
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម និងលោក NAM Sung-hyun រដ្ឋមន្រ្តីក្រសួងព្រៃឈើ កូរ៉េខាងត្បូង ក្នុងជំនួបកាលពីថ្ងៃទី២សីហា។ រូបថត ក្រសួងកសិកម្ម
ភ្នំពេញៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងព្រៃឈើកូរ៉េខាងត្បូង ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិ ការលើវិស័យព្រៃឈើ រវាងប្រទេសទាំង ២ ដើម្បីឈានទៅចុះហត្ថលេខា លើអនុស្សរណៈយោគយល់គ្នា (MOU) ជាថ្មី នៅពេលខាងមុខ។
ការប្តេជ្ញានេះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម និង លោក NAM Sung-hyun រដ្ឋមន្រ្តីក្រសួងព្រៃឈើ កូរ៉េខាងត្បូង នៅទីស្តីការ Forest Vision Center នាទីក្រុងសេអ៊ូលប្រទេសកូរ៉េ កាលថ្ងៃទី ២ ខែ សីហា ឆ្នាំ ២០២២។
លោក NAM Sung-hyun ថ្លែងនៅក្នុងជំនួបនោះថា ការគ្រប់គ្រង ការដាំដុះ ថែរក្សា អភិរក្ស និងការធ្វើអាជីវកម្មព្រៃឈើ។ល។ បច្ចុប្បន្នប្រទេសកូរ៉េ មានផ្ទៃដីព្រៃឈើសរុប ៦៣% នៃផ្ទៃដីសរុប ក្នុងនោះ ២/៣ គ្រប់គ្រងដោយឯកជន និង ១/៣ គ្រប់គ្រងដោយរដ្ឋ។
លោកបន្តថា ៥០ ឆ្នាំកន្លងមក រដ្ឋាភិបាលកូរ៉េ បានអនុវត្តគោលនយោបាយដាំដុះ គ្រប់គ្រង និងថែរក្សាព្រៃឈើ ហើយលទ្ធផលដែលរដ្ឋាភិបាល ក៏ដូចជាប្រជាជនកូរ៉េទទួលបានគឺបរិស្ថានល្អ អាកាសធាតុបរិសុទ្ធ រក្សាបានជីវចម្រុះធ្វើឱ្យសុខភាពមនុស្ស សត្វ និងរុក្ខជាតិល្អ និងសំណើមដីខ្ពស់។ល។ បច្ចុប្បន្ន ក្រសួងព្រៃឈើកូរ៉េ បានធ្វើកិច្ចសហប្រតិបត្តិការជាមួយប្រទេសចំនួន ៣៧ នៅទូទាំងពិភពលោក រួមទាំងកម្ពុជាផងដែរ។
លោកបញ្ជាក់ទៀតថា លោកគ្រោងនឹងមកធ្វើទស្សនកិច្ចនៅកម្ពុជានាចុងខែសីហានេះ ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហការជាមួយកម្ពុជាបន្ថែមទៀត ។
លោក វេង សាខុន ក៏បានលើកឡើងនៅក្នុងជំនួបនោះផងដែរពីបច្ចុប្បន្នភាពនៃផ្ទៃដីគម្របព្រៃឈើ គោលនយោបាយនៃការដាំដុះព្រៃឈើឡើងវិញ ការគ្រប់គ្រង ថែរក្សា និងអភិរក្សព្រៃឈើ ការធ្វើអាជីវកម្មព្រៃឈើ និងផលប្រយោជន៍ព្រៃឈើ និងអនុផលព្រៃឈើសម្រាប់ប្រជាជនកម្ពុជា ពិសេសសម្រាប់សហគមន៍ព្រៃឈើ ដែលនៅពឹងអាស្រ័យលើផល និងអនុផលព្រៃឈើ។ល។
លោកបានណែនាំឱ្យរដ្ឋបាលព្រៃឈើកម្ពុជាបន្តយកចិត្តទុកដាក់ សហការជាមួយក្រសួងព្រៃឈើកូរ៉េ លើការងាររបច្ចេកទេស និងបណ្តុះបណ្តាលធនធានមនុស្ស និងបានណែនាំឱ្យលោក កែវ អូម៉ាលីស្ស ប្រតិភូរាជ រដ្ឋាភិបាល ទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើកម្ពុជា ត្រៀមរៀបចំឯកសារសំខាន់ៗដែលត្រូវលើកយកមកពិភាក្សាទ្វេភាគី និងលើកសំណើសុំការជួយ ឧបត្ថម្ភ គាំទ្រពីក្រសួងព្រៃឈើកូរ៉េ ដើម្បីអភិវឌ្ឍព្រៃឈើកម្ពុជានាពេលអនាគត។
លោករដ្ឋមន្ត្រីកសិកម្មកម្ពុជា បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការ ការជួយឧបត្ថម្ភ គាំទ្រពីភាគីកូរ៉េ ដល់ការអភិវឌ្ឍ ព្រៃឈើកម្ពុជាក្នុងរយ:ពេលកន្លងមក ក្នុងឆន្ទ:រួមគឺរក្សាបរិស្ថានពិភពលោកល្អ និងកំណើនប្រាក់ចំណូលសម្រាប់ប្រជាពលរដ្ឋ។
ជាការឆ្លើយតប លោក NAM Sung-hyun បានលើកឡើងថា៖«ការពិតប្រទេសយើងទាំង ២ ធ្លាប់បានចុះហត្ថលេខា MOU ម្តងរួចមកហើយនៅឆ្នាំ ២០០៨ ប៉ុន្តែដោយសារនិន្នាការនៃការវិវឌ្ឍរីកចម្រើនទាំងសេដ្ឋកិច្ច និងសង្គមទូទាំងពិភាពលោក រួមទាំងប្រទេសយើងទាំង ២ យើងគួរតែធ្វើបច្ចុប្បន្នភាពលើខ្លឹមសារសំខាន់ៗក្នុង MOU ឆ្នាំ ២០០៨ នេះឡើងវិញ»។
លោកបន្តថា ខ្លឹមសារទាំងនោះផ្តោតសំខាន់ លើចំណុចសំខាន់ៗមានជាអាទិ៍ បន្តជួយអភិវឌ្ឍគម្រោងកាត់បន្ថយ ឧស្ម័នផ្ទះកញ្ចក់ពីការបាត់បង់ព្រៃឈើ និងឧនភាពព្រៃឈើ REDD+ ការសិក្សាស្រាវជ្រាវលើធនធានព្រៃឈើកម្ពុជា ការសិក្សាលើធនធានដីព្រៃឈើ ការធ្វើពាណិជ្ជកម្មឈើ និងការវិនិយោគលើការដាំឈើ ការពិនិត្យឡើងវិញលើគម្រោងព្រៃឈើមេគង្គ-កូរ៉េ និង បង្កើតវគ្គបណ្តុះបណ្តាលដល់មន្ត្រីព្រៃឈើកម្ពុជានៅសាកលវិទ្យាល័យ Korea National Open University។
នៅក្នុងកិច្ចជំនួបនោះ ភាគីទាំង ២ បានឯកភាពគ្នាថា នឹងជួបពិភាក្សាគ្នាលម្អិតបន្ថែមទៀត ដើម្បីឈានទៅចុះហត្ថលេខា MOU នៅកម្ពុជា ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យព្រៃឈើ រវាងប្រទេសទាំង ២នាពេលអនាគតឱ្យកាន់តែល្អប្រសើរ៕