ភ្នំពេញៈ រដ្ឋ​មន្ត្រីការ​បរទេស​ជប៉ុន​នៅ​ថ្ងៃទី ៤ ខែសី​ហា បាន​ប្រកាស​ផ្តល់លិខិត​សរសើរដល់​មជ្ឈ​មណ្ឌល​សកម្ម​ភាព​កំចាត់​មីន​កម្ពុជា​ (CMAC) និង​បុគ្គល ២ ​រូប​ ដែល​ជាជន​ជាតិ​ជប៉ុន ដើម្បីជា​ការទទួល​ស្គាល់​នូវការ​រួម​ចំណែក​របស់​ពួកគាត់​និង​ CMAC លើការ​ជំរុញ​ចំណង​មិត្ត​ភាព​រវាង​ប្រទេស​ជប៉ុន និង​បណ្តាប្រទេស​នានា និង​បានចូល​រួមចំណែក​ក្នុងការ​ជំរុញ​កិច្ច​សហប្រតិ​បត្តិការ អន្តរ​ជាតិ​លើ​វិស័យ​បច្ចេក​ទេសដោះ​មីន។

ការ​ប្រកាស​ផ្តល់​លិខិត​សរសើរ​ជូន​បុគ្គល និង​ក្រុមដែល​មាន​ស្នាដៃ​ឆ្នើមទាំង​នេះ ធ្វើឡើងក្នុង​គ្រាដែល​លោក​ ហាយ៉ា​ស៊ិ យ៉ុស៊ិ​ម៉ាសា រដ្ឋ​មន្ត្រី​ការ​បរទេស​ជប៉ុន ចូល​រួម​ក្នុង​កិច្ចប្រជុំ​រដ្ឋ​មន្រ្តីការ​បរទេស​អាស៊ាន​ លើកទី​៥៥ និង​កិច្ច​ប្រជុំពាក់​ព័ន្ធ នៅ​រាជ​ធានី​ភ្នំពេ​ញ ដែលកម្ពុជា​ធ្វើជា​ម្ចាស់​ផ្ទះ។​

យោង​តាម​សេចក្តី​ប្រកាសព័​ត៌មាន​របស់​ស្ថាន​ទូតជ​ប៉ុន​ប្រចាំ​កម្ពុជា​នៅថ្ងៃ​ទី ៤ ខែសីហា ឱ្យដឹង​ថា បុគ្គល​ឆ្នើម​ ២ រូប ​ដែល​ទទួល​បាន​លិខិត​សរសើរ​គឺ លោក​ស្រី អូនិ ហ៊ិ​ហ្វូមិ ប្រធាន​វិទ្យាស្ថាន​វប្បធម៌​ជ​ប៉ុន-អន្តរជាតិ​ និងលោ​ក ហ្វូគូ​ដា តុម៉ុ​ហ៊ិកុ សាស្រ្តា​ចារ្យ​ភាសា​ជប៉ុន បាន​ចូលរួម​ចំណែ​កក្នុង​ការជំរុ​ញការអប់រំ​ភាសា​ជប៉ុននៅប្រទេស​កម្ពុជា និងមជ្ឈ​មណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា (CMAC) ជា​អង្គ​ភាព​ទទួល​បាន​លិខិត​សរសើរ លើការ​ចូល​រួមចំណែក​ក្នុង​ការ​ជំរុញ​សហ​ប្រតិប​ត្តិការ អន្តរ​ជាតិ​លើវិ​ស័យ សហប្រតិ​បត្តិការ​បច្ចេក​ទេស​។

ស្ថានទូ​តជប៉ុន​ប្រចាំ​កម្ពុជាបញ្ជាក់​ថា ពិធី​ប្រគល់​លិខិត​សរសើ​រ នឹងត្រូ​វរៀបចំ​ក្នុង​ពេលឆាប់ៗ​ខាងមុខ​នេះ។ ស្ថាន​ទូត​ជប៉ុនសូម​សម្តែង​នូវ​អំណរ​សាទរ និង​ថ្លែង​អំណរ​គុណ ចំពោះ​បុគ្គល​ឆ្នើមទាំង ​២ ​រូប ដែល​បា​នចូលរួម​ចំណែក ដល់​ការលើក​ស្ទួយ​ទំនាក់​ទំន​ងមិត្ត​ភាព​រវាង​ជប៉ុន និង​កម្ពុជា និង​ជូនពរ​សូម​ឱ្យពួកគា​ត់ជោគជ័យ​បន្ថែម​ទៀត​ក្នុង​ការងា​រនេះ​។

បើតាម​ស្ថានទូត​ជប៉ុន លោក​ស្រី អូនិ ហ៊ិហ្វូមិ បាន​ចូលរួម​ចំណែក​ក្នុង​ការ​ជំរុញ​ការអប់រំភាសាជ​ប៉ុននៅប្រ​ទេស​កម្ពុជា​។ ក្នុងឆ្នាំ​ ១៩៩៥ លោក​ស្រី អូនិ ហ៊ិហ្វូមិ បាន​បង្កើត​សាលា​ភាសា​ជប៉ុន ហ៊ិហ្វូមិ​នៅក្នុង​ខេត្ត​សៀម​រាប ហើយលោ​កស្រី បាន​ធ្វើការងារ​ពាក់​ព័ន្ធ​នឹង​ការ​អប់រំ​ភាសា​ជប៉ុន និង​ការ​ផ្លាស់​ប្តូរ​វប្បធម៌​សម្រាប់​រយៈពេល​ជិត ៣០ ​ឆ្នាំមក​ហើយ​។​

សាលានេះ​បាន​ផ្តល់​មិន​ត្រឹមតែការ​អប់​រំភាសា​ជប៉ុន​ប៉ុណ្ណោះ​ទេ ថែមទាំង​ការ​អភិវឌ្ឍធន​ធាន​មនុស្ស និង​ការគាំទ្រ​ការស្វែង​រក​ការងារ​សម្រាប់​យុវ​ជនវ័យ​ក្មេង​ដែល​ពុំ​ទទួល​បាន​ការ​អប់រំ ឬគ្មាន​ការងារ​។ ចំនួន​សិស្សដែ​លបានចូល​រៀនបាន​កើនឡើ​ងជា​លំដាប់ ហើយ​រហូត​មកទ​ល់ពេល​នេះមាន​ជាង ៣ ០០០​ នាក់​ហើយ។ ភាគច្រើន​នៃសិស្សទាំង​នោះមាន​សកម្មភាព​យ៉ាង​រស់រ​វើកក្នុង​វិស័យ នានា​ដូច​ជា ទេស​ចរណ៍ គិលានុ​បដ្ឋា​យិកា និង​អប់រំ​ផង​ដែរ។​

ចំពោះ ​លោក ហ្វូគូដា តុម៉ុហ៊ិកុ គ្រូ​បង្រៀនភាសា​ជប៉ុន បាន​ចូលរួម​ចំណែក​ក្នុង​កា​រ​ជំរុញ​ការអប់រំ​ភាសា​ជប៉ុន​នៅប្រទេស​កម្ពុជា។ ក្នុង​ឆ្នាំ​ ១៩៩៧ លោក​ត្រូវ​បាន​បញ្ជូន​មក​បំពេ​ញ​ការងារ​នៅសាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ក្នុង​នាមជាគ្រូ​បង្រៀន​ភាសា​ជប៉ុន តាម​រយៈ​អ្នក​ស្ម័គ្រ​ចិត្ត​សហប្រតិ​បត្តិការ​ក្រៅប្រទេស​ជប៉ុន​ របស់ ​JICA (JOCV) ដែ​លនៅទីនោះ​ហើយ លោក​បាន​បំពេញ​ការងារ​ក្នុង​ការជំរុ​ញ និង​អភិវឌ្ឍ​ការ​អប់រំ​ភាសា​ជប៉ុនបន្ត ដែល​បានផ្អាក​ចាប់តាំ​ងពីឆ្នាំ ១​៩៧៤។

ក្រោយ​ពីលោក​បាន​បញ្ច​ប់​បេសកកម្ម​ជាអ្នក​ស្ម័គ្រ​ចិត្ត លោកក៏​នៅតែបន្ត​ចូលរួម​យ៉ាង​សកម្ម​ ពាក់ព័ន្ធ​នឹង​ការអប់​រំភាសាជ​ប៉ុន នៅប្រ​ទេសកម្ពុជា ​នៅស្ថាប័ន​មួយ​ចំនួន ក្នុង​នោះ​រួម​មាន ដេប៉ាតឺម៉ង់​ភាសាជ​ប៉ុន នៃវិទ្យា​ស្ថានភាសាបរទេស​ នៃសាក​លវិ​ទ្យា ល័យ​ភូមិ​ន្ទភ្នំពេញ ​(RUPP) មជ្ឈ​មណ្ឌល​ស្រាវ​ជ្រាវ និង​អប់រំ​អំពី​ច្បាប់​ជប៉ុន (CJL) និង​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា-ជប៉ុន (CJCC)។

ដោយ​ឡែក​មជ្ឈ​មណ្ឌល​សកម្ម​ភាព​កំចាត់មី​នកម្ពុជា ​(CMAC) បាន​ចូល​រួមចំណែក​ក្នុងការ​ជំរុញ​សហប្រតិ​បត្តិការ​ អន្តរជាតិ​លើ​វិស័យ​សហ​ប្រតិបត្តិ​ការ​បច្ចេក​ទេស នៅប្រទេស​កម្ពុជា​ដោយ​ស្ថាប័នេះ​ ត្រូវបាន​បង្កើត​ឡើង​ជាអង្គការ​កំចាត់​មីនក្នុង​ឆ្នាំ ១៩៩២។ CMAC ជា​ស្ថាប័ន​ជាតិ​ដ៏​ធំ​បំផុត​ក្នុង​ប្រទេស​កម្ពុជា។ នៅ​កម្ពុជា ផ្ទៃដី​ចំនួន ២ ៣០១​ គីឡូម៉ែត្រ​ការ៉េ នៃតំបន់​ដែលមាន​គ្រាប់​មីន និង​សំណល់​ជាតិ​ផ្ទុះ ពីសង្គ្រាម​ត្រូវ​បាន​បោស​សម្អាត ហើយ CMAC បានចូល​រួម​ចំណែក​ក្នុង​ការ​បោស​សម្អាត​ និង​រំដោះ​ដីដែល​មាន​មីន​សរុប​ជាង​៥៥​ភាគ​រយ ​។

តាម​រយៈការ​ជួយ​ជ្រោម​ជ្រែង​ពីរដ្ឋា​ភិបាល​នៃប្រទេស​ជប៉ុន CMAC បាន​ធ្វើការផ្តល់​វគ្គបណ្តុះ​បណ្តាល​ដល់អ្នក​ជំនាញ​ មក​ពី​ប្រទេស​កូឡុំប៊ី អង់​ហ្កូឡា អ៊ីរ៉ាក់​និង​សាធា​រណរដ្ឋ​​ប្រជាធិប​តេយ្យ​ប្រជាមា​និត​ឡាវ ក្រោម​កម្មវិធីកិច្ច​សហ​ប្រតិបត្តិ​ការភាគ​ខាង​ត្បូង-ខាង​ត្បូង៕