ភ្នំពេញៈ ព្រឹទ្ធសភាកម្ពុជាចុះកិច្ចព្រមព្រៀងផ្តល់ជំនួយមនុស្សធម៌ជាមួយសាធារណរដ្ឋកូរ៉េលើទំហំទឹកប្រាក់ ១០ លានដុល្លារអាមេរិកក្នុងរយៈពេល ៤ ឆ្នាំ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។
គណៈកម្មការទី ១០ ព្រឹទ្ធសភាបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយមូលនិធិចែករំលែកសង្គ្រោះជីវិតសកលនៃសាធារណរដ្ឋកូរ៉េ ស្តីពីកិច្ចព្រមព្រៀងផ្តល់មនុស្សធម៌ដល់កម្ពុជាដែលមានទឹកប្រាក់ ១០ លានដុល្លារអាមេរិកក្នុងរយៈពេល ៤ ឆ្នាំ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ពលរដ្ឋកម្ពុជា។
ពិធីចុះហត្ថលេខានេះត្រូវបានធ្វើឡើងនៅសាលសិក្ខាសាលាបណ្ណាល័យព្រឹទ្ធសភាកាលពីថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២២ នេះ ក្រោមអធិបតីភាពលោកទេព ងន អនុប្រធានទី ២ ព្រឹទ្ធសភាកម្ពុជា។
លោក Kim Jung Nam ប្រធានមូលនិធិចែករំលែកសង្គ្រោះជីវិតសកលនៃសាធារណរដ្ឋកូរ៉េបានថ្លែងថា អនុស្សរណៈយោគយល់គ្នារវាងមូលនិធិចែករំលែកសង្គ្រោះអាយុជីវិតសកលនៃសាធារណរដ្ឋកូរ៉េ និងព្រឹទ្ធសភាកម្ពុជានឹងផ្ដល់ជំនួយមនុស្សធម៌ផ្នែកបរិក្ខារពេទ្យ និងសម្ភារផ្សេងៗក្នុងទំហំទឹកប្រាក់ ១០ លានដុល្លារអាមេរិក ក្នុងរយៈពេល ៤ ឆ្នាំ។ ការផ្ដល់ជំនួយរបស់មូលនិធិចែករំលែកសង្គ្រោះអាយុជីវិតសកលនឹងផ្តល់ផលប្រយោជន៍ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។
លោក Kim Jung Nam ក៏បានបញ្ជាក់ក្នុងឱកាសនោះថា បន្ទាប់ពីទទួលលិខិតផ្លូវការពីព្រឹទ្ធសភាកម្ពុជាកាលពីខែវិច្ឆិកា ឆ្នាំ ២០២១ មក មូលនិធិចែករំលែកសង្គ្រោះជីវិតសកលបានរៀបចំដឹកជញ្ជូនជំនួយមកប្រទេសកម្ពុជាលើកទី ១ នៅខែមេសា និងលើកទី ២ ក្នុងឆ្នាំ ២០២២ នេះ។
លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី ១០ ព្រឹទ្ធសភាបានមានប្រសាសន៍ថា ព្រឹទ្ធសភាបានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើកិច្ចសហការជាមួយមូលនិធិចែករំលែកសង្គ្រោះជីវិតសកល ក្នុងការនាំយកជំនួយមនុស្សធម៌របស់មូលនិធិចែករំលែកសង្គ្រោះជីវិតសកល ចែកជូនដល់ស្ថាប័នរដ្ឋ និងប្រជាពលរដ្ឋដែលត្រូវការពិតប្រាកដ ប្រកបដោយគណនេយ្យភាព តម្លាភាព និងមានប្រសិទ្ធភាព។
លោក ម៉ម ប៊ុននាង បានបញ្ជាក់ថា តាមរយៈអនុស្សរណៈនេះមូលនិធិចែករំលែកសង្គ្រោះជីវិតសកលនៃសាធារណរដ្ឋកូរ៉េនឹងផ្តល់ជំនួយមនុស្សធម៌ដល់ព្រឹទ្ធសភាកម្ពុជា ជាសម្ភារវេជ្ជសាស្ត្ររួមមាន៖ ឱសថ ឧបករណ៍វេជ្ជសាស្ត្រ បរិក្ខារពេទ្យ និងសម្ភារប្រើប្រាស់ប្រចាំថ្ងៃចាប់ពីខែសីហា ឆ្នាំ ២០២២ ដល់ខែធ្នូ ឆ្នាំ ២០២៥។ ជំនួយមនុស្សធម៌នេះ គឺពិតជាមានសារៈសំខាន់ ហើយបានឆ្លើយតបនឹងសេចក្តីត្រូវការចាំបាច់របស់ប្រជាពលរដ្ឋទាំងនៅទីក្រុង និងនៅទីជនបទ។
លោក ម៉ម ប៊ុននាង ជឿជាក់ថា បន្ទាប់ពីអនុស្សរណៈនេះបានចូលជាធរមានហើយ មូលនិធិចែករំលែកសង្គ្រោះជីវិតសកលនឹងពិនិត្យបន្តអនុស្សរណៈជាថ្មី ដើម្បីផ្តល់ជំនួយមនុស្សធម៌បន្ថែមទៀត ក្នុងន័យធ្វើឱ្យគុណភាពជីវិតរបស់ប្រជាពលរដ្ឋកម្ពុជាកាន់តែប្រសើរឡើង៕