ភ្នំពេញៈ មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​លើកឡើង​ថា រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​អាច​នឹង​លើក​យក​បញ្ហា​ដែល​កំពុង​កើតមានឡើង​នៅ​កោះ​តៃវ៉ាន់​មក​ធ្វើការ​ពិភាក្សា​នា​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន លើក​ទី​ ៥៥ នា​ថ្ងៃទី​ ០៣ ខែសីហា​នេះ ដើម្បី​ឱ្យ​អាស៊ាន​អាច​រួមចំណែក​ជួយ​សម្របសម្រួល​ធ្វើ​យ៉ាងណា​កុំ​ឱ្យ​កើនឡើង​នូវ​កម្ដៅ​នយោបាយ​រវាង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​។

លោក គង់ ភោគ រដ្ឋលេខាធិការ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​ជា​អ្នកនាំពាក្យ​កិច្ចប្រជុំ រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​លើក​ទី​ ៥៥​ នេះ បាន​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​នា​សន្និសីទកាសែត​នៅមុន​ពិធី​បើក​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ថា យោង​តាម​របៀបវារៈ​ក៏ដូចជា​ចំណុច​ពិភាក្សា​សំខាន់ៗ​របស់​រដ្ឋមន្ត្រី​ការបរទេស​នៅក្នុង​ថ្ងៃនេះ គឺ​មាន​ប្រធានបទ​មួយ​ពាក់ព័ន្ធ​នឹង​បញ្ហា​តំបន់​ហើយ​និង​បញ្ហា​សកល ដែល​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​អាច​នឹង​លើកយក​ចំណុច​ដែល​កំពុង​កើត​មាននៅ​កោះ​តៃវ៉ាន់​មក​ពិភាក្សា​គ្នា​ផងដែរ​។

លោក គង់ ភោគ មាន​ប្រសាសន៍​ថា៖ «​ខ្ញុំ​គិតថា រដ្ឋមន្ត្រី​ការបរទេស​នឹង​ប្រហែល​ជា​យក​ឱកាស​នេះ​ដើម្បី​ធ្វើការ​ពិភាក្សា​គ្នា ផ្លាស់ប្តូរ​យោបល់​ក៏ដូចជា​ស្វែងរក​ចំណុចរួម​ណាមួយ​ ដើម្បី​ឱ្យ​អាស៊ាន​អាច​ចូលរួម​ចំណែក​ក្នុង​ការសម្របសម្រួល ក៏ដូចជា​បញ្ចេញ​មតិយោបល់​ ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​ស្ថានភាព​នៅ​កោះ​តៃវ៉ាន់​មាន​ស្ថានភាព​មួយ​ដែល​មាន​ស្ថិរភាព​មិន​នាំ​ទៅ​ដល់​ជម្លោះ​ និង​មិន​នាំទៅដល់​ការកើនឡើង​នៃ​កម្ដៅ​នយោបាយ​រវាង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ផងដែរ​»៕