
ឡដុតសំរាមដែលត្រូវបានច្នៃធ្វើឡើង ពីធុងសាំង។ រូបថត សហការី
ភ្នំពេញៈ ឡដុតសំរាម និងកាកសំណល់រឹងកំពុងដើរតួនាទី ក្នុងការជួយកាត់បន្ថយការបំពុលបរិស្ថាន ខណៈដែលអាជ្ញាធរខេត្តមួយចំនួនកត់សម្គាល់ថា បច្ចុប្បន្នពលរដ្ឋលែងបោះចោលសំរាមពាសវាលពាសកាលច្រើនដូចមុនទៀតហើយ។
លោក សុខ វណ្ណៈ វិស្វករបច្ចេកទេសនៅក្នុងវិស័យនេះ អស់រយៈពេលជាង ៤០ ឆ្នាំនៅក្នុងប្រទេសបារាំង បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ប្រជាពលរដ្ឋកម្ពុជាក៏ដូចជាប្រជាជនក្នុងប្រទេសកំពុងអភិវឌ្ឍន៍ដែលខ្វះប្រព័ន្ធប្រមូល និងគ្រប់គ្រង សំរាម នៅឡើយនោះ ភាគច្រើននិយមនាំគ្នាដុតសំរាម និងកាកសំណល់គ្រប់ប្រភេទ ដោយគិតថាវាជាមធ្យោបាយដ៏ល្អ។ ប៉ុន្តែការពិតវាមិនយ៉ាងដូច្នោះទេ។
លោក សុខ វណ្ណៈ ដែលជាប្រធានក្រុមហ៊ុន Sok Enterprise Co; Ltd ផងដែរនោះថ្លែងថា៖ «ការដុតសំរាម និងកាកសំណល់គ្រប់ប្រភេទ មិនបានត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេស នឹងបង្កផលប៉ះពាល់ ដល់សុខភាពសាធារណៈ បរិស្ថាន យ៉ាងធ្ងន់ធ្ងរបំផុត»។ ផ្សែងដែលភាយចេញពីសំរាម និងកាកសំណល់គ្រប់ប្រភេទ រួមទាំងកាកសំណល់វេជ្ជសាស្ត្រ ដែលត្រូវបានដុតដោយគ្មានបទដ្ឋានបច្ចេកទេសត្រឹមត្រូវនោះបានបង្កជាកំណកជាតិពុលក្នុងបរិយាកាសធ្វើឱ្យខ្យល់អាកាសមិនបរិសុទ្ធ ហើយការស្រូបក្លិនឈ្ងៀមនៃផ្សែង និងផេះផង់ដែលហើរចេញពីភ្នក់ភ្លើងសំរាម និងកាកសំណល់ទាំងនោះ អាចបង្កឱ្យប៉ះពាល់ដល់ផ្លូវដង្ហើម ឬបង្កជាជំងឺរមាស់ ឬអាចបង្កជាជំងឺមហារីក ជាដើម។
ដោយមើលឃើញពីផលប៉ះពាល់នេះ និងដោយមានការគាំទ្រពីក្រសួងបរិស្ថាន ក្រុមហ៊ុនរបស់លោកបានផលិតឡដុតសំរាម និងកាកសំណល់គ្រប់ប្រភេទ ស្របតាមស្ដង់ដាបច្ចេកទេសអន្តរជាតិ យកទៅដំឡើងនៅតាមបណ្ដារាជធានី-ខេត្តចំនួន ២១ និង ៤៩ ស្រុក-ក្រុង ដើម្បីចូលរួមកាត់បន្ថយហានិភ័យនានា ដែលបង្កឡើងពីសំរាម និងកាកសំណល់ទាំងនេះ នៅថ្នាក់មូលដ្ឋាន។ ក្រៅពីនេះ ក្រុមហ៊ុនរបស់លោក កំពុងបន្តការផលិត និងដំឡើងឡដុតសំរាម និងសំណល់រឹង នៅតាមសាលាហ្វឹកហ្វឺននគរបាលជាតិ កងទ័ព មន្ទីរពេទ្យ និងសាលារៀនមួយចំនួនទៀត។ បើតាមលោក វណ្ណៈ ឡដុតសំរាម និងសំណល់រឹង និងសំណល់វេជ្ជសាស្ត្រ ដែលក្រុមហ៊ុនលោក បានផលិតឡើងនោះ គឺក្នុង ១ គ្រឿងៗមានសមត្ថភាពអាចដុតសំរាមបានចន្លោះពី ៥ តោនទៅ ៧ តោន ក្នុង ១ ថ្ងៃ។ ថ្វីបើយ៉ាងដូច្នេះក្ដី លោក វណ្ណៈ មិនបានប្រាប់ឱ្យដឹងពីតម្លៃពិតប្រាកដ នៃឡដុតសំរាមនិងកាកសំណល់គ្រប់ប្រភេទនោះទេ។
ប៉ុន្តែបើតាមអ្នកជំនាញម្នាក់ក្នុងវិស័យផលិតឡដុតសំរាម និងកាកសំណល់រឹងនៃក្រុមហ៊ុន T-Tech ដែលមានមូលដ្ឋាននៅក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម លោក ហួង សោភ័ណ្ឌ ដែលបច្ចុប្បន្ន ជាតំណាងផ្នែកលក់ ប្រចាំប្រទេសកម្ពុជា បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ឡដុតសំរាម និងសំណល់រឹង ដែលមានលក្ខណៈស្ដង់ដា មានតម្លៃមិនក្រោមជាង ១០ ម៉ឺនដុល្លារទេ។ ប៉ុន្តែដោយសារក្រុមហ៊ុន Sok Enterprise Co;ltd នោះ ជាក្រុមហ៊ុនក្នុងស្រុក តម្លៃអាចធូរថ្លៃជាងនេះ។ «ខ្ញុំបានឃើញឡដុតសំរាម និងសំណល់រឹងនោះ តាមរយៈប្រព័ន្ធផ្សព្វផ្សាយឃើញថា ពិតជាមានស្តង់ដាបច្ចេកទេសខ្ពស់ មិនចាញ់ការនាំចូលពីក្រៅប្រទេសនោះទេ»។
លោក សោភ័ណ្ឌ បានបន្តថា បច្ចុប្បន្នក្រុមហ៊ុនរបស់លោក ក៏កំពុងធ្វើការផ្សព្វផ្សាយនៅលើទីផ្សារក្នុងប្រទេសកម្ពុជា អំពីផលិតផលឡដុតសំរាម និងសំណល់រឹងរួមទាំងសំណល់វេជ្ជសាស្ត្រដែលមានលក្ខណៈស្ដង់ដាអន្តរជាតិ ហើយថ្មីៗនេះមានអតិថិជននៅក្រុងព្រះសីហនុ និងក្រុងបូកគោ បានបញ្ជាទិញ ផលិតផលពីក្រុមហ៊ុនរបស់លោក។ «មកទល់ពេលនេះ ក្រុមហ៊ុនយើងខ្ញុំ បានមកដំឡើងឡដុតសំរាម និងសំណល់រឹងចំនួន ២ ទីតាំង ក្នុងនោះ ១ នៅក្រុងព្រះសីហនុ និង ១ ទៀតនៅក្រុងបូកគោ»។
បើតាមលោក សោភ័ណ្ឌ ម្ចាស់រោងចក្រ សហគ្រាស ក្លិបកម្សាន្ត និងរីសតនានា ក្នុងប្រទេសកម្ពុជា គប្បីមានឡដុតសំរាម និងសំណល់រឹង ដើម្បីចូលរួមកាត់បន្ថយនូវការកកស្ទះសំរាម ដែលនាំឱ្យប៉ះពាល់ដល់សុខភាពសាធារណៈ បរិស្ថាន ព្រោះបច្ចុប្បន្ន សំរាម និងកាកសំណល់រឹង ជាច្រើននៅតែត្រូវបានគេប្រទះឃើញ នៅតាមដងផ្លូវសាធារណៈ តាមសួនច្បារ កន្លែងកម្សាន្ត រមណីយដ្ឋាន តាមដងអូរ ស្ទឹង ព្រែក និងទន្លេ ហើយកាកសំណល់ទាំងនោះមានដូចជាដបទឹកសុទ្ធ កំប៉ុងទឹកក្រូច កំប៉ុងស្រាបៀរ ប្រអប់ស្នោដាក់អាហារ ថង់ប្លាស្ទិក និងកាកសំណល់ចំណីអាហារជាដើម។
បើតាមក្រសួងបរិស្ថាន ក្នុង ១ ថ្ងៃប្រជាជនកម្ពុជាបង្កើតសំរាមជាង ១ ម៉ឺនតោន ហើយក្នុង ១ ឆ្នាំប្រមាណជិត ៤ លានតោន ដែលក្នុងនោះ សំណល់សរីរាង្គប្រមាណ ៦៨ ភាគរយ សំណល់ប្លាស្ទិកប្រមាណជាង ២០ ភាគរយ និងសំណល់រឹងរួមទាំងសំណល់គ្រោះថ្នាក់ផ្សេងទៀត ប្រមាណជាង ១០ ភាគរយ។
លោក ចាន់ ដាវុធ មន្ត្រីកងវិស្វកម្មនៃកងយោធភូមិភាគ ៥ ដែលមានទីលំនៅភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលបានបង្កើតឡដុតសំរាម និងសំណល់រឹងខ្នាតតូចសម្រាប់សហគមន៍ជនបទពន្យល់ថា៖ «សម្រាប់គ្រួសារ ការចោលសំរាមពាសវាលពាសកាល វាជាការបង្ហាញពីរបៀប ឬទម្លាប់មិនល្អ នៃការរស់នៅទាក់ទងនឹងបរិស្ថាន និងអនាម័យ។ លើសពីនេះ វាអាចបង្កផលប៉ះពាល់ដល់សុខភាព ធ្វើឱ្យកើតជំងឺផ្សេងៗ ដូចជា កមរមាស់ និងបញ្ហាផ្លូវដង្ហើមជាដើម»។
លោកបន្ថែមថា៖ «ដោយឡែកសម្រាប់សង្គមជាតិ វាមិនត្រឹមតែធ្វើឱ្យបាត់បង់សោភណភាពទីសាធារណៈ និងកន្លែងរមណីយដ្ឋានប៉ុណ្ណោះនោះទេ ប៉ុន្តែវាក៏បានបង្ហាញពីភាពកម្សោយរបស់អាជ្ញាធរ ក្នុងការគ្រប់គ្រងសំរាមផងដែរ»។
ដើម្បីចូលរួមដោះស្រាយនូវបញ្ហានេះ លោក ដាវុធ បានផលិតឡដុតសំរាម និងសំណល់រឹង ខ្នាតតូច ដែលធ្វើពីធុងសាំង ដែលមានកម្ពស់ ១,៨ ម៉ែត្រ និងដែកទីប ៤ ជ្រុងទ្រវែងកម្ពស់ ៣ ម៉ែត្រ ជាច្រើនគ្រឿង ផ្ដល់ទៅតាមសាលារៀន វត្តអារាម និងសហគមន៍មួយចំនួន ក្នុងតំបន់ជនបទដាច់ស្រយាល ដែលគ្មានរថយន្ត ឬរ៉ឺម៉កម៉ូតូដឹកសំរាមរបស់រដ្ឋបាលខេត្ត និងរដ្ឋបាលស្រុកចូលទៅដល់។
ឡដុតសំរាម និងសំណល់រឹងដែលលោកដា វុធបានផលិតឡើងនោះថ្វីដ្បិតតែមិនមានរូបរាងស្រស់ស្អាត ប៉ុន្តែវាអាចដុតកម្ទេចសំរាម កាកសំណល់ផ្ទះបាយ និងសំណល់រឹង ដូចជាដបទឹកសុទ្ធ ប្រអប់ដាក់បាយសម្លធ្វើពីជ័រ ឬស្នោ និងកំប៉ុងស្រាបៀរ បានដោយងាយ ហើយវាមានសមត្ថភាពអាចដុតសំរាម និងសំណល់រឹងទាំងនោះបានចន្លោះពី ៥០០ គីឡូក្រាម ទៅ ១ តោន ក្នុង ១ ថ្ងៃ។ «ឡដុតសំរាម និងសំណល់រឹង ដែលខ្ញុំផលិតឡើងនេះ គឺក្នុង ១ គ្រឿងខ្ញុំចំណាយអស់មិនដល់ ១០០ ដុល្លារនោះទេ។ វាមិនឡូយដូចជាឡដុតសំរាម និងសំណល់រឹង របស់ក្រុមហ៊ុនធំៗទេ ប៉ុន្តែវាអាចជួយដល់សហគមន៍មូលដ្ឋាន ក្នុងការដោះស្រាយវិបត្តិនៃការកកស្ទះសំរាមផ្សេងៗបាន»។
ទន្ទឹមនឹងនេះលោក ដាវុធ ថ្លែងថា ការកម្ចាត់សំរាមនៅតាមទីសាធារណៈ គឺជាដំណើរការដ៏វែងឆ្ងាយមួយ ដែលត្រូវការពេលវេលា និងត្រូវការការចូលរួមពីគ្រប់មជ្ឈដ្ឋានទាំងអស់។ ក្នុងនោះប្រជាពលរដ្ឋត្រូវបង្កើតទម្លាប់ស្រឡាញ់បរិស្ថាន តាមរយៈការបោះចោលសំរាមនៅក្នុងធុងឱ្យបានត្រឹមត្រូវ។ គ្រួសារ និងស្ថាប័នអប់រំ ក៏ត្រូវរួមចំណែកបង្កើតទម្លាប់នេះដែរ។ ដោយឡែក អាជ្ញាធរមូលដ្ឋានជាពិសេស ត្រូវបន្តការអប់រំដល់ប្រជាពលរដ្ឋ និងបង្កើនបរិមាណធុងសំរាមឱ្យបានគ្រប់គ្រាន់ តាមតម្រូវការរបស់ពលរដ្ឋ។
ទោះយ៉ាងណាចាប់តាំងពីក្រសួងបរិស្ថាន បានផ្ដល់នូវមធ្យោបាយ ក្នុងការប្រមូលសំរាម ដូចជារថយន្តដឹកសំរាម ម៉ូតូរ៉ឺម៉កដឹកសំរាម ធុងដាក់សំរាម និងចុះដំឡើងឡដុតសំរាម និងកាកសំណល់រឹង កាកសំណល់វេជ្ជសាស្ត្រនៅបណ្ដារាជធានី-ខេត្តចំនួន ២១ និង ៤៩ ក្រុង-ស្រុក ព្រមទាំងបើកយុទ្ធនាការផ្សព្វផ្សាយស្ដីពីផលប៉ះពាល់នៃការបោះចោលសំរាមពាសវាលពាសកាល ជាបន្តបន្ទាប់នាពេលកន្លងមក។ បច្ចុប្បន្នគេសង្កេតឃើញថា ប្រជាពលរដ្ឋកម្ពុជាប្រមាណជាង ៥០ ភាគរយ បានផ្លាស់ប្ដូរទម្លាប់បោះចោលសំរាមពាសវាលពាសកាល ហើយចូលរួមសម្អាតបរិស្ថាននៅក្នុងសហគមន៍របស់ពួកគេ។
លោក ស៊ុន គង់ ប្រធានមន្ទីរបរិស្ថាន ខេត្តសៀមរាប កត់សម្គាល់ថា បច្ចុប្បន្នពលរដ្ឋក្នុងខេត្តសៀមរាប ពិសេសក្នុងតំបន់រមណីយដ្ឋាននានា នៅក្នុងខេត្តនេះ ពុំបានបោះចោលសំរាមពាសវាលពាសកាលដូចពីមុនទៀតនោះទេ។ «ទាំងប្រជាពលរដ្ឋក្នុងខេត្តសៀមរាប និងទេសចរ ដែលមកកម្សាន្តនៅតំបន់អង្គរ គឺមានការយល់ដឹងខ្ពស់ពីផលប៉ះពាល់នៃការបោះចោលសំរាមពាសវាលពាសកាលនេះ ហើយបានចូលរួមសម្អាតអនាម័យ បរិស្ថានបានយ៉ាងល្អ»។
ដូចគ្នានេះដែរ លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ប្រជាពលរដ្ឋកម្ពុជានាពេលបច្ចុប្បន្ន ចេះមានការអៀនខ្មាស់ចំពោះអាកប្បកិរិយារបស់ខ្លួន ដែលពីមុនធ្លាប់ចោលសំរាម និងកាកសំណល់គ្រប់ប្រភេទនៅតាមដងផ្លូវ សួនច្បារ និងនៅលើឆ្នេរខ្សាច់ ដែលជាទីរមណីយដ្ឋាន ទេសចរមកចូលរួម សម្អាតបរិស្ថាន ដោយដើរប្រមូលសំរាម និងកាកសំណល់ផ្សេងៗ ដាក់តាមធុងសំរាម បានយ៉ាងមានរបៀបរៀបរយ។
លោកថា៖ «បើតាមការពិនិត្យអង្កេតរបស់ខ្ញុំឃើញថា ប្រជាពលរដ្ឋយើងមានការយល់ដឹង និងផ្លាស់ប្ដូរទម្លាប់បោះចោលសំរាមផ្ដេសផ្ដាស់នោះ ស្ទើរគ្រប់គ្នាអស់ហើយ។ ទោះយ៉ាងណា ក្នុងនាមអាជ្ញាធរ យើងនៅតែបន្តធ្វើការចុះអប់រំផ្សព្វផ្សាយ និងអនុវត្តវិធានការសម្អាតបរិស្ថានជាប្រចាំ»។ ការចោលសំរាមនៅតាមទីសាធារណៈ គឺជាទម្លាប់អាក្រក់មួយ ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស ភាពថ្លៃថ្នូរ និងសោភណភាពរបស់ប្រទេស ព្រមទាំងអាចជាន់ពន្លិចវិស័យទេសចរណ៍ ដែលជាប្រភពប្រាក់ចំណូលរបស់ជាតិទៀតផង៕