The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - កម្ពុជា និង​រុស្ស៊ី​ចុះហត្ថលេខា​លើ​ផែនការ​ ៣ ​ឆ្នាំ​ ដើម្បី​ពង្រឹង​ទំនាក់​ទំនង​ជា​មិត្តភាព​បន្ថែមទៀត

កម្ពុជា និង​រុស្ស៊ី​ចុះហត្ថលេខា​លើ​ផែនការ​ ៣ ​ឆ្នាំ​ ដើម្បី​ពង្រឹង​ទំនាក់​ទំនង​ជា​មិត្តភាព​បន្ថែមទៀត

Content image - Phnom Penh Post
រូបថត ហុង មិនា

កម្ពុជា និង​រុស្ស៊ី​ចុះហត្ថលេខា​លើ​ផែនការ​ ៣ ​ឆ្នាំ​ ដើម្បី​ពង្រឹង​ទំនាក់​ទំនង​ជា​មិត្តភាព​បន្ថែមទៀត

ភ្នំពេញៈ មន្ត្រី​បាន​ឱ្យ​ដឹងថា លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា និង​លោក Sergey Lavrov រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​បាន​ចុះហត្ថលេខា​លើ «​ផែនការ​នៃ​កិច្ច​ពិគ្រោះ​យោបល់​រវាង​ក្រសួង​ការបរទេស​នៃ​ប្រទេស​ទាំង ​២​ សម្រាប់​ឆ្នាំ ២០២២-២០២៤» ដែល​នឹង​រួមចំណែក​ពង្រឹង​បន្ថែមទៀត​ទំនាក់​ទំនង​ជា​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង ​២​។

លោក ជុំ សុន្ទរី អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នា​ថ្ងៃទី ​៥ ខែសីហា ថា ពិធី​ចុះហត្ថលេខា​នេះ​ធ្វើឡើង​កាលពី​ថ្ងៃទី ​៥ ខែសីហា នៅក្នុង​ឱកាស​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​លើក​ទី​ ៥៥ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នៅ​រាជធានី​ភ្នំពេញ​។ បន្ទាប់ពី​ការចុះហត្ថលេខា​នេះ រដ្ឋមន្ត្រី​ការបរទេស​ទាំង​ ២ ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួមមួយ​។

សេចក្តី​ថ្លែងការណ៍​ដែល​ផ្សព្វផ្សាយ​ដោយ​ក្រសួង​ការបរទេស​កម្ពុជា​នៅ​ថ្ងៃទី​ ៦ ខែ​សីហា បញ្ជាក់​ថា រដ្ឋមន្ត្រី​ការបរទេស​នៃ​ប្រទេស​ទាំង​ ២​ បាន​ជួបប្រជុំ​ចរចា​ប្រកប​ដោយ​ផ្លែផ្កា​នៅ​ទីក្រុង​ភ្នំពេញ​កាលពី​ថ្ងៃទី​ ៥ ខែសីហា និង​បាន​ឯកភាព​គ្នា​លើកស្ទួយ​ការអភិវឌ្ឍ​បន្ថែម​ទៀត​នូវ​ចំណង​មិត្តភាព ទំនាក់ទំនង «​ជិតស្និទ្ធ​ដ៏យូរអង្វែង​» និង​ការគាំទ្រ​គ្នា​ទៅវិញ​ទៅមក​រវាង​កម្ពុជា និង​រុស្ស៊ី ស្រប​តាម​តម្លៃ​ជា​មូលដ្ឋាន និង​សេចក្តី​ប្រាថ្នា​របស់​ប្រជាជន​នៃ​ប្រទេស​ទាំង​ ២​។

សេចក្តី​ថ្លែងការណ៍​បញ្ជាក់​ថា​៖ «​កម្ពុជា និង​រុស្ស៊ី​នឹង​រក្សា ព្រមទាំង​ពង្រឹង​កិច្ចសន្ទនា​នយោបាយ​ទំនាក់ទំនង​ទៀងទាត់​រវាង​រដ្ឋាភិបាល សភា អាជ្ញាធរ​មូលដ្ឋាន និង​គណបក្ស​នយោបាយ​។ ភាគី​ទាំង​ ២ ​នឹង​បង្កើន​កិច្ចសហប្រតិបត្តិការ ដែល​ជា​ផលប្រយោជន៍​ទៅវិញ​ទៅមក​ក្នុង​វិស័យ​ពាណិជ្ជកម្ម និង​ការវិនិយោគ វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​វិស័យ​អប់រំ និង​វប្បធម៌ វិស័យ​ការពារជាតិ និង​សន្តិសុខ ក៏ដូចជា​បង្កើត​នូវ​លក្ខខណ្ឌ​អំណោយផល សម្រាប់​សកម្មភាព​អង្គការ និង​ក្រុមហ៊ុន​ក្នុង​គ្រប់​វិស័យ​»​។

កម្ពុជា និង​រុស្ស៊ី​ប្តេជ្ញា​នឹង​បន្ត​គោរព​ផលប្រយោជន៍​ស្របច្បាប់​របស់​គ្នា​ទៅវិញ​ទៅមក ក្នុង​ទំនាក់ទំនង​ទ្វេភាគី និង​ក្នុង​ក្របខ័ណ្ឌ​នៃ​វេទិកា​តំបន់ និង​អន្តរជាតិ​។

រដ្ឋមន្ត្រី​ការបរទេស​ទាំង​ ២ ​បាន​ឯកភាព​គ្នា​ជំរុញ​ការគាំទ្រ​គ្នា​ទៅវិញ​ទៅមក​លើ​បញ្ហា​សំខាន់ៗ​ក្នុង​របៀបវារៈ​អន្តរជាតិ និង​តំបន់ ដោយ​សង្កត់ធ្ងន់​លើ​ការពង្រឹង​មជ្ឈភាព​អាស៊ាន​ក្នុង​បរិបទ​នៃ​ការ​កំពុង​រីកធំ​ឡើង​នៃ​អន្តរកម្ម​ពហុភាគី ក្នុង​តំបន់​អាស៊ី ប៉ាស៊ីហ្វិក​៕

អត្ថបទគួរចាប់អារម្មណ៍