ភ្នំពេញៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទទួលបានម៉ាស៊ីនព្យាបាលជំងឺកូវីដ ១៩ មួយគ្រឿងតម្លៃជាង ៣៦ ម៉ឺនដុល្លារអាមេរិកពីក្រុមហ៊ុន AdipoLABs Co., Ltd ដែលជាអំណោយសប្បុរសធម៌។ នេះបើយោងតាមហ្វេសប៊ុករបស់លោករដ្ឋមន្ត្រីក្រសួងកសិកម្មកាលពីថ្ងៃទី ៤ ខែសីហា។
ការទទួលអំណោយសប្បុរសធម៌នេះត្រូវបានធ្វើឡើងក្នុងដំណើរទស្សនកិច្ចរបស់លោករដ្ឋមន្ត្រីក្រសួងកសិកម្ម វេង សាខុន និងសហការីនាថ្ងៃទី ៣ ខែសីហា ដែលជាថ្ងៃចុងក្រោយនៃដំណើរទស្សនកិច្ចទៅកាន់សាធារណរដ្ឋកូរ៉េរយ:ពេល ៥ ថ្ងៃ។
ក្នុងពិធីប្រគល់ទទួលលោក Sung-ho HAN នាយកក្រុមហ៊ុន AdipoLABs Co., Ltd បានធ្វើបដិសណ្ឋារកិច្ច និងជម្រាបជូនលោករដ្ឋមន្ត្រីពីការងារស្រាវជ្រាវ និងផលិតឧបករណ៍ សម្ភារសំខាន់ៗទាក់ទងវិស័យសុខាភិបាល។
ផលិតផលសំខាន់មួយដែលក្រុមហ៊ុនទើបបានសិក្សាស្រាវជ្រាវរកឃើញនោះ គឺម៉ាស៊ីនសម្រាប់ព្យាបាល និងប្រឆាំងជំងឺមហារីក និងជំងឺកូវីដ ១៩។ ការព្យាបាលគឺតាមរយ:ការបង្កើនប្រសិទ្ធភាពប្រព័ន្ធភាពស៊ាំក្នុងរាងកាយមនុស្ស ដើម្បីតស៊ូប្រយុទ្ធប្រឆាំងនឹងកោសិកាជំងឺមហារីក និងវីរុសកូវីដ ១៩ នេះ (Cancer and Covid19 Immunotherapy Remission1*C)។ ម៉ាស៊ីននេះថ្មី ទំនើបនេះព្យាបាលមានប្រសិទ្ធភាពខ្ពស់ ហើយត្រូវប្រើរយ:ពេល ៥ ឆ្នាំ ដើម្បីសុំការអនុញ្ញាតពីរដ្ឋាភិបាលកូរ៉េ ដើម្បីផលិត និងធ្វើអាជីវកម្ម។
លោករដ្ឋមន្ដ្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកអគ្គនាយកក្រុមហ៊ុនដែលបានផ្តល់ម៉ាស៊ីននេះ ស្របពេលដែលកម្ពុជាត្រូវការជាចាំបាច់ ដើម្បីជួយសម្រួលដល់ព្យាបាលជំងឺកូវីដ ១៩ នៅកម្ពុជានាពេលបច្ចុប្បន្ន៕