ភ្នំពេញៈ លោក​នាយក​រដ្ឋមន្ដ្រី ហ៊ុន សែន បាន​បញ្ជា​ឱ្យ​លុបចោល​រាល់​ការផ្ដល់​សេវា​អ៊ីនធឺណិត​ផ្ដាច់មុខ​នៅតាម​បុរី​ក្នុង​រាជធានី​ភ្នំពេញ​ និង​អនុញ្ញាត​ឱ្យ​ប្រតិត្ដិករ​ផ្សេងៗ​ទៀត​អាច​ផ្ដល់​សេវា​នេះ​ដោយ​សេរី ខណៈ​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​កំពុង​ដោះស្រាយ​បញ្ហា​សេវា​ទូរស័ព្ទ​ខ្សោយ​នៅតាម​​បុរី​ផងដែរ​។ នេះ​បើតាម​លោក ជា វ៉ាន់ដេត រដ្ឋមន្ដ្រី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​។

លោក ជា វ៉ាន់ដេត ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ពី​ «​សមិទ្ធផល​សម្រេច​បាន​រយៈពេល​ ៥ ​ឆ្នាំ​កន្លង​មក​របស់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​» ​ពីថ្ងៃ​ទី ​៤ ខែសីហា​ថា ការដោះស្រាយ​បញ្ហា​គុណភាព​សេវា​​ទូរស័ព្ទរ​ចល័ត​ និង​សេវា​អ៊ីនធឺណិត​នៅតាម​បុរី លោក​បាន​បង្កើត​ក្រុមការងារ​ ៨ ​ក្រុម​ ដើម្បី​ចុះ​ពិនិត្យ​តាម​បុរី​ជាង ​១០០ ​នៅ​ភ្នំពេញ ពេលនេះ​កំពុង​ធ្វើតាម​បុរី​ជាង​ ៦០ សល់​ពី​នោះ​នឹង​បន្តធ្វើ​នៅ​ដំណាក់កាល​ទី​ ២​។

លោក​ថ្លែងថា​៖ «​យើង​បានដឹង​ជំងឺ​ទាំងអស់ ​(​បញ្ហា​សេវា​ទូរស័ព្ទ អ៊ីនធឺណិត​នៅក្នុង​បុរី​)​។ ខ្ញុំ​បាន​យក​បុរី​ប៉េងហួត​ ដើម្បី​ធ្វើជា​គំរូ​ទៅដល់​បុរី​ផ្សេងៗ​ទៀត​។

អ៊ីចឹង ឆ្លៀត​ឱកាស​នេះ​មុន​ខ្ញុំ​​មក​ទីនេះ​ (​ក្នុង​សន្និសីទ​សម្ដេច​​តេជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​បាន​បញ្ជា​ខ្ញុំ​ថា រាល់​​កន្លែង​ទាំងអស់​ដែល​មាន​សិទ្ធិ​​ផ្ដាច់មុខ​អ៊ីនធឺណិត​នៅក្នុង​បុរី​លុបចោល​ទាំងអស់​។ អាហ្នឹង​គឺ​​លុបចោល​អត់​មាន​ឱ្យ​ទៀត​ទេ​»​។

លោក​បន្តថា​៖ «​អ៊ីចឹង​សូមឱ្យ​ប្រតិបត្តិករ​ទាំងអស់​យល់ដឹង​អាហ្នឹង​។ សូមឱ្យ​និយតករ​ទូរគមនាគមន៍​អនុវត្ត​ប្រសាសន៍​ដឹកនាំ​របស់​សម្ដេច​អត់​មាន​ផ្ដាច់​​មុខ​ទៀត​ទេ​។ ត្រូវ​ចូល​ប៉ុន្មាន​ក៏​ចូលទៅ​ ៣-៤-៥-៦-១០ ​ឡើងទៅ ប៉ុន្ដែ​ចូលទៅ​តាម​លទ្ធភាព​ដែលមាន​»​។

លោក​បាន​ឱ្យ​ដឹងថា ម្ចាស់​បុរី​ប៉េងហួត​បាន​សហការ​ល្អ​ហើយ​ដឹង​អំពី​បញ្ហា​ខ្សោយ​សេវា​អ៊ីនធឺណិត​ និង​សេវា​ទូរស័ព្ទ ពីព្រោះ​សូម្បី​ម្ចាស់​បុរី​ក៏​អត់​សេវា​ដែរ​។

លោក​បន្តថា​៖ «​អាហ្នឹង​រឿង​អី​គាត់​មិន​សហការ ហើយ​គាត់​ចង់ឱ្យ​យើង​ធ្វើឱ្យ​បានល្អ​។​ ​គាត់​ក៏ត្រូវ​ប្រជាជន​ជេរ ក្រសួង​ក៏​​ត្រូវ​ប្រជាជន​ជេរ ប៉ុន្ដែ​ប្រតិបត្តិករ​ក៏​ប្រជាជន​ជេរ​ខ្លាំង​ដែរ​តែ​ធ្វើ​​មិនដឹង ធ្វើ​មិនឮ​។ អ៊ីចឹង​ឥឡូវ​​យើង​ធ្វើ​ម៉េច​បុរី​ប៉េងហួត ព្រោះ​ ១​ ម៉ឺន​គ្រួសារ​ជាង​ (​ប្រជាពលរដ្ឋ​រស់នៅក្នុង​បុរី​ទាំងអស់​)»​។

លោក វ៉ាន់ដេត បាន​ឱ្យ​ដឹងថា ក្រុមការងារ​របស់​ក្រសួង​បាន​​ចូលទៅ​ធ្វើតេស្ត​ស្ទង់​សេវា​នៅ​បុរី​ប៉េងហួត​ទាំងអស់​គឺ​បាន​ឃើញ​សញ្ញា​បង្ហាញ​ពណ៌​លឿង ទាំងអស់​គឺ​បានន័យថា គ្មាន​សេវា​ទូរស័ព្ទ​ទាំងអស់​។ ក្នុង​បុរី​មាន​បង្គោល​អង់តែន​សេវា​ទូរស័ព្ទ​តិចតួច​បំផុត ប៉ុន្ដែ​បុរី​ប៉េងហួត​មាន​ដី​សម្រាប់​សាងសង់​បន្ថែម​។ ប៉ុន្ដែ​បុរី​ខ្លះ​អត់ គឺ​មិនមាន​ទុក​ទីតាំង​ដី​សម្រាប់​សាងសង់​អង់តែន​ទូរស័ព្ទ​នោះទេ​។

លោក​បញ្ជាក់ថា​៖ «​អ៊ីចឹង​ឥឡូវ​​យើង​ទៅ​បុរី​ប៉េងហួត​យើង​ឈប់​​ឱ្យមាន​អង់តែន​តែ​ ១ ​ប្រតិបត្ដិករ​​តែ​ ១ ​ហើយ​។ យើង​សង់​បង្គោល​​អង់តែន​ ១ ​ដូចដើម​ឈើ​គឺ​ស្អាតៗ​​ណាស់ អត់​មាន​ច្រងេង​ច្រងាង​ទេ គឺ​មើលទៅ​ស្អាត សម្រាប់​ប្រតិបត្តិករ​ ៣ ​ឬ ​៤​ ទៅ​ដាក់​ឧបករណ៍​ផ្ដល់​សេវា​»​។

លោក​បាន​ឱ្យ​ដឹងថា ៦ ​ខែ​ឆ្នាំនេះ​ក្រសួង​បាន​សង់​បង្គោល​អង់តែន​សេវា​បន្ថែម​តាម​បុរី​បាន​ ១៨​ បង្គោល ដែល​អាច​ស្មើនឹង​ ៦០ ​បង្គោល​អង់តែន​ពីមុន​ហើយ​​ ក្រោយ​ការសាងសង់​អង់តែន​នេះ​អាច​ឱ្យ​ប្រតិបត្តិករ​បំពាក់​ឧបករណ៍​ទាំងអស់ និង​អាច​ផ្ដល់​សេវា​គ្រប់​ប្រតិបត្ដិករ​ទូរស័ព្ទ​ចល័ត​។

ប៉ុន្ដែ​លោក​បញ្ជាក់ថា បញ្ហា​ទីតាំង​ដែល​សាងសង់​អង់តែន​ថ្មី​រួចហើយ​នៅតែ​គ្មាន​សេវា ប្រជាជន​ប្រើ​មិន​បាន​គឺ​បណ្ដាល​មកពី​ទី​ ១ ពលរដ្ឋ​បន្ត​ប្រើប្រាស់​ឧបករណ៍​បង្កើន​កម្លាំង​សេវា​ ឬ​ឧបករណ៍​ពង្រីក​សេវា និង​ទី​ ២ ​ប្រតិបត្ដិករ​ជា​អ្នកផ្ដល់​សេវា​បញ្ចេញ​សមត្ថភាព​មិន​អស់​ ដើម្បី​ផ្ដល់​សេវា​ដល់​អ្នក​ប្រើ​។

បើតាម​របាយការណ៍​របស់​ក្រសួង​ប្រៃសណីយ៍ បច្ចុប្បន្ន​នៅ​កម្ពុជា​មាន​ប្រតិបត្ដិករ​កំពុង​ប្រតិបត្ដិការ​ក្នុង​វិស័យ​ទូរគមនាគមន៍​ចំនួន ​៦៩ ក្នុងនោះ​មាន​ប្រតិបត្តិករ​ទូរស័ព្ទ​ចល័ត​ចំនួន ​៥​។

ប្រតិបត្ដិករ​ផ្ដល់​សេវា​អ៊ីនធឺណិត​ (ISP) ​មាន​ចំនួន​ ៣៨​។ ប្រតិបត្ដិករ​ហេដ្ឋារចនាសម្ព័ន្ធ​ខ្សែកាប​អុបទិក​លើ​គោក និង​ខ្សែកាប​អុបទិក​ក្រោម​បាតសមុទ្រ​មាន​ចំនួន ​៥​។ ​រីឯ​ស្ថានីយ​អង់តែន​ទូរស័ព្ទ​ចល័ត​កំពុង​ប្រើប្រាស់​ទូទាំង​ប្រទេស​មាន ១១ ៤៨៩ និង​បណ្ដាញ​ខ្សែកាប​អុបទិក​ឆ្អឹងខ្នង​ (Back Bone) ​មាន​ ១៩ ២៧៩ ​គីឡូម៉ែត្រ និង​មាន​បណ្ដាញ​ខ្សែកាប​អុបទិក​ក្រោម​បាតសមុទ្រ​ក្នុង​ដែនសមុទ្រ​កម្ពុជា ៦៤០ ​គីឡូម៉ែត្រ​។

បើតាម​លោក​រដ្ឋមន្ដ្រី​បច្ចុប្បន្ន​កម្ពុជា​មាន​អ្នកប្រើប្រាស់​សេវា​ទូរស័ព្ទ​ចល័ត​ទាំងអស់​ចំនួន​ ១៩ ​លាន ៥០ ​ម៉ឺន​លេខ ក្នុង​ចំណោម​លេខ​ទាំងនេះ​មាន​អ្នកប្រើប្រាស់​ជាង​ ១៣ ​លាន​នាក់​។ ចំណែក​សេវា​អ៊ីនធឺណិត​ចល័ត​មាន​ចំនួន​ប្រហាក់​ប្រហែល​ ១៧ ​លាន​នាក់​។ រីឯ​អ្នក​ប្រើ​ហ្វេសប៊ុក​មាន​ ១៣,២ ​លាន​នាក់ ប្រើ​ផ្ញើ​សារ​ហ្វេសប៊ុក​ (Messenger) ​ជា​ចំនួន​ ១១,៩​ លាន​នាក់ និង​មាន​អ្នក​ប្រើ​ Instagram ​ចំនួន​ ២,៧ ​លាន​នាក់​។

លោក​បាន​ថ្លែងថា លោក​បាន​​ទាមទារ​ឱ្យ​ប្រតិបត្ដិករ​ទូរស័ព្ទ​​ផ្ដល់​ទិន្នន័យ​បង្គោល​របស់​ខ្លួន​ថា​នៅ​ទីតាំង​ណាខ្លះ​? ​ក្រុមហ៊ុន​នីមួយៗ​មាន​ប៉ុន្មាន​អង់តែន​? ប៉ុន្ដែ​ក្រុមហ៊ុន​មិន​បាន​ឱ្យ​។ ដូច្នេះ​លោក​បាន​បង្កើត​ក្រុម​ការងារ​ ៥​ ក្រុម​ចុះទៅ​តាម​ខេត្ត ហើយ​រកឃើញ​ជាង​ ១ ​ម៉ឺន​បង្គោល​នៅ​ទូទាំង​ប្រទេស​។

លោក​បញ្ជាក់ថា​៖ «​ឥឡូវ​ខ្ញុំ​ដឹង​ទាំងអស់ ចង់​ចុច​បង្គោល​អង់តែន​ណា​នៅ​ទីតាំង​ណា​​មាន​ចម្ងាយ​ពីគ្នា​ប៉ុន្មាន​ម៉ែត្រ​ ដើម្បី​យើង​អាច​គិតគូរ​ដាក់​បង្គោល​អង់តែន​បន្ថែម​...»​។

បើតាម​លោក ជា វ៉ាន់ដេត មូលហេតុ​ដែល​ប្រតិបត្ដិករ​មិន​​ព្រម​ប្រាប់​ទីតាំង​បង្គោល​អង់តែន​ ពីព្រោះ​បើ​ប្រាប់​ក្រសួង​ត្រូវ​ឱ្យ​ប្រតិបត្ដិករ​ដាក់​បង្គោល​បន្ថែម​ដែល​ក្នុង​បង្គោល​ ១ ​ត្រូវ​ចំណាយ​ជាង ​១០ ​ម៉ឺន​ដុល្លារ​។

លោក​បញ្ជាក់ថា​៖ «​អ៊ីចឹង​លទ្ធផល​ក្រុមហ៊ុន​មួយ​យើង​ទទួល​ការសម្រេច​ពី​ប្រមុខ​រាជរដ្ឋាភិបាល​សម្ដេចតេជោ ហ៊ុន សែន រួចហើយ គឺ​បង់​ឱ្យ​យើង​ ៤០​ លាន​ដុល្លារ​ទៀត​ ដោយសារ​រឿង​លាក់​បង្គោល​ហ្នឹង​»​។

លោក វ៉ាន់ដេត បាន​ឱ្យ​ដឹងថា បច្ចុប្បន្ន​ការងារ​បន្ត​របស់​ក្រសួង​នៅ​រាជធានី​ភ្នំពេញ​គឺ​ឱ្យ​មន្ដ្រី​ទាំង​ ៥ ​ក្រុម​ដែល​បាន​ទិញ​ឧបករណ៍​វាស់ស្ទង់​សេវា​មក​តម្លៃ​ជាង​ ៣ ​លាន​ដុល្លារ​បំពាក់​លើ​រថយន្ត Driver Test ដើរ​ធ្វើ​​តេស្ត​វិសាលភាព​គ្របដណ្ដប់​ និង​គុណភាព​សេវា​ទូរស័ព្ទ​។

លោក​បញ្ជាក់ថា​៖ «​ដូច្នេះ​ទើប​​ក្រសួង​ស្នើសុំ​ឱ្យ​ពលរដ្ឋ​បញ្ឈប់​​ការប្រើប្រាស់​ឧបករណ៍​បង្កើន​​កម្លាំង​សេវា​ ឬ​ឧបករណ៍​ពង្រីក​សេវា​ដែល​បង្ក​ផលប៉ះពាល់​យ៉ាង​​ខ្លាំង​ដល់​សេវា​ទូរស័ព្ទ​ចល័ត បើ​មាន​ឧបករណ៍​ទាំងនេះ​យើង​មិន​​អាច​ស្ទង់​ដឹងថា​តំបន់​ណា​គ្មាន​សេវា​ ​ដើម្បី​ដោះស្រាយ​បានទេ​»៕