The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - អគ្គាធិការក្រសួងមហាផ្ទៃ​ ណែនាំ​ឱ្យ​មន្ត្រី​ស្វែងរក​ការពិត និង​យុត្តិធម៌​ប្រកបដោយ​ក្រមសីលធម៌ វិជ្ជាជីវៈ​

អគ្គាធិការក្រសួងមហាផ្ទៃ​ ណែនាំ​ឱ្យ​មន្ត្រី​ស្វែងរក​ការពិត និង​យុត្តិធម៌​ប្រកបដោយ​ក្រមសីលធម៌ វិជ្ជាជីវៈ​

Content image - Phnom Penh Post

អគ្គាធិការក្រសួងមហាផ្ទៃ​ ណែនាំ​ឱ្យ​មន្ត្រី​ស្វែងរក​ការពិត និង​យុត្តិធម៌​ប្រកបដោយ​ក្រមសីលធម៌ វិជ្ជាជីវៈ​

​ភ្នំពេញៈ អគ្គាធិការ នៃ​អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ លោក​អ៊ីវ លាង​បានធ្វើ​ការណែនាំ​ដល់​ប្រធាន​នាយកដ្ឋាន និង​នាយការិយាល័យ​គ្រប់គ្រង​មន្ត្រី​របស់ខ្លួន​ឱ្យបាន​ល្អ ធ្វើការ​ប្រកបដោយ​ក្រមសីលធម៌ វិជ្ជាជីវៈ ហើយ​យកចិត្តទុកដាក់​លើ​មន្ត្រី​ដែល​កំពុងតែ​ជួប​ការលំបាក​ផងដែរ​។ នេះ​យោងតាម​ក្រសួងមហាផ្ទៃ​ កាលពី​ថ្ងៃទី​ ៤​ ខែសីហា​។​

​ការណែនាំ​នេះ​ត្រូវបាន​ធ្វើឡើង​ក្នុងពេលដែល​លោក​បាន​ដឹកនាំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការងារ​នាយកដ្ឋាន​ទទួល​ពាក្យបណ្តឹង និង​អង្កេត​ស្រាវជ្រាវ​កិច្ចការ​នគរបាល​។​

​បន្ទាប់ពី​បាន​ស្តាប់​នូវ​សេចក្តីរាយការណ៍​សង្ខេប​របស់​អគ្គាធិការរង​ទទួល​ផែន​ប្រធាន​នាយកដ្ឋាន និង​នាយការិយាល័យ​នីមួយៗ រួចមក លោក​អគ្គាធិការ​បាន​សម្ដែង​នូវ​ក្តី​សោមនស្ស​រីករាយ និង​គាំទ្រ​ជាខ្លាំង ចំពោះ​ការសហការ​បំពេញការងា​រ​បាន​យ៉ាង​ល្អប្រសើរ​តាម​ឋានានុក្រម ចេះ​មាន​សាមគ្គីភាព ប្រជុំពិភាក្សា​ផ្លាស់ប្តូរ​យោបល់​ជា​សមូហភាព​ផ្ទៃក្នុង​នាយកដ្ឋាន មុននឹង​សម្រេច​លើក​យោបល់​ជូន​ដល់​ថ្នាក់លើ ចេះ​ចែករំលែក​នូវ​ចំណេះដឹង និង​បទពិសោធ​ការងារ​អនុវត្ត​ជាក់ស្តែង​។ លោក​បាន​លើកឡើងថា ការទទួលបាន​ចំណេះដឹង​ពី​សាលារៀន គឺជា​រឿង​មួយ​សំខាន់ តែ​មិន​ប្រាកដថា​អាចធ្វើ​បាន​នោះទេ ជាការ​ងារ​ជំនាញ មានតែ​ការចែករំលែក​បទពិសោធ​ជាក់ស្តែង​នេះឯង​។​

​ក្នុងឱកាស​នោះ លោក​អគ្គាធិការ បាន​ណែនាំ​ប្រធាន​នាយកដ្ឋាន នាយការិយាល័យ​ត្រូវ​ក្តាប់​មន្ត្រី​របស់ខ្លួន​ឱ្យបាន​ល្អ ចេះ​ពិនិត្យ​លក្ខណសម្បត្តិ ចេះ​បែងចែក​ភារកិច្ច​ទៅតាម​សមត្ថភាព​វិស័យ​របស់​មន្ត្រី នោះ​ទើប​ការងារ​មាន​ប្រសិទ្ធភាព និង​លឿន និង​ចេះ​ពិនិត្យ​ពី​ចំណុច​ខ្វះខាត​របស់​មន្ត្រី​ខ្លួន​ផងដែរ​។

​ក្រៅពីនោះ លោក​ក៏បាន​ណែ​នាំឱ្យ​ពិនិត្យ​តាមដាន​មន្ត្រី​ណា​មាន​ជំងឺ​ឬ​ជួប​ការលំបាក សូមឱ្យ​យកចិត្តទុកដាក់ ដោយ​មិនមែន​ទុកចោល ពេលដែល​មិនអាច​បំពេញការងារ​បា​ន​ឬ​ជួប​ការលំបាក​នោះទេ​។ ចំពោះ​មន្ត្រី​ដែល​ល្មើ​សនឹង​វិន័យ សូម​ធ្វើ​ការណែនាំ​អប់​រំជា​បន្តបន្ទាប់​តាម​នីតិវិធី​របស់​កង​កម្លាំង ប៉ុន្តែ​បើជា​ករណី​ធ្ងន់ធ្ងរ សូម​លើក​យោបល់​ដើម្បី​ចាត់​វិធាន​តាម​បទបញ្ជាផ្ទៃក្នុង​របស់​អគ្គាធិការដ្ឋាន និង​ច្បាប់​ជា​ធរមាន​។​

​លោក​អគ្គាធិការ​បាន​សង្កត់ធ្ងន់​ថា ពាក្យ​មន្ត្រី​មានតម្លៃ​ណាស់ ដែលជា​អ្នកបម្រើ​រាស្ត្រ​ដោយស្មោះ​ត្រង់​។ បើ​មន្ត្រី​ខិលខូច លែង​ថា​ជា​មន្ត្រី​ទៀតហើយ គឺជា​ជនខិលខូច​ទៅវិញ​។

​លោក​បាន​បញ្ជាក់ថា​៖«​អង្គភាព​អធិការកិច្ច ជា​កន្លែង​ផ្តល់ព័ត៌មាន​ពិត ស្វែងរក​ការពិត និង​យុត្តិធម៌​ប្រកបដោយ​ក្រមសីលធម៌ វិជ្ជាជីវៈ ព្រមទាំង​ឈរលើ​គោលការណ៍​ច្បាប់ ហើយ​ចំពោះ​មន្ត្រី​អធិការកិច្ច ត្រូវ​រៀបចំ​របាយការណ៍​ពិត​តាម​ភាពជាក់ស្តែង​បាន​រកឃើញ ដោយ​មិន​លំអៀង ចៀសវាង​ដាច់ខាត​នូវ​របាយការណ៍​ខ្លាច គឺ​របាយការណ៍​កុហក តែ​ត្រូវ​រៀបចំ​របាយការណ៍​ក្លាហាន គឺ​របាយការណ៍​ពិត ឈរលើ​ការពិត​ជាក់ស្តែង​»៕​

អត្ថបទគួរចាប់អារម្មណ៍