ភ្នំពេញៈ អាស៊ាន​បាន​អំពាវនាវ​ឱ្យ​មាន​ការអត់ធ្មត់​ជា​អតិបរមា ចំពោះ​ការកើនឡើង​នូវ​ភាព​តានតឹង​ថ្មីៗ​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់ ក្រោយពី​អង្គការ​តំបន់​មួយ​នេះ​មាន​ការបារម្ភ​ថា ស្ថានការណ៍​នេះ​អាច​បង្ក​ធ្វើឱ្យ​មាន​អស្ថិរភាព​ដល់​តំបន់ ហើយ​អាច​នឹង​នាំឱ្យ​មាន​ការប្រឈមមុខ​ដាក់គ្នា​ធ្ងន់ធ្ងរ និង​ជម្លោះ​ដោយ​ចំហ​។

ភាពតានតឹង​នៅ​កោះ​តៃវ៉ាន់​បាន​កើតមានឡើង នៅពេល​ដែល​លោកស្រី Nancy Pelosi ប្រធាន​រដ្ឋសភា​សហរដ្ឋ​អាមេរិក​បានធ្វើ​ទស្សនកិច្ច​នៅ​កោះ​តៃវ៉ាន់​កាលពី​ថ្ងៃទី​ ២ ខែសីហា​។

សេចក្តី​ថ្លែងការណ៍​របស់​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន កាលពី​យប់​ថ្ងៃទី ​៣ ខែសីហា បញ្ជាក់​ថា អាស៊ាន​មាន​ការព្រួយបារម្ភ​ចំពោះ​ភាពផុយស្រួយ​នៃ​ស្ថានការណ៍​តំបន់​ និង​អន្តរជាតិ ជាពិសេស​ការវិវឌ្ឍ​ថ្មីៗ​នេះ​នៅ​តំបន់​ក្បែរ​អាស៊ាន ដែល​អាច​បង្ក​អស្ថិរភាព​ដល់​តំបន់ ហើយ​អាច​នឹង​នាំឱ្យ​មាន​ការគណនា​ខុស ការប្រឈមមុខ​ដាក់គ្នា​ធ្ងន់ធ្ងរ​ជម្លោះ​ដោយ​ចំហ និង​ផលវិបាក​ដែល​មិនអាច​ព្យាករ​បាន​ក្នុង​ចំណោម​ប្រទេស​មហាអំណាច​។ សេចក្តី​ថ្លែងការណ៍​បញ្ជាក់​ថា​៖ «​អាស៊ាន​អំពាវនាវ​ឱ្យ​មាន​ការអត់ធ្មត់​ជា​អតិបរមា ចៀសវាង​សកម្មភាព​ញុះញង់ ហើយ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​នានា ដែល​មាន​ចែង​ក្នុង​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ និង​សន្ធិសញ្ញា​មិត្តភាព​ និង​កិច្ចសហប្រតិបត្តិការ​នៅ​អាស៊ីអាគ្នេយ៍​»​។

សេចក្តី​ថ្លែងការណ៍​បញ្ជាក់​​ថា​៖ «​យើង​រំឭក​ឡើងវិញ​ពី​ការគាំទ្រ​របស់​ប្រទេស​សមាជិក​អាស៊ាន ចំពោះ​គោលនយោបាយ​ចិន​តែ​ ១​ ដែល​ដាក់​ចេញ​ដោយ​ប្រទេស​នីមួយៗ​»​។ សេចក្តី​ថ្លែងការណ៍​បន្ថែមថា ពិភពលោក​ត្រូវការ​យ៉ាងខ្លាំង​នូវ​ភាពឈ្លាសវៃ និង​ការទទួល​ខុសត្រូវ​របស់​ថ្នាក់ដឹកនាំ​ទាំងអស់​ក្នុង​ការប្រកាន់​ខ្ជាប់​នូវ​ពហុភាគី​និយម និង​ភាពជា​ដៃគូ កិច្ចសហប្រតិបត្តិការ សន្តិ​សហវិជ្ជមាន និង​ការប្រកួត​ប្រជែង​ត្រឹមត្រូវ​សម្រាប់​គោលដៅ​រួម​គឺ​សន្តិភាព ស្ថិរភាព​សន្តិសុខ​ និង​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព និង​បរិយាប័ន្ន​។ អាស៊ាន​អំពាវនាវ​ឱ្យមាន​ការរួម​គ្នា ហើយ​អាស៊ាន​បាន​ប្រកាស​ត្រៀមខ្លួន​ជាស្រេច​ក្នុង​ការដើរ​តួនាទី​ប្រកប​ដោយ​ស្ថាបនា​ក្នុងការ​សម្រប​សម្រួល​ការសន្ទនា​ដោយ​សន្តិវិធី​រវាង​គ្រប់ភាគី រួមទាំង​តាមរយៈ​ការប្រើប្រាស់​យន្តការ​ដែល​ដឹកនាំ​ដោយ​អាស៊ាន ដើម្បី​បន្ធូរបន្ថយ​ភាព​តានតឹង​ការពារ​សន្តិភាព សន្តិសុខ និង​ការអភិវឌ្ឍ​ក្នុង​តំបន់​។

ជាមួយ​គ្នានេះ​ផងដែរ រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្តែង​នូវ​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ការកើនឡើង​នូវ​ភាព​តានតឹង​ថ្មីៗ​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​នេះ និង​ស្នើ​សុំឱ្យ​គ្រប់ភាគី​ពាក់ព័ន្ធ​គោរព ចំពោះ​កិច្ចព្រមព្រៀង​ទាំងឡាយ​ដែល​ត្រូវបាន​ចុះហត្ថលេខា​រវាង​ចិន និង​សហរដ្ឋអាមេរិក ដូចដែល​មាន​ចែង​ក្នុង​សេចក្តី​ថ្លែងការណ៍​រួម​នានា​កន្លងមក​រវាង​ភាគី​ទាំង​ ២​។ សេចក្តី​ថ្លែងការណ៍​របស់​ក្រសួង​ការបរទេស​កម្ពុជា​បញ្ជាក់​កាលពី​យប់​ថ្ងៃទី​ ៣ ខែសីហា ថា រាជរដ្ឋាភិបាល​កម្ពុជា​ប្រកាន់ខ្ជាប់​ជានិច្ច​នូវ «​គោលនយោបាយ​ចិន​តែមួយ​» ដោយ​ឥត​ងាករេ ហើយ​ចាត់ទុក​បញ្ហា​នានា​ពាក់ព័ន្ធ​នឹង​ហុងកុង តៃវ៉ាន់ ទីបេ និង​ស៊ីនជាំង ជា​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន និង​ជា​សិទ្ធិ​អធិបតេយ្យ​របស់​ចិន​។

សេចក្តី​ថ្លែងការណ៍​បញ្ជាក់​ថា​៖ «​រាជរដ្ឋាភិបាល​កម្ពុជា​សូម​អំពាវនាវ​ឱ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ស្វះស្វែង​រក​ដំណោះស្រាយ​ប្រកប​ដោយ​សន្តិវិធី រក្សា​ស្ថានភាព​ដើម និង​ចៀសវាង​ការបង្ក​ហេតុ ដើម្បី​បុព្វហេតុ​នៃ​សន្តិភាព ស្ថិរភាព វឌ្ឍនភាព និង​វិបុលភាព​នៅក្នុង​តំបន់ និង​ពិភពលោក​»​។

លោក យង់ ពៅ អគ្គលេខាធិការ​រាជបណ្ឌិត្យ​សភា​កម្ពុជា​ថ្លែងថា ប្រសិន​បើ​វិបត្តិ​តៃវ៉ាន់​កើតឡើង វា​នឹង​ធ្វើឱ្យ​វិបត្តិ​នេះ​ក្លាយ​ជា​វិបត្តិ​សន្តិសុខ​សកល និង​អាច​ក្លាយជា​សង្គ្រាម​លោក​លើក​ទី​ ៣ ដែល​អូសបន្លាយ​ពី​តំបន់​ចុងបូព៌ា​នៃ​ដែនសមុទ្រ​តៃវ៉ាន់​រហូត​ទៅដល់​បញ្ហា​អ៊ុយក្រែន​។ លោក​ថ្លែងថា​៖«​អ៊ីចឹង​ធ្វើឱ្យ​មហាអំណាច​ភាគច្រើន​ពាក់ព័ន្ធ​នៅក្នុង​សង្គ្រាម​រវាង​តំបន់​ហ្នឹង ហើយ​និង​នៅ​អ៊ុយក្រែន​។ អ៊ីចឹង​វា​អាច​ទៅជា​សង្គ្រាម​លោក​លើក​ទី​ ៣​។ ប្រសិនបើ​មាន​ការគណនា​ខុស​រុញច្រាន​ទៅដល់​សង្គ្រាម ​[​លោក​លើក​ទី​ ៣] អ៊ីចឹង​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក​នឹង​ធ្ងន់ធ្ងរ​បន្ថែម​ទៀត គ្មាន​ប្រទេស​ណាមួយ​គេចផុត​ទេ​»​។

លោក​បន្ថែម​ថា ប្រសិនបើ​ករណី​សង្គ្រាម​នេះ​កើតមាន​ឡើង​វា​នឹងធ្វើ​ឱ្យ​មាន​ការប្រែប្រួល​សណ្តាប់ធ្នាប់​ពិភពលោក​ទាំងស្រុង​៕