ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា រដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេសមួយចំនួនមិនចង់អង្គុយជិតគ្នានោះទេនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ ២០២២ នេះ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយសារឥឡូវកំពុងមានជម្លោះនៅតំបន់អឺរ៉ុប និងនៅតំបន់មួយចំនួនទៀត។
ក្នុងឱកាសលោកទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញនាថ្ងៃទី ៥ ខែសីហា លោក ហ៊ុន សែន ថ្លែងថា៖ «ខ្ញុំក៏គួរនិយាយបន្តិចថា មិត្តភក្តិរបស់យើងសុទ្ធតែមានការអធ្យាស្រ័យចំពោះយើង ដោយយល់ឃើញថា ក្នុងពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ានក្នុងឆ្នាំ ២០២២ នេះមានរឿងច្រើនហួស ដែលមិនធ្លាប់មានពីមុនមក»។
លោកថ្លែងថា៖ «អ៊ីចឹង សូម្បីតែរៀបចំកៅអីអង្គុយក៏ពិបាកដែរ ព្រោះឥឡូវកំពុងតែមានជម្លោះនៅអឺរ៉ុប មានជម្លោះនៅកន្លែងមួយចំនួន។ ដូច្នេះ រៀបកៅអីអង្គុយ គេមិនចង់អង្គុយជិតគ្នាក៏មាន មិនមែនជារឿងងាយស្រួលទេ»។
លោក ហ៊ុន សែន បន្ថែមថា ការធ្វើសេចក្ដីថ្លែងការណ៍ក៏មិនមែនជារឿងងាយស្រួលនោះដែរ ប៉ុន្តែសមត្ថភាពនៃការឆ្លើយតប និងការសម្របសម្រួលរបស់កម្ពុជាគឺអាចធ្វើទៅបាន៕