បន្ទាយ​មាន​ជ័យៈ អាជ្ញាធរ​ក្រុង​ប៉ោយ​ប៉ែត​ ជូន​ដំណឹង​ឱ្យប្រ​ជាពលរដ្ឋ​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​បញ្ហាទឹក​ជំន​ន់​ដែល​ហូរ​​ធ្លាក់មក​ពី​ប្រទេស​ថៃ ខណៈ​អាជ្ញាធរ​បានត្រៀម​លក្ខណៈ​រួច​ជាស្រេច​ ក្នុង​ការ​ដោះ​ស្រាយ​បញ្ហាគ្រោះ​ទឹក​ជំនន់​​។ នេះ​បើតាម​ លោក​ គាត ហ៊ុល អភិបាល​ក្រុង​ប៉ោយ​ប៉ែត។​

ថ្លែង​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​រសៀល​ថ្ងៃ​ទី ៣ ខែកក្កដា​នេះ អភិបាល​ក្រុង​ប៉ោយ​ប៉ែត លោក​ គាត ហ៊ុល បាន​ឱ្យ​ដឹង​ថា បន្ទាប់​ពីបាន​ទទួល​ព័ត៌មាន​ពីអាជ្ញាធរ​ថៃ​ថា ទឹក​ជំនន់​កំពុង​ជន់​លិច​នៅ​ខេត្ត​ស្រះកែវ​ អាជ្ញាធរ​ក្រុង​ប៉ោយ​ប៉ែត​បាន​ជូន​ដំណឹង​ភ្លាមៗ ​ឱ្យ​ប្រជាពលរដ្ឋ​នៅ​តាម​ដង​អូរ​ មាន​ការ​ប្រុង​ប្រយ័ត្ន​ ចំពោះប​ញ្ហាទឹក​ជំនន់​នេះ ខណៈ​អាជ្ញាធរ​ក៏បាន​ត្រៀម​លក្ខណៈរួ​ចជា​ស្រេច​ផង​ដែរ ក្នុង​ការ​ដោះស្រាយ​បញ្ហាផ្សេង​ៗ​ដែល​អាច​កើត​មាន​ឡើង​នៅ​ពេល​ទឹក​ជំនន់​ហូរចូល​មក​ដល់​ខេត្តបន្ទាយ​មាន​ជ័យ​។

លោក​ថ្លែង​ថា៖ «​យើង​បាន​ព័ត៌​មាន​ពីអភិបាល​ខេត្ត​ស្រះកែវ​ថា ​ទឹក​នឹង​ធ្លាក់​ពីថៃមក​ អ៊ីចឹង​មាន​តែប៉ោយ​ប៉ែត​ទេ​ ដែលជាប់​នឹង​ខេត្ត​ស្រះកែវ​ គាត់​ឱត្រៀម​លក្ខណៈ​ជាមួយ​ប្រជា​ពលរដ្ឋ​យើង​ហ្នឹង។ អ៊ីចឹង​នៅ​ប៉ោយ​ប៉ែត​យើង​បាន​ប្រាប់​បងប្អូន​ប្រជា​ពលរដ្ឋ​យើង​តាម​ដង​អូរ​មាត់​អូរ​ រួច​ហើយ ចំណែក​អាជ្ញាធរ​ក៏ត្រៀម​លក្ខណៈ​គ្រប់​បែប​យ៉ាង​រួច​ហើយ​ដែរ បើមា​ន​អីកើត​ឡើង​យើង​អាច​ជម្លៀស​ប្រជា​ពលរដ្ឋ​​យើង​ទាន់​ពេល​វេលា​» ។ ​

លោក គាត ហ៊ុល ប្រាប់​ថា ​ជាកា​រកត់​សម្គាល់​ក្នុង​ពេល​កន្លង​មក ​នៅពេល​ដែល​តាម​បណ្តា​ស្រុក​មួយ​ចំនួន​នៅ​ប្រទេស​ថៃ​មាន​ទឹក​ជំនន់ ក្រុង​ប៉ោយ​ប៉ែត​ ក៏ទទួល​រងនូវ​ការ​ជន់​លិច​ផង​ដែរ។​ ការជ​ន់​លិច​នោះ​​ ច្រើន​កើតឡើង​នៅស្រុក​ម៉ាឡៃ ស្រុក​អូរជ្រៅ ​ស្រុក​ស្វាយ​ចេក និង​ស្រុក​ថ្ម​ពួក ដែល​ធ្វើ​ឱ្យផ្ទះ​ពលរដ្ឋ​ជន់​លិច រងការ​ខូច​ខាតទ្រព្យ​សម្បត្តិ ​និងក​សិផលជា​ដើម ​រហូត​ត្រូវ​ជម្លៀស​ប្រជា​ពល​រដ្ឋមួយ​ចំនួន​ចេញ​ពី​លំនៅ​ឋាន​ទៀត​ផង​។

​លោក យឹម សំណាង អភិបាល​ស្រុក​អូរ​ជ្រៅ ថ្លែង​នៅ​ថ្ងៃទី​ ៣ ​ខែ​សីហាថា ​អាជ្ញាធរ​ស្រុក​អូរជ្រៅក៏​បាន​ត្រៀម​លក្ខណៈ​រួច​រាល់​ហើយ​ដែរ ក្នុង​ការ​ជម្លៀស​ប្រជាពលរដ្ឋ​ទៅ​កាន់​ទីទួល​សុវត្ថិ​ភាព ប្រសិន​បើ​មាន​បញ្ហា​គ្រោះទឹក​ជំនន់​កើត​ឡើង។

លោក​ប្រាប់​ថា បើ​ទឹក​ជំនន់​ហូរ​ធ្លាក់​មក​ពីប្រទេស​ថៃ ភាគ​ច្រើន​បណ្តាល​ឱ្យ​ជន់​លិច​នៅតាម​បណ្តា​ភូមិជាយ​ដែន ព្រោះប្រ​ជាពល​រដ្ឋរស់​នៅ​តាម​អូរនៅ​តំបន់​នោះ ប៉ុន្តែ​យ៉ាង​ណា​ក៏ដោយ បច្ចុច្បន្ននេះ ​ដោយ​មាន​ការ​រីក​ចម្រើន​នៃហេដ្ឋា​រចនា​សម្ព័ន្ធ​ក្នុង​ភូមិ​ឃុំធ្វើឱ្យ​មានលូមាន​ផ្លូវ​រំដោះ​ទឹក​ច្រើន​ជាង​មុន ហេតុ​នេះ​បើមាន​ទឹក​ជំនន់ ក៏លិច​មិន​យូរ​ដែរ​ ។

លោក​ ឡាយ សុធី ​អនុ​ប្រធាន​មន្ទីរ​ធន​ធាន​ទឹក និង​ឧតុនិយម​ ខេត្ត​បន្ទាយ​មាន​ជ័យ ថ្លែង​នៅថ្ងៃ​ទី ៣ ខែសីហា​ថា​ តាមព័ត៌​មាន​ជាក់​ស្តែង​កាល​ពីថ្ងៃទី ២ ​ខែសីហា ទឹក​មិន​ទាន់​ហូរ​ចូល​ដល់​កម្ពុជា​នៅ​ឡើយ​ ហើយ​ការជូន​ដំណឹង​របស់​អាជ្ញាធរ​ខេត្ត​ស្រះកែ​វ​របស់​ថៃ គឺ​ជាកា​រជូន​ដំណឹង​ឱ្យ​ភាគី​ខាង​កម្ពុជា​ មាន​ការ​ប្រុង​ប្រយ័ត្ន ​និង​ត្រៀម​បង្ការ​ទុក​ជាមុន​ដើម្បី​ងាយ​ស្រួល ដោះ​ស្រាយ​បញ្ហា​ដែល​អាច​កើត​មាន​ឡើង។ លោក​ថា ទឹក​ជំនន់​ដែល​ហូរធ្លាក់​មក​ពីប្រទេ​ស​ថៃ ជារៀង​រាល់ឆ្នាំ គឺចូល​មក​ទឹក​ដីខេត្ត​បន្ទាយ​មាន​ជ័យ​តាម​ច្រក​អូរ​បីជាន់ និង​ច្រក​អារញ្ញ។

លោកថ្លែង​ថា៖ «​​ប៉ុន្មាន​ថ្ងៃមុន​យើង​មាន​ភ្លៀង​ធ្លាក់​ដែរ តែ​មិន​ខ្លាំង​ទេ ភ្លៀងមាន​លក្ខណៈ​មធ្យម ហើយ​ម្សិល​មិញ​មាន​ភ្លៀងដែរ​ តែ​ភ្លៀង​រលឹមៗ​មិន​ច្រើន​ទេ អ៊ីចឹង​ស្ថាន​ភាព​មិន​ទាន់​ប្រែប្រួល ឬទឹ​កឡើង​ខ្លាំង​ជាង​មុន​នៅ​ឡើយ​» ។

យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ចេញ​ថ្ងៃទី ២ ខែ​សីហា​ បាន​ឱ្យដឹង​ថា ចាប់​ពី​ថ្ងៃ​ទី​ ៣ ដល់​​ថ្ងៃ​ទី​ ៩ ខែ​សីហា ​កម្ពុជា​ទទួល​រង​ឥទ្ធិពលពី​ជ្រលង​សម្ពា​ធ​ទាប (ITCZ) ដែល​អូស​បន្លាយ​កាត់​លើភាគ​ខាង​ជើង​ប្រទេស​ថៃ ឡាវ វៀត​ណាម ជាមួយនឹង​ខ្យល់​មូសុង​និរតី​បក់​ក្នុង​ល្បឿន​លឿន បង្កទៅ​ខ្លាំងមក​លើតំបន់​មាត់ស​មុទ្រ ដែលស្ថាន​ភាព​នេះ នឹង​ធ្វើឱ្យ​ តំបន់​ទំ​នាប​កណ្តាល តំបន់​ខ្ពង់​រាប និង​មាត់​សមុទ្រ​នៅ​កម្ពុជា អាច​មានភ្លៀង​ធ្លាក់​នៅក្នុង​កម្រិត​ពី​ម្យមទៅបង្គួរ​ និង​ផ្នែក​ខ្លះ​មាន​ភ្លៀង​ច្រើន លាយឡំ​ទៅដោយ​ផ្គរ​រន្ទះ ខ្យល់​កន្ត្រាក់ នឹង​រលក​សមុទ្រ​ខ្ពស់​ៗ៕

វីដេអូ៖