គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ (​គជប​) បាននិង កំពុង​រៀបចំ​នីតិវិធី​ការងារ​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត សម្រាប់​បម្រើ​ឱ្យ​ដំណើរការ​នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​ ៧ ឆ្នាំ​ ២០២៣ ​ខាងមុខ ដោយ​ក្នុង​នោះ​មាន​ការងារ​ជាច្រើន​ដែល គជប ត្រូវ​បំពេញ និង​អនុវត្ត​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត ដូចជា ដំណើរការ​ក្នុង​ការរៀបចំ ពិនិត្យ​បញ្ជី និង​ចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​ ២០២២ ​សម្រាប់​បម្រើឱ្យ​ការបោះឆ្នោត​។ លោក សោម សូរីដា អគ្គលេខាធិការរង និង​ជា​អ្នកនាំពាក្យ គជប បាន​ផ្តល់​កិច្ចសម្ភាសន៍​ដល់​ភ្នំពេញ​ប៉ុស្តិ៍​ពាក់ព័ន្ធ​ទៅនឹង​ដំណើរ​ការបោះឆ្នោត​ឆ្នាំ​ ២០២៣​។

តើ​ការបោះឆ្នោត​ឆ្នាំ​ ២០២៣​ មាន​សារៈសំខាន់​យ៉ាងណា​?

ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​ ៧ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី​ ២៣ ខែកក្កដា ឆ្នាំ​ ២០២៣​។ ការបោះឆ្នោត​នេះ​គឺ​មាន​សារៈសំខាន់​ណាស់ ពីព្រោះ​តាម​រដ្ឋធម្មនុញ្ញ គឺ​កម្ពុជា​អនុវត្ត​របប​លទ្ធិប្រជាធិតេយ្យ​សេរី​ពហុបក្ស​។ ប្រជាពលរដ្ឋ​ខ្មែរ ជា​ម្ចាស់​វាសនា​នៃ​ប្រទេស​ជាតិ​របស់​ខ្លួន ដែល​មាន​ន័យថា អំណាច​ទាំងអស់​ជា​របស់​ប្រជាពលរដ្ឋ​។ ប្រជាពលរដ្ឋ​ប្រើប្រាស់​អំណាច​របស់ខ្លួន​តាមរយៈ​រដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល និង​សាលា​ជម្រះក្តី​។ មួយវិញ​ទៀត​ក្នុង​រដ្ឋធម្មនុញ្ញ​នេះ​ក៏បាន​ចែងថា តំណាងរាស្ត្រ​ត្រូវ​ជ្រើសតាំង ដោយ​ការបោះឆ្នោត​ជា​សកល ដោយ​សេរី ដោយ​ស្មើភាព ដោយ​ចំពោះ និង​តាម​វិធី​ជ្រើសរើស​ការបោះឆ្នោត​ដោយ​សម្ងាត់​។

តើ គជប ត្រៀម​អ្វីខ្លះ​សម្រាប់​ដំណើរការ​រៀបចំ​ការបោះ​ឆ្នោត​នេះ​ចាប់ពី​ពេលនេះ​តទៅ​?

សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ឆ្នាំ ​២០២៣ គជប ត្រៀម​រៀបចំ​ការងារ​ជាច្រើន ប៉ុន្តែ​ក្នុង​ចំណោម​ការងារ​ទាំងនោះ គជប ផ្តោត​ទៅលើ​ការងារ​សំខាន់​ ២ គឺ​ទី ​១ ការរៀបចំ​ឯកសារ​គតិយុត្ត ដែល​ត្រូវ​ប្រើ​សម្រាប់​ការបោះឆ្នោត និង​ទី​ ២ ​រៀបចំ​ផែនការ សម្រាប់​ដំណើរការ​រៀបចំ​ការបោះ​ឆ្នោត​។ ដូច្នេះ​ក្នុង​ការរៀបចំ​ឯកសារ​គតិយុត្ត​ទី​ ១​ នេះ មាន​ការរៀបចំ​បទបញ្ជា និង​នីតិវិធី សម្រាប់​ពិនិត្យ​បញ្ជី និង​ការចុះឈ្មោះ​បោះឆ្នោត​ដែល​នេះ គឺជា​ផ្នែក​ ១ នៃ​ការរៀបចំ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ពីព្រោះ គជប ត្រូវ​រៀបចំ​បញ្ជី​បោះឆ្នោត​ ១ ​ដែល​ប្រើប្រាស់​សម្រាប់​ការបោះឆ្នោត​នេះ​។ ការងារ​បន្ទាប់​នៃ​ការរៀបចំ​ឯកសារ​គតិយុត្ត​នេះ​គឺ​ការរៀបចំ​បទបញ្ជា និង​នីតិវិធី​នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ការរៀបចំ​សៀវភៅ​ណែនាំ​គណៈកម្មការ​ការិយាល័យ​រៀបចំ​ការបោះឆ្នោត សៀវភៅ​គណៈកម្មការ​ឃុំ​-​សង្កាត់​រៀបចំ​ការបោះឆ្នោត និង​សៀវភៅ​គណៈកម្មការ​រាជធានី​-​ខេត្ត​រៀបចំ​ការបោះឆ្នោត​ហើយក៏​មាន​សៀវភៅ​ ១ ​ទៀត ដែល​ពាក់ព័ន្ធ​ទៅនឹង​ការណែនាំ​អំពី​ការដាក់ និង​ទទួល​ដោះស្រាយ​បណ្តឹង​។ ក្នុង​នោះដែរ គជប ក៏​រៀបចំ​ជា​សៀវភៅ​ជំនួយ​ស្មារតី​សម្រាប់​អ្នកបោះឆ្នោត រួមទាំង​លិខិតបទដ្ឋាន​គតិយុត្ត​ផ្សេងទៀត ដែល​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត​នេះ​។ សម្រាប់​ការងារ​ទី​ ២ គឺ​ការរៀបចំ​ផែនការ​ សម្រាប់​ដំណើរការ​រៀបចំ​ការបោះឆ្នោត ដោយ​ក្នុង​នោះ​មាន​ទាំង​ត្រៀម​ផែនការមេ​សម្រាប់​រៀបចំ​បោះឆ្នោត​តំណាងរាស្ត្រ ការរៀបចំ​ផែនការ​ថវិកា ការរៀបចំ​ប្រតិទិន ការរៀបចំ​សម្ភារ​បរិក្ខារ​ដែល​ត្រូវ​ប្រើប្រាស់​ការត្រៀម​រៀបចំ និង​ជ្រើសរើស​បណ្តុះបណ្តាល​មន្ត្រី​បោះឆ្នោត និង​កិច្ចសហការ​លើ​ការងារ​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សាធារណៈ​បម្រើ​ឱ្យ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ជាដើម​។

តើ គជប នឹង​ត្រៀម​យន្តការ​ក្នុង​ការដោះស្រាយ​បណ្តឹង​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត​ដូចម្តេច​?

គជប មិនមែន​ត្រឹមតែ​រៀបចំ​ដំណើរការ​បោះឆ្នោត​នោះទេ ប៉ុន្តែ​កិច្ចការងារ​មួយទៀត គឺ​ការទទួល និង​ដោះស្រាយ​បណ្តឹង​ពី​ភាគី​ពាក់ព័ន្ធ ដោយ​ក្នុងនោះ គជប មាន​យន្តការ​ ៣​ ថ្នាក់​មាន​នៅ​ថ្នាក់​គណៈកម្មការ​ឃុំ-សង្កាត់​រៀបចំ​ការបោះឆ្នោត​គណៈកម្មការ​រាជធានី​-​ខេត្ត​រៀបចំ​ការបោះឆ្នោត និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត និង​យន្តការ​ ១ ​ទៀត ដែល​ទទួល និង​ដោះស្រាយ​បណ្តឹង​ដែរនោះ គឺ​ក្រុមប្រឹក្សា​ធម្មនុញ្ញ ដែល​ជា​ស្ថាប័ន​ដោះស្រាយ​បណ្តឹង​ចុងក្រោយ និង​បិទផ្លូវ​តវ៉ា​។

គេ​ថា គជប ដឹកនាំ​ដោយ​គណបក្ស​កាន់អំណាច តើ​លោក​មាន​អ្វី​ឆ្លើយតប​ទេ​?

គជប បច្ចុប្បន្ននេះ មាន​សមាសភាព​មកពី​អង្គការ​សង្គម​ស៊ីវិល គណបក្ស​ប្រជាជន គណបក្ស​ហ៊្វុនស៊ិនប៉ិច អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​សញ្ជាតិ​កម្ពុជា​ដែល​សមាសភាព​នេះ​ត្រូវ​បំពេញ​ភារកិច្ច ដែលមាន​ចែង​នៅក្នុង​កថាខណ្ឌ​ទី​ ៥ មាត្រា​ ១៥១​ ថ្មី​ ២ នៃ​រដ្ឋធម្មនុញ្ញ និង​មាត្រា​ ៧ នៃ​ច្បាប់​ស្តីពី​ការរៀបចំ និង​ប្រព្រឹត្ត​ទៅ​នៃ គជប​។ ចំណុច​នេះ​ខ្ញុំ​សូមបញ្ជាក់​ថា កថាខណ្ឌ​ទី​ ៥ មាត្រា​ ១៥១ ​ថ្មី​ ២ ​នៃ​រដ្ឋធម្មនុញ្ញ​នេះ​ចែង​អំពី​ការខកខាន​មិនបាន​រៀបចំ​សមាសភាព​ថ្មី​នៃ​ការរៀបចំ​ការបោះឆ្នោត​។ គជប ដែល​មាន​សមាសភាព​កំពុង​បំពេញ​ការងារ​ត្រូវ​បន្ត​ការអនុវត្ត​ភារកិច្ច​របស់ខ្លួន ដូច​មាន​កំណត់​ក្នុង​ច្បាប់​។ ចំណែក​មាត្រា​ ៧ នៃ​ច្បាប់​ស្តីពី​ការរៀបចំ និង​ប្រព្រឹត្ត​ទៅ​នៃ គជប ក៏មាន​ចែង​អំពី​ខ្លឹមសារ​ដូចគ្នា​នេះដែរ​។ ដូច្នេះ​សមាសភាព​នេះ​បាន​បំពេញ​ស្រប​ទៅនឹង​រដ្ឋធម្មនុញ្ញ និង​ស្រប​ទៅ​នឹង​មាត្រា​ ៧ នៃ​ច្បាប់​ស្តីពី​ការរៀបចំ និង​ប្រព្រឹត្តទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​។

តើ គជប នឹង​សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ដូចម្តេច​ក្នុង​ដំណើរការ​បោះឆ្នោត​នេះ​?

ក្នុងការ​បោះឆ្នោត​ភាគី​ពាក់ព័ន្ធ​មាន​តួនាទី​សំខាន់​ក្នុង​ដំណើរការ​នេះ​។ ក្រៅពី គជប គឺមាន​គណបក្ស​នយោបាយ ដែល​ចូលរួម​ប្រកួត​ប្រជែង​ការបោះឆ្នោត អង្គការ​សង្គម​ស៊ីវិល ដែល​ធ្វើការងារ​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត រាជរដ្ឋាភិបាល​ដែល​បំពេញ​តួនាទី​របស់​ខ្លួន​ក្នុង​ការផ្តល់​កិច្ចសហការ​ជូន គជប ក្នុង​ការងារ​ការពារ​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សាធារណៈ​។ ដូច្នេះ​ការពង្រឹង​ភាពជា​ដៃគូ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ខាងលើ​នេះ គឺជា​អ្វីដែល គជប បាន​អនុវត្ត​យ៉ាងរឹងមាំ និង​ទទួល​បាន​ជោគជ័យ សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ អាណត្តិ​ទី​ ៥ ឆ្នាំ​ ២០២២ កន្លង​ទៅ​នេះ​។

ភាគី​ពាក់ព័ន្ធ​ដែល គជប បាន​ពង្រឹង​កិច្ចសហប្រតិបត្តិការ​នេះ​នៅតែ​ជា​ដៃគូ​មិនអាច​ខ្វះ​បាន​ក្នុង​ដំណើរការ​រៀបចំ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​ ៧ ខាងមុខ​។ ជាមួយ​គ្នា​នេះ ខ្ញុំ​សូម​បញ្ជាក់​ដែរ​ថា តាម​ការវាយតម្លៃ​ជាទូទៅ សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា-​ឃុំ​-​សង្កាត់​អាណត្តិ​ទី​ ៥ របស់​ភាគី​ពាក់ព័ន្ធ​បាន​ប្រព្រឹត្ត​ទៅក្នុង​បរិយាកាស​ស្ងប់ស្ងាត់ សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សាធារណៈ​ល្អប្រសើរ​គ្មាន​អំពើ​ហិង្សា គ្មាន​ការគំរាម​កំហែង និង​ ១ ​ទៀត​តាម​ការវាយតម្លៃ​អន្តរជាតិ គឺ​ការបោះឆ្នោត​នេះ​ប្រព្រឹត្ត​ទៅ​មាន​កម្រិត​ស្តង់ដា​អន្តរជាតិ​។ ក្នុង​កិច្ចសហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ គជប នឹង​បន្ត​ពង្រឹង​បន្ថែម​ទៀត ដើម្បី​ឱ្យ​ដំណើរការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នៅពេល​ខាងមុខ​ឱ្យ​ប្រព្រឹត្តទៅ​រលូន និង​មាន​សណ្តាប់ធ្នាប់​ល្អ​បន្ថែមទៀត​។

ការបោះឆ្នោត​នីមួយៗ​នាពេល​កន្លង​មក គជប តែងតែ​ទទួល​បាន​ការកោត​សរសើរ​ផង និង​រិះគន់​ផង​ពី​ភាគី​ពាក់ព័ន្ធ​តើ​សម្រាប់​បោះឆ្នោត នៅ​ឆ្នាំ​ ២០២៣ ខាងមុខ​គជប មាន​ការប្តេជ្ញា​យ៉ាងណា​?

ថ្មី​ដ្បិតតែ​មាន​មតិ​ជាតិ និង​អន្តរជាតិ​កោតសរសើរ​ចំពោះ​សមិទ្ធផល​ដែល គជប សម្រេច​បាន​ក៏ពិតមែន ក៏​នៅ​មាន​មតិ​រិះគន់​មួយចំនួន​តូច ជាពិសេស គជប ទទួល​បាន​ការរិះគន់​ពី​គណបក្ស ដែល​មិន​ទទួលបាន​ជោគជ័យ​ក្នុង​ដំណើរការ​បោះឆ្នោត​កន្លង​មក​។ ប៉ុន្តែ យ៉ាងណា​ក៏ដោយ ទាំង​ការលើក​សរសើរ និង​រិះគន់ គជប តែងតែ​យក​មក​ពិចារណា ដើម្បី​ពិនិត្យ​ឡើង​វិញ​នូវ​អ្វី​ដែលជា​បញ្ហា​ប្រឈម និង​អ្វី​ជា​គុណសម្បត្តិ ដែល​ត្រូវ​ពង្រឹង និង​អនុវត្ត​បន្តទៀត ហើយ​បញ្ហា​ប្រឈម​នឹង​ត្រូវ​រក​ដំណោះស្រាយ ដែល​កិច្ចការ​នេះ គជប ធ្វើការ​យ៉ាង​ល្អិតល្អន់​បំផុត​ក្នុង​សន្និបាត ដែល​បាន​រៀបចំ​នៅឯ​ខេត្ត​ព្រះសីហនុ​។

ក្នុង​សន្និបាត​បូកសរុប​នេះ យើង​បាន​ដាក់​ប្រធានបទ​ចំនួន​ ៥ ដើម្បី​ពិភាក្សា​រក​ចំណុចខ្លាំង និង​ចំណុច​ខ្សោយ​ពាក់ព័ន្ធ​នឹង​ដំណើរការ និង​ការអនុវត្ត របស់ គជប​។ ចំពោះ​ចំណុច​ខ្សោយ និង​បញ្ហា​ប្រឈម គឺ គជប តាមរយៈ​សន្និបាត​នេះ រកឃើញ​បញ្ហា​មួយចំនួន និង​បាន​ដំណោះស្រាយ ដែល​ត្រូវ​អនុវត្ត និង​លើកកម្ពស់ សម្រាប់​ការបោះឆ្នោត​នៅ​ឆ្នាំ​បន្តបន្ទាប់​ទៀត ពិសេស​ការបោះឆ្នោត​ឆ្នាំ​ ២០២៣ ដែលជា​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​ ៧​។

តើ គជប មាន​អ្វី​ជា​ការ​សំណូមពរ​ទៅ​កាន់​ភាគី​ពាក់ព័ន្ធ​?

សម្រាប់ គជប តែងតែ​លើក​ទឹកចិត្ត​ឱ្យ​មាន​ការចូលរួម​ពី​ភាគី​ពាក់ព័ន្ធ ហើយ​ការចូលរួម​ត្រូវ​គោរព និង​អនុវត្ត​ទៅតាម​ច្បាប់​របស់​កម្ពុជា និង​ក្រមសីលធម៌​នៃ​ការបោះឆ្នោត​។ ដូច្នេះ គជប សំណូមពរ​ឱ្យ​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​បំពេញ​ភារកិច្ច​របស់​ខ្លួន​ប្រកប​ដោយ​ការគោរព និង​អនុវត្ត​ទៅតាម​ច្បាប់ ពិសេស​ក្រមសីលធម៌ សម្រាប់​ការបោះឆ្នោត​។ មួយវិញទៀត បើ​ភាគី​ពាក់ព័ន្ធ​មាន​បញ្ហា​អ្វីមួយ​នោះ គឺ​យើង​អាច​ជជែក​គ្នា តាមរយៈ​យន្តការ​គណៈកម្មការ​ឃុំ​-​សង្កាត់​រៀបចំ​ការបោះឆ្នោត គណៈកម្មការ​រាជធានី-​ខេត្ត​រៀបចំ​ការបោះឆ្នោត និង​នៅ​កិច្ចប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ ដែល គជប តែងតែ​រៀបចំ​ធ្វើឡើង​ជា​ទៀងទាត់ និង​នៅ​គ្រប់​ដំណាក់កាល​នៃ​ការរៀបចំ​ការបោះឆ្នោត​៕