The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - លោក​ ហ៊ុន សែន៖ វ៉ាក់សាំង​ចិន​ជា​បង្អែក​ដ៏រឹងមាំ​ ធ្វើឱ្យ​កម្ពុជា​អាច​ប្រឆាំង​កូវីដ​បាន​លំដាប់​ថ្នាក់​ទី​១

លោក​ ហ៊ុន សែន៖ វ៉ាក់សាំង​ចិន​ជា​បង្អែក​ដ៏រឹងមាំ​ ធ្វើឱ្យ​កម្ពុជា​អាច​ប្រឆាំង​កូវីដ​បាន​លំដាប់​ថ្នាក់​ទី​១

Content image - Phnom Penh Post
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ជំនួប​ជាមួយ​លោក វ៉ាង យី ទីប្រឹក្សា​រដ្ឋ​ និង​ជា​រដ្ឋមន្ត្រី​ការបរទេស​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ កាលពីថ្ងៃទី​ ៣ សីហា។ រូបថត SPM

លោក​ ហ៊ុន សែន៖ វ៉ាក់សាំង​ចិន​ជា​បង្អែក​ដ៏រឹងមាំ​ ធ្វើឱ្យ​កម្ពុជា​អាច​ប្រឆាំង​កូវីដ​បាន​លំដាប់​ថ្នាក់​ទី​១

ភ្នំពេញៈ នា​ជំនួប​ជាមួយ​នឹង​លោក វ៉ាង យី ទីប្រឹក្សា​រដ្ឋ​ និង​ជា​រដ្ឋមន្ត្រី​ការបរទេស​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​នា​រសៀល​ថ្ងៃទី​ ៣ សីហា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើង​ថា ទោះបីជា​កម្ពុជា​ទទួល​បាន​ជោគជ័យ​លើ​ការប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​ ១៩​ ក៏ដោយ តែ​ការប្រយុទ្ធ​នេះ​នៅតែ​ជា​ការងារ​អាទិភាព​របស់​ប្រទេស​កម្ពុជា​។

លោក ហ៊ុន សែន បាន​លើកឡើង​នាឱកាស​នោះ​ដោយ​បាន​អរគុណ​ដល់​ប្រទេស​ចិន​ ដែល​បាន​គាំទ្រ​ការផ្ដល់​នូវ​វ៉ាក់សាំង​យ៉ាង​សន្ធឹកសន្ធាប់ ហើយ​វ៉ាក់សាំង​ចិន​ក៏​ជា​បង្អែក​មួយ​ដ៏​រឹងមាំ​ដែល​ធ្វើឱ្យ​កម្ពុជា​អាច​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​នេះ​ទទួល​បាន​នូវ​លំដាប់​ថ្នាក់​ទី​ ១ ដែល​មាន​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាជន​បាន​ច្រើន​ជាងគេ​។ លោក​មាន​ប្រសាសន៍​ថា​៖ «​ទោះបី​យើង​បាន​ជោគជ័យ​ហើយក៏​ពិតមែន តែ​ការប្រយុទ្ធ​ប្រឆាំង​ជាមួយ​ជំងឺ​កូវីដ-១៩ នៅតែ​ជា​ការងារ​អាទិភាព​របស់​ប្រទេស​កម្ពុជា ជាពិសេស​ការបន្ត​ធ្វើការ​លើ​វិស័យ​សុខភាព​សាធារណៈ​ដែល​នៅតែ​ជា​វិស័យ​អាទិភាព ជាពិសេស​ការបន្ត​ធ្វើ​យ៉ាងណា​ឱ្យ​កម្ពុជា​មាន​លទ្ធភាព​ផលិត​វ៉ាក់សាំង​ក្នុង​ប្រទេស​កម្ពុជា​នាពេល​ខាងមុខ​»​។

លោក ហ៊ុន សែន បាន​បញ្ជាក់​ផងដែរ​អំពី​ការស្ដារ​សេដ្ឋកិច្ច ហើយ​និង​ការបើក​សេដ្ឋកិច្ច​ឡើងវិញ​ដែល​ធ្វើឱ្យ​កម្ពុជា​មាន​លទ្ធភាព​ក្នុង​ការនាំចេញ​កាន់តែ​ច្រើន ហើយ​អាច​បង្កើន​ចំណូល​របស់ខ្លួន​កាន់តែ​ច្រើន​ផងដែរ​។ ជាមួយ​គ្នា​នោះ លោក​ក៏បាន​បញ្ជាក់​ពី​យុទ្ធសាស្ត្រ​ទៅមុខ​ទៀតថា នៅ​ឆ្នាំ ២០២៤-២០២៥ និង ២០២៦ កម្ពុជា​ក៏បាន​ត្រៀម​ឱ្យ​ទិញ​វ៉ាក់សាំង​ទុក​ប្រមាណ​ជាង ១០០ ​លាន​ដូស​បន្ថែមទៀត​ក្នុង​ការត្រៀម​ការចាក់​វ៉ាក់សាំង​ការពារ​ដែលជា​តម្រូវការ​ធ្វើ​យ៉ាងម៉េច​ឱ្យ​កម្ពុជា​បាន​ឆ្លង​ផុតពី​ជំងឺ​កូវីដ​ ១៩ នាពេល​ខាងមុខ​។

ពាក់ព័ន្ធ​នឹង​វ៉ាក់សាំង​កូវីដ​ ១៩ ​នេះ លោក វ៉ាង យី បាន​បញ្ជាក់​ប្រាប់​លោក ហ៊ុន សែន នា​ជំនួប​នោះដែរ​ថា នៅពេល​ណា​កម្ពុជា​មាន​តម្រូវការ ចិន​នឹង​ជួយ​ផ្ដល់​នៅក្នុង​លក្ខណៈ​អាទិភាព​។

ទាក់ទង​នឹង​កូវីដ​ ១៩ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​ និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ចចាក់​វ៉ាក់សាំង​កូវីដ​ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស​បាន​ក្រើនរំឭក​សាជាថ្មី​ ដោយ​លោកស្រី​នៅតែ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​កុំឱ្យ​មាន​ការព្រងើយ​កន្តើយ និង​ធ្វេសប្រហែស​ក្នុង​ការការពារ​ខ្លួន​។

លោកស្រី​ថា​៖ «​ការព្រងើយកន្តើយ​ និង​ធ្វេសប្រហែស​ក្នុង​ការការពារ​ខ្លួន​ជា​កត្តា​បើកចំហ​ឱ្យ​វីរុស​កូវីដ​ ១៩​ មាន​ការឆ្លង​កាន់តែ​កើនឡើង​ និង​លឿន​ខ្លាំង​។ ដូច្នេះ​នៅពេលណា​ដែល​អញ្ជើញ​ទៅ​កន្លែង​ណា​ក៏ដោយ​សូម​នាំគ្នា​អនុវត្ត​វិធានការ ៣ ​ការពារ និង​ ៣ ​កុំ រួមជាមួយ​ការចាក់​វ៉ាក់សាំង​ដូស​ជំរុញ ពេល​ដល់​វេន​ឱ្យ​បាន​ទាន់ពេល​ ដើម្បី​សុខភាព​ផ្ទាល់ខ្លួន​»​។

បើតាម​របាយការណ៍​ក្រសួង​សុខាភិបាល គិត​ត្រឹម​ថ្ងៃទី​ ៣ សីហា អត្រា​ចាក់​វ៉ាក់សាំង​កូវីដ-១៩​ ទទួល​បាន​ដល់​ ៩៤,៦០% ​នៃ​ប្រជាជន​សរុប​ ១៦​ លាន​នាក់ ខណៈ​អ្នក​ដែល​បាន​ចាក់​ដូស​ជំរុញ​ដែល​ជា​ដូស​ទី​ ៣ មាន​ចំនួន​ជាង​ ៩,៧​ លាន​នាក់​។

សម្រាប់​អ្នក​ចាក់​ដូស​ទី​ ៤ មាន​ចំនួន​ជាង ​៣,៦ លាន​នាក់ និង​អ្នក​ដែល​បាន​ចាក់​ដូស​ទី ​៥ បាន​ចំនួន​ជិត​ ៥០ ​ម៉ឺន​នាក់​ផងដែរ​។

ដោយឡែក រដ្ឋាភិបាល និង​ប្រជាជន​សហព័ន្ធរុស្ស៊ី​បាន​ផ្តល់​នូវ​កញ្ចប់ តេស្ត​រក​វីរុស​អុតស្វា (Monkeypox Test Kits) ចំនួន ៥០០ ​ឯកតា​ជូន​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា​ ដើម្បី​ទប់ស្កាត់​ការរីករាលដាល​នៃ​ជំងឺ​អុតស្វា ដែល​ការ​ប្រគល់​ទទួល​នេះ​ត្រូវបាន​ធ្វើឡើង​នៅ​ក្រសួង​សុខាភិបាល កាលពី​ថ្ងៃទី​ ៤ ខែសីហា​។ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​បាន​ថ្លែងថា កម្ពុជា និង​សហព័ន្ធ​រុស្ស៊ី​មាន​ចំណង​មិត្តភាព​ជា​ប្រពៃណី​ដ៏យូរអង្វែង​ហើយ​បច្ចុប្បន្ន ប្រទេស​ទាំង​ ២​ ក៏មាន​កិច្ចសហប្រតិបត្តិការ​ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី ពហុភាគី ក៏ដូចជា​ក្នុង​អាស៊ាន​បូក ដើម្បី​នាំមក​នូវ​សន្តិភាព ស្ថិរភាព សន្តិសុខ​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព និង​ផលប្រយោជន៍​នៃ​ប្រជាជាតិ​ទាំង​ ២​។

លោក​មាន​ប្រសាសន៍​ថា៖ «​ថ្ងៃនេះ​ចំណងមិត្តភាព​ និង​កិច្ចសហប្រតិបត្តិការ​កម្ពុជា​-​រុស្ស៊ី បាន​បង្កើត​នូវ​កាលានុវត្តភាព​ថ្មី​មួយទៀត ដែល​ជា​ការឆ្លើយតប​ទៅនឹង​សេចក្តី​ប្រកាស​របស់​អង្គការ​សុខភាព​ពិភពលោក​ដែល​បាន​ប្រកាស​ជា​ផ្លូវការ​កាលពី​ថ្ងៃទី​ ២៣ ខែកក្កដា ដោយបាន​ដាក់​ជំងឺ​អុតស្វា ជា​បញ្ហា​សុខភាព​សាធារណៈ​សកល​»​។

រហូត​មក​ដល់​ពេលនេះ កម្ពុជា​មាន​ករណី​ជំងឺ​អុតស្វា​តែ​ ១ ​ករណី​ប៉ុណ្ណោះ​ដែល​ជា​ការនាំចូល ប៉ុន្តែ​ទោះជា​យ៉ាងណា​ក៏ដោយ​រាជរដ្ឋាភិបាល ដែល​មាន​ក្រសួង​សុខាភិបាល​ជា​សេនាធិការ​បាន​ត្រៀមលក្ខណៈ​ ដើម្បី​ឆ្លើយតប​បន្ទាន់​ក្នុងករណី​មាន​ការផ្ទុះឡើង​ជំងឺ​អុតស្វា​ជាយថាហេតុ​។
នាឱកាស​នោះដែរ លោក ម៉ម ប៊ុនហេង ក៏​បញ្ជាក់​ដែរថា ការផ្តល់​ជំនួយ​កញ្ចប់​តេស្ត​រក​វីរុស​អុតស្វា​ចំនួន​ ៥០០ ​ឯកតា​នាពេល​នេះ​ជា​ការរួមចំណែក​ ដើម្បី​ត្រៀម​បម្រុង​ទប់ស្កាត់ ឆ្លើយតប​ការរីករាលដាល​នៃ​ជំងឺ​អុតស្វា​នេះ​។

លោក​ថា​៖ «​នេះ​គឺជា​កាយវិការ​បង្ហាញ​នូវ​មនោសញ្ចេតនា​ជា​បងប្អូន​ និង​សាមគ្គីភាព​របស់​រដ្ឋាភិបាល​ និង​ប្រជាជន​រុស្ស៊ី​ជាមួយ​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា​នៅក្នុង​កាលៈទេសៈ​ដែល​ពិភពលោក​ទាំងមូល​កំពុង​ជួបនឹង​បញ្ហា​ប្រឈម​ជាច្រើន ដែល​មិន​ធ្លាប់មាន​ពីមុនមក​»​។

គួរបញ្ជាក់​ផងដែរ​ថា បុរស​ជនជាតិ​នីហ្សេរីយ៉ា​ដែល​បាន​ឆ្លង​ជំងឺ​អុតស្វា​ដែល​ជា​ករណី​ដំបូង​នៃ​ការនាំ​ចូលក្នុង​ប្រទេស​កម្ពុជា​ដែល​ត្រូវបាន​រកឃើញ​កាលពី​ថ្ងៃទី​ ២៣ ខែ​កក្កដា​កន្លងមក នៅ​តែ​បន្ត​សម្រាក​ព្យាបាល​ជំងឺ​នេះ​នៅក្នុង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-​សូវៀត​នៅឡើយ​ ដោយ​នៅមាន​វិជ្ជមាន​វីរុស​នេះ​នៅឡើយ ខណៈ​អ្នកពាក់ព័ន្ធ​ផ្ទាល់​នឹង​បុរស​រូបនេះ​ក៏​នៅតែ​បន្ត​តាមដាន​សុខភាព​ដដែល​ផងដែរ ទោះបី​មិនទាន់​មាន​ចេញ​រោគសញ្ញា​នៃ​ការឆ្លង​មេរោគ​នេះ​ក៏ដោយ​៕

អត្ថបទគួរចាប់អារម្មណ៍