តាកែវៈ បុរស ២​ នាក់ ​ដែល​ដើរ​ឆបោក​លុយ​ពី​ប្រជាពលរដ្ឋ​អស់​ជាង ១១ ម៉ឺន​ដុល្លារ​ នឹង​ត្រូវ​នគរបាល​ស្រុក​ត្រាំកក់​បញ្ជូន​ទៅ​ស្នង​ការដ្ឋាន​នគរបាល​ខេត្តតាកែវ​ នៅ​ថ្ងៃទី ៤ សីហានេះ ​បន្ទាប់​ពី​ឃាត់ខ្លួន​បាន​ ២ ថ្ងៃ តាម​បណ្តឹង​របស់​ប្រជាពលរដ្ឋរង​គ្រោះ​ចំនួន​ ៤ នាក់ ​រស់នៅ​ខេត្ត​កំពត​ ហើយ​ពួក​គាត់​តាម​រក​ឃើញ​ជន​នេះ ​នៅក្នុង​ភូមិ​សាស្ត្រ​ស្រុក​ត្រាំកក់។

លោក សុខ ជា អធិការ​រង​នគរបាល​ស្រុក​ត្រាំកក់ ទទួល​បន្ទុក​ព្រហ្មទណ្ឌ​បាន​ឱ្យ ​ភ្នំពេញ​ ប៉ុស្តិ៍ ​ដឹង​នៅ​ថ្ងៃទី ៣ សីហាថា ជន​សង្ស័យ​ទី១- ឈ្មោះ​ ជៀន វុទ្ធី អាយុ ២៧ ឆ្នាំ និង​ទី២- ឈ្មោះ ឈិន វ៉េ​ត អាយុ ៣៧ ឆ្នាំ​ ត្រូវ​សមត្ថកិច្ច​ជំនាញ​របស់​លោក​កសាង​សំណុំរឿង​នឹង​ត្រូវ​បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ​ នៅ​ថ្ងៃទី ៤ សីហា។ ពួកគេ​ជា​ភ្នាក់ងារ​របស់​ក្រុមហ៊ុន​លក់​ផ​លិ​ផល​ឈ្មោះ យូ​នី​ស៊ី​ធី។ ជនសង្ស័យ​ទាំង​ ២ នាក់​ ត្រូវបាន​សមត្ថកិច្ច​​ឃាត់ខ្លួន​តាម​បណ្តឹង​របស់​ប្រជាពលរដ្ឋ​ រងគ្រោះ​ចំនួន ​៤ ​នាក់។

លោក​ថ្លែង​ថា៖ «ជន​សង្ស័យ​ទាំង​ ២ ​នាក់​នេះ ​ខ្ញុំ​បាន​ឃាត់ខ្លួន​ពួកគាត់​ពី​ម្សិលមិញ (ថ្ងៃទី ២ សីហា) ហើយ​នៅ​ថ្ងៃទី ៤ សីហា ខាង​សមត្ថ​កិច្ច​ខ្ញុំ​នឹង​បញ្ជូន​ពួកគាត់​ទៅ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​ហើយ​»។

លោក សុខ ជា ប្រាប់​ថា ជន​រងគ្រោះ​ទាំង ៤ នាក់ ​មាន​ទី១- ណុប ចាន់​ណា ភេទ​ស្រី​អាយុ ៤០ ឆ្នាំ រស់នៅ​ភូមិ​ប្រមូល​ឃុំ​ត្រមែង​ ស្រុក​ឈូក ខេត្ត​កំពត អស់​ ៣៨ ៣០០​ ដុល្លារ។

ជន​រងគ្រោះ​ទី២- ឈ្មោះ ចាន់ ចី ភេទ​ប្រុស អាយុ​ ៣៥ ​ឆ្នាំ​ នៅ​ភូមិ​ដំណាក់​ឈើ​ក្រម ឃុំ​ស្នាយ​អ​ញ្ជឹ​ត ស្រុក​ជុំ​គិ​រី​ត្រូវ​ជន​សង្ស័យ​​ឆបោក​ប្រាក់​អស់ ២៨ ០០០ ​ដុល្លារ និង​ប្រាក់​រៀល​ចំនួន​ ៦​ លាន​រៀល។

ជន​រងគ្រោះ​ទី៣- ឈ្មោះ ក​យ ជា ភេទ​ស្រី​អាយុ ​៤០ ឆ្នាំ នៅ​ភូមិ​ព្រៃ​ខ្ជាយ ឃុំ​ស្នាយ​អ​ញ្ជឹ​ត ស្រុក​ជុំគិ​រី​ត្រូវ​ជនសង្ស័យ​បោក​ប្រាក់​អស់ ៧ ពាន់​ដុល្លារ និង ឈ្មោះ​ស៊ឺ​ម ហ៊ីម ភេទ​ស្រី​អាយុ ៣៨ ឆ្នាំ​នៅ​ភូមិ​ដំណាក់​ទ្រព្យ​ឃុំ​ក្រាំង​ស្នាយ ​ស្រុក​ឈូក ខេត្ត កំពត ត្រូវ​ជន​សង្ស័យ​បោក​អស់​ប្រាក់​ចំនួន ៤ ពាន់​ដុល្លារ។

លោក​រំឭក​តាម​សម្តី​របស់​ជន​រងគ្រោះ​ថា កាលពី​អំឡុង​ឆ្នាំ ២០១៨ និង​ឆ្នាំ ២០២០ ជនសង្ស័យ​ទាំង ២ នាក់​ បាន​ដើរ​លក់​ផលិតផល​ជំនួយ​សុខភាព ​នៅក្នុង​ភូមិសាស្ត្រ​ស្រុក​ឈូក ​ហើយ​កាលនោះ​ ជនសង្ស័យ​បាន​សន្យា​ដល់​ជនរងគ្រោះ​ខាងលើ​ថា ពួកគេ​ជា​ភ្នាក់ងារ​លក់​ផ​លិ​ផល​របស់​ក្រុម​ហ៊ុន ឈ្មោះ យូ​នី​ស៊ី​ធី។ ដូច្នេះ​ប្រសិនបើ​ជនរងគ្រោះ​ចង់​ធ្វើជា​ភ្នា​ក់​លក់​ផលិតផល​ត្រូវតែ​បង់លុយ​ឱ្យ​ពួកគេ​ទៅតាម​ដំណាក់កាល​ហើយ​ចំពោះ​ដើមទុន​ដែល​អតិថិជន​បង់​គឺ​ខាង​ក្រុមហ៊ុន​នឹង​មាន​ភាគរយ​ជូន​ដោយ​គិត​ទៅ​តាម​ចំនួន​ទឹកប្រាក់​ដែល​បង់។

លោក​បន្ត​តាម​សម្តី​ជនរង​គ្រោះ​ថា បន្ទាប់ពី​ពួកគាត់​បង់លុយ​ទៅតាម​ការទាមទារ​របស់​ក្រុម​ជនសង្ស័យ​អស់ហើយ​ ជន​សង្ស័យ​ក៏​នាំគ្នា​គេចខ្លួន​បាត់​អស់​មិន​ដឹង​ជា​ទៅ​ទីណា​។

ស្រាប់​តែ​នៅ​ថ្ងៃទី ២ សីហា ឆ្នាំ ២០២២ ជនរង​គ្រោះ​បាន​ជួប​ក្រុម​ជនសង្ស័យ​នៅក្នុង​ភូមិ​សាស្ត្រ​ស្រុក​ត្រាំកក់ ខេត្តតាកែវ​ ហើយ​ក៏​បាន​ឃាត់​ខ្លួន និង​ប្តឹង​មក​សមត្ថកិច្ច​នគរ​បាល​ស្រុក​ត្រាំកក់​ឱ្យ​ឃាត់​ខ្លួន​តែម្តង​៕