ភ្នំពេញៈ រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន​លោក ហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា (Hayashi Yoshimasa) ​ប្រកាស​ថា លោក​នឹង​ពិភាក្សា​ពី​​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​សន្តិសុខ​ជាមួយ​សមភាគី​កម្ពុជា​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​នៅ​កម្ពុជា​ដែល​ចាប់ផ្តើម​នៅ​ថ្ងៃទី​ ៣ សីហា នេះ ដោយ​លោក​អះអាង​ថា សហគមន៍​អន្តរជាតិ​កំពុង​ប្រឈម​បញ្ហា​ស្មុគស្មាញ ដូចជា​បញ្ហា​នៅ​អ៊ុយក្រែន កូរ៉េខាងជើង មីយ៉ាន់ម៉ា​ និង​​សមុទ្រ​ចិន​ខាងត្បូង​ជាដើម​។

ការប្រកាស​របស់​លោក​ Yoshimasa ធ្វើឡើង​តាមរយៈ​សារ​ដែល​បាន​ផ្ញើជូន​ប្រជាជន​កម្ពុជា​មុន​ ១ ​ថ្ងៃ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​នៅ​កម្ពុជា​ជា​លើក​ដំបូង​ក្នុង​នាម​ជា​រដ្ឋមន្ត្រី​ការបរទេស​នៅ​ថ្ងៃទី​ ៣ ខែសីហា​ ​ដើម្បី​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ (AMM) ​លើក​ទី​ ៥៥ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ដែល​បាន​ចាប់ផ្តើម​ពីថ្ងៃ​ទី​ ២៩ ខែកក្កដា​ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ថ្ងៃទី​ ៥ ​ខែសីហា ឆ្នាំ ​២០២២​។

សារ​របស់​លោក Yoshimasa ​ដែល​ត្រូវបាន​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​នៅ​​ថ្ងៃទី​ ២ ខែសីហា បាន​បញ្ជាក់​ថា ក្នុង​ទស្សនកិច្ច​លើក​នេះ លោក​មានបំណង​បញ្ជាក់​ឡើងវិញ​នូវ​ទំនាក់​ទំនង​ «​ដ៏រឹងមាំ​» រវាង​ប្រទេស​កម្ពុជា និង​ជប៉ុន​។

លោក Yoshimasa ថ្លែងថា​៖ «​ក្នុង​ដំណើរ​ទស្សនកិច្ច​លើក​នេះ​ខ្ញុំ​នឹង​ជួប​ពិភាក្សា​ជាមួយ​ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី​ និង​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ដែល​ជា​សមភាគី​របស់ខ្ញុំ ជាពិសេស​អំពី​ការវិវឌ្ឍ​នៃ​គម្រោង​អភិវឌ្ឍន៍​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​ដែលជា​កំពង់ផែ​ស្នូល​របស់​កម្ពុជា និង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​សន្តិសុខ​»​។

លោក​បាន​សម្តែង​នូវ​ការគោរព​ចំពោះ​លោក​ ប្រាក់ សុខុន រួមទាំង​មន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា​ដែល​បាន​ខិតខំ​ប្រឹងប្រែង​រៀបចំ និង​សម្របសម្រួល​កិច្ចប្រជុំ​ទាំងនេះ​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​។

លោក Yoshimasa បាន​ថ្លែងថា​៖ «​សហគមន៍​អន្តរជាតិ​កំពុង​ប្រឈម​បញ្ហា​ស្មុគស្មាញ ដូចជា បញ្ហា​នៅ​អ៊ុយក្រែន កូរ៉េខាងជើង មីយ៉ាន់ម៉ា និង​សមុទ្រ​ចិន​ខាងត្បូង​ជាដើម​។ ​កិច្ចប្រជុំ​នានា ដែល​ធ្វើឡើង​ក្នុង​ស្ថានភាព​បែបនេះ​មាន​សារៈសំខាន់​ជា​វេទិកា​មួយ​ ដើម្បី​បញ្ជាក់ និង​ផ្សព្វផ្សាយ​ពី​តម្លៃ​ និង​គោលការណ៍​ដែល​សហគមន៍​អន្តរជាតិ​គួរតែ​ប្រកាន់ខ្ជាប់​»​។

ជាមួយ​នេះ លោក​បាន​ថ្លែង​អំណរគុណ​ «​យ៉ាង​ជ្រាលជ្រៅ​» ​ចំពោះ​រដ្ឋាភិបាល​ និង​ប្រជាជន​កម្ពុជា​ដែល​បាន​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​មរណភាព​របស់​អតីត​នាយករដ្ឋមន្ត្រី ស៊ីនហ្សូ អាបេ (Shinzo Abe) ​តាមរយៈ​ការបង្ហូត​​ទង់ជាតិ​ត្រឹម​ពាក់កណ្តាល​ដង​នៅ​​ទូទាំង​ប្រទេស​កម្ពុជា​ហើយ​ការផ្ញើ​លិខិត​ ​និង​សារ​រំលែក​ទុក្ខ​ជាច្រើន​។

លោក​បាន​បញ្ជាក់​ថា​៖ «​កាយវិការ​ដ៏កក់ក្ដៅ​ទាំងនេះ​បាន​លើក​ទឹកចិត្ត​ដល់​ខ្ញុំ​ផ្ទាល់​ ហើយ​ធ្វើឱ្យ​ខ្ញុំ​រំភើប​ដោយ​ដឹងថា​មាន​មិត្ត​ជាច្រើន​នាក់​នៅ​ប្រទេស​កម្ពុជា​»​។

កាលពី​ខែ​មីនា នាយករដ្ឋមន្ត្រី​ជប៉ុន លោក Fumio Kishida បានធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា និង​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួមជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដោយ​បង្ហាញ​ពី​ទិសដៅ​នៃ​កិច្ចសហប្រតិបត្តិការ​នាពេល​អនាគត​។

លោក​ Yoshmasa បាន​បញ្ជាក់ថា​៖ «​ប្រទេស​ជប៉ុន​នឹង​បន្ត​ខិតខំ​ធ្វើការ​ដើម្បី​អនុវត្ត​សេចក្តី​ថ្លែងការណ៍​រួម​ឱ្យចេញ​ជា​សហប្រតិបត្តិ​ការជាក់ស្តែង​ជាមួយ​ប្រជាជន​កម្ពុជា​»​។

លោក​បាន​ជូនពរ​ឱ្យ​កិច្ចប្រជុំ AMM ​និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ទាំងអស់​ប្រព្រឹត្ត​ទៅដោយ​ជោគជ័យ និង​ចំណង​មិត្តភាព​រវាង​ប្រទេស​ជប៉ុន និង​កម្ពុជា​កាន់តែ​រីកចម្រើន​។

ក្រៅពីនេះ​លោក Yoshimasa ចង់​សាកល្បង​អ្វី​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក ដោយ​លោក​បញ្ជាក់​ថា លោក​គឺជា​អ្នកគាំទ្រ​ម្ហូប​ខ្មែរ ព្រោះ​លោក​បាន​ទៅ​ភោជនីយដ្ឋាន​ខ្មែរ​ក្នុង​ទីក្រុង​តូក្យូ​ប្រទេស​ជប៉ុន​ជា​ញឹកញាប់​។ ​ពេល​​នេះ​លោក​ទន្ទឹង​រង់ចាំ​ភ្លក់​រសជាតិ​ដើម​កំណើត​នៃ​ម្ហូប​ខ្មែរ​ដូចជា​អាម៉ុក​។

លោក​ ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​មិនអាច​សុំ​ការ​បញ្ជាក់បន្ថែម​ពី​​ជំនួប​រវាង Hayashi Yoshimasa និង​លោក​ ប្រាក់ សុខុន បាន​ទេ​កាលពី​ថ្ងៃទី ​២ សីហា ដោយ​លោក​អះអាង​ថា ពុំមាន​ពេលវេលា​គ្រប់គ្រាន់​ដើម្បី​​ឆ្លើយតប​។

លោក យង់ គិមអេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ ដើម្បី​អភិវឌ្ឍន៍​និង​សន្តិភាព​ថ្លែងថា ជប៉ុន​ក៏មាន​ការព្រួយបារម្ភ​ផងដែរ​ចំពោះ​ការប្រឈម​បញ្ហា​សន្តិសុខ​ ព្រោះ​ជប៉ុន​ជា​ប្រទេសមួយ​ដែល​ស្ថិតនៅ​ជិត​ចិន និង​រុស្ស៊ី​​ដែល​កន្លងមក​រុស្ស៊ី​ក៏​ធ្លាប់​គំរាម​ជប៉ុន​ផងដែរ​។ ​ដោយសារ​ថ្មីៗ​នេះ​បញ្ហា​ប្រឈម​នៅ​សមុទ្រ​ចិន​ខាងត្បូង និង​នៅ​អ៊ុយក្រែន​ជាដើម​ធ្វើឱ្យ​ជប៉ុន​ខិតខំ​ពង្រឹង​បញ្ហា​សន្តិសុខ​របស់​ខ្លួន ជាពិសេស​កម្លាំង​យោធា​។

លោក​ថ្លែងថា​៖ «​ការពិភាក្សា​ជាមួយ​នឹង​ភាគី​កម្ពុជា​ពេលនេះ​ក៏​ជា​ចំណែក​មួយ​ដើម្បីឱ្យ​ជប៉ុន​កាន់តែ​មាន​ទំនាក់​ទំនង​ខាង​ផ្នែក​សន្តិសុខ​កាន់តែ​ច្រើន​ជាមួយ​នឹង​បណ្តា​ប្រទេស​ដទៃទៀត​ក៏ដូចជា​អន្តរជាតិ ដើម្បី​ជប៉ុន​កាន់តែ​មាន​ភាពកក់ក្តៅ​ចំពោះ​សន្តិសុខ​របស់ខ្លួន​។ ​ជាមួយ​គ្នានេះ​ដោយសារ​កម្ពុជា​ក៏​ជា​ប្រធាន​អាស៊ាន​ផង​ក៏​ជា​ឱកាស​ដែល​ជប៉ុន​ត្រូវតែ​ចាប់យក​ឱកាស​ហ្នឹង​ ដើម្បី​ជជែក​ជាមួយ​កម្ពុជា​ជា​ប្រធាន​អាស៊ាន​ផង ហើយ​និង​ភាគី​កម្ពុជា​ដែលជា​អ្នកមាន​ទំនាក់ទំនង​ល្អ និង​ជិតស្និទ្ធ​ជាមួយ​ជប៉ុន​រហូត​មក​ដល់​ពេល​នេះ​ផង​»​។

ដោយឡែក​លោក ប្រាក់ សុខុន ​និង​លោក វីវៀន បាឡាក់គ្រីសណាន់​ (Vivian Balakrishnan) ​រដ្ឋមន្ត្រី​ការបរទេស​សិង្ហបុរី​នៅ​ថ្ងៃទី​ ២ ​ខែសីហា​​ក៏បាន​បើកសម្ពោធ​ជា​ផ្លូវការ​នូវ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា​-​សិង្ហបុរី ដែល​ស្ថិតនៅក្នុង​អគារ ICON ដែល​មាន​ទីតាំង​ក្នុង​ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។

ករណី​ដោយឡែក​មួយទៀត លោក ​គង់ ភោគ រដ្ឋលេខាធិការ​ក្រសួង​ការបរទេស​ថ្លែង​ក្នុង​សន្និសីទ​កាសែត នាថ្ងៃទី​ ២ ខែសីហា​ថា កម្ពុជា​បាន​អញ្ជើញ​​មីយ៉ាន់ម៉ា​ឱ្យ​បញ្ជូន​តំណាង​មិន​នយោបាយ​មីយ៉ាន់ម៉ា មក​ចូលរួម​កិច្ចប្រជុំ​​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​តែ​មីយ៉ាន់ម៉ា មិន​បាន​បញ្ជូនមក​ទេ​។

ទោះជា​យ៉ាងណា លោក​ថា មីយ៉ាន់ម៉ា​នៅតែ​ជា​ផ្នែក​មួយ​នៃ​ការងារ​របស់​អាស៊ាន​។

លោក​ថ្លែងថា​៖ «​កិច្ចប្រជុំ​នៅ​កម្រិត​​បច្ចេកទេស កិច្ចប្រជុំ​នៅ​កម្រិត​ឧត្តមមន្ត្រី​គឺ​សុទ្ធ​តែ​មាន​វត្តមាន​របស់​មីយ៉ាន់ម៉ា​ទាំងអស់​ដែល​គាត់​ផ្តល់​ធាតុ​ចូល គាត់​ផ្តល់​ការយល់​ឃើញ​របស់​គាត់ គាត់​ផ្តល់​ការសម្របសម្រួល​ពីព្រោះ​ប្រទេស​មីយ៉ាន់ម៉ា​ក៏​ជា​ប្រទេស​សម្របសម្រួល​សម្រាប់​ទំនាក់ទំនង​អាស៊ាន និង​ចិន​ដែរ​»​។

លោក​ គង់ ភោគ ថ្លែង​ថា វា​មាន​បញ្ហា​តែ​តំណាង​ទេ ប៉ុន្តែ​ពាក់ព័ន្ធ​​ជាមួយ​នឹង​ការងារ​ការសហការ ក៏​ដូចជា​ការកៀរគរ​ធាតុ​ចូល​ផ្សេងៗ​គឺ​ដំណើរការ​ទៅតាម​ធម្មតា​។

លោក​ថ្លែងថា​៖ «​មិនមាន​តំណាង​មីយ៉ាន់ម៉ា​ចូលរួម​ប្រជុំ​រដ្ឋមន្ត្រី​ការបរទេស និង​រដ្ឋមន្ត្រី​ការបរទេស​ពាក់ព័ន្ធ​ទេ​។ គាត់​បាន​បោះបង់​ចោល​លទ្ធភាព​​នេះ ដោយ​ខ្លួនឯង​»៕