
រថយន្តចង្កូតស្ដាំ នៅលើផ្លូវ ៦០ ម៉ែត្រ។ ហេង ជីវ័ន
ភ្នំពេញៈ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចុះបញ្ជីម្ចាស់រថយន្តចង្កូតស្ដាំជិត ១ ម៉ឺនគ្រឿង ក្នុងនោះបានបង់ពន្ធរួចហើយមានជាង ៣ ពាន់គ្រឿង ក្រោយពីបញ្ចប់ឱសានវាទកាលពីចុងខែកក្កដា។ នេះបើតាម លោក ផា អេងវ៉េង អគ្គនាយករងនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
លោកបានថ្លែងបែបនេះ ក្នុងពេលដែលលោកអញ្ជើញចូលរួមសន្និសីទសារព័ត៌មាន ស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល ៥ ឆ្នាំកន្លងមក របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ” កាលពីថ្ងៃទី ២ ខែសីហា។
លោក ផា អេងវ៉េង បានថ្លែងថា តាមរបាយការណ៍ដែលទទួលបាន ជាទិន្នន័យមូល ម្ចាស់រថយន្តចង្កូតស្តាំមកចុះបញ្ជីមានជាង ៩ ៨០០ គ្រឿង ប៉ុន្តែគាត់បានបំពេញកាតព្វកិច្ចពន្ធបានជាង ៣ ពាន់គ្រឿងនៅសល់ ៦ ពាន់គ្រឿងទៀត។
លោកថា៖ «រដ្ឋាភិបាលបានកំណត់ថាត្រឹមថ្ងៃទី ៣១ កក្កដា គឺឱ្យម្ចាស់រថយន្តមកចុះបញ្ជីរថយន្តសិន ប្រកាសថាឡាននោះពិតជាមានស្រាប់នៅក្នុងស្រុក ហើយនៅពេលគាត់មិនទាន់មានថវិកាគ្រប់គ្រាន់ ឬរវល់ គឺគាត់មានពេលវេលារហូតដល់ថ្ងៃទី ៨ ខែតុលា ដើម្បីបំពេញកាតព្វកិច្ចបង់ពន្ធក៏បាន»។
លោកបានគូសបញ្ជាក់ថា ការអនុញ្ញាតឱ្យម្ចាស់រថយន្តចង្កូតស្តាំមកចុះបញ្ជីនេះ ដើម្បីធ្វើអត្តសញ្ញាណថា ជារថយន្តគ្មានពន្ធស្រាប់ក្នុងស្រុក ហើយបើសិនជាក្រោយពីថ្ងៃទី ៣១ ខែកក្កដា ទោះបីជាគាត់មកប្រកាសចាត់ទុកថាជាការនាំចូលថ្មី និងចាត់ទុកថាខុសច្បាប់។ ចាប់ពីថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២២ តទៅ គ្រប់អង្គភាពគយ និងរដ្ឋាករ ត្រូវប្រមូលផ្ដុំនិងប្រើប្រាស់កម្លាំងសមស្រប ដើម្បីអនុវត្តយុទ្ធនាការបង្ក្រាប ឱ្យបានសកម្ម និងម៉ឺងម៉ាត់លើរថយន្តគ្មានពន្ធគ្រប់ប្រភេទ នៅគ្រប់មុខសញ្ញាដូចជា ទីសាធារណៈ ការដ្ឋាន និងកន្លែងអាជីវកម្មជាដើម។
នាយកប្រតិបត្តិនៃអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាលោក សន ជ័យ ថ្លែងថា ការបំពេញកាតព្វកិច្ចទៅលើពន្ធគយ ដែលរដ្ឋាភិបាលកំពុងរឹតបន្តឹងនាពេលនេះ គឺជាវិធានការថ្មីមួយដ៏ល្អ ដែលរួមចំណែកដល់ចំណូលជាតិ និងជាការចង់បានរបស់ពលរដ្ឋគ្រប់រូប។
លោកថា៖ «ការបំពេញកាតព្វកិច្ចស្មើភាពគ្នាចំពោះមុខច្បាប់ គឺជារឿងមួយចៀសមិនរួច ប៉ុន្តែទន្ទឹមនោះយើងចង់ឃើញការសម្រួលនីតិវិធីទាំងឡាយដែលពាក់ព័ន្ធបំពេញកាតព្វកិច្ចបង់ពន្ធនាំចូលរថយន្ត។ខ្ញុំយល់ថា អាជ្ញាធររដ្ឋដែលមានការពាក់ព័ន្ធគួរតែពន្លឿន ឬការផ្តល់អាទិភាពទៅឱ្យម្ចាស់យានយន្តដែលមិនទាន់បង់ពន្ធអាចបំពេញកាតព្វកិច្ចបាន ចៀសវាង នីតិវិធីស្មុគស្មាញដែលជាឧបសគ្គដល់ពួកគេ»។
សម្រាប់រថយន្តចង្កូតស្តាំ ការចុះបញ្ជីរថយន្តផុតកំណត់ត្រឹមថ្ងៃទី ៣១ ខែកក្កដា ប៉ុន្តែការបង់ពន្ធនិងអាករ ខាង អគរ ពន្យារពេលរហូតដល់ថ្ងៃទី ៨ ខែ តុលា ឆ្នាំ ២០២២។ ស្របជាមួយគ្នានេះដែរ ម្ចាស់រថយន្តចង្កូតឆ្វេងគ្មានពន្ធស្រាប់ក្នុងប្រទេស ដែលជ្រកក្រោមស្លាកលេខផ្សេងដូចជា ន.ប ឬ ខ.ម អាចទៅបង់ពន្ធនិងអាកររហូតថ្ងៃទី ៨ តុលា ដោយមិនរងការផាកពិន័យឡើយ។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុយជា បានឱ្យដឹងថា បើគិតត្រឹមថ្ងៃទី ៣០ មិថុនា ឆ្នាំ ២០២២ កន្លងទៅ ម្ចាស់រថយន្តគ្មានពន្ធមានស្រាប់ទាំងរថយន្តចង្កូតឆ្វេង និងចង្កូតស្តាំចូលបំពេញកាតព្វកិច្ចពន្ធអាករ គឺទទួលបាន ៧៦ លានដុល្លារ៕