​បន្ទាយ​មាន​ជ័​យៈ​ ប្រជាពលរដ្ឋ​ចំនួន ៣៣៥ ​គ្រួសារ បាន​ចាប់ឆ្នោត​ទទួលយក​ក្បាលដី​ឡូ​ត៍ដែល​បាន​ព្រមព្រៀង​បញ្ចប់​វិវាទ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ តាមបែប​ឈ្នះ​ឈ្នះ​ក្រៅ​ប្រព័ន្ធតុលាការ នៅ​ភូមិ​ទំនប់​ដាច់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី ១ ខែ សីហា ​ឆ្នាំ ២០២២​ នេះ។

លោក ប៉ាន់ ខែម​ប៊ុនថន នាយករង​ខុទ្ទកាល័យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​នៅ​ថ្ងៃទី ២ ខែសីហា​ថា នៅ​ថ្ងៃទី ១ សីហា​ ប្រជាពលរដ្ឋ​ចំនួន ៣៣៥ គ្រួសារ នៅ​ភូមិ​ទំនប់​ដាច់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ បាន​ចាប់ឆ្នោត​ទទួលយក​ក្បាលដី​ឡូ​ត៍ ដែល​បាន​ព្រមព្រៀង​បញ្ចប់​វិវាទ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ តាមបែប​ឈ្នះ​ឈ្នះ​ក្រៅ​ប្រព័ន្ធតុលាការ​។ លោក​ថា ដី​ឡូ​ត៍​ដែល​ប្រជាពលរដ្ឋ​ត្រូវ​ចាប់ឆ្នោត​យក​នោះ មាន​ទំហំ ១០​ គុណ​ ២០ ម៉ែត្រ និង ២០ គុណ ២០ ម៉ែត្រ ដោយសារ​សណ្ឋាន​ដី​ខុសគ្នា​។

លោក​នាយករង​ខុទ្ទកាល័យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ឲ្យ​ដឹងថា បញ្ហា​វិវាទ​ដីធ្លី​រ៉ាំរ៉ៃ​នេះ​បានកើត​ឡើងជា​យូរ​ឆ្នាំ​មកហើយ ដោយ​ការ​ទិញដូរ​មិន​ស្របច្បាប់ និង​ការបំពាន​ដី​របស់​អ្នកដទៃ​ជាដើម​។

លោក​ថ្លែងថា​៖ «​ជម្លោះ​នេះ​កើតឡើង​ដោយសារ​ការទិញ​ដូរ​មិន​ស្របច្បាប់ ការទិញ​ដូរ​ទៅ​ចាប់ដី​គេ ហើយ​និង​ការប៉ះពាល់​ដល់​ដី​គេ​មួយចំនួន អ៊ីចឹង​ទេ​ភាគី​ទាំងសងខាង​តាមរយៈ​ការដោះស្រាយ​តាម​រូបភាព​ឈ្នះៗ ក៏​ព្រមព្រៀង​ទទួលយក​ដំណោះស្រាយ​ដោយ​ថយ​មួយ​ជំ​ហាន​ម្នាក់ ហើយ​គាត់​ទទួលយក​គោលនយោបាយ អ៊ិ​ចឹ​ង​គឺ​គេ​បញ្ចប់​វិវាទ​ឈប់​ឱ្យ​មាន​តទៅទៀត អ៊ីចឹងទៅ​»។

លោក ប៉ាន់ ខែម​ប៊ុនថន បាន​ឲ្យ​ដឹងថា ក្រោយពី​ចាប់បាន​ដី​រៀងៗ​ខ្លួន​ប្រជាពលរដ្ឋ​បាន​កំពុង​រៀបចំ​សាងសង​លំនៅឋាន ហើយ​ក្រុមការងារ​សម្ព័ន្ធ​យុវជន​ស្រលាញ់​សន្តិភាព​បាន​ជួយ​ធ្វើការ​សាងសង់​ទៅតាម​លទ្ធភាព​ជាក់ស្តែង​។ នៅ​ទីនោះ ក្រុមការងារ​បាន​អភិវឌ្ឍជូន​ប្រជាពលរដ្ឋ​ដោយ​ធ្វើ​ផ្លូវ ប្រឡាយ​សងខាង​ផ្លូវ រួមជាមួយ​ហេដ្ឋារចនាសម្ព័ន្ធ មួយចំនួនទៀត​ដែល​នឹង​កើតឡើង​នៅពេល​ខាងមុខ​។

លោក យឹម សំណាង អភិបាលស្រុក​អូរជ្រៅ​មិន​បញ្ជាក់​ជុំវិញ​រឿងនេះ​ទេ ចំណែក លោក តុល សារិន មេឃុំ​អូរ​បី​ជាន់ ប្រាប់​ឱ្យ​ចុះទៅ​សាកសួរ​ប្រជាពលរដ្ឋ​ដោយផ្ទាល់​ពី​រឿងនេះ​។

យ៉ាងណាក៏ដោយ លោក លី សុវណ្ណ​រិ​ទ្ធិ អតីត​អភិបាលស្រុក​អូរជ្រៅ ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ២ ខែសីហា​ថា បញ្ហា​វិវាទ​ដីធ្លី​រ៉ាំរ៉ៃ​នេះ​កើតឡើង​តាំងពី​មុន​លោក​ចូលកាន់​តំណែង​ជា​អភិបាលស្រុក​នៅ​ឆ្នាំ​ ២០១៧ ម្ល៉េះ ហេតុនេះ​លោក​មិនដឹងថា​វិវាទ​កើតឡើង​ក្នុង​ឆ្នាំ​ណា​ទេ ហើយ​ដើមចម​នៃ​ការកើតឡើង​វិវាទ​នេះ​លោក​ក៏​មិន​បានដឹង​ច្បាស់​ដែរ ប៉ុន្តែ​បើតាម​ការពិនិត្យ​លើ​ឯកសារ គឺ​ក្រុមហ៊ុន [​ក្រុមហ៊ុន​ហៃ​សួ​] មាន​ឯកសារ​ទិញ​លក់ និង​មានការ​ទទួលស្គាល់​ពី​អាជ្ញាធរ​មូលដ្ឋាន​ត្រឹមត្រូវ ប៉ុន្តែ​ភាគី​ម្ខាង​ទៀត [​ពលរដ្ឋ​] គឺ​មាន​មេភូមិ​ម្នាក់​ដែល​មកដល់ពេលនេះ​បាន​ចូល​និវត្ត​ហើយ​នោះ បាន​ចែក​ដី​តំបន់​នោះ ទៅ​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ តែ​ជាន់គ្នា​លើដី​ក្រុមហ៊ុន​។

លោក​បញ្ជាក់ថា ដី​ក្រុមហ៊ុន​មាន​ប្រមាណ​ជាង ៧០០ ហិកតា ប៉ុន្តែ​ពលរដ្ឋ​ចូលទៅ​កាន់កាប់​ជាង ៣០០​ គ្រួសារ​នៅ​ទីនោះ លោក​មិន​ចាំ​ច្បាស់​ថា ចំនួន​ប៉ុន្មាន​ហិកតា​នោះទេ គ្រាន់តែ​ដឹងថា ពលរដ្ឋ​ទៅយក​ដី​ទីនោះ​ជា​លក្ខណៈ​ដី​ឡូ​ត៍​។

លោក ស៊ុម ចាន់​គា មន្ត្រី​អាដហុក​ប្រចាំការ​ខេត្ត​បន្ទាយ ថ្លែង​នៅ​ថ្ងៃទី ២ ខែសីហា​ថា ការដោះស្រាយ​ទំនាស់​ក្រៅ​ប្រព័ន្ធតុលាការ អ្នក​ដែល​តាំងខ្លួន​ដោះស្រាយ​មិនមែនជា​ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី ឬ​ជា​អាជ្ញាកណ្តាល​នោះទេ​។ អ្នក​ដែល​តាំងខ្លួន​ធ្វើជា​អ្នក​សម្រុះសម្រួល​ត្រូវ​គ្នា​គ្រាន់តែ​ជា​អ្នក​ជួយ​ឲ្យ​ភាគី​ទំនាស់​សងខាង​មាន​ដំណោះស្រាយ មិនមែនជា​អ្នក​ទៅ​ដោះស្រាយ​ជំនួស​ភាគី​នោះទេ។

លោក​ថា ការដោះស្រាយ​វិវាទ​បែបនេះ ប្រសិនបើ​មាន​ជម្រើស​សម្រាប់​ភាគី​ធ្វើការ​ជ្រើសរើស ហើយ​គេ​បានធ្វើការ​ជ្រើសរើស ដោយ​សុទ្ធ​ចិត្ត នោះ​ជា​រឿង​ល្អប្រសើរ ដែល​អាច​ថា​មាន​យុត្តិធម៌​ត្រឹមត្រូវ ប៉ុន្តែការដោះស្រាយ​វិវាទ​ក្រៅ​តុលាការ​កន្លងមក ភាគច្រើន​តែងមាន​ការ​ចាប់បង្ខំ​ឲ្យ​ទទួលយក ដែល​មិន​ចេញពី​ឆន្ទៈ​របស់​គូភាគី​នោះទេ​។

លោក​ថ្លែងថា​៖ «​យើង​អត់​ទាន់​ដឹងថា​តើ យន្តការ​ទី​១ ចាប់បង្ខំ​ឲ្យ​យក ទី​២ ​យើង​និយាយ​អំពី​នីតិវិធី​នៃ​ការដោះស្រាយ​ទំនាស់ ក្រៅ​ប្រព័ន្ធតុលាការ​ហ្នឹង គាត់​បាន​ប្រើ​ទៅតាម​ហ្នឹងហើយ​ឬ​នៅទេ​»។

ចំណុច​នេះ លោក ប៉ាន់ ខែម​ប៊ុនថន បាន​អះអាងថា ប្រជាពលរដ្ឋ​ដែល​បាន​យល់ព្រម​បញ្ចប់​វិវាទ​នេះ បាន​យល់ព្រម​ដោយ​សុទ្ធតែ​ចិត្ត​គ្មាន​ការចាប់​បង្ខំ​ណាមួយ​ឡើយ​។ គិត​មកដល់​ថ្ងៃទី ២ ខែសីហា​នេះ ប្រជាពលរដ្ឋ​មួយចំនួនធំ បាន​ចូលទៅ​រៀបចំ​កន្លែង​រស់នៅ​រប​ស់​ខ្លួន​ហើយ​។

លោក ឃឹម ធី ប្រជាពលរដ្ឋ​ម្នាក់ ដែល​ចាប់ឆ្នោត​បាន​ដី​សម្រាប់ធ្វើ​ការរស់នៅ ថ្លែង​នៅ​ថ្ងៃទី ២ ខែសីហា​ថា លោក​មានការ​សប្បាយចិត្ត​ដែល​ទីបំផុត​គឺ​គ្រប់គ្នា​បាន​ទ​ទូល​យក​ដីស​ម្រា​ប់ការរ​ស់​នៅ​។ លោក​បញ្ជាក់ថា ការចាប់​ឆ្នោត​នេះ​ជា​រឿង​យុត្តិធម៌​ត្រឹមត្រូវ មិនមាន​ការបង្ខិតបង្ខំភាគី​ណាមួយ​ឲ្យ​ទទួលយក​នោះទេ៕