The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ធ្វើជា​សហប្រធាន​កិច្ចប្រជុំ​កំពូល​រំឭក​ខួប​អាស៊ាន​-​សហភាព​អឺរ៉ុប​ នៅ​ខែធ្នូ​

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ធ្វើជា​សហប្រធាន​កិច្ចប្រជុំ​កំពូល​រំឭក​ខួប​អាស៊ាន​-​សហភាព​អឺរ៉ុប​ នៅ​ខែធ្នូ​

Content image - Phnom Penh Post

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ធ្វើជា​សហប្រធាន​កិច្ចប្រជុំ​កំពូល​រំឭក​ខួប​អាស៊ាន​-​សហភាព​អឺរ៉ុប​ នៅ​ខែធ្នូ​

​ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ធ្វើជា​សហប្រធាន​ដឹកនាំ​កិច្ចប្រជុំ​កំពូល​រំឭក​ខួប​អាស៊ាន​-​សហភាព​អឺរ៉ុប ជាមួយនឹង​តំណាង​សហភាព​អឺរ៉ុប នៅ​ថ្ងៃទី​ ១៤-១៥ ខែ ធ្នូ ឆ្នាំ​ ២០២២ នៅ​ទីក្រុង​ព្រុ​ច​សែ​ល ប្រទេស​ប៊ែ​ល​ហ្ស៊ិ​ក​។​

​កាលពី​ថ្ងៃទី ​៤ ខែសីហា លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស​កម្ពុជា​បាន​ជួប​ទ្វេភាគី​ជាមួយ​លោក ចូសេព បូ​រ៉េ​ល វុន​តេ​លេស (Josep Borrell Fontelles) តំណាង​ជាន់ខ្ពស់​នៃ​សហភាព​អឺរ៉ុប ទទួលបន្ទុក​កិច្ចការបរទេស និង​សន្តិសុខ​គោលនយោបាយ និង​ជា​អនុប្រធាន​គណៈកម្មការ​អឺរ៉ុប​នៅ​អំឡុងពេល​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​លើក​ទី​៥៥ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។​

​ក្រសួងការបរទេស​ក​ម្ពុ​ជា​បញ្ជាក់​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​នា​ថ្ងៃទី​ ៥ ខែសីហា ថា​៖ «​ភាគី​ទាំង​២​ក៏បាន​រំពឹង​ដល់​កិច្ចប្រជុំ​កំពូល​រំឭក​ខួប​អាស៊ាន​-​សហភាព​អឺរ៉ុប ដើម្បី​អបអរសាទរ​ខួប​លើក​ទី​៤៥ នៃ​ទំនាក់ទំនង​ដៃគូ​សន្ទនា​អាស៊ាន​-​សហភាព​អឺរ៉ុប នៅ​ថ្ងៃទី​ ១៤-១៥ ខែ ធ្នូ ឆ្នាំ​ ២០២២ នៅ​ទីក្រុង​ព្រុ​ច​សែ​ល ដែល សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹង​ធ្វើជា​សហប្រធាន​ដឹកនាំ​កិច្ចប្រជុំ​នេះ​ជាមួយនឹង​តំណាង​សហភាព​អឺរ៉ុប​»​។​

​នៅក្នុង​ជំនួប​នេះ ភាគី​ទាំង​២​បាន​ប្តេជ្ញាចិត្ត​ធ្វើការ​រួមគ្នា​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី និង​បាន​ពិភាក្សា​អំពី​មធ្យោបាយ​នានា​ដើម្បី​លើកកម្ពស់​ការយោគយល់​គ្នា​ទៅវិញទៅមក ក៏ដូចជា ដើម្បី​ជំរុញ​បន្ថែមទៀត​នូវ​ពាណិជ្ជកម្ម និង​ការវិនិយោគ​។

​លោក ប្រាក់ សុខុន ថ្លែងថា សហភាព​អឺរ៉ុប​មិន​ត្រឹមតែ​ជា​ម្ចាស់ជំនួយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​ដៃគូ​ល្អ​ទាំង​ក្នុង​ផ្នែក​នយោបាយ និង​សេដ្ឋកិច្ច និង​បាន​ថ្លែងអំណរគុណ​ដល់​សហភាព​អឺរ៉ុប និង​ប្រទេស​ជា​សមាជិក​សម្រាប់​ការបន្ត​គាំទ្រ និង​ជំនួយ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម​របស់​កម្ពុជា​។​

​លោក ប្រាក់ សុខុន បាន​ប្រា​ប់លោក Josep Borrell Fontelles ថា កម្ពុ​ជាមាន​វឌ្ឍនភាព​ដ៏​គួរឱ្យកត់សម្គាល់​លើ​ផ្នែក​លទ្ធិប្រជាធិបតេយ្យ ជាពិសេស ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់ កាលពីដើម​ខែមិថុនា​ឆ្នាំនេះ ដែល​លោក​បាន​អះអាងថា បាន​ដំណើរការ​ដោយ​សេរី យុត្តិធម៌ និង​តម្លាភាព ជាមួយនឹង​អត្រា​អ្នក​ទៅ​បោះឆ្នោត​ច្រើនជាង ​៨០​ ភាគរយ និង​មានការ​ចូលរួម​ប្រកួតប្រជែង​ពី​គណបក្សនយោបាយ​ចំនួន ១៧ ​គណបក្ស​។​

​កម្ពុជា​បាន​អញ្ជើញលោក ឆាល មី​ឆែ​ល (Charles Michel) ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​មក​ចូលរួម​ក្នុង​ពិធី​បើក​ជា​ផ្លូវការ​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា​លើក​ទី​១៧ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ខែវិច្ឆិកា ឆ្នាំ​ ២០២២ ក្នុងឋានៈ​ជា​ភ្ញៀវ​របស់​ប្រធាន​អាស៊ាន​ឆ្នាំ​ ២០២២៕​

អត្ថបទគួរចាប់អារម្មណ៍