
លោក មាស សុខសេនសាន អគ្គលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្លែងក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី ២ ខែសីហា។ ហេង ជីវ័ន
ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជាបានកាត់បន្ថយភាពក្រីក្រពី ៥០ ភាគរយមកនៅក្រោម ១០ ភាគរយនាពេលបច្ចុប្បន្ន និងបន្តកាត់បន្ថយអត្រាភាពក្រីក្រឱ្យនៅក្នុងរង្វង់ ៧ ភាគរយនាពេលខាងមុខនេះ។ យោងតាមមន្ត្រីនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីម្សិលមិញ។
នៅក្នុងសន្និសីទសារព័ត៌មានស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល ៥ ឆ្នាំកន្លងមករបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីថ្ងៃទី ២ ខែសីហានេះ លោក មាស សុខសេនសាន អគ្គលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុថ្លែងថា រាជរដ្ឋាភិបាលបានគិតគូរជួយដល់ប្រជាពលរដ្ឋក្រីក្រតាំងពីមុនកូវីដ ១៩ និងអំឡុងកូវីដ ដើម្បីជួយពួកគាត់គេចឱ្យឆ្ងាយពីភាពក្រីក្រ។
លោក មាស សុខសេនសាន ថ្លែងបន្តថា ក្នុងនោះបើគិតតែក្នុងរយៈពេលកូវីដ ១៩ អ្នកទទួលបានផលពីការអន្តរាគមន៍ដោះស្រាយបន្ទាន់ជូនដល់អ្នកក្រីក្របានប្រហែល ៧០ ម៉ឺនគ្រួសារ បើគិតជាចំនួនប្រជាជនប្រមាណ ២,៧ លាននាក់។
លោកថា៖ «អ្វីដែលរាជរដ្ឋាភិបាលខិតខំតាំងពី ១៩៩០ ជាងមក សម្ទុះនៃភាពក្រីក្ររបស់យើងមានតាំងពីជាង ៥០ ភាគរយរហូតមកដល់កាត់បន្ថយនៅក្រោមរង្វង់ ១០ ភាគរយ នៅឆ្នាំ ២០១៥។ អត្រាភាពក្រីក្រនេះមានការកើនឡើងវិញ នៅពេលប៉ះទង្គិចកូវីដ ១៩ ប៉ុន្តែដោយសារការចូលរួមចំណែករបស់រាជរដ្ឋាភិបាលកន្លងមក គឺជាការចូលរួមកាត់បន្ថយភាពក្រីក្រវិញ។ យើងមានសុទិដ្ឋិនិយមក្នុងការដោះស្រាយទៅថ្ងៃមុខសម្រាប់កាត់បន្ថយភាពក្រីក្រនេះ ដោយសារយើងមានបទពិសោធក្នុងការកាត់បន្ថយភាពក្រីក្រពី ៥០ ភាគរយមកដល់ក្រោម ១០ ភាគរយ អ៊ីចឹងទៅថ្ងៃមុខ យើងមានសុទិដ្ឋិនិយមកាត់បន្ថយមកនៅត្រឹម ៧ ភាគរយនៅពេលខាងមុខនេះ»។
លោកបានគូសបញ្ជាក់ថា ការបញ្ចេញកញ្ចប់ថវិកាជួយដល់ប្រជាពលរដ្ឋក្រីក្រក៏អាចជួយបាន ១ ចំណែក ជួយលើកស្ទួយកំណើនសេដ្ឋកិច្ចបានប្រមាណ ០,៤៥ ទៅ ០,៥៥ ភាគរយ ហើយការបញ្ចេញកញ្ចប់ថវិកាជួយពលរដ្ឋក្រីក្រនេះ ក៏ចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ ពី ២,៥ ភាគរយទៅ ៣ ភាគរយ។
លោកបន្ថែមថា ក្រៅពីជួយដល់ជនក្រីក្រនេះ ភាពសកម្មរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខិតខំទុកកញ្ចប់ថវិកាជួយទៅដល់សហគ្រាសធុនតូច និងមធ្យម និងវិស័យដែលងាយរងគ្រោះ ហើយនៅបន្តជួយប្រជាជនក្រីក្របន្តទៀត។
លោកថា៖ «អាចនិយាយបានឥឡូវនេះរលកទី ២ នៃការប៉ះទង្គិចនៃអតិបរមា អ៊ីចឹងយើងក៏បានត្រៀមថវិកាបន្តជួយទៅដល់ប្រជាជនក្រីក្រក្នុងការឆ្លើយតប គឺក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាក្រសួងមួយក្នុងចំណោមស្ថាប័នឃ្លាំមើលអតិបរមា ប៉ុន្តែក៏អាចចូលរួមចំណែក ១ ភាគណាមួយ ដើម្បីដោះស្រាយអតិបរមាតាមរយៈមធ្យោបាយសារពើពន្ធរបស់ខ្លួន» ។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្ដិភាព លោក យង់ គិមអេង ថ្លែងថា ការប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ គឺជាមោទនភាពមួយ ជាពិសេសក្នុងអំឡុងកូវីដ ១៩ ដែលពលរដ្ឋជាច្រើនបានធ្លាក់ចូលទៅក្នុងបន្ទាត់ក្រីក្រ។ ការដែលរដ្ឋាភិបាលចង់ទម្លាក់អត្រាភាពក្រីក្រឱ្យនៅត្រឹម ៧ ភាគរយ គឺត្រូវផ្តោតលើជនងាយរងគ្រោះឱ្យចំគោលដៅ និងអនុវត្តឱ្យមានតម្លាភាពបើពុំនោះទេនឹងបរាជ័យ។
លោកថា៖ «លុះត្រាតែចាប់ផ្តើមជួយមនុស្សដែលបានធ្លាក់ចូលទៅភាពក្រីក្រពិតប្រាកដ ជាពិសេសក្រោយកូវីដ ១៩ ដើម្បីឱ្យគាត់មានលទ្ធភាពរួចផុតពីភាពក្រីក្រសិនទើបអាចជួយសម្រាលច្រើនទៅដល់សូចនាកររបស់រដ្ឋាភិបាលដែលប្តេជ្ញាធ្វើឱ្យអត្រាភាពក្រីក្រមកនៅត្រឹម ៧ ភាគរយ»។
លោក ចន ណារិទ្ធ អនុរដ្ឋលេខាធិការ និងអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គមថ្លែងថា ស្ថាប័នរបស់ខ្លួនមានគោលបំណងធំចំនួន ៤ ក្នុងផ្នែកកសាងគាំពារសង្គម សម្រាប់ប្រទេសកម្ពុជា ទី ១ ការធានានូវសន្តិសុខប្រាក់ចំណូល ទី ២ ការកាត់បន្ថយភាពក្រីក្រ និងងាយរងគ្រោះ ទី ៣ កាត់បន្ថយវិសមភាពក្នុងសង្គម និងទី ៤ ទ្រទ្រង់កំណើនសេដ្ឋកិច្ច។
លោកថា៖ «កិច្ចការទាំងអស់នេះបានបង្ហាញជាសមិទ្ធផល និងវឌ្ឍនភាពឆ្លុះបញ្ចាំង ៣ មុំធំៗ ១ គាំទ្រការបាត់បង់ប្រាក់ចំណូលជាគំហុក ទី ២ ការគាំទ្រ និងការឧបត្ថម្ភដល់គ្រួសារក្រីក្រ និងងាយរងគ្រោះដែលមានប្រជាជនប្រមាណ ២, ៧ លាននាក់»។ លោកថា កាលពីឆ្នាំ ២០២១ ក្រុមប្រឹក្សាគាំពារសង្គមគឺបានដាក់ចេញនូវគោលនយោបាយអន្តរាគមន៍ជួយគ្រួសារដែលទទួលរងដោយវិធានការបិទខ្ទប់ទ្រង់ទ្រាយធំ។ ដែលទទួលបានការឧបត្ថម្ភក្នុងរយៈក្រោយការបិទខ្ទប់ដោយសារតែគាត់មិនអាចប្រកបរបរមិនប្រក្រតីធ្វើឱ្យចំណូលគាត់បាត់បង់ជាគំហុកសរុបទៅមានចំនួន ១២ ម៉ឺនគ្រួសារ៕