ភ្នំពេញៈ ​រាជបណ្ឌិត្យសភា​កម្ពុជា រៀបចំ​កិច្ចពិភាក្សា​តុមូល​ស្តីពី “​ធនធានមនុស្ស​ គឺជា​ឆ្អឹងខ្នង​នៃ​ការអភិវឌ្ឍ​សង្គមជាតិ​” ដើម្បី​ប្រមូល​ធាតុ​ចូល​ពី​ស្ថាប័ន​ពាក់ព័ន្ធ និង​អង្គការ​សង្គម​ស៊ីវិល សម្រាប់​ដាក់​ប​ញ្ចូលទៅក្នុង​គោលដៅ​អភិវឌ្ឍន៍​ធនធានមនុស្ស សម្រាប់​សង្គមជាតិ​ទាំងមូល​។​

វេទិកា​នេះ ត្រូវបាន​រៀបចំឡើង​នៅ​រាជបណ្ឌិតសភា​កម្ពុជា កាលពី​ថ្ងៃទី​ ៤ ខែសីហា​ ដោយមាន​ការចូលរួម​ពី​ស្ថាប័ន​ពាក់ព័ន្ធ​រួមមាន ក្រសួង​អប់រំ យុវជន និង​កីឡា ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្រសួងផែនការ អង្គការ​យូ​នី​សេ​ហ្វ​ប្រចាំ​កម្ពុជា និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជាជាដើម​។​

លោក យង់ ពៅ អគ្គលេខាធិការ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជាថ្លែងថា គោលបំណង​នៃ​កា​រៀប​ចំនេះ​ដើម្បី​ផ្តល់​ជា​ទស្សនទាន​នៅក្នុង​ការសម្រេចចិត្ត ជ្រើសរើសផ្លូវ ឬ​គោលដៅ​សម្រាប់​ការអភិវឌ្ឍសង្គម​ទាំងមូល ជាពិសេស យុវជន​ដែល​ចូលទៅក្នុង​ស្រទាប់​ការងារ​ដែលជា​ឆ្អឹងខ្នង ទំពាំង​ស្នង​ឫស្សី និង​សសរទ្រូង​របស់​សង្គម​ជាតិ​។

លោក​ថា​៖ «​ធនធានមនុស្ស​គឺជា​ក​ត្តាចម្បង​បំផុត​សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម បើទោះជា​ប្រទេស​នោះ​មាន​ធនធានធម្មជាតិ​មហាសាល​យ៉ាងណា​ក៏ដោយ ប៉ុន្តែ​បើធនធានមនុស្ស ខ្សោយអ៊ី​ចឹ​ង​ប្រទេស​នោះ​នឹងមាន​បញ្ហា​។ ផ្ទុយទៅវិញបើ​ប្រទេស​នោះ​មាន​ធនធានមនុស្ស​ខ្លាំង បើទោះជា​ធនធានធម្មជាតិ​មិនសូវ​សម្បូរ ឬក៏​គ្មាន​ក៏ដោយ ក៏​ប្រទេស​នោះ​រីកចម្រើន​ទៅមុខ​លឿន​ដែរ ឧទាហរណ៍​ដូចជា​ប្រទេស​ជប៉ុន អុីស្រាអែល សិង្ហ​បុរី​ជាដើម មិនសូវមាន​ធនធានធម្មជាតិ ប៉ុន្តែ​បើធនធានមនុស្ស​ខ្លាំង​ដូច្នេះ​ការអភិវឌ្ឍលឿន​ក្លាយជា​សេដ្ឋកិច្ច​ជួរមុខ​»​។​

ប្រធានការិយាល័យ​ស្រាវជ្រាវ និង​វិភាគ​គោលនយោបាយ​នៃ​ក្រសួង​អប់រំ​យុវជន និង​កីឡា លោក​ឡាយ សុវិជ្ជា ថ្លែងថា ទាំង​បច្ចុប្បន្ន និង​អនាគត គឺ​ប្រទេស​ក្នុង​សកលលោក​ទាំងអស់​កំពុង​ចង់បាន គ្រប់គ្នា​បង្កើត​ធនធានមនុស្ស ដែល​ត្រូវ​ចូលរួម​គ្នា​ដើម្បី​ធ្វើការ​ពង្រឹងសមត្ថភាព កសាង​ខ្លួន ដើម្បី​អាចបំពេញ​ទាំង​តម្រូវការ​សង្គមជាតិ និង​សកលលោក​។​

លោក​ថា​៖«​អុីចឹ​ង​​យើងត្រូវ​យកចិត្តទុកដាក់​ខ្លាំង​ទៅលើ​ការអភិវឌ្ឍ​ប្រទេស​តាមរយៈ​ការសិក្សា​ស្រាវជ្រាវ ចាប់យក​ជំនាញ​និង​ច្នៃប្រឌិត​អ្វីដែល​ថ្មី ដែល​នេះ​ជា​ចំណុច​ស្នូល​មួយ ឆ្លុះបញ្ចាំង​ពី​ការអភិវឌ្ឍ​មនុស្ស​»​។

​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ នៃ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោកស្រី យឹម ពេជ្រ​ម៉ាលី​កា បាន​ចែករំលែក​គន្លឹះ​ពាក់ព័ន្ធ ការផលិត​ធនធានមនុស្ស​ប្រកបដោយ​បច្ចេកទេស ជំនាញ ចំណេះដឹង ក៏ដូចជា​សី​ល​ធម៌ និង​គុណធម៌​ដើម្បី​បម្រើ នៅក្នុង​វិស័យ​ការងារ​ជារួម​។ លោកស្រី​បាន​ថ្លែងថា ក្រសួង​ការងារ​បាន​បង្កើតឱ្យមាន ស្ថាប័ន​ការអប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ និង​បាន​ដាក់ចេញ​នូវ​ពាក្យ ស្លោក​មួយ​ថា យុវជន​ម្នាក់ មាន​ជំនាញ​មួយ​យ៉ាងតិច​ប្រចាំជីវិត។

លោកស្រី​ថា​៖ «​នេះ​ គឺជា​បេសកម្ម​ដែល​ត្រូវធ្វើ​។ ​ទាំង​យុវជន​ត្រូវមាន​ជំនាញ​ក្នុង​ខ្លួន​ដើម្បី ចូលរួមចំណែក​នៅក្នុង​ការ​អ​ភ​វិ​ឌ្ឍ​សង្គមជាតិ​»​។

លោកស្រី​បន្តថា នៅក្នុង​ក្របខ័ណ្ឌ​គោលនយោបាយ​នេះដែរ​ គឺ​ក្រសួង​បានចេញ​ជា​ចក្ខុវិស័យ​សម្រាប់​វិស័យ​អប់រំ​បណ្តុះបណ្តាល​បច្ចេកវិទ្យា អមដោយ​បេស​កកម្ម ហើយ​នៅ​ក្នុងនោះ​មាន​យុទ្ធសាស្ត្រ​ចំនួន​ ៥ ទី​១ ​ពង្រឹងគុណភាព​ការអប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ ទី​២ ពង្រីក​ការបណ្តុះបណ្តាល​ជំនាញ​ដើម្បី​គាំទ្រ​គោលនយោបាយ​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម ទី​៣​ ពង្រឹង​ភាពជា​ដៃគូ​រវាង​រដ្ឋ​និង​ឯកជន ទី​៤​ កា​រលើ​កម្ពស់​ប្រព័ន្ធ​ភិ​បាល​កិច្ច និង​៥ ជំរុញ​ការស្រាវជ្រាវ និង​នាវា​នុ​វត្ត​ន៍​បច្ចេកវិទ្យា​អនុវត្តន៍​។

​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ផែនការ​នៃ​ក្រសួងផែនការ​លោក ប៉ូច សុវណ្ណ​ឌី ថ្លែងថា ជា​ការពិត​ការអភិវឌ្ឍ​ធនធានមនុស្ស​គឺជា​គោលនយោបាយ​អាទិភាព​របស់​រាជរដ្ឋាភិបាល​កម្ពុជា ហើយ​ក្រសួងផែនការ​បាន​ខិតខំ​ប្រឹងប្រែង​ធ្វើ​គោលនយោបាយ​ផ្សេងៗ ដើម្បី​គាំទ្រ​ដល់​ការអភិវឌ្ឍ​ធនធានមនុស្ស​ដែលជា​ផ្នែក​សំខាន់​ក្នុងការ​អភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច​។​

លោក​ថា​៖ «​នៅក្នុង​ការអភិវឌ្ឍ​ធនធានមនុស្ស​នេះ​ប្រទេស​កម្ពុជា ដែល​ផ្តោតលើ​ការយកចិត្តទុកដាក់​នេះ​សូម្បីតែ​ប្រទេស​ផ្សេង​ក៏​ផ្តោត​ការយកចិត្តទុកដាក់​លើ​ការងារ​នេះដែរ អុីចឹ​ង​ដើម្បី​គោលដៅ​របស់​យើង​ក្នុងការ​អភិវឌ្ឍ​សង្គម សេដ្ឋកិច្ច គឺ​យើង​ត្រូវការ​ធាន​ធាន​មនុស្ស​ទាមទារ​ឱ្យ​គ្រប់ភាគី​មាន​ថ្នាក់ដឹកនាំ មន្ត្រី​និង​ពលរដ្ឋ ចែករំលែក​គ្នា​ទៅវិញ​មក​»​។

លោក ជាវ អាន​សាន សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា ថ្លែងថា​ សម្រាប់ធនធាន​មនុស្សលោក​ឱ្យនិយមន័យ​ចំនួន​៣ គឺ សុខភាព ការអប់រំ និង​ការ​មានការ​ងារ​ធ្វើ​។ លោក​ថា​៖ «​កត្តា​ទាំង ៣ នេះ​គឺជា​សកម្មភាព​ចម្បង​របស់ សស​យក បានធ្វើ​ការងារ​ជួយ​បំពេញបន្ថែម​ទៅឱ្យ​ក្រសួងសាមី ក៏ដូចជា​រាជរដ្ឋាភិបាល តាមរ​រយៈ​កិច្ចសហការ​ក្នុងការ ពង្រឹង​ធនធាន​យុវជន​ដែលជា​ផ្នែក​មួយ​ចូលរួម​កសាង​សង្គម​ទាំងអស់គ្នា​»​។​

លោក​បន្តថា តាម​ការស្រាវជ្រាវ​ធន​ធាន​មនុស្ស​កម្ពុជា​អ្នកចេះ​អក្សរ​ជា​តួ​លេខ​មាន​ជាង ៨៨ ​ភាគរយ អ្នក​មិន​បញ្ចប់​បឋមសិក្សា​ ៣៥​ ភាគរយ អ្នក​បញ្ចប់​បឋមសិក្សា ៣១​ ភាគរយ ចប់​អនុវិទ្យាល័យ​ជាង ២៦ ​ភាគរយ បញ្ចប់​វិទ្យាល័យ​តែ ៣,៦​ ភាគរយ បញ្ចប់​បរិញ្ញាបត្រ​ប្រហែល ៣ ​ភាគរយ បញ្ចប់​បរិញ្ញាបត្រ​ជាន់ខ្ពស់ និង​បណ្ឌិត​មាន​ ០,៦ ​ភាគរយ​។

​លោក​បន្ថែមថា តាម​ការប្រមូល​ទិន្នន័យ​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ជិត​ ៤០ ​ស្ថាប័ន បច្ចុប្បន្ននេះ​អ្នកវិទ្យាសាស្ត្រ​បច្ចេកវិទ្យា​នៅ​កម្ពុ​ជាមាន​ជាង ១ ​ម៉ឺន​នាក់ ចែកជា ​១៤ ​មុខជំនាញ ខណៈ​លោក​ថា នេះ​ជា​តួ​លេខ​មួយ​ដែលមាន​ការកើនឡើង ប៉ុន្តែ​មិនទាន់​ឆ្លើយតប​ទីផ្សារ​នៅឡើយ​ទេ​៕