The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - អាស៊ាន​បញ្ជាក់​ពី​ការប្តេជ្ញាចិត្ត​ចំពោះ​ការឆ្លើយតប​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ

អាស៊ាន​បញ្ជាក់​ពី​ការប្តេជ្ញាចិត្ត​ចំពោះ​ការឆ្លើយតប​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ

Content image - Phnom Penh Post
រូបថត ក្រសួងការបរទេស

អាស៊ាន​បញ្ជាក់​ពី​ការប្តេជ្ញាចិត្ត​ចំពោះ​ការឆ្លើយតប​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ

ភ្នំពេញៈ ប្រមុខ​ការទូត​អាស៊ាន​បាន​បញ្ជាក់​ឡើងវិញ​នូវ​ការប្តេជ្ញា​ចិត្ត​ចំពោះ​អនុសញ្ញា​ក្របខ័ណ្ឌ​អង្គការ​សហប្រជាជាតិ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ (UNFCCC) និង​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស COP15 ជាពិសេស​គោលការណ៍​នៃ​ទំនួល​ខុសត្រូវ​រួម ក្នុង​ការឆ្លើយតប​នឹង​ការប្រែប្រួល​អាកាសធាតុ​។ នេះ​បើ​យោងតាម​សេចក្តី​ថ្លែង​ការរួម​នៃ​ប្រជុំ​រដ្ឋមន្ត្រី​ការបទេស​អាស៊ាន​លើក​ទី​ ៥៥ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ ដែល​កម្ពុជា​ជា​ម្ចាស់ផ្ទះ​។

ប្រមុខ​ការទូត​អាស៊ាន​បាន​ស្វាគមន៍​ចំពោះ​ការអនុម័ត​កិច្ចព្រមព្រៀង​អាកាសធាតុ​នៅ​សន្និសីទ​អង្គការ​សហប្រជាជាតិ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ COP 26​ នៅ​ទីក្រុង​ Glasgow នៅ​ចក្រភព​អង់គ្លេស​។

ប្រទេស​អាស៊ាន​ក៏បាន​ទទួល​ស្គាល់​ពី​សារៈ​សំខាន់​នៃ​ការបង្កើន​កិច្ចសហប្រតិបត្តិការ​ជាច្រើន​ដូចជា​ការកសាង​សមត្ថភាព និង​ការផ្តល់​ហិរញ្ញប្បទាន​អាកាសធាតុ ដោយ​ប្រទេស​អភិវឌ្ឍន៍ សម្រាប់​ការអនុវត្ត​ការប្តេជ្ញាចិត្ត​នៅក្នុង​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស និង​កិច្ចព្រមព្រៀង​អាកាសធាតុ Glasgow​។ ជាមួយ​គ្នា​នេះដែរ អាស៊ាន​ក៏​ទន្ទឹង​រង់ចាំ​ពី​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ពិភពលោក​ក្នុង​សម័យ​ប្រជុំ UNFCCC (COP27) ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី​ ៦-១៨ ខែវិច្ឆិកា ឆ្នាំ ២០២២ ​ខាងមុខ​នៅ​ទីក្រុង ​Sharm el-Sheikh ប្រទេស​អេហ្ស៊ីប​។

រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​បាន​ជំរុញ​ការអភិវឌ្ឍ​ឱ្យ​ឆ្លើយតប​នឹង​ការប្រែប្រួល​អាកាសធាតុ ដែល​គ្រោង​បង្កើត​មជ្ឈមណ្ឌល​អាស៊ាន សម្រាប់​ការប្រែប្រួល​អាកាសធាតុ (ACCC) នៅ​ប្រទេស​ប្រ៊ុយណេ ដារូសាឡឹម ដើម្បី​ឆ្ពោះ​ទៅរក​ការបង្កើន​ការសម្រប​សម្រួល និង​កិច្ចសហប្រតិបត្តិការ​នៃ​ការប្រែប្រួល​អាកាសធាតុ ក្នុង​ចំណោម​រដ្ឋ​សមាជិក​អាស៊ាន​ក្នុង​គោលដៅ​តំបន់​អាស៊ាន ធន់​នឹង​អាកាសធាតុ និង​បញ្ចេញ​កាបូន​ទាប​។

ដោយឡែក​ចំពោះ​កម្ពុជា​វិញ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្ដេជ្ញាចិត្ត​ខ្ពស់​ក្នុង​ការដោះស្រាយ​ការប្រែប្រួល​អាកាសធាតុ និង​ការខូចខាត​ផ្នែក​បរិស្ថាន​នៅក្នុង​តំបន់ ក៏ដូចជា​នៅលើ​ពិភពលោក បើទោះបី​ជា​ប្រទេស​ស្ថិត​ក្នុង​ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​តិចតួច​ក៏ដោយ​។

នៅក្នុង​ឱកាស​ជា​អធិបតី បើក​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​លើក​ទី ​៥៥ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នៅ​រាជធានី​ភ្នំពេញ​នា​ព្រឹក​ថ្ងៃ​ពុធ ទី ​៣ សីហា ឆ្នាំ​ ២០២២ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន និង​ជា​ប្រធាន​អាស៊ាន​ជំរុញ​ឱ្យ​មាន​កិច្ចព្រមព្រៀង​បៃតង​អាស៊ាន (ASEAN Green Deal) សំដៅ​អនុញ្ញាត​ឱ្យ​តំបន់​អាស៊ាន​អាច​ប្រែប្រួល​បន្តិច​ម្តងៗ​ឆ្ពោះ​ទៅ​កាន់​អនាគត បៃតង​មួយ​ដែល​មាន​ចីរភាព ការប្រើប្រាស់​ធនធាន​ប្រកប​ដោយ​ប្រសិទ្ធភាព ភាពធន់ និង​ភាព​ប្រកួត​ប្រជែង​ក្នុង​ផ្នែក​សេដ្ឋកិច្ច​។

ក្រៅពីនេះ​នៅ​ឆ្នាំ​ ២០២០ កម្ពុជា​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ចំនួន​ ៧២ ដែល​បាន​ដាក់​របាយការណ៍​បច្ចុប្បន្នភាព​នៃ​ការចូលរួម​ចំណែក​របស់​កម្ពុជា ដើម្បី​អនុវត្ត អនុសញ្ញា​ក្របខ័ណ្ឌ​សហប្រជាជាតិ​ស្ដីពី​ការប្រែប្រួល​អាកាសធាតុ NDC ទៅ​លេខាធិការដ្ឋាន UNFCCC មុនពេល​កំណត់ និង នៅ​ឆ្នាំ​ ២០២១ កម្ពុជា​បានដាក់​ជូន​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​រយៈពេល​វែង​ប្រកប​ដោយ​អព្យាក្រឹត​កាបូន យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​រយៈពេល​វែង​ប្រកប​ដោយ​អព្យាក្រឹត​កាបូន​ជាមួយ​គោលដៅ ការបញ្ចេញ​ឧស្ម័ន​ស្មើ​សូន្យ​នៅត្រឹម​ឆ្នាំ​ ២០៥០​។

រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក​ សាយ សំអាល់ ​នៅក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់ សៀវភៅ​យុទ្ធសាស្ត្រ​នេះ​កាលពី​ខែ​កុម្ភៈ​កន្លង​មក​បាន​គូសបញ្ជាក់​ថា កម្ពុជា​ជា​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ទី​ ២ ក្នុង​ពិភពលោក និង​ជា​ប្រទេស​ទី​ ២ ក្នុង​តំបន់​អាស៊ាន ដែល​បាន​ដាក់ចេញ​យុទ្ធសាស្ត្រ​នេះ​ជាមួយ​នឹង​គោលដៅ​ឆ្នាំ​ ២០៥០ សម្រាប់​ការបញ្ចេញ​កាបូន​ស្មើ​សូន្យ​។ ចំណុច​ស្នូល​នៃ​យុទ្ធសាស្ត្រ​នេះ​មាន ៣ សំខាន់ៗ​ក្នុងនោះ​មាន​ដូចជា​ការគ្រប់គ្រង​ព្រៃ បន្ថយ​ការបញ្ចេញ​ឧស្ម័ន​ពី​វិស័យ​ថាមពល និង​ការដឹកជញ្ជូន និង​ធានា​ប្រសិទ្ធភាព​ថាមពល​ក៏ដូចជា​វិស័យ​កសិកម្ម​។

ជាមួយ​គ្នា​នេះ កម្ពុជា​មាន​ការប្តេជ្ញា​ខ្ពស់​ចំពោះ​ការដោះស្រាយ​ការប្រែប្រួល​អាកាសធាតុ ហើយ​បាន​ដាក់​បញ្ចូល​នូវ​សកម្មភាព​បៃតង និង​អាកាសធាតុ​ចំនួន​ ១៣ ទៅក្នុង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍ និង​ការស្តារ​សេដ្ឋកិច្ច​ឡើងវិញ​ក្រោយ​កូវីដ​ ១៩៕

អត្ថបទគួរចាប់អារម្មណ៍