The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ក្រសួង​សាធារណការ​តម្រូវ​ឱ្យ​អ្នកបើកបរ​យានយន្ត​ភ្ជាប់​តាម​ខ្លួន​នូវ​បណ្ណ​បើកបរ​ច្បាប់ដើម

ក្រសួង​សាធារណការ​តម្រូវ​ឱ្យ​អ្នកបើកបរ​យានយន្ត​ភ្ជាប់​តាម​ខ្លួន​នូវ​បណ្ណ​បើកបរ​ច្បាប់ដើម

Content image - Phnom Penh Post

ក្រសួង​សាធារណការ​តម្រូវ​ឱ្យ​អ្នកបើកបរ​យានយន្ត​ភ្ជាប់​តាម​ខ្លួន​នូវ​បណ្ណ​បើកបរ​ច្បាប់ដើម

ភ្នំពេញៈ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​នៅ​ថ្ងៃទី​ ៥​ ខែសីហា​នេះ​បាន​ធ្វើ​ការណែនាំ​ដល់​អ្នកបើកបរ​យានយន្ត ដោយ​តម្រូវ​ឱ្យ​ភ្ជាប់​តាម​ខ្លួន​នូវ​បណ្ណ​បើកបរ​យានយន្ត​ច្បាប់ដើម ដើម្បី​ចូលរួម​អនុវត្ត​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​។

សេចក្តី​ជូនដំណឹង​របស់​ក្រសួង​ស្តីពី ឯកសារ​ភ្ជាប់​តាម​ខ្លួន​នៅពេល​បើកបរ​យានយន្ត​បាន​ឱ្យ​ដឹងថា ថ្មីៗ​នេះ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​សង្កេតឃើញ​ថា មាន​បងប្អូន​ប្រជាពលរដ្ឋ​មួយ​ចំនួន​ជាពិសេស​អ្នកបើកបរ​យានយន្ត បាន​សម្ដែង​មតិ​នៅតាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​ពាក់ព័ន្ធ​នឹង​ឯកសារ ដែល​ត្រូវ​ភ្ជាប់​តាម​ខ្លួន​ពេល​បើកបរ​យានយន្ត​ធ្វើ​ចរាចរណ៍​នៅលើ​ផ្លូវថ្នល់​។

ក្រសួង​សាធារណការ​បាន​ជម្រាបជូន​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ថា ចាប់ពី​ឆ្នាំ ​២០១៧​ មក ក្រសួង​បាន​ធ្វើការ​កែទម្រង់​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប​ដោយបាន​បញ្ចូល ​QR Code លើ​ឯកសារ​បណ្ណ​បើកបរ​យានយន្ត បណ្ណ​សម្គាល់​យានជំនិះ វិញ្ញាបនបត្រ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស យានជំនិះ ​(​ឆៀក​) លិខិត​អនុញ្ញាត​ឱ្យ​យានយន្ត​ធ្វើ​អាជីវកម្ម​ដឹកជញ្ជូន និង​ឯកសារ​ពាក់ព័ន្ធ​មួយចំនួន​ទៀត ដើម្បី​ងាយស្រួល​គ្រប់គ្រង​។

ដូចនេះ ដើម្បី​ចូលរួម​អនុវត្ត​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក ក្រសួង​សូម​ធ្វើការ​ណែនាំ​ដល់​អ្នកបើកបរ​យានយន្ត​ធ្វើ​ចរាចរណ៍​នៅលើ​ផ្លូវថ្នល់ ត្រូវ​មាន​ឯកសារ​ភ្ជាប់​តាម​ខ្លួន​ដែល​រួមមាន​៖ ១. បណ្ណ​បើកបរ​យានយន្ត តម្រូវ​ឱ្យ​ប្រើប្រាស់​ឯកសារ​ច្បាប់ដើម ២. បណ្ណ​សម្គាល់​យានជំនិះ អាច​ប្រើប្រាស់​ឯកសារ​ច្បាប់​ថតចម្លង​។

ករណី​បណ្ណ​សម្គាល់​យានជំនិះ មិនមាន QR Code តម្រូវ​ឱ្យ​មាន​ការបញ្ជាក់​ពី​ស្ថាប័ន​មាន​សមត្ថកិច្ច​លើ​ច្បាប់​ថតចម្លង​នោះ ទើប​អាច​ប្រើប្រាស់​ជា​ផ្លូវការ​បាន ៣. វិញ្ញាបនបត្រ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានជំនិះ​ (​ឆៀក​) អាច​ប្រើប្រាស់​ឯកសារ​ច្បាប់​ថតចម្លង និង​ទី ​៤. ចំពោះ​រថយន្ត​ដែល​ប្រកប​អាជីវកម្ម​ដឹកជញ្ជូន​ទំនិញ ឬ​អ្នកដំណើរ ត្រូវ​ភ្ជាប់​តាម​ខ្លួន​បន្ថែម​នូវ​លិខិត​អនុញ្ញាត​ឱ្យ​យានយន្ត​ធ្វើ​អាជីវកម្ម​ដឹកជញ្ជូន​អាច​ប្រើប្រាស់​ឯកសារ​ច្បាប់​ថតចម្លង​៕

អត្ថបទគួរចាប់អារម្មណ៍