ភ្នំពេញៈ រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​បាន​សម្តែង​ការខកចិត្ត​ចំពោះ​ការមិន​មាន​វឌ្ឍនភាព និង​កង្វះ​ការប្តេជ្ញាចិត្ត​ក្នុង​ការអនុវត្ត​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ​ ៥​ ចំណុច​របស់​អាស៊ាន​របស់​ក្រុមប្រឹក្សា​រដ្ឋបាល​រដ្ឋ (SAC) មីយ៉ាន់ម៉ា​។ ប្រមុខ​ការទូត​អង្គការ​តំបន់​មួយ​នេះ​ក៏បាន​អំពាវនាវ​ឱ្យ​មាន​ការគោរព​អធិបតេយ្យភាព ឯករាជ្យភាព​នយោបាយ និង​បូរណភាព​ទឹកដី​ទាក់ទង​នឹង​ជម្លោះ​រុស្ស៊ី-​អ៊ុយក្រែន​។

ការសម្តែង​ការខកចិត្ត និង​ការអំពាវនាវ​នេះ​ធ្វើឡើង​តាមរយៈ​សេចក្តី​ថ្លែងការណ៍​រួម​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​លើក​ទី ​៥៥ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នៅ​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី ​៣ ខែសីហា​។

នៅក្នុង​សេចក្តី​ថ្លែងការណ៍​រួម​ដែល​បាន​ចេញ​ផ្សាយ​នា​ថ្ងៃទី​ ៥ ខែសីហា នេះ រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​បាន​អះអាង​សាជាថ្មី​នូវ​ការប្តេជ្ញាចិត្ត​របស់​អាស៊ាន​ក្នុង​ការដោះស្រាយ​បញ្ហា​ប្រឈម​រួម និង​ជំរុញ​កិច្ចខិតខំ​ប្រឹងប្រែង​កសាង​សហគមន៍​អាស៊ាន​ដោយ​ឈរលើ​ស្មារតី​រួបរួមគ្នា​ដ៏រឹងមាំ​។

ក្នុង​អំឡុង​កិច្ចប្រជុំ​នេះ រដ្ឋមន្ត្រី​ទាំងអស់​ក៏បាន​ពិភាក្សា​អំពី​ភាពចាំបាច់​ក្នុ្ងង​ការពង្រឹង​បន្ថែម​នូវ​ការចូលរួម​កិច្ចសហប្រតិបត្តិការ​ជាមួយ​ដៃគូ​សន្ទនា និង​ដៃគូ​ខាងក្រៅ​យន្តការ​របស់​អាស៊ាន​ដែលមាន​ស្រាប់ ក៏ដូចជា​សារៈសំខាន់​នៃ​មជ្ឈភាព​អាស៊ាន ទំនុកចិត្ត និង​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​ការរក្សា​សន្តិភាព ស្ថិរភាព និង​វិបុលភាព​ក្នុង​តំបន់ និង​ពិភពលោក ស្រប​ពេល​ដែល​ភាពមិន​ច្បាស់លាស់ និង​ការផ្លាស់ប្តូរ​យ៉ាង​ឆាប់រហ័ស​កំពុង​កើតមានឡើង​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ និង​ក្រៅ​តំបន់​។

ពាក់ព័ន្ធ​ស្ថានភាព​នៅ​មីយ៉ាន់ម៉ា សេចក្តី​ថ្លែងការណ៍​រួម​នេះ​បញ្ជាក់ថា​៖ «​យើង​មាន​ការខកចិត្ត​យ៉ាងខ្លាំង​ចំពោះ​វឌ្ឍនភាព​នៅមាន​កម្រិត និង​កង្វះ​ការប្តេជ្ញាចិត្ត​របស់​អាជ្ញាធរ​ទីក្រុង​ណៃពីដោ (Nay Pyi Taw) ក្នុង​ការអនុវត្ត​ឱ្យបាន​ទាន់​ពេលវេលា និង​ពេញលេញ​នូវ​កង់សង់ស៊ីស​ ៥​ ចំណុច​របស់​អាស៊ាន​»​។

សេចក្តី​ថ្លែងការណ៍​រួម​បន្តថា​៖ «​យើង​បាន​លើក​ជា​អនុសាសន៍​ថា កិច្ចប្រជុំ​កំពូល​អាស៊ាន​គឺ​ចាំបាច់​ត្រូវ​ធ្វើការ​វាយតម្លៃ​នូវ​វឌ្ឍនភាព​កុងសង់ស៊ីស​ដែល​អនុវត្ត​ដោយ SAC ដើម្បី​បន្តធ្វើ​សេចក្តី​សម្រេចចិត្ត​ទៅលើ​ជំហាន​បន្ទាប់​ទៀត​»​។

រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ទាំងអស់​ក៏បាន​បញ្ជាក់​ពី​ការប្តេជ្ញាចិត្ត​ជាថ្មី​ចំពោះ​ការថែរក្សា​សន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់ និង​បាន​លើកឡើង​ថា អាស៊ាន​បាន​ត្រៀមខ្លួន​ជាស្រេច​ ដើម្បី​ជួយ​មីយ៉ាន់ម៉ា​ឱ្យ​វិល​ទៅរក​ប្រក្រតីភាព​ឡើងវិញ​ប្រកប​ដោយ​ភាពវិជ្ជមាន សន្តិភាព និង​ការស្ថាបនា រួមទាំង​ការផ្តល់​ជំនួយ​មនុស្សធម៌​ផងដែរ​។

សេចក្តី​ថ្លែងការណ៍​រួម​នេះ​បន្តថា​៖ «​យើង​ឯកភាព​ថា ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​ស្តីពី​មីយ៉ាន់ម៉ា​នឹង​ជួប​ជាមួយ​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​របស់​មីយ៉ាន់ម៉ា​ឱ្យ​បាន​ឆាប់​បំផុត​»​។

ពាក់ព័ន្ធ​ជម្លោះ​រុស្ស៊ី​-​អ៊ុយក្រែន រដ្ឋមន្ត្រី​ទាំងអស់​បាន​អំពាវនាវ​សាជាថ្មី​ឱ្យមាន​ការគោរព​អធិបតេយ្យភាព ឯករាជ្យភាព​នយោបាយ និង​បូរណភាព​ទឹកដី ដោយ​អនុលោម​តាម​ច្បាប់​អន្តរជាតិ និង​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ​។

រដ្ឋមន្ត្រី​ទាំងអស់​អំពាវនាវ​ឱ្យ​បញ្ឈប់​ជាបន្ទាន់​នូវ​អរិភាព និង​បង្កើត​បរិយាកាស​អំណោយផល​ ដើម្បី​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី និង​បាន​ប្រកាស​គាំទ្រ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ក្នុង​ការស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី​។

សេចក្តី​ថ្លែងការណ៍​រួម​បញ្ជាក់​ថា​៖ «​យើង​ក៏បាន​អំពាវនាវ​ឱ្យមាន​ការសម្រប​សម្រួល​ក្នុង​ការ​ចែកចាយ​ជំនួយ​មនុស្សធម៌​ឱ្យ​បាន​ឆាប់រហ័ស មាន​សុវត្ថិភាព និង​គ្មាន​ការរារាំង​ទៅដល់​អ្នក​ដែល​ត្រូវការ​នៅក្នុង​ប្រទេស​អ៊ុយក្រែន និង​ការពារ​ជនស៊ីវិល បុគ្គលិក​មនុស្សធម៌ និង​ជន​ដែល​ងាយ​រងគ្រោះ​»៕