កំពតៈ រដ្ឋ​បាល​ស្រុក​ទឹក​ឈូ ខេត្ត​កំពត ​ដាក់​កំហិត​ឱ្យ​ប្រជា​ពលរដ្ឋ​ដែល​សាង​សង់​សំណង់​ផ្សេងៗ ​ដូច​ជា​ ផ្ទះឬ​ក្យូស​រំលោភ​ចូល​ដី​ចំណី​ព្រែក ​ត្រូវ​រុះរើ​ជាបន្ទាន់​ យ៉ាងយូរ​បំផុត​ត្រឹម​ថ្ងៃទី​ ៣​ ខែសីហា​ ខណៈ​អាជ្ញា​ធរ​ព្រមាន​ចាត់វិធាន​ការ​តាម​ផ្លូវ​ច្បាប់​ចំពោះ​អ្នក​រឹង​រូស​។​

​ការ​ដាក់​វិធាន​ការ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​អភិបាល​ខេត្ត​កំពត លោក​ ម៉ៅ ធនិន កាល​ពី​ចុង​ខែ​មុន​ បាន​ដឹកនាំ​ក្រុម​ការងារ​ អភិបាល​រង​ខេត្ត លោក​អភិបាល​ស្រុក​ទឹក​ឈូ និង​មន្ទីរ​ជំនាញ​ពាក់​ព័ន្ធចុះ​ពិនិត្យ​ទីតាំង​សំណង់​រឹងនិង​រំលោភ​លើ​ចំណី​ព្រែក​កំពង់​បាយនៅ​ស្រុក​ទឹកឈូ​ ​ដើម្បី​ឱ្យ​ជំនាញ​ចាត់​វិធាន​ការ​តាម​នីតិ​វិធី​​។​

​សេចក្តី​ជូន​ដំណឹង​ចុះ​ហត្ថ​លេខា​ដោយ​អភិបាល​ស្រុក​ទឹកឈូ​លោក នាក់ សុ​ណ្ណា​រី កាលពីថ្ងៃទី​ ១ ខែ សីហា បាន​ឱ្យដឹង​ថា ពលរដ្ឋ​ដែល​រស់​នៅ​តាម​ដងព្រែ​ក​ក្នុងភូមិ​កំពង់​កណ្តាល និង​ភូមិ​ជុំ​ក្រៀល ឃុំ​ជុំ​​ក្រៀល ស្រុក​ទឹក​ឈូ ត្រូវ​រុះរើ​សំណង់​ផ្សេងៗ កាយ​អាចម៍​ដី ដក​ដើម​ឈើ ដែ​ល​រំលោភ​ចូល​ដី​ចំណី​ព្រែក និង​ព្រែកជា​បន្ទាន់​។​

​សេចក្តី​ជូន​ដំណឹង​បាន​បញ្ជាក់​ថា នៅ​ថ្ងៃទី ​៣​ ខែ សីហា ឆ្នាំ​ ២០២២ រដ្ឋបាល​ខេត្ត មន្ទីរ​ជំនាញ​ពាក់​ព័ន្ធ នឹង​ចុះ​រុះរើ​សំណង់​ផ្សេងៗ កាយ​អាចម៍​ដី ដក​ដើម​ឈើ ​ដែល​រំលោភ​ចូល​ដី​ចំណី​ព្រែក និង​ព្រែក​នោះ​ចេញ​។ ប៉ុន្តែ​មុន​ថ្ងៃទី​ ៣ ខែ​សីហា ម្ចាស់​សំណង់​​អាច​រុះរើ​ដោយ​ខ្លួន​ឯង​បាន​​។

​សេចក្តី​ជូនដំ​ណឹង​បន្តថា​៖ «​ករណី​មិន​អនុវត្ត​ រដ្ឋបា​ល​ស្រុក​ទឹកឈូ សហការជាមួយ​រដ្ឋបាលខេ​ត្តនិងមន្ទី​រជំនាញ​ពាក់​ព័ន្ធ ចុះទៅ​រុះរើ​សំណង់ កាយ​អាចម៍​ដី ព្រមទាំង​ដក​ដើម​ឈើ​ទាំង​នោះ​ចេញ ​ហើយ​មិន​ទទួល​ខុស​ត្រូវរាល់​ការ​ខូចខាត​ទ្រព្យ​សម្បត្តិ​របស់​បងប្អូន​ឡើយ ​ឯ​ការចំ​ណាយ​ផ្សេងៗ​ជា​បន្ទុក​របស់​បង​ប្អូន​ផ្ទាល់​» ។

​អធិការ​នគរ​បាល​ស្រុក​ទឹកឈូ ​លោក សូ ប៊ុនធឿន ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា៖ «​បន្ទាប់ពី​ជូន​ដំណឹង​មក​អត់​ទាន់​មាន​អ្នក​រុះរើ​ទេ នៅ​ឃើញ​សំណង់និង​របង​ដ​ដែល ​តាម​ការពិនិត្យ ​ទាល់​ស្អែក​បាន​ចាត់វិធាន​ការ ព្រោះ​យើង​កំណត់​ថ្ងៃទី​៣ អ៊ីចឹង​គេ​អនុញ្ញាត​ឱ្យ​​ភាគី​ទាំង​អស់​រុះរើ​ត្រឹម​ថ្ងៃទី​ ៣​ ខែសីហា ហើយ​នៅ​ថ្ងៃទី ​៤ សីហា គេ​អាច​នឹង​ចុះ​ប្រតិ​បត្តិ​ការ​»​។

​បើតាម​សេចក្តី​ជូន​ដំណឹង​ដ​ដែល កន្លង​មក​រដ្ឋបាល​ស្រុក​ទឹក​ឈូធ្លាប់​បានចេញ​សេចក្តី​ជូនដំ​ណឹង​ម្ដង​រួចមក​ហើយ​ពាក់​ព័ន្ធ​នឹង​ករណី​ការ​សាង​សង់ផ្ទះ ធ្វើ​របង សង់​ក្យូស ចាក់​អាចម៍​ដី ដាំ​ដើម​ឈើ រំលោភ​ចូល​ដី​ចំណី​ព្រែក នឹង​ព្រែកស្ថិតនៅ​ភូមិ​ឃុំ​ខាង​លើ​។

​លោក ​យន់ ផល្លី មន្ត្រី​សម្រប​សម្រួល​សមាគម​អាដ​ហុក​ប្រចាំ​ខេត្ត​កំពត ​បានថ្លែង​ថា​ វិធាន​ការ​នេះ​ជា​ផ្នែក​មួយ​ក្នុង​រក្សា​សណ្តាប់​ធ្នាប់​នៅ​តាម​ដង​ព្រែក ​ប៉ុន្តែ​លោក​ជំរុញ​ដល់​អាជ្ញា​ធរ​ ​គួរតែ​អនុវត្ត​ច្បាប់​ប្រកប​ដោយ​តម្លា​ភាព ចំពោះ​ពលរដ្ឋ​ធម្មតា និង​អ្នក​មាន​អំណាច ​ចៀស​វាង​ការ​រិះគន់​​។​

​លោក​​ថា​៖ «​ប្រសិន​បើ​អនុវត្ត​ ត្រូវ​អនុត្ត​ទាំងអស់​គ្នា មិន​ថា​អ្នកតូ​ច អ្នកធំ មាន​លុយ ឬ​មិនមាន​លុយ គឺ​អនុវត្ត​ឱ្យ​ស្មើភាព​គ្នា​ទៅកុំ​ឱ្យគេ​ចោទថា​អនុវត្ត​មួយ​កំណាត់អត់​មួយ​កំណាត់ អ៊ីចឹ​ង​អត់​សូវ​សម​ហេតុ​ផល»​។ យ៉ាង​ណា​ក្ដី ​លោក​ថា​ករណី​នេះ​មន្ត្រី​ជំនាញ​ពាក់​ព័ន្ធ​គួរចា​ត់វិធាន​កា​រនៅ​មុន​ពេល​មាន​ការ​សាង​សង់​កើត​ឡើង​។​

​លោក​ថ្លែងថា​៖​​ «​នេះ​ជាការ​អនុវត្ត​កម្សោយ​របស់​អាជ្ញាធរ ​ប្រសិន​បើ​ដឹង​ថា​កន្លែង​នោះ​បង្ក​ផលប៉ះពាល់​ហើយ អ៊ីចឹ​ង​អាជ្ញាធរ​មូល​ដ្ឋាន​ឬ​មន្ទីរ​ពាក់ព័ន្ធ មន្ត្រី​ជំនាញ​គួរតែ​ហាមឃាត់កុំឱ្យ​ពលរដ្ឋ​ទាំងអស់ មានការ​សាង​សង់​រំលោភ​ដី​សា​ធា​រៈ​របស់​រដ្ឋ យើង​គួរតែមាន​វិធាន​ការឱ្យ​ហើយ​ មិនមែន​ដល់ពេល​សាងសង់​ជា​ស្ថាពរ​ហើយ​បាន​យើង​ទៅធ្វើ​ការហាមឃាត់​។ អ៊ីចឹ​ង​មិន​តម្លាភាព​ទេបានន័យថា​ប្រជាពលរដ្ឋ​ ឬ​អាជីវករ​ទាំងអស់នោះរ​ង​ផលប៉ះ​ពាល់​ដោយ​ការបាត់​បង់ ឬ​ខូចខាត​ទ្រព្យ​សម្បត្តិ​ផ្សេងៗអ៊ីចឹ​ង​ខ្ញុំ​គិតថា​ភាព​ឆកល្វែង​របស់​អាជ្ញាធរ​មូល​ដ្ឋាន​»​។

​ភ្នំពេញ​ ប៉ុស្តិ៍​ មិន​ទាន់​អាច​សុំ​ការអត្ថាធិប្បាយ​បន្ថែម​ពី​អភិបាល​ស្រុក​ទឹក​ឈូ លោក​ នាក់ សុ​វណ្ណា​រី បាន​នៅ​ឡើយ​នៅថ្ងៃទី ​៣ សីហា​ ដោយ​លោក​ប្រាប់​ថា​រវល់​ប្រជុំ​។ ចំណែក​អភិបាល​រង​ខេត្ត​លោក​ សេង សិរី​បុត្រ​ ដែល​ដឹក​នាំ​អនុវត្តកា​រងារ​នេះ​ផ្ទាល់​ក៏​មិន​អាច​សុំការ​បញ្ជាក់​បាន​ដែរ​ ដោយ​សារ​លេខ​ទូរស័ព្ទ​របស់​លោក​ពុំ​មាន​អ្នក​ទទួល​​​៕