ភ្នំពេញៈ សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី ​៤ សីហា បានប្រកាសសាលក្រម​ផ្តន្ទាទោស​ អតីត​ស្នងការរង​នៃ​ខេត្តកំពង់ឆ្នាំង​លោក ស៊ុំ សុជាតិ​ ដាក់ពន្ធនាគារ​ ៤ ​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន ៥០ លានរៀល ពាក់ព័ន្ធអំពើ​រំលោភ​យក​ដែន​ព្រៃ​លិច​ទឹក​នៃ​បឹង​ទន្លេសាប ក្នុងឃុំ​ច្រ​ណូ​ក ស្រុង​កំពង់លែង ខេត្តកំពង់ឆ្នាំង អំឡុង​ឆ្នាំ​ ២០១១​-​២០២១​។​ យោងតាមអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ។

លោក អុី រិន្ទ អ្នកនាំពាក្យ​តុលាការ​រាជធានី​ភ្នំពេញ​បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ៤​ សីហា ឆ្នាំ ២០២២​ ថា ជនជាប់ចោទ​ឈ្មោះ ស៊ុំ សុជាតិ ភេទ ប្រុស អាយុ ៥២​ ឆ្នាំ ជនជាប់ចោទ​ពីបទ បំផ្លាញ និង​គៃបំបាត់​ បទហ៊ុមព័ទ្ធ​កាន់កាប់​ដីព្រៃ​លិច​ទឹក​ ​បទមិន​ប្រកាស​ទ្រព្យសម្បត្តិ​ និង​បំណុល និង​បទសម្អាត​ប្រាក់ ប្រព្រឹត្ត​នៅក្នុង​ដែន​ព្រៃ​លិច​ទឹក​នៃ​តំបន់​៣ នៃ​បឹង​ទន្លេសាប ក្នុងភូមិ​សាស្ត្រ​ភូមិ​កង្កែប និង​ភូមិ​ធ្លក ឃុំ​ច្រ​ណូ​ក ស្រុង​កំពង់លែង ខេត្តកំពង់ឆ្នាំង កាលពី​អំឡុង​ឆ្នាំ​ ២០១១ ​ដល់​ឆ្នាំ​ ២០២១​។ បទល្មើស​ដែលមាន​បញ្ញត្តិ​ឱ្យ​ផ្តន្ទាទោស​តាម​មាត្រា ៦០៨ នៃ​ក្រមព្រហ្មទណ្ឌ និង​មាត្រា ៩៨ នៃ​ច្បាប់​ស្តីពី​ជលផល និង​មាត្រា ៣២, មាត្រា ៣៨ នៃ​ច្បាប់​ស្តីពី​ការប្រឆាំង​អំពើពុករលួយ និង​មាត្រា ៣ ​ថ្មី​, មាត្រា ២៩ ​ថ្មី​ ១ នៃ​ច្បាប់​ស្តីពី​វិសោធនកម្ម​មាត្រា​៣, មាត្រា​ ២៩ និង​មាត្រា​ ៣០​ នៃ​ច្បាប់​ស្តីពី​ការប្រឆាំង​ការសម្អាត​ប្រាក់ និង​ហរិ​ញ្ញ​ប្ប​ទាន​ភេរវកម្ម​។​

​លោក​ថ្លែងថា​៖ «សាលក្រម​នេះ​ជំនុំជម្រះ​ជា​សាធារណៈ​នៅ​ថ្ងៃទី​ ២១ ខែ កក្កដា ឆ្នាំ​ ២០២២ ចំពោះមុខ​ជនជាប់ចោទ និង​ប្រកាស​ជា​សាធារណៈ​នៅ​ថ្ងៃទី ​៤ ខែ សីហា ឆ្នាំ​ ២០២២​។ ជនជាប់ចោទ ទុក​សិទ្ធិ​ឱ្យ​ប្តឹង​ឧ​ទ្ធ​រ​ណ៏​ភ្នំពេញ​តាមច្បាប់​កំណត់​»​។​

​តាម​អង្គហេតុ​ជនជាប់ចោទ​ឈ្មោះ ស៊ុំ សុជាតិ​ អតីត​ស្នងការ​រ​រង​ខេត្តកំពង់ឆ្នាំង​​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន កាលពី​ថ្ងៃទី​ ១៦ ខែ ធ្នូ ឆ្នាំ​ ២០២១ ពាក់ព័ន្ធ​ករណី​រំលោភ​យក​ដី ព្រៃ​លិច​ទឹក បឹង​ទន្លេសាប ក្នុង​ខេត្តកំពង់ឆ្នាំង​៕