣ ឃុំ​ប៉ះពាល់ ចំនួន ៩៧៧​ ហិកតា ក្នុងនោះ​ខូចខាត​ចំនួន ៥៧២ ហិកតា ស្មើ ៥៥៧ ​គ្រួសារ និង​ ៥ ស្រុក​តាំងគោក មាន​៧ ឃុំ ប៉ះពាល់ ចំនួន ៩៦៦ ​ហិកតា ក្នង​នោះ​ខូចខាត​ចំនួន ៤៩៩ ហិកតា ស្មើ ៥៨៣ ​គ្រួសារ​៕