
ប្រជាពលរដ្ឋក្នុងស្រុកពញាក្រែកទៅទទួលស្រូវពូជកាលពីថ្ងៃទី ៣ ខែសីហា។ រូបថត គណបក្សប្រជាជនកម្ពុជា
ត្បូងឃ្មុំៈ រដ្ឋបាលខេត្តត្បូងឃ្មុំកាលថ្ងៃទី ៣ សីហា ឆ្នាំ ២០២២ បានផ្តល់ស្រូវពូជរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាង ៥៦ តោនដោយឥតគិតថ្លៃដល់កសិករគោលដៅចំនួន ៧៥២ គ្រួសារ ដែលស្រូវរបស់ពួកគាត់លើផ្ទៃដីប្រមាណ ៥៤២ ហិកតា ក្នុងស្រុកពញាក្រែកបានរងការខូចខាត ដោយទឹកជំនន់នៅក្នុងឆាំ្ន ២០២២ នេះ។
លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំថ្លែងក្នុងពិធីផ្តល់ស្រូវពូជនៅថ្ងៃទី ៣ ខែសីហា ថា ការផ្តល់ស្រូវពូជនេះធ្វើឡើង បន្ទាប់ពីលោកនាយករដ្ឋមន្ត្រីបានចាត់ឱ្យរដ្ឋបាលស្រុកពញាក្រែកសហការជាមួយមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ ចុះត្រួតពិនិត្យ វាយតម្លៃផលប៉ះពាល់ និងខូចខាតរបស់ប្រជាកសិករ ឃើញថា ក្នុងឃុំដូនតីមានប្រជាកសិកររងគ្រោះចំនួន ៧៥២ គ្រួសារលើផ្ទៃដីសរុប ៥៤២,៥៨ ហិកតាត្រូវការពូជសរុបចំនួន ៥៦ ៥៥០ គីឡូក្រាម។
លោកបន្តថា ក្រោយពីទទួលរបាយការណ៍នេះលោកបានរាយការណ៍ និងស្នើសុំទៅគណៈកម្មាធិការគ្រប់គ្រងស្បៀងបម្រុងកម្ពុជា ហើយក៏ទទួលបាននូវការគាំទ្រ និងនាំយកស្រូវពូជមកចែកជូនប្រជាកសិករ ដោយឥតគិតថ្លៃនាថ្ងៃទី ៣ សីហា ដែលស្រូវពូជទាំងនេះជាអំណោយរបស់លោក ហ៊ុន សែន ។
លោក លី សុភាលីន អភិបាលស្រុកពញាក្រែកប្រាប់ភ្នំពេញ-ប៉ុស្តិ៍នៅថ្ងៃទី ៣ ខែសីហាថា ការចែកជូនស្រូវពូជនេះ ដោយសារក្នុងរយៈពេលកន្លងមកនេះមានធ្លាក់ភ្លៀងច្រើន ធ្វើឱ្យស្រូវពង្រោះរបស់ប្រជាពលរដ្ឋបានលិចលង់ និងខូចខាតច្រើនហិកតា ដែលត្រូវការការស្តារឡើងវិញ។
ប្រជាពលរដ្ឋមួយចំនួនទៀតបានព្រោះ ២ ទៅ ៣ ដង ប៉ុន្តែទទួលរងនូវការខូចខាតជាបន្តបន្ទាប់ ហើយការផ្តល់ជូនដល់ប្រជាពលរដ្ឋ នៅពេលនេះគឺទាន់ពេលវេលា សម្រាប់ប្រជាពលរដ្ឋព្រោះស្រូវបន្ត និងប្រជាពលរដ្ឋមួយចំនួនទៀត ក៏បានព្រោះនៅតាមស្រែជម្រៅខ្លះៗរួចហើយដែរ។
លោកថ្លែងថា៖ «ប្រជាពលរដ្ឋនៅពេលដែលទទួលបានស្រូវពូជ ពួកគាត់មានការសប្បាយចិត្ត ដោយសារមានការយកចិត្តទុកដាក់ពីអាជ្ញាធរ ជាពិសេសថ្នាក់ដឹកនាំខេត្តក្នុងការផ្តល់ស្រូវពូជក្នុងការស្តារឡើងវិញ ដើម្បីសម្រាលការចំណាយរបស់គាត់ ក្រោយកូវីដ។ ពួកគាត់មានការលំបាកមួយរយៈ ហើយមកដល់ពេលនេះទៀត។ ដូច្នេះ ការផ្តល់ពូជស្រូវនេះធ្វើឱ្យគាត់សប្បាយចិត្តក្នុងការស្តារស្រូវរបស់ពួកគាត់ឡើងវិញ»។
លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ ប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ៣ ខែសីហា ថា ភ្លៀងធ្លាក់ជាប់ៗគ្នាក្នុងរយៈពេលកន្លងមកនេះមិនមែនមានតែស្រុកពញាក្រែកមួយទេ ដែលប៉ះពាល់ដល់ស្រូវពង្រោះរបស់ប្រជាពលរដ្ឋនោះ គឺមានស្រុកត្បូងឃ្មុំ និងស្រុកអូររាំងឪ ផងដែរ។ លោកបន្តថា៖ «ស្រុកទាំងនេះយើងចាប់ផ្តើមវាយតម្លៃពីផលប៉ះពាល់ជាបន្តបន្ទាប់ ដើម្បីផ្តល់ពូជស្រូវជូនប្រជាពលរដ្ឋឱ្យគាត់ស្តារឡើងវិញបាន ព្រោះអំឡុងពេលនេះមិនទាន់ហួសពេលទេ»។
បើតាមរដ្ឋបាលខេត្តត្បូងឃ្មុំក្នុងរដូវវស្សាឆ្នាំនេះមានភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ចាប់តាំងពីដើមខែឧសភាមក រួមផ្សំទឹកហូរពីផ្នែកខាងលើផងបានបណ្ដាលឱ្យស្រូវពង្រោះរបស់ប្រជាកសិករមួយចំនួនដែលទើបធ្វើការដាំដុះបានរងនូវការជន់លិចខូចខាត ទាំងស្រុងជាច្រើនលើកច្រើនសា រួមជាមួយផលប៉ះពាល់នៃវិបត្តិជំងឺកូវីដ ១៩ បណ្តាលឱ្យប្រជាកសិករមានការខ្វះខាត ពូជស្រូវយ៉ាងខ្លាំង សម្រាប់បង្កបង្កើនផលនៅពេលទឹកបានស្រកទៅវិញ៕