ភ្នំពេញៈ ប្រមុខរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញនាថ្ងៃសុក្រ ទី ៥ ខែសីហានេះ ដែលចំថ្ងៃគម្រប់ខួប ៧០ ឆ្នាំរបស់លោក។
លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានថ្លែងចូលរួមអបអរសាទរ ក្នុងឱកាសដែលលោកនាយករដ្ឋមន្ត្រីបានទទួលសញ្ញាបត្របណ្ឌិតនេះ ក្នុងនាមជាឥស្សរជនជាន់ខ្ពស់កំពូលរបស់ជាតិ ដែលទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយផ្នែកអភិវឌ្ឍន៍សាកលវិទ្យាល័យភូមិន្ទភ្នំពេញដំបូងគេ។ នេះដោយផ្អែកលើការចូលរួមចំណែកយ៉ាងជ្រាលជ្រៅរបស់លោកនាយករដ្ឋមន្ត្រីនៅក្នុងការអភិវឌ្ឍលើគ្រប់វិស័យ ដូចជាសិល្បៈ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការអប់រំ នយោបាយ ច្បាប់ សេដ្ឋកិច្ច សេវាសាធារណៈ ជំនួយមនុស្សធម៌ សាសនា និងការដឹកនាំប្រកបដោយគតិបណ្ឌិត ជាពិសេស ការទទួលស្គាល់ និងការលើកទឹកចិត្តដល់គំនិត គុណតម្លៃនិងស្នាដៃរបស់លោកនាយករដ្ឋមន្ត្រីដែលបានចួលរួមចំណែកយ៉ាងសំខាន់ក្នុងការពិភាក្សាអំពីគំនិតការអភិវឌ្ឍអន្តរជាតិ សន្តិភាព ស្ថិរភាពនយោបាយ អភិបាលកិច្ច និងការអប់រំប្រកបដោយចីរភាព សម្រាប់កម្ពុជា និងនៅក្នុងតំបន់។
លោក ហង់ជួន ណារ៉ុន បានបញ្ជាក់ថា៖ «សញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍គឺជាការទទួលស្គាល់នៃកម្រិតអប់រំខ្ពស់បំផុតរបស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលត្រូវបានផ្តល់ជូនដល់ឥស្សរជន និងបុគ្គលដែលមានកិត្តិយសខ្ពស់បំផុតនិងមានការទទួលពិសេសចំពោះសមទ្ធិផលសំខាន់ៗ និងភាពខុសគ្នានៅក្នុងវិស័យ ឬសកម្មភាពដែលស្របតាមបេសកកម្មរបស់សាកលវិទ្យាល័យ»។
សំណេរលើហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ផងដែរថា ពិធីប្រគល់សញ្ញាបត្រនេះ គឺធ្វើឡើងចំថ្ងៃខួបកំណើតរបស់លោកនាយករដ្ឋមន្ត្រីគម្រប់ ៧០ ឆ្នាំ ឈានចូល ៧១ ឆ្នាំ។ លោកនាយករដ្ឋមន្ត្រីបានប្រសូតនៅថ្ងៃអង្គារ ១៥កើត ខែពេញបូណ៌មី ឆ្នាំរោង ចត្វាស័ក ព.ស ២៤៩៦ ត្រូវនឹងថ្ងៃទី ០៥ ខែ សីហា ឆ្នាំ ១៩៥២។ លោកនាយករដ្ឋមន្ត្រីគឺជាមេដឹកនាំមួយរូបរបស់កម្ពុជា បានលះបង់អស់កម្លាំងកាយចិត្ត និងបញ្ញាញាណ ជាមួយទឹកចិត្ត ឆន្ទៈមនសិកាស្នេហាជាតិ និងប្រជាជនយ៉ាងជ្រាលជ្រៅ ក្នុងការកសាង និងអភិវឌ្ឍន៍សង្គមកម្ពុជា។
កម្ពុជា ជាប្រទេសដែលបានរងការយាយី និងបំផ្លាញខ្ទេចខ្ទីព្រោះតែភ្លើងសង្គ្រាម។ ក្នុងនាមជាមេដឹកនាំទទួលខុសត្រូវខ្ពស់លើជោគវាសនាជាតិ និងប្រជាជនកម្ពុជា ចាប់តាំងពីឆ្នាំ ១៩៨៥ មក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានយកចិត្តទុកដាក់ និងប្តូរផ្តាច់យ៉ាងខ្លាំងក្លាបំផុត។ ក្រោមកិច្ចប្រឹងប្រែងដោយមិនខ្លាចនឿយហត់ និងឥតសន្សំសំចៃកម្លាំងកាយចិត្ត និងបញ្ញាញាណ លោក ហ៊ុន សែន បានធ្វើឱ្យកម្ពុជាដែលរុំព័ទ្ធដោយផ្សែងនៃភ្លើងសង្គ្រាម រុំព័ទ្ធដោយភាពក្រីក្រ ក្លាយទៅជាប្រទេសមួយមានសុខសន្តិភាព មានការអភិវឌ្ឍ និងទទួលបានភាពរីកចម្រើនគួរឱ្យកត់សម្គាល់៕