ភ្នំពេញៈ​ លោក​ គិន ​ភា ប្រធាន​វិទ្យា​ស្ថាន​ទំនាក់​ទំនង​អន្តរ​ជាតិ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​ថ្លែង​ថា ការធ្វើ​សម​យុទ្ធ​រវាង​ប្រទេស​កម្ពុជា វៀត​ណាម​ និង​ឡាវ​ ស្ដីពី​សកម្ម​ភាព​សង្គ្រោះ​គ្រោះ​មហន្ត​រាយ​នៅ​ដើម​ខែ​កញ្ញា​ខាង​មុខ​នេះ ​បង្ហាញ​ពី​សាមគ្គី​ភាព​ ការ​ផ្លាស់​ប្តូរ​បទ​ពិសោធ​​រវាង​កង​ទ័ព​ប្រទេស​ទាំង​ ៣ ​និង​ជា​ផ្នែក​ដ៏​ល្អ​មួយ​នៃ​ការបង្កា​រគ្រោះ​មហន្ត​រាយ​នា​ពេល​អនា​គត​។

​ថ្លែង​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ៤ ​ខែ​សីហា លោក គិ​ន ភា លើក​ឡើង​ថា សម​យុទ្ធ​រវាង​ប្រទេស​កម្ពុជា ឡាវ​ និង​វៀត​ណាម ដែល​នឹង​ធ្វើ​ឡើង​នៅ​ដើម​ខែ​កញ្ញា​ខាង​មុខ​ក្នុង​ប្រទេស​ឡាវ គឺ​បង្ហាញ​ពី​សាមគ្គី​ភាព​រវាង​ប្រទេស​ទាំង​៣ ដែល​មាន​ភូមិ​ផង​របង​ជាមួយ​គ្នា​។ ជា​មួយ​គ្នា​នោះ​សម​យុទ្ធ​នេះ​ក៏​បង្ហាញ​ពី​ផ្នែក​មួយ​នៃ​ការ​ផ្លាស់​ប្តូរ​បទ​ពិសោធ​រវាង​កទ័ព​នៃ​ប្រទេស​ទាំង​៣​ជុំវិញ​ការ​សង្គ្រោះ​គ្រោះ​មហន្ត​រាយ​ផង​ដែរ​។

​លោក​ថ្លែង​ថា​៖ «​ខ្ញុំ​យល់ថា ​វា​ជាការ​បង្ការ​ដ៏​ល្អ​មួយ​ដែល​ធ្វើ​ឲ្យ​ប្រទេស​ទាំង ​៣ ហ្នឹង ត្រៀម​លក្ខណៈ​បង្ការ​គ្រោះថ្នាក់​មហន្ត​រាយ​នាពេល​អ​នា​គត​ដែល​អាច​កើត​មាន​ជាយ​ថាហេតុ​ហ្នឹង ​គឺ​យើង​មានការ​ត្រៀម​លក្ខណៈ​គ្រប់គ្រា​ន់ ហើយ​ជារួម​ខ្ញុំ​វាយតម្លៃ​ថា​ជា​រឿង​មួយ​ល្អ​បាទ​»​។

​នាយក​ដ្ឋាន​ព័ត៌មាន​ក្រសួង​ការពារ​ជាតិ​បាន​សរសេរ​លើ​បណ្តាញ​ហ្វេ​ស​ប៊ុ​កកាលពី​ថ្ងៃទី ​៣ ខែសីហា​ថា កង​ទ័ព​ឡាវ វៀត​ណាម និង​កម្ពុជា គ្រោង​នឹង​បើក​ធ្វើ​សម​យុទ្ធ​រួមគ្នា​មួយ​ស្ដីពី​សកម្ម​ភាព​សង្គ្រោះ​គ្រោះ​មហន្ត​រាយ​សម្រាប់​ប្រទេស​ទាំង​ ៣ ​ដែលមាន​ភាគី​កង​ទ័ព​ឡាវ​ធ្វើ​ជា​ម្ចាស់ផ្ទះ នៅ​ដើម​ខែ​កញ្ញាខាង​មុខ​នេះ ចាប់ពី​ថ្ងៃទី​ ១ ដល់​ថ្ងៃទី​ ៣ ខែ កញ្ញា​ ឆ្នាំ ២០២២​។

​ក្នុង​កិច្ច​ប្រ​ជុំរបស់​ក្រុម​ការងារ​សម្រប​សម្រួល​ការត្រៀ​ម​រៀបចំ​ឆ្លើយ​តប​សង្គ្រោះ​បន្ទាន់ ​និង​ស្ដារ​ឡើង​វិញរបស់​ក្រសួង​ការពារ​ជាតិ​កម្ពុជា​នៅ​ថ្ងៃទី​ ៣ ​ខែសីហា នៅ​​ទីស្ដី​ការ​ក្រសួង​ការពារ​ជាតិ ​លោក​នាយ​ឧត្តម​សេនីយ៍ ម៉ឹង ​សំផន រដ្ឋ​លេខាធិ​ការ​និង​ជា​ប្រធាន​ក្រុម​ការងារ​សម្រប​សម្រួល​ការ​ត្រៀម​រៀបចំ​ឆ្លើយ​តប​សង្គ្រោះ​បន្ទាន់ និង​ស្ដារ​ឡើង​វិញនៃ​ក្រសួង​ការពារ​ជាតិ​កម្ពុ​ជាថ្លែង​ថា ការធ្វើ​សម​យុទ្ធ​គឺ​ដើម្បី​ត្រៀម​លក្ខណ​សម្បត្តិ​ទាំង​កម្លាំង ​និង​មធ្យោ​បាយ​សម្ភារ ​ឧបករណ៍​សង្គ្រោះ​បន្ទាន់ សម្រាប់​ការឆ្លើយ​តប​បន្ទាន់ ណា​មួយ​គ្រប់​ឧបទ្ទវ​ហេតុ​នៃ​គ្រោះ​មហន្ត​រាយ​ទាំង​ឡាយ ​ដែល​កើត​មាន​ឡើង​ជា​យថា​ហេតុ និង​ដោះស្រាយ​រាល់​បញ្ហា​ប្រឈម​ទាំង​ឡាយ​ដែល​កើត​មាន​ឡើង​ក្នុង​តំបន់ និង​ប្រទេស​នី​មួយៗ​ឲ្យ​បា​ន​ទាន់​ពេលវេ​លា ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ប៉ាង ធា​រ៉ូ អគ្គ​លេខាធិកា​ររងនៃ​អគ្គ​លេខាធិ​ការ​ដ្ឋាន​ក្រសួង​ការពារ​ជាតិ​បាន​បញ្ជាក់​ថា ក្រសួង​ការពារ​ជាតិ​ឡាវ​បាន​អញ្ជើញ​ក្រសួង​ការពារ​ជាតិ​កម្ពុជា​ចាត់​បញ្ជូន​កម្លាំង​ជំនាញ​នៃ​ក្រុម​ការ​ងារ​សម្រប​សម្រួល​ការត្រៀម​រៀបចំ​ឆ្លើយ​តប​សង្គ្រោះ​បន្ទាន់និង​ស្ដារ​ឡើង​វិញ​ ដើម្បី​ចូលរួម​ធ្វើ​សម​យុទ្ធ​សង្គ្រោះ​គ្រោះ​មហន្ត​រាយ​ក្នុង​តំបន់​នៃ​ប្រទេស​ទាំង​៣​ឡាវ វៀត​ណាម និង​កម្ពុជា ​។​

​លោក​បន្ត​ថា ជាការ​ឆ្លើយ​តប​កម្ពុជា​បាន​គ្រោង​រៀបចំ​សម្ភារ​ឧបករណ៍​សង្គ្រោះ​បន្ទាន់​ ហើយនឹង​ចាត់​បញ្ជូន​កម្លាំង​កង​ទ័ព​ជំនាញ​របស់​ខ្លួន ដែល​ធ្លាប់​មាន​បទ​ពិសោធ​ក្នុង​ការធ្វើសកម្ម​ភាព​ស​ង្គ្រោះ​គ្រោះមហន្តរាយ​គ្រប់​ឧបទ្ទវ​ហេតុដែលមាន​ដូចជា​​កងក​ម្លាំ​ង​មាន​បទពិសោធ​ក្នុង​ការ​ជួយ​សង្គ្រោះ​ឧបទ្ទវ​ហេតុ​ធ្លាក់​យន្ត​ហោះ ​កង​កម្លាំង​ដែលមាន​បទពិសោធ​ក្នុង​សកម្ម​ភាព​ជួយ​សង្គ្រោះ​ការ​រលំ​បាក់​អគារ​ខ្ពស់ៗ ​កង​កម្លាំង​ជំនាញ​ដែលមាន​បទ​ពិសោធ​ក្នុងការ​ជួយ​សង្គ្រោះ​គ្រោះ​មហន្ត​រាយ​ទឹក​ជំនន់​ គ្រោះរាំ​ងស្ងួត ខ្យល់ព្យុះ​ និង​ខ្យល់​កន្ត្រាក់​ជាដើ​ម ទៅ​ចូល​រួម​ក្នុង​សម​យុទ្ធ​នៅ​ប្រទេស​ឡាវ​។

​លោក​បញ្ជាក់​ថា​៖ «​កម្ពុជា​នឹង​បញ្ជូន​កម្លាំង​ជំនាញ​ចំនួន​ ៤០ រូ​ប រួម​នឹង​សម្ភារ​ ឧបករណ៍​សង្គ្រោះ​បន្ទាន់​មួយ​ចំនួន​ធំ​តប​តាម​ការ​អញ្ជើញ​របស់​ភា​គីកងទ័ព​ប្រជា​ជន​ឡាវ​ដើម្បី​ចូលរួម​ក្នុង​សកម្មភា​ព​សម​យុទ្ធ​នេះ​»៕