ភ្នំពេញៈ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ផ្តល់វគ្គបណ្តុះបណ្តាលមន្ត្រីនគរបាលយុត្តិធម៌រយៈពេល ៤ថ្ងៃស្តីពី «ក្រមព្រហ្មទណ្ឌ ក្រមនីតិវិធីព្រហ្មទណ្ឌ បច្ចេកទេស និងនីតិវិធីក្នុងការកសាងសំណុំរឿងអំពើពុករលួយ» ដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃអង្គភាពរបស់ខ្លួនចំនួន ១០៦នាក់។
វគ្គបណ្តុះបណ្តាលនេះត្រូវបានចាប់ផ្តើមនៅថ្ងៃពុធ ទី៣ ខែសីហា ដល់ថ្ងៃសៅរ៍ទី៦ ខែសីហា ឆ្នាំ២០២២នេះ។
យោងតាម ACU បានឱ្យដឹងថា វគ្គបណ្តុះបណ្តាលនេះមានគោលបំណងផ្តល់ជូនថ្នាក់ដឹកនាំ និងមន្ត្រី នៃអង្គភាពប្រឆាំងអំពើពុករលួយនូវ៖ ការពង្រឹង និងពង្រីកចំណេះដឹងផ្នែកច្បាប់, ការធ្វើឱ្យកាន់តែប្រសើរឡើងថែមទៀត នូវប្រសិទ្ធភាពនៃការស៊ើបអង្កេតបទល្មើស, ពង្រឹងសមត្ថភាពក្នុងការស៊ើបអង្កេត និងកសាងសំណុំរឿងសម្អាតប្រាក់, មូលដ្ឋាននៃកិច្ចសហការក្នុងការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ, ការពង្រឹងបន្ថែមទៀតនូវសមត្ថភាពក្នុងការស្រាវជ្រាវបទល្មើសពុករលួយ ប្រមូលភ័ស្តុតាង និងនីតិវិធីក្នុងការកសាងសំណុំរឿងបញ្ជូនទៅតុលាការ និងបំពេញកិច្ចនីតិវិធីជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ACU ដើម្បីក្លាយជាមន្ត្រីនគរបាលយុត្តិធម៌ក្នុងពេលខាងមុខ។
ចំណេះដឹងដែលទទួលបានពីវគ្គបណ្តុះបណ្តាលនេះនឹងផ្តល់នូវពុទ្ធិ ជំនាញ បច្ចេកទេស និងបទពិសោធល្អៗ ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃ ACU ក្នុងការអនុវត្តការងាររបស់ខ្លួនឱ្យកាន់តែល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់ថែមទៀត។
វគ្គបណ្តុះបណ្តាលរយៈពេល ៤ថ្ងៃនេះ នឹងផ្ដោតលើប្រធានបទសំខាន់ៗ មួយចំនួនដូចជា គោលការណ៍គ្រឹះនៃច្បាប់ព្រហ្មទណ្ឌកម្ពុជា ធាតុផ្សំនៃបទល្មើសព្រហ្មទណ្ឌទូទៅ និងបទល្មើសពុករលួយ ក្រមនីតិវិធីព្រហ្មទណ្ឌ ការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ បច្ចេកទេស និងនីតិវិធីក្នុងការកសាងសំណុំរឿងអំពើពុករលួយ និងការប្រឆាំងការសម្អាតប្រាក់ជាដើម៕