
ជនអនាថាដែលសមត្ថកិច្ចប្រមូលមកធ្វើតេស្ដរកមេរោគកូវីដនិងសារធាតុញៀន កាលពីថ្ងៃទី ៣ សីហា។ រូបថត រដ្ឋបាលខេត្ត
បាត់ដំបងៈ អាជ្ញាធរក្រុងបាត់ដំបងនៅថ្ងៃទី ៣ ខែ សីហា ឆ្នាំ ២០២២ បានបើក «យុទ្ធនាការប្រមូលជនអនាថា» បានចំនួនជាង ១០០ នាក់ មកពីជុំវិញក្រុងដើម្បីធ្វើតេស្តរកមេរោគកូវីដ ១៩ និងសារធាតុញៀននិងក្នុងគោលបំណងរៀបចំក្រុង ឱ្យមានសោភណភាព។
លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបងប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៣ ខែសីហាថា យុទ្ធនាការនេះធ្វើឡើងក្នុងគោលការណ៍រៀបចំសណ្តាប់ធ្នាប់សាធារណៈ និងរៀបចំសោភណភាពនៅក្នុងក្រុងបាត់ដំបងឱ្យមានភាពល្អប្រសើរ ព្រោះរដ្ឋបាលក្រុងក៏កំពុងអនុវត្ត កាត់សំយាបលយចេញពីគេហដ្ឋានរបស់ប្រជាពលរដ្ឋ ដើម្បីរៀបចំឱ្យបានស្អាត មានទាំងប្រព័ន្ធខ្សែភ្លើង និងខ្សែកាប ដើម្បីអាចប្រកួតប្រជែងដណ្តើមជយលាភីទីក្រុងស្អាតជាមួយបណ្តារាជធានី-ខេត្តដទៃទៀត។
លោកបន្តថា ក្នុងយុទ្ធនាការពេញ ១ ថ្ងៃទី ៣ ខែសីហា អាជ្ញាធរបានប្រមូលជនអនាថាបានចំនួន ១១៩ នាក់ ដែលបច្ចុប្បន្ន អាជ្ញាធរកំពុងតែធ្វើតេស្តរកមេរោគកូវីដ ១៩ និងសារធាតុញៀន តែមិនទាន់ដឹងលទ្ធផលនៅឡើយទេ។ ប៉ុន្តែនៅពេលដែលតេស្តឃើញជំងឺកូវីដ ១៩ នឹងបញ្ជូនពួកគាត់ទៅព្យាបាលនៅមន្ទីរពេទ្យនិងអ្នកដែលមានសារធាតុញៀនក្នុងខ្លួននឹងបញ្ជូនទៅព្យាបាលនៅមជ្ឈមណ្ឌលបន្សាបគ្រឿងញៀននៅខេត្តព្រះសីហនុ។
លោកបន្តថា ចំពោះអ្នកដែលវិបល្លាស [ឆ្កួត ឬសតិមិនគ្រប់] នឹងបញ្ជូនទៅមជ្ឈមណ្ឌសង្គមកិច្ចនៅរាជធានីភ្នំពេញ រីឯអ្នកផ្សេងទៀត ដែលមិនមានបញ្ហាអ្វីនឹងអប់រំពួកគាត់ ដើម្បីឱ្យគាត់មានលទ្ធភាពបម្រើការងារនិងធ្វើជាមនុស្សល្អនៅក្នុងសង្គម។
លោកថ្លែងថា៖ «យុទ្ធនាការប្រមូលជនអនាថានេះ យើងធ្វើមិនកំណត់ថ្ងៃណានោះទេ គឺយើងធ្វើរហូត ដើម្បីរៀបចំសណ្តាប់ធ្នាប់ក្រុងឱ្យមានសោភណភាព យើងក៏កាត់សំយាប យើងក៏សម្អាត ដើម្បីឱ្យមានសោភណភាព ជាពិសេសនឹងរៀបចំសន្តិសុខសណ្តាប់ធ្នាប់ និងពិនិត្យសុខភាពជូនពួកគាត់តែប៉ុណ្ណឹងទេ» ។
លោក យិន ម៉េងលី មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ខេត្តបាត់ដំបងប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៣ ខែសីហាថា លោកក៏បានឃើញការអនុវត្តយុទ្ធនាការរបស់រដ្ឋបាលក្រុងបាត់ដំបងផងដែរ ក្នុងការចុះប្រមូលសមាសភាពចម្រុះ មានទាំងអ្នកប្រើប្រាស់គ្រឿងញៀន មានទាំងអ្នកមានសតិមិនល្អ និងមានទាំងជនអនាថាជាដើម យកទៅដាក់នៅក្នុងសាលាក្រុង។
លោកបន្តថា លោកស្វាគមន៍ចំពោះយុទ្ធនាការនេះ ដើម្បីធ្វើយ៉ាងណាឱ្យក្រុងបាត់ដំបងមានសោភណភាពនិងរបៀបរាបរយល្អប្រសើរ ព្រោះជនទាំងនេះរស់នៅតាមដងសួនច្បារប្របមាត់ស្ទឹងសង្កែ ដែលជាកន្លែងទេសចរណ៍នៅក្នុងក្រុងនិងតាមទីសាធារណៈមួយចំនួនទៀត។
លោកថ្លែងថា៖ «ការធ្វើនេះ វាល្អហើយ ប៉ុន្តែដំណោះស្រាយបន្ទាប់ទៀត ក្រុងបញ្ជូនគាត់ទៅណាបើជនវិបល្លាស យកគាត់ទៅណា បើខេត្តគ្មានមន្ទីរពេទ្យផងហ្នឹង។ ដោយឡែក បើពួកគាត់ប្រើប្រាស់គ្រឿងញៀន ខេត្តបាត់ដំបងមានមណ្ឌលបន្សាបគ្រឿងញៀន ហើយជនអនាថាអីហ្នឹងត្រូវយកទៅណាទៀត បើយកទៅដាក់នៅកន្លែងកុមារកំព្រាក៏មិនត្រូវដែរ »។
បើតាលោក យិន ម៉េងលី បើអាជ្ញាធរក្រុងមិនបានរៀបចំឱ្យល្អនិងសមរម្យទេ ពួកគាត់នឹងវិលត្រឡប់មកវិញដដែលដែលធ្វើឱ្យរដ្ឋបាលក្រុងចំណាយពេលវេលា និងធ្វើឱ្យប៉ះពាល់ថវិកានិងសេដ្ឋកិច្ចរបស់រដ្ឋបាលក្រុងកាន់តែច្រើនថែមទៀតចំពោះយុទ្ធនាការមួយនេះ៕