ព្រះសីហនុៈ រាជ​រដ្ឋាភិបាល​បាន​អនុញ្ញាត​ជាគោល​ការណ៍ ​ឱ្យធ្វើការ​​វិនិយោគ​កោះ​ចំនួន ១៩ ក្នុង​ចំណោម​ កោះចំនួន​ ៣២ នៅ​ក្នុង​ខេត្តព្រះ​សីហនុ ទៅ​ឱ្យក្រុម​ហ៊ុន​ចំនួន ២៣ សម្រាប់​ធ្វើការ​អភិវឌ្ឍ​ជាតំបន់​ទេស​ចរណ៍ សណ្ឋាគារ​ និងរមណីយ​ដ្ឋាន​ផ្សេង​ទៀត សម្រាប់​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរជាតិ​ និង​អន្ត​រ​ជាតិ។

លោក គង់ វិតាណៈ អភិបាល​រង​ខេត្ត​ព្រះ​សីហនុ ថ្លែង​នៅ​ក្នុង​កិច្ចប្រ​ជុំជាមួយ​ក្រុមការងារ​អគ្គលេខា​ធិការ​ដ្ឋាន​ នៃគណៈ​កម្មាធិការ​ជាតិ​សន្តិ​សុខ​លម្ហស​មុទ្រ ស្តីពី​ការ​ធ្វើប​ច្ចុប្បន្ន​ភាព​ព័ត៌​មាន និង​សន្តិសុ​ខលម្ហសមុទ្រ​កាលពី​ថ្ងៃទី ៣ ខែសី​ហាថា នៅក្នង​ខេត្ត​ព្រះសី​ហនុ មាន​កោះចំនួន​ ៣២​ ក្នុង​នោះ ក្រុង​ព្រះសីហនុ មាន​កោះចំ​នួន ៥ មាន​ក្រុម​ហ៊ុនចំនួន ​៤ វិនិយោគ​លើកោះ​ចំនួន​ ៤។

លោកបន្ត​ថា ក្រុង​កោះ​រ៉ុង មាន​កោះ ​១៩ មាន​ក្រុម​ហ៊ុន​ចំនួន​ ៧​ វិនិយោគ​លើកោះចំនួន​ ៩ ស្រុក​ព្រៃនប់ ​មានកោះ​ចំនួន ​៧ មាន​ក្រុម​ហ៊ុន​ចំនួន​ ១២​ វិនិយោគ​លើ​កោះ​ចំនួន ៦ និងស្រុ​កស្ទឹង​ហាវ មាន​កោះ​ចំនួ​ន ១​។ ក្នុង​ចំណោម​កោះទាំង​ ៣២ នៃ​ខេត្តព្រះ​សីហនុ មាន​កោះ​ចំនួន​ ១៩ ត្រូវ​បាន​ទទួល​គោល​ការណ៍​វិនិយោគ​ អភិវឌ្ឍពី​រាជរដ្ឋាភិបាល​ដែល​មាន ២៣ ​ក្រុម​ហ៊ុន។​

ក្នុង​កិច្ច​ប្រជុំ​នេះដែរ​ លោក​ សួន​ សំណាង​ សមា​ជិកប្រចាំការ​គណៈក​ម្មាធិការជាតិ​សន្តិសុខ​លម្ហ​សមុទ្រ (គជស​ស) ថ្លែងថា លោកត្រូវ​ការ​ទិន្ន​ន័យថ្នីៗ​បន្ថែម​ ដើម្បី​ធ្វើការផ្ទៀ​ងផ្ទាត់ ពិសេស​ការវិនិ​យោគ​នៅលើ​កោះ និង​ផល​ប៉ះពាល់​ទៅលើ​វិស័យ​ការ​ពារ​ជាតិ ពីព្រោះគណៈ​កម្មាធិការ​ជាតិ​សន្តិ​សុខ​លម្ហ​សមុទ្រ ​មានវិ​សាលភាព​ក្នុង​ការគ្រប់​គ្រង​គ្រប​ដណ្តប់​ក្នុង​ការឆ្លើយ​តប ការ​ទទួល​ខុស​ត្រូវ​របស់​ខ្លួន ក្នុង​តួនាទី​ចូល​រួម​ការ​ពារ​ជីវ​ចម្រុះ​បាត​សមុទ្រ និង​កិច្ចគាំពារ​បរិស្ថាន​ផង​ដែរ​។

លោក​ថ្លែង​ថា​៖ «ចំណុច​ទាក់​ទង​ការងារ​២​ឆ្នាំ យើង​រៀបចំ​ឡើង​វិញ ស្រប​តាម​គោល​នយោបាយ​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ ទាមទារ​ឱ្យ​ក្រុម​ការងារ​ប្រមូល​ទិន្នន័យ​ ដើម្បី​ធ្វើ​បច្ចុប្បន្ន​ភាព​ឱ្យកាន់តែ​ស៊ីជម្រៅ និ​ងមាន ប្រសិទ្ធ​ភាព​ក្នុង​ការ​គ្រប់គ្រងដែ​ន​សមុទ្រ​កម្ពុជា»។

លោក​ ឃាង ភារម្យ អ្នក​នាំពាក្យ​រដ្ឋ​បាល​ខេត្ត​ព្រះសីហនុ​ ប្រាប់ ភ្នំពេញ ​ប៉ុស្តិ៍ នៅ​ថ្ងៃទី ៤ ខែ​សីហាថា ពាក់​ព័ន្ធ​ទៅនឹង​ការ​អនុញ្ញាត​ ឱ្យមាន​ការ​វិនិយោគ​កោះ​ចំនួន​ ១៩​ ទៅ​ឱ្យក្រុម​ហ៊ុន​ទាំង ២៣​ ធ្វើការ​អភិវឌ្ឍ​ទៅជា​តំបន់​ទេសចរ​ណ៍ និងរមណី​យដ្ឋាន ហើយ​ក្រុហ៊ុ​នទាំង ២៣ ដែល​ទទួល​សិទ្ធិវិនិ​យោគនៅ​លើកោះ​នេះ មាន​ក្រុម​ហ៊ុន​ចម្រុះ មាន​ទាំង​ក្រុមហ៊ុន​រុស្ស៊ី ​ក្រុមហ៊ុ​នចិ​ន ក្រុម​ហ៊ុនបារាំង និង​ក្រុម​ហ៊ុន​ខ្មែរ​ជាដើម​។

លោក​ថ្លែង​ថា៖ «ក្រុម​ហ៊ុនទាំង​ ២៣ នេះ វាមាន​ក្រុម​ហ៊ុន ដែល​ទទួល​បាន​កាវិនិយោគ​ទៅលើកោះទាំង​មូល ក្រុម​ហ៊ុន​ខ្លះ វិនិយោគ​ ១ ​ផ្នែក​នៃ​កោះ ក្រុម​ហ៊ុន​ខ្លះទៀត​ វិនិ​យោគ​លើទំហំដី​ ១០ ហិកតា ដែល​ចេញ​គោលការណ៍​អនុញ្ញាត​ពីក្រសួង​បរិស្ថាន​ »។

លោក តាំង សុចិត្រគ្រឹ​ស្នា ប្រធាន​មន្ទីរ​ទេសច​រណ៍ខេត្ត​ព្រះសីហនុ​ប្រាប់ ភ្នំពេញ​ ប៉ុស្តិ៍ នៅ​ថ្ងៃទី ៤ ខែ​កក្កដា​ថា ការអភិវឌ្ឍន៍​កោះ​​គឺ​ជាការ​ចូលរួម​ទាក់ទាញ​ភ្ញៀវ​ទេស​ចរ ឱ្យ​មក​លេង​កម្សាន្ត​ និង​ធ្វើ​ឱ្យ​មាន​កំណើន​សេដ្ឋកិច្ច​សង្គម​ដល់ខេត្ត​ព្រះសីហនុ​ ជាពិសេស ផ្តល់​ឱកាស​ការងារ​ជូន​ដល់​ប្រជាពលរដ្ឋ​នៅក្នុង​ខេត្ត និង ប្រជា​ពលដ្ឋមក​ពីបណ្តា​ខេត្តផ្សេង​ទៀត ដែល​មាន​បំណង​ស្វែង ​រក​ការងារធ្វើ។

លោក​បន្តថា មិនត្រឹម​តែ​ប៉ុណ្ណោះ ​ការ​អភិវឌ្ឍ​វិស័យ​ទេស​ចរណ៍ ក៏នឹង​ផ្តល់​ផលប្រយោជន៍​ ជាប្រយោល​មួយ​ចំនួន​ ដល់​ប្រជាពល​រដ្ឋ ដែល​រួម​មាន​ការសា​ងសង់ ការ​ស្នា​ក់នៅ ការផ្គត់​ផ្គង់ម្ហូប​អាហារ និង​ការ​ដឹក​ជញ្ជូនជា​ដើម។ លោក​ថ្លែង​ថា៖​ «លើកោះពាក់​ព័ន្ធ​នឹង​វិស័យទេ​សចរណ៍ គឺគេ​អភិវឌ្ឍច្រើន ជារម្មណីយ​ដ្ឋាន​ សណ្ឋាគារ ​ការ​កម្សាន្ត​ រួមទាំង ​ហេដ្ឋារច​នាសម្ព័ន្ធខ្លះ​ទៀត ដើម្បី​ទ្រទ្រង់​ក្នុង​វិស័យ​នេះ ឱ្យកាន់​តែមាន​ភាព​ទាក់​ទាញ​»៕