ភ្នំពេញៈ កម្ពុជា​នា​ថ្ងៃទី​ ៤ ខែសីហា បាន​ដឹកនាំ​កិច្ចប្រជុំ​រដ្ឋ​មន្ត្រី​ការបរទេស​អាស៊ាន​ជាមួយ​បណ្តា​ប្រទេស​ពាក់ព័ន្ធ​ជាង​ ១០ ​ប្រទេស​ដែល​ក្នុងនោះ​រួមមាន​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​-​ចិន អាស៊ាន​-​កូរ៉េខាងត្បូង អាស៊ាន-​ជប៉ុន អាស៊ាន​-​ចក្រភព​អង់គ្លេស អាស៊ាន​បូក​ ៣ អាស៊ាន​-​ឥណ្ឌា អាស៊ាន​-​កាណាដា អាស៊ាន​-​អូស្ត្រាលី អាស៊ាន​-​នូវែលសេឡង់ អាស៊ាន-​សហភាព​អឺរ៉ុប អាស៊ាន-​សហរដ្ឋ​អាមេរិក អាស៊ាន​-​រុស្ស៊ី ដែល​ធ្វើឡើង​នៅ​រាជធានី​ភ្នំពេញ​។

នា​ថ្ងៃទី ​៤​ សីហា នេះដែរ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ជួប​ជាមួយ​លោក Antony J. Blinken រដ្ឋមន្ត្រី​ក្រសួង​ការបរទេស សហរដ្ឋអាមេរិក លោក Sergey Lavrov រដ្ឋមន្ត្រី​ការបរទេស​សហព័ន្ធរុស្ស៊ី និង​លោក Josep Borrll Fontelles) តំណាង​ជាន់ខ្ពស់​ទទួល​បន្ទុក​កិច្ចការបរទេស និង​សន្តិសុខ នយោបាយ និង​ជា​អនុប្រធាន​គណៈកម្មការ​អឺរ៉ុប​។

លោក ហ៊ុន សែន ស្នើ​លោក Antony J. Blinken រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋអាមេរិក​ពិនិត្យ​ឡើង​វិញ​អំពី​ការដាក់​ទណ្ឌកម្ម​ទៅលើ​ប្រទេស​រុស្ស៊ី ដោយ​លោក​បញ្ជាក់​ថា ទណ្ឌកម្ម​នេះ​មិន​ប៉ះពាល់​ត្រឹមតែ​រុស្ស៊ី​នោះទេ ប៉ុន្តែ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ពិភពលោក ក្នុងនោះ​រួមទាំង​កម្ពុជា​ផងដែរ​។ ការស្នើ​បែប​នេះ​ធ្វើឡើង​ក្នុងជំនួប​ជាមួយ​លោក Blinken នៅ​វិមាន​សន្តិភាព ក្នុង​ឱកាស​លោក​មក​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។ ហ្វេសប៊ុក​លោក​នាយករដ្ឋមន្ត្រី​បញ្ជាក់​ក្រោយ​ជំនួប​នេះ​ថា​៖ «​សម្តេច​តេជោ​បាន​ស្នើ​ឱ្យមាន​ការពិនិត្យ​ឡើងវិញ​អំពី​ការដាក់​ទណ្ឌកម្ម​ទៅលើ​ប្រទេស​រុស្ស៊ី ដែល​ទណ្ឌកម្ម​នេះ​មិន​ប៉ះពាល់​ត្រឹមតែ​រុស្ស៊ី​នោះទេ ប៉ុន្តែ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ពិភពលោក​ក្នុង​នោះ រួមទាំង​កម្ពុជា​​ផងដែរ​»​។ ហ្វេសប៊ុក​ដដែល​​បញ្ជាក់ថា លោក Blinken បាន​លើកឡើង​ពី​ទិសដៅ​របស់​សហរដ្ឋ​អាមេរិក​ដែល​មាន​ទំនាក់​ទំនង​ជា​វិជ្ជមាន​ជាមួយ​កម្ពុជា ដោយ​ឈរលើ​មូលដ្ឋាន​នៃ​កិច្ចសហប្រតិបត្តិការ​ ដែល​មាន​ស្រាប់​ដូច​ជា​ទីផ្សារ​នាំចេញ និង​ជំនួយ​សម្រាប់​ការអភិវឌ្ឍ​។

ក្នុងជំនួប​នេះ លោក ហ៊ុន សែន រំឭកថា ការអនុញ្ញាត​ឱ្យ​កប៉ាល់ Westerdam ចូល​ចត​នៅ​កម្ពុជា​នាពេល​កន្លងមក គឺជា​ការងារ​មនុស្សធម៌ ដោយ​លោក​បញ្ជាក់ថា ប្រសិនបើ​កម្ពុជា​មិន​អនុញ្ញាត​ឱ្យចូល​ចត នោះ​ប្រជាជន​នៅលើ​កប៉ាល់​ត្រូវ​ដាច់​ស្បៀង ដាច់ទឹក នឹង​ឈាន​ទៅដល់​មាន​គ្រោះ​មហន្តរាយ​ដល់​អាយុជីវិត ព្រោះ​មិន​មាន​ប្រទេស​ណា​អនុញ្ញាត​ឱ្យចូល​ចត​ក្រៅពី​កម្ពុជា​នោះទេ​។

កិច្ចប្រជុំ​អាស៊ាន-​រុស្ស៊ី កាលពី​ថ្ងៃ​ម្សិលមិញ​។ហុង មិនា

ពាក់ព័ន្ធ​ករណី​បោះឆ្នោត​គាំទ្រ​សេចក្តី​សម្រេច​របស់​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​លើ​បញ្ហា​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន​នោះ លោក ហ៊ុន សែន ថ្លែងថា ជាគោលការណ៍​កម្ពុជា​ប្រកាន់​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​គោលការណ៍​​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ និង​បទដ្ឋាន​ដែល​ទទួល​ស្គាល់​ពាក់ព័ន្ធ​នឹង​ការគោរព​អធិបតេយ្យភាព បូរណភាព​ទឹកដី និង​ឯករាជ្យភាព​របស់​ប្រទេស​សមាជិក​អង្គការ​សហប្រជាជាតិ​ទាំងអស់​។ កម្ពុជា​អំពាវនាវ​ឱ្យមាន​បទ​ឈប់​បាញ់​គ្នា ចរចា​ដោយ​សន្តិវិធី និង​ការអត់ធ្មត់​ជាទីបំផុត​។

ចំណែក​បញ្ហា​នៅ​មីយ៉ាន់ម៉ា លោក​នាយក​រដ្ឋមន្ត្រី​បញ្ជាក់ថា​៖ «​កម្ពុជា​មាន​ការសោកស្ដាយ​ និង​ភ្ញាក់ផ្អើល​ចំពោះ​ការអនុវត្ត​ទោស​ប្រហារជីវិត​សកម្មជន​ ៤ ​រូប​ថ្មីៗ​នេះ​នៅ​ប្រទេស​មីយ៉ាន់ម៉ា​។ កម្ពុជា ក៏បាន​ធ្វើ​ប្រតិកម្ម​តាមរយៈ​ការចេញ​សេចក្តី​ថ្លែងការណ៍​ប្រធាន​អាស៊ាន នៅ​ថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ​ ២០២២​។ ទោះជា​យ៉ាងនេះ​ក៏ដោយ កម្ពុជា នៅតែ​ប្ដេជ្ញាចិត្ត​​ខិតខំ​ជួយ​ឱ្យ​ប្រទេស​មីយ៉ាន់ម៉ា វិល​ទៅរក​ភាពប្រក្រតី និង​ដំណើរការ​តាម​មាគ៌ា​ប្រជាធិបតេយ្យ​ឡើង​​វិញ​»​។ លោក​អរគុណ​សហរដ្ឋ​អាមេរិក​ដែលជា​រៀង​ដរាប​តែង​ជួយ​ដល់​កម្ពុជា​ទាំង​ការងារ​មនុស្សធម៌​ការបញ្ជូន​វ៉ាក់សាំង​កូវីដ​ ១៩ ជួយ​ដល់​កម្ពុជា ក្នុង​ការទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូវីដ​ ១៩​ ការជួយ​ដល់​ការងារ​វប្បធម៌ និង​ជួយ​លើ​វិស័យ​ផ្សេងៗ​ជាច្រើន​។

ក្នុង​ជំនួប​ជាមួយ​នឹង លោក Sergey Lavrov រដ្ឋមន្ត្រី​ការបរទេស​សហព័ន្ធរុស្ស៊ី លោក ហ៊ុន សែន លើកឡើង​ថា ទំនាក់​ទំនង​រវាង​កម្ពុជា​ និង​រុស្ស៊ី​ជា​ទំនាក់​ទំនង​ប្រវត្តិសាស្ត្រ ដែល​កម្ពុជា​តែងតែ​ផ្ដល់​សារៈសំខាន់​ខ្លាំង​ក្នុង​ការពង្រឹង​ពង្រីក​ទំនាក់ទំនង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ​លើ​វិស័យ​នានា​ជាមួយ​រុស្ស៊ី​។ នា​ជំនួប​នោះ លោក Sergey Lavrov បាន​លើកឡើង​ពី​ស្ថានភាព​ និង​ជំហរ​របស់​រុស្ស៊ី ជុំវិញ​ករណី​ជម្លោះ​អ៊ុយក្រែន ហើយ​លោក​ក៏បាន​សង្កត់ធ្ងន់​លើ​ការពង្រឹង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ដែលមាន​ស្រាប់ និង​ជំរុញ​កិច្ចសហប្រតិបត្តិការ​បន្ថែម​លើ​វិស័យ​ទេសចរណ៍ វិនិយោគ និង​វិស័យ​ដទៃទៀត​ផងដែរ​។ លោក​បាន​បន្ថែមថា ការពង្រឹង​ និង​ការជំរុញ​កិច្ចសហប្រតិបត្តិការ​នេះ ធ្វើឡើង​តាមរយៈ​ការរៀបចំ​កិច្ចប្រជុំ​លើក​ទី​ ១១ នៃ​គណៈកម្មការ​អន្តររដ្ឋាភិបាល​កម្ពុជា​-​រុស្ស៊ី ស្តីពី​កិច្ចសហប្រតិបត្តិការ​ពាណិជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្ត្រ និង​បច្ចេកទេស​។

ក្នុងជំនួប​ជាមួយ​លោក Josep Borrell Fontelles តំណាង​ជាន់ខ្ពស់​ទទួល​បន្ទុក​កិច្ចការបរទេស និង​សន្តិសុខ នយោបាយ និង​ជា​អនុប្រធាន​គណៈកម្មការ​អឺរ៉ុប​លោក ហ៊ុន សែន បាន​ថ្លែង​អំណរគុណ​ដល់​សហភាព​អឺរ៉ុប ដែល​បាន​គាំទ្រ​ដល់​កម្ពុជា ក្នុង​​ឱកាស​ជា​ប្រធាន​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប លើក​ទី ​១៣ ដែល​បានបញ្ចប់ «​ដោយ​ជោគជ័យ​» កាលពី​ខែវិច្ឆិកា​ឆ្នាំ ​២០២១ ហើយក៏​បាន​ថ្លែង​អំណរគុណ​សហភាព​អឺរ៉ុប ចំពោះ​ការគាំទ្រ​ដល់​កម្ពុជា​ជា​ប្រធាន​អាស៊ាន ឆ្នាំ​២០២២ និង​តួនាទី​ជា​ប្រេសិត​ពិសេស​នៃ​ប្រធាន​អាស៊ាន​ឆ្នាំ​ ២០២២ ស្តីពី​មីយ៉ាន់ម៉ា​។ លោក​នាយក​រដ្ឋមន្ត្រី​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល «​ប្រកប​ដោយ​ផ្លែផ្កា​» នៃ​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​កម្ពុជា សហភាព​អឺរ៉ុប លើក​ទី​ ១១ កាលពី​ខែមីនា​ឆ្នាំ​ ២០២២ ដែល​បាន​រួមចំណែក​ដល់​ការពង្រឹង​ទំនាក់​ទំនង និង​កិច្ចសហប្រតិបត្តិការ​រវាង​ភាគី​ទាំង​ ២​។

លោក​ ហ៊ុន សែន ក៏បាន​ថ្លែង​​អំណរគុណ​ផងដែរ​ដល់​សហភាព​អឺរ៉ុប ចំពោះ​ការផ្ដល់​ជំនួយ​កិច្ចសហប្រតិបត្តិការ​ដល់​កម្ពុជា​ចាប់តាំងពី​ឆ្នាំ​ ១៩៩២ មក ដែល​បាន​ចូលរួម​ «​យ៉ាងសំខាន់​» ដល់​ការអភិវឌ្ឍ​កម្ពុជា និង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សហភាព​អឺរ៉ុប ដែល​បាន​ផ្ដល់​ជំនួយ​ជា​វ៉ាក់សាំង​កូវីដ​ ១៩ តាមរយៈ​យន្តការ​កូវ៉ាក់ និង​ហិរញ្ញប្បទាន​កន្លងមក ដែល​បាន​ចូលរួម​ចំណែក​ដល់​ «​ភាពជោគជ័យ​របស់​កម្ពុជា​» ក្នុង​យុទ្ធនាការ​ទប់ស្កាត់​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ និង​ស្ដារ​សេដ្ឋកិច្ចសង្គម​កម្ពុជា​ឡើងវិញ​។

លោក​ ហ៊ុន សែន ​ថ្លែងថា​កម្ពុជា គាំទ្រ​ចំពោះ​គំនិត​ផ្ដួចផ្ដើម​ឱ្យ​មាន​ការរៀបចំ​ប្រជុំ​កំពូល​រំឭក​ខួប ៤៥ ​ឆ្នាំ​នៃ​ទំនាក់​ទំនង​ដៃគូ​សន្ទនា​រវាង​អាស៊ាន-​សហភាព​អឺរ៉ុប នៅក្នុង​ខែធ្នូ ឆ្នាំ ​២០២២ ខាងមុខនេះ ហើយ​លោក​ជឿជាក់​ថា ​លទ្ធផល​នៃ​កិច្ចប្រជុំ​កំពូល​នេះ​នឹង​រំលេច​ពី​សារៈសំខាន់ ហើយ​ពង្រីក​បន្ថែម​នូវ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​អាស៊ាន​-​សហភាព​អឺរ៉ុប​។

ដោយឡែក​ករណី ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​រំឭក​អំពី​អ្វីដែល​លោក​បាន​លើកឡើង​កន្លង​មក​នោះ គឺ​កម្ពុជា​មិន​យក​អធិបតេយ្យភាព​ខ្លួន​ទៅ​ដូរ​យក​ជំនួយ ឬ​ភាពអនុគ្រោះ​អ្វី​នោះទេ​៕