ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើ លោក Antony J. Blinken រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកពិនិត្យឡើងវិញអំពីការដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ី ដោយលោកបញ្ជាក់ថា ទណ្ឌកម្មនេះមិនប៉ះពាល់ត្រឹមតែរុស្ស៊ីនោះទេ ប៉ុន្តែប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកក្នុងនោះ រួមទាំងកម្ពុជាផងដែរ។
ការស្នើបែបនេះធ្វើឡើងក្នុងជំនួបជាមួយលោក Blinken នាថ្ងៃទី៤ ខែសីហា នៅវិមានសន្តិភាព នៅរាជធានីភ្នំពេញ ក្នុងឱកាសលោកមកចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះចាប់ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី៥ ខែសីហា។
ហ្វេសប៊ុកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ក្រោយជំនួបនេះថា៖ «សម្តេចតេជោ នាយករដ្ឋមន្ត្រី បានស្នើឱ្យមានការពិនិត្យឡើងវិញ អំពីការដាក់ទណ្ឌកម្មទៅលើប្រទេស រុស្ស៊ី ដែលទណ្ឌកម្មនេះ មិនប៉ះពាល់ត្រឹមតែរុស្ស៊ីនោះទេ ប៉ុន្តែប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកក្នុងនោះ រួមទាំងកម្ពុជាផងដែរ»។
ហ្វេសប៊ុកដដែលបញ្ជាក់ថា លោក Blinken បានលើកឡើងពីទិសដៅរបស់សហរដ្ឋអាមេរិក ដែលមានទំនាក់ទំនងជាវិជ្ជមានជាមួយកម្ពុជា ដោយឈរលើមូលដ្ឋាននៃកិច្ចសហប្រតិបត្តិការដែលមានស្រាប់ដូចជា ទីផ្សារនាំចេញ និងជំនួយសម្រាប់ការអភិវឌ្ឍ។
ក្នុងជំនួបនេះ លោក ហ៊ុន សែន រំឭកថា ការអនុញ្ញាតឱ្យកប៉ាល់ Westerdam ចូលចតនៅកម្ពុជានាពេលកន្លងមក គឺជាការងារមនុស្សធម៌ ដោយលោកបញ្ជាក់ថា ប្រសិនបើកម្ពុជាមិនអនុញ្ញាតឱ្យចូលចត នោះប្រជាជននៅលើកប៉ាល់ត្រូវដាច់ស្បៀង ដាច់ទឹក នឹងឈានទៅដល់មានគ្រោះមហន្តរាយដល់អាយុជីវិត ព្រោះមិនមានប្រទេសណាអនុញ្ញាតឱ្យចូលចតក្រៅពីកម្ពុជានោះទេ។
ពាក់ព័ន្ធករណីបោះឆ្នោតគាំទ្រសេចក្តីសម្រេចរបស់មហាសន្និបាតអង្គការសហប្រជាជាតិលើបញ្ហារុស្ស៊ីឈ្លានពានអ៊ុយក្រែននោះ លោក ហ៊ុន សែន ថ្លែងថា ជាគោលការណ៍កម្ពុជា ប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ធម្មនុញ្ញអង្គការសហប្រជាជាតិ និងបទដ្ឋានដែលទទួលស្គាល់ពាក់ព័ន្ធនឹងការគោរពអធិបតេយ្យភាព បូរណភាពទឹកដី និងឯករាជ្យភាពរបស់ប្រទេសសមាជិកអង្គការសហប្រជាជាតិទាំងអស់។ កម្ពុជាអំពាវនាវឱ្យមានបទឈប់បាញ់គ្នា ចរចាដោយសន្តិវិធី និងការអត់ធ្មត់ជាទីបំផុត។
ពាក់ព័ន្ធទៅនឹងការស្វែងរកអដ្ឋិធាតុទាហានអាមេរិកបាត់ខ្លួននៅក្នុងអំឡុងពេលសង្គ្រាមនោះ លោក ហ៊ុន សែន បញ្ជាក់ថា កម្ពុជាបានធ្វើការជាមួយសហរដ្ឋអាមេរិកជាច្រើនឆ្នាំមកហើយ។ កម្ពុជានៅតែបន្តសហការលើបញ្ហាការងារមនុស្សធម៌នេះ។
ពាក់ព័ន្ធបញ្ហានៅមីយ៉ាន់ម៉ា លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា៖ «កម្ពុជា មានការសោកស្ដាយ និងភ្ញាក់ផ្អើលចំពោះការអនុវត្តទោសប្រហារជីវិតសកម្មជន ៤ រូបថ្មីៗនេះ នៅប្រទេសមីយ៉ាន់ម៉ា។ កម្ពុជា ក៏បានធ្វើប្រតិកម្មតាមរយៈការចេញសេចក្តីថ្លែងការណ៍ប្រធានអាស៊ាន នៅថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២២។ ទោះជាយ៉ាងនេះក៏ដោយ កម្ពុជា នៅតែប្ដេជ្ញាចិត្តខិតខំជួយឱ្យប្រទេស មីយ៉ាន់ម៉ា វិលទៅរកភាពប្រក្រតី និងដំណើរការតាមមាគ៌ាប្រជាធិបតេយ្យឡើងវិញ»។
លោកអរគុណដល់សហរដ្ឋអាមេរិកដែលដរាបរៀងមកជួយដល់កម្ពុជាទាំងការងារមនុស្សធម៌ ការបញ្ជូនវ៉ាក់សាំងកូវីដ១៩ ជួយដល់កម្ពុជា ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ការជួយដល់ការងារវប្បធម៌ និងបេតិកភណ្ឌ តាមរយៈការបញ្ជូនវត្ថុបុរាណមកកម្ពុជាវិញ និងការជួយដល់កម្ពុជាលើវិស័យដទៃទៀត រួមទាំងវិស័យអប់រំ វិស័យបរិស្ថានជាដើម៕