កំពង់ចាមៈ រដ្ឋបាលខេត្តកំពង់ចាមកាលពីថ្ងៃទី ០៤ សីហា បានបើកកិច្ចប្រជុំផ្សព្វផ្សាយគម្រោងបង្កើនការចូលរួមរបស់ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធក្នុងការគ្រប់គ្រងសំរាមក្នុងក្រុងកំពង់ចាម ដើម្បីឱ្យក្រុងជាប់ដងទន្លេមេគង្គមួយនេះ ក្លាយជាទីក្រុងស្អាត មានសោភណ្ឌភាពល្អ ប្រជាពលរដ្ឋរស់នៅមានអនាម័យ និងមានសុខភាពល្អបរិបូណ៌។
កិច្ចប្រជុំនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោក ខ្លូត ចិន្តា អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម ដោយមានការចូលរួមពីប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរក្រុង អាជ្ញាធរសង្កាត់ទាំង ៤ នៃក្រុងកំពង់ចាម រួមទាំង តំណាងអង្គការ សង្គមស៊ីវិល វិស័យឯកជន គណៈអាជីវករផ្សារ ប្រមាណជា ៩០ នាក់។
ទំព័រហ្វេសប៊ុករដ្ឋបាលខេត្តកំពង់ចាមបានចុះផ្សាយថា លោក ខ្លូត ចិន្តា បានសំណូមពរដល់អាជ្ញាធរក្រុង និងសង្កាត់ មន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ អង្គការសង្គមស៊ីវិល និងវិស័យឯកជនឱ្យចូលរួមសហការឱ្យបានសកម្មផុលផុស ដើម្បីឱ្យក្រុងកំពង់ចាមក្លាយជាទីក្រុងស្អាតជារៀងរហូត និងជាទីក្រុងមានសោភ័ណភាពល្អ ប្រជាពលរដ្ឋមានអនាម័យ មានសុខភាពល្អបរិបូណ៌ ហើយសូមឱ្យទាំងអស់គ្នាចាត់ទុកគម្រោងបង្កើនការចូលរួមរបស់ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធក្នុងការគ្រប់គ្រងសំរាម ក្នុងក្រុងកំពង់ចាម ដែលបានផ្សព្វផ្សាយនេះ ជាគម្រោងដែលបានចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងយុទ្ធសាស្ត្រប្រឡងប្រណាំងទីក្រុងស្អាត។
លោកបញ្ជាក់ថា ថ្វីដ្បិតគម្រោងនេះមានរយ:ពេលតែ ២ ខែក្តី តែជាគម្រោងមួយ ដែលតម្រូវឱ្យមានសមាសភាពចូលរួមពីគ្រប់ភាគី ជាពិសេសអាជ្ញាធរក្រុង អាជ្ញាធរសង្កាត់ទាំង ៤ វិស័យឯកជន គណៈអាជីវករផ្សារក្នុងក្រុង ក្រុមហ៊ុន ស៊ិនទ្រី - មន្ទីរ-អង្គភាពជំនាញ ពាក់ព័ន្ធ និងកងកម្លាំងមានសមត្ថកិច្ច សូមត្រៀមគ្រប់ពេលដោយចូលរួមសហការជិតស្និទ្ធជាមួយក្រុមការងារនៃសហគម្រោងនេះ។
គោលបំណងនៃកិច្ចប្រជុំ នាពេលនេះគឺធ្វើឡើងដោយយោងតាមខ្លឹមសារអនុក្រឹត្យលេខ ១១៣ អ.ន.ក្រ ចុះថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០១៥ ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹង ទីប្រជុំជនក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងសំរាម សំណល់រឹង នៅតាមទីប្រជុំជន ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាពសំដៅធានាបាននូវសោភ័ណភាព កិច្ចគាំពារសុខភាពសាធារណៈ និងបរិស្ថាន។
លោកអភិបាលរងខេត្តកំពង់ចាមបានលើកឡើងថា នាពេលថ្មីៗកន្លងមកនេះ តាមរយៈសាររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងទិវាជាតិទីក្រុងស្អាតឆ្នាំ ២០២២ ទីក្រុងស្អាតគាំទ្រការបើកទេសចរណ៍កម្ពុជា ហើយការបើកយុទ្ធនាការ កម្ពុជាស្អាត គឺមានគោលដៅឆ្ពោះទៅស្វាគមន៍ព្រឹត្តិការណកីឡាស៊ីហ្គេម និងអាស៊ាន បារ៉ាហ្គេមឆ្នាំ ២០២៣។
លោក បានស្នើអង្គប្រជុំទាំងមូលបានជ្រាប និងអនុវត្តឱ្យខាងតែបាននូវគោលការណ៍សំខាន់ ៤ របស់រាជរដ្ឋាភិបាលកម្ពុជា គឺ ១. ចូលរួមពង្រឹងការទទួលខុសត្រូវរបស់ក្រសួងស្ថាប័ន អង្គភាពជំនាញ រដ្ឋបាលថ្នាក់ក្រោមជាតិ និងអ្នកពាក់ព័ន្ធនានាលើការគ្រប់គ្រងសំរាម សំណល់រឹងនៅទីប្រជុំជន និងទីសាធារណៈ។
២. ប្រគល់មុខងារគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនទៅឱ្យរដ្ឋបាលខេត្ត ក្រុង ស្រុក។ ៣. កំណត់វិធានការចាំបាច់ ដើម្បីបង្កើនប្រសិទ្ធភាព និងសុវត្ថិភាពក្នុងការគ្រប់គ្រងសំរាម សំណល់រឹងនៅទីប្រជុំជន និងទីសាធារណៈ។
៤. លើកកម្ពស់ការយល់ដឹងជាសាធារណ: និងការចូលរួមរបស់ប្រជាពលរដ្ឋ ក្នុងការរៀបចំ និងការអនុវត្តវិធានការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន។
យ៉ាងណាមិញ កន្លងមកអាជ្ញាធរគ្រប់ថ្នាក់ គ្រប់ជំនាញ និងអ្នកពាក់ព័ន្ធនានា ពិតជាបានចូលរួមចំណែកក្នុងការអនុវត្តការគ្រប់គ្រង សំរាម និងសំណង់រឹងបានយ៉ាងសស្រាក់សស្រាំពេញទំហឹងប្រកបដោយការទទួលខុសត្រូវខ្ពស់។
លោក ខ្លូត ចិន្តា បញ្ជាក់ទៀតថា៖ «ប៉ុន្តែ ទោះជាយ៉ាងណាយើងទាំងអស់គ្នាក៏ត្រូវតែទទួលស្គាល់ និងក្លាហានក្នុងការទទួលយកនូវចំណុចខ្វះខាតសេសសល់ និងភាពអសកម្មរបស់យើងក្នុងការអនុវត្តការងារគ្រប់គ្រងសំរាមនេះ។ ដូច្នេះ ក្រោយពេលចប់កិច្ចប្រជុំនេះទៅក្រុងកំពង់ចាមយើងមានសំណាងល្អ ដោយបានអង្គការភ្នំស្រី ដើម្បីអភិវឌ្ឍ (PSOD) អង្គការអ្នកអភិវឌ្ឍសហគមន៍ (NAS) និងអង្គការ សកម្មភាពព្រះពុទ្ធសាសនា ដើម្បីអភិវឌ្ឍសង្គម (BSDA) ក្រោមជំនួយថវិកាស្តួចស្ដើងរបស់អង្គការ UNDP មកអនុវត្តក្នុងក្រុងកំពង់ចាមរបស់យើង»៕