The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - រដ្ឋបាល​ព្រៃ​ឈើៈ​ តំបន់​ភ្នំ​តា​ម៉ៅ​ពុំមាន​សត្វ​ព្រៃ​សំខាន់ៗ​ជិត​ផុត​ពូជ ​និង​កម្រ​ដូច​ការ​លើក​ឡើង​ទេ

រដ្ឋបាល​ព្រៃ​ឈើៈ​ តំបន់​ភ្នំ​តា​ម៉ៅ​ពុំមាន​សត្វ​ព្រៃ​សំខាន់ៗ​ជិត​ផុត​ពូជ ​និង​កម្រ​ដូច​ការ​លើក​ឡើង​ទេ

Content image - Phnom Penh Post
ទិដ្ឋភាពនៅតំបន់ភ្នំតាម៉ៅដែលត្រូវអភិវឌ្ឍ។ រូបថត សហការី

រដ្ឋបាល​ព្រៃ​ឈើៈ​ តំបន់​ភ្នំ​តា​ម៉ៅ​ពុំមាន​សត្វ​ព្រៃ​សំខាន់ៗ​ជិត​ផុត​ពូជ ​និង​កម្រ​ដូច​ការ​លើក​ឡើង​ទេ

​ភ្នំពេញៈ​ ​រដ្ឋ​បាល​ព្រៃឈើ​នៃ​ក្រសួង​កសិកម្ម​បញ្ជាក់​ថា ​តំបន់​ភ្នំ​តា​ម៉ៅ​ពោរ​ពេញ​ទៅ​ដោយ​ដីខ្សាច់​ ដើម​ឈើ​ដុះ​លូត​លាស់​មិន​បាន​ល្អ​ ហើយ​តំប​ន់​នេះ​គ្មាន​សត្វ​ព្រៃ​សំខាន់ៗ​ជិត​ផុត​ពូជ ​និង​កម្រ​ទេ ​ដូ​ច្នេះ​រាជរដ្ឋា​ភិ​បាល​សម្រេច​យក​តំបន់​នេះ​សម្រាប់​អភិវឌ្ឍ​ដោយ​សារ​នៅ​ក្បែរ​ទីក្រុង​ក្បែរ​ព្រលាន​យន្ត​ហោះ​ថ្មី និង​ជិត​​តំបន់​ទេស​ចរណ៍​ទន្លេបាទី​។​ ប៉ុន្តែ​អង្គការ​សង្គម​ស៊ីវិល​អះអាង​ថា ​ទីនោះ​មាន​សត្វ​ព្រៃ​ជាច្រើន​ប្រភេទ ​ដែល​ខ្លះ​ជា​ប្រភេទ​សត្វ​កម្រ​ណាស់​ ត្រូវ​បាន​ដោះ​លែង​នៅ​ទីនោះ​។

​សេចក្តី​ប្រកាស​ព័ត៌​មាន​របស់​រដ្ឋបាល​ព្រៃ​ឈើចេញ​ថ្ងៃទី ៤ ខែ​សីហា បាន​លើក​ឡើង​ថា តំបន់ភ្នំ​តា​ម៉ៅ​ជា​តំបន់​ស្ថា​នីយ​ព្រៃឈើ​មួយ​ដែល​មាន​ដំណុះ​ឈើ​ដាំ​ប្រភេទ​អាកាស្យា ​ប្រេង​ខ្យល់ និង​ឈើ​ធម្ម​ជាតិ​។​តំបន់​នេះ​ពោរ​ពេញ​ទៅ​ដោយ​ដី​ខ្សាច់​ដំណុះ​ឈើ​មិន​មាន​ការ​លូត​លាស់​ល្អ​ទេ​។​ ដូច្នេះ​ទើប​រាជរដ្ឋាភិ​បាល​សម្រេច​យក​តំបន់​នេះ​សម្រាប់​អភិវឌ្ឍ​ដោយ​សារ​ជា​តំបន់​មួយ​ដែល​នៅ​ក្បែរ​ទីក្រុង​ក្បែរ​ព្រលាន​យន្ត​ហោះ​ថ្មី​និង​ជិត​តំបន់​ទេស​ចរណ៍​ទន្លេ​បាទី​។

​តាម​រយៈ​សេចក្តី​ប្រកាស​ដដែល​នោះ ​រដ្ឋបាល​ព្រៃឈើ​អះអាង​ថា ការ​អភិវឌ្ឍ​តំបន់ភ្នំ​តា​ម៉ៅ​មិន​មែន​ជា​ការ​លក់​ដូរ​ដូច​ការលើក​ឡើង​នោះទេ​ តែ​ជាការ​ដោះដូរ​តំបន់​នេះ​ជា​ថ្នូរ​នឹង​ការ​អភិវឌ្ឍ​បន្ថែម​ដល់​ឧទ្យាន​សួន​សត្វ និង​មជ្ឈ​មណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តា​ម៉ៅ​ ដោយ​កែ​លម្អ​ឧទ្យាន​សួន​សត្វ​ភ្នំ​តា​ម៉ៅ​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង​ មាន​ប្រព័ន្ធ​ផ្លូវ​ អគារ​ សួន​ច្បារ​ អាង​ស្តុក​ទឹក ក៏ដូច​ជា ​ការ​បង្កើត​សារ​មន្ទីរ​ជាតិ​នៅ​រាជ​ធានី​ភ្នំពេញ ការ​បង្កើត​សួន​សត្វ​សា​ហ្វា​រី​នៅ​ខេត្ត​សៀម​រាប ការ​បង្កើត​សួន​ភូត​គាម​នៅ​ខេត្ត​មណ្ឌល​គិរី និង​ការ​សាង​សង់​អគារ​ធ្វើការ​របស់​មន្ត្រី​រាជ​ការ​និង​សម្ភារ​នានា​។

​រដ្ឋបាល​ព្រៃឈើ​បញ្ជាក់ថា​៖ «​ការដោះដូរ​គឺ​អនុវត្ត​ដោយ​មាន​ភាព​តឹង​រ៉ឹង​ មាន​ការ​វាយ​តម្លៃ​ពី​ក្រុម​ហ៊ុន​ឯកជន​និង​មាន​គណៈ​កម្មការ ឯកជ​នភា​វូ​នីយ​កម្ម​ដែល​មាន​អន្តរ​ក្រសួង​ពិនិត្យ និង​វាយ​តម្លៃ​អំពី​ការ​ដោះដូរ​យ៉ាង​ត្រឹម​ត្រូវ​»​។​

​លោក​និក ម៉ាក នាយក​សង្គ្រោះ​និង​ថែរក្សា​សត្វព្រៃ​របស់​អង្គការ​សម្ព័ន្ធ​មិត្ត​សត្វ​ព្រៃ ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី ​៤ ​ខែសីហា​ថា​ ការកាប់​បំផ្លាញ​ព្រៃឈើ​ភ្នំ​តា​ម៉ៅ ផ្តល់​សារ​អាក្រក់​យ៉ាង​ក្រៃ​លែង​ចំពោះ​កេរ្តិ៍​ឈ្មោះ​នៃ​ការ​អភិរក្ស​សត្វព្រៃ​នៅ​កម្ពុជា​។​ ភ្នំ​តា​ម៉ៅ​ត្រូវបាន​គេ​ស្គាល់​យ៉ាង​ច្បាស់​និង​ជា​កន្លែង​ប្រវត្តិ​សាស្ត្រ​ដ៏​សំខាន់​សម្រាប់​សត្វព្រៃ​នៅ​កម្ពុជា​។ ព្រៃ​នេះ​មាន​សត្វព្រៃ​ជាច្រើន​ប្រភេទ​ ខ្លះ​កម្រ​ណាស់ ដែល​សត្វ​ទាំង​នោះ​ត្រូវ​បាន​ដោះ​លែង ​ឬ​កើត​នៅក្នុង​ព្រៃ​។​

​លោក​ថ្លែង​ថា​៖ «​សត្វព្រៃ​ដែល​រស់នៅ​ក្នុងព្រៃ​ដែល​កំពុង​ត្រូវបាន​កាប់ឆ្ការ​មាន​ចំនួន​ច្រើន​ច្បាស់​ជា​មិន​រស់រា​នមានជីវិត​ឡើយ​។​ ពួកវា​ទាំងអស់​នឹងត្រូវ​ស្លាប់​ព្រោះ​សត្វ​ព្រៃ​ត្រូវការ​រស់នៅក្នុ​ង​ព្រៃ ​បើ​គ្មាន​ព្រៃ​ តើ​ឱ្យ​ពួកវា​ទៅ​នៅឯ​ណា សត្វព្រៃ​មិន​រស់នៅ​ក្នុង​ទីក្រុង​ទេ ហើយ​នៅពេ​លដែ​ល​ពួកវា​ត្រូវបាន​ផ្លាស់​លំនៅ​ប្រហែល​ជា​នឹង​ត្រូវ​សម្លាប់​ដោយ​មនុស្ស​តាម​ប្រមាញ់​»​។

​លោក​ និក ម៉ាក ប្រាប់ថា ការ​បំផ្លិច​បំផ្លាញ​ទីតាំង​ដ៏​ល្បីនិង​សំខាន់​បែបនេះ​ អាចធ្វើ​ឱ្យ​​អង្គការ​អភិរក្សនិង​អ្នកផ្តល់​មូល​និធិ​របស់​ពួកគេ​ចោទ​ជា​សំណួរ​ថា តើ​វា​ល្អ​ទេ​ក្នុងការ​ចំណាយ​ពេល​វេលា​ការខិតខំ​ប្រឹង​ប្រែង​ និង​ប្រាក់​បន្ថែម​ទៀត​នៅ​ក្នុង​ប្រទេស​ដែល​ហាក់​ដូច​ជា​មិនសូវ​ចាប់​អារម្ម​ណ៍​ក្នុង​ការ​អភិ​រក្ស​សត្វព្រៃ និង​ព្រៃ​ឈើ​របស់​ខ្លួន​។​

​ចំ​ណែក​គណបក្ស​ប្រជាធិប​តេយ្យ​មូលដ្ឋាន​បាន​ម្តែ​ង​មានការ​សោក​ស្តាយ​ក្រៃលែង ​ក្រោយ​បានឃើញ​ដំណឹង​តាមរយៈ​សារ​ព័ត៌​មាន ដែល​​បង្ហាញ​ថារាជរដ្ឋា​ភិបាល​​កម្ពុជា​បាន​សម្រេច​ប្រគល់​ដីព្រៃ​តំបន់ភ្នំ​តា​ម៉ៅទៅជូន​ក្រុមហ៊ុន​ឯកជន​ក្នុង​គោលបំ​ណង​អភិវឌ្ឍ​។

គណបក្ស​នេះ​បាន​សរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​នៅ​ថ្ងៃទី ៤ ខែសីហា​ថា ដីព្រៃ​ភ្នំ​តា​ម៉ៅ សួន​សត្វ​ភ្នំ​តា​ម៉ៅ ​បូករួម​នឹង​ការតភ្ជា​ប់​មក​ទន្លេបាទី​ជា​តំបន់​មួយ​មាន​សក្តា​នុពល​ខ្ពស់​សម្រាប់​រៀបចំ​ជា​តំបន់​ទេសចរណ៍​ បូក​នឹង​សួនស​ត្វ បូក​នឹង​បឹង​ធម្មជាតិ​នៅ​ជិត​រាជធានី​ភ្នំពេញដែល​អាច​ទាក់​ទាញ​ភ្លៀវ​ទេសចរ​មក​កម្សាន្ត​ទីក្រុង​គជ់​ផង និង​តំបន់​ទេសច​រណ៍​ផងអា​ចរក​ចំណូល​រាប់រយ​លាន​ដុល្លារ​នាពេ​ល​អនាគ​ត​។​

​គណ​បក្ស​នេះ​លើ​កឡើង​ទៀតថា ការរក្សា​តំបន់​នេះ​គឺអាច​ថែរក្សា​ការពារ​គម្រប​ព្រៃឈើ​ ដែនជម្រក​សត្វព្រៃ ពង្រីក​សួន​សត្វ​ហើយ​ថែមទាំង​ជួយ​ផ្គត់​ផ្គង់​ដល់​ជីវភាព​រស់នៅ​របស់​ប្រជា​ពលរដ្ឋ​នៅជាប់​តំបន់​នោះ​ទៀតផ​ង​។​ ការផ្តល់​ដីព្រៃ​សាធា​រណៈ​ទៅឱ្យ​ឯក​ជន​អភិវឌ្ឍ​ដោយ​ឈូស​ព្រៃ​ចោល​ គឺ​ការ​អភិវឌ្ឍ​បែប​គិត​ខ្លីៗគ្មាន​ទស្សន​វិស័យ​វែង​ឆ្ងាយគ្មាន​គំនិត​ស្រឡាញ់​ធម្មជាតិ​ និង​គ្មាន​ការ​គិតគូរ​ដល់​ជីវភាព​ប្រជា​ពលរដ្ឋ​នៅ​តំបន់​នោះ​។​

​គណបក្ស​នយោ​បាយ​នេះ​បញ្ជាក់ថា​៖ «​គ​បមសូម​អំពាវនាវ​ដល់​ប្រមុខ​រាជ​រដ្ឋាភិ​បាល​ឱ្យ​ពិចារ​ណា​រឿងនេះ​ឡើង​វិញ​ដោយ​ដកហូត​ដីព្រៃ​សាធា​រណៈ​នៅ​តំបន់ភ្នំ​តា​ម៉ៅ​ពី​ឯកជន​មកវិញ​ទុក​សម្រាប់​បម្រើការ​អភិវឌ្ឍ​​វិស័យ​ទេសចរណ៍​ទ្រង់ទ្រាយ​ធំនិង​វែងឆ្ងាយ ការ​ថែ​រក្សា​ព្រៃ​ធម្ម​ជាតិ ​និង​ជម្រក​សត្វព្រៃ​និង​ជួយ​លើក​ស្ទួយ​ជីវ​ភាព​ប្រជា​កសិករ​»​។​

​យ៉ាង​ណាក៏​ដោយ​ ជុំវិញ​រឿងនេះ ​រដ្ឋបាល​ព្រៃឈើ​នៃ​ក្រសួង​កសិកម្ម​បាន​គូស​បញ្ជាក់​ថា តំបន់​នេះ​ពុំមាន​សត្វ​ព្រៃ​សំខាន់ៗ​ជិត​ផុត​ពូជ​ និង​កម្រដូច​ការលើកឡើ​ង​នោះទេ ​ហើយ​តំបន់​នេះ​មាន​ជ្រូកព្រៃ​ដែល​តែងតែ​មក​រំខាន​ដល់​ដំណាំ​ប្រជាព​លរដ្ឋ​។​ សត្វព្រៃ​ដែល​លើកឡើង​កន្លងមក ​គឺជា​សត្វព្រៃ​បាន​ថែរក្សា​នៅក្នុង​ឧទ្យាន​សួន​សត្វ​ភ្នំ​តា​ម៉ៅ​ដែលមាន​សុវ​ត្ថិភាព ​១០០% ហើយ​ការអ​ភិវឌ្ឍ​នេះ​មិន​មាន​ការ​ប៉ះពាល់​ទាល់​តែសោះ​​។

​រ​ដ្ឋបា​ល​ព្រៃឈើ​​អះអា​ងថា​«​សត្វព្រៃ​ដែល​តែងតែ​លើក​ឡើង​ដោយ​អង្គការ​សកម្មជន​បរិស្ថាន និង​សាធារ​ណជន​នានាគឺជា​សត្វព្រៃ​ដែល​កំពុង​រស់​នៅក្នុ​ង​ទ្រុង​នៃ​ឧទ្យាន​សួនសត្វ​ភ្នំ​តា​ម៉ៅ និង​សត្វព្រៃ​មួយ​ចំនួន​ទៀត​ដូចជា​ ប្រើស​ រមាំង​ ក្រៀល រនាល ទុង ត្រូវ​បាន​ដោះលែង​ឱ្យ​រ​ស់នៅក្នុង​បរិវេណ​របស់​ឧទ្យាន​សួន​សត្វ​ភ្នំ​តា​ម៉ៅ​ដែល​មាន​របង​ព័ទ្ធជុំវិញ​លើ​ផ្ទៃដី​ជាង​ ៤០០ ​ហិកតា​»​។

​រដ្ឋបាល​ព្រៃឈើ​បញ្ជាក់ទៀ​តថា សត្វ​ព្រៃ​ក្នុង​របង​មិន​អាច​ចេញ​មក​ខាង​ក្រៅ​នោះ​ទេ និង​បាន​មើលថែ​រក្សាផ្តល់​ចំណី​ដោយ​រដ្ឋបាល​ព្រៃឈើនិ​ង​អង្គការ​នានា​។ ការ​លើក​ឡើង​កន្លង​មក​បានធ្វើ​ឱ្យមាន​ការភាន់​ច្រឡំ​ថា​ការអភិវ​ឌ្ឍ​តំបន់​នេះ​ប៉ះពាល់​ដល់​សត្វ​ព្រៃ​។​ ការ​អភិវឌ្ឍ​ដោយ​ប្រើប្រាស់​ដី​សម្រាប់​អភិវឌ្ឍ​មិន​មែន​មានតែ​នៅ​តំបន់ភ្នំ​តា​ម៉ៅ​នោះទេ ឱ្យ​តែ​តំបន់​អភិវឌ្ឍ​ន៍តែង​មានផល​ប៉ះពាល់​តិច​តួច ប៉ុន្តែ​ផល​ត្រឡប់ម​កវិញ​បាន​ផ្តល់​ការងារ​ជូន​ប្រជា​ពលរដ្ឋ​ច្រើន​នៅ​តំបន់​នោះ និង​ការ​ផ្តល់​កំណើន​សេដ្ឋ​កិច្ច​ជាតិ​៕

អត្ថបទគួរចាប់អារម្មណ៍