ភ្នំពេញៈ ក្រសួង​យុត្តិធម៌​ប្រកាស​ថា គណបក្ស​នយោបាយ និង​អង្គការ​សង្គម​ស៊ីវិល​ដែល​ជំទាស់​នឹង​ការ​ធ្វើវិសោធនកម្ម​លើក​ទី​១០ នៃ​រដ្ឋធម្មនុញ្ញ​មិន​បាន​មក​ជួប​តទល់មុខ​គ្នា​ដោយ​ផ្ទាល់​នៅ​ចំពោះ​មុខ​មហាជន​តាម​រយៈការ​ផ្សាយ​ផ្ទាល់​តាម​បណ្តាញ​សារព័ត៌មាន សំដៅ​ជម្រុះ​ចោល​នូវកង្វល់​មិន​ត្រឹមត្រូវ​នានា​ជុំវិញ​ការ​ធ្វើ​វិសោធនកម្ម​នោះ​ឡើយ។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​យុត្តិធម៌ នៅថ្ងៃ​ទី៥ ខែ​សីហា បាន​ឱ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​ទី​២៩ ខែ​កក្កដា ក្រសួង​យុត្តិធម៌ បាន​អញ្ជើញគណបក្ស​នយោបាយ និង​អង្គការ​សង្គម​ស៊ីវិល​ដែល​យល់​ថា ឬ​អះអាង​ថា ការ​ធ្វើវិសោធនកម្ម​លើក​ទី​១០ នៃ​រដ្ឋ​ធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រកម្ពុជា ប៉ះពាល់​ដល់​របប​ប្រជាធិបតេយ្យ​សេរីពហុបក្ស និង​របប​រាជានិយម​អាស្រ័យ​ដោយ​រដ្ឋធម្មនុញ្ញ ឬ​របប​សភានិយម ដើម្បី​មក​ជួបពិភាក្សា​តទល់​មុខ​គ្នា​ដោយ​ផ្ទាល់​នៅ​ចំពោះ​មុខ​មហាជន​តាម​រយៈការ​ផ្សាយ​ផ្ទាល់​តាម​បណ្តាញ​សារព័ត៌មាន សំដៅ​ជម្រុះ​ចោល​នូវ​កង្វល់​មិនត្រឹមត្រូវ​នានា ជុំវិញ​ការ​ធ្វើ​វិសោធនកម្ម​លើក​នេះ គណបក្ស​នយោយបាយ និង​អង្គការ​សង្គម​ស៊ីវិល​ទាំង​នោះ​មិន​មក​តាម​ការ​អញ្ជើញ​របស់ក្រសួង​នោះ​ទេ។

ក្រសួង​យុត្តិធម៌​បញ្ជាក់​ថា៖ «គណបក្ស​នយោបាយ​ទាំង ៤ ដែល​បាន​ដាក់​ញត្តិ​ជូន​ទៅ​រដ្ឋសភា​ជំទាស់​នឹង​ការ​ធ្វើវិសោធនកម្ម លើក​ទី១០ នៃរដ្ឋធម្មនុញ្ញ​នេះ និង​អង្គការ​សង្គម​ស៊ីវិល​ចំនួន ១០៤ ដែល​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​សម្តែង​នូវ​កង្វល់​នានា ជុំវិញ​ការ​ធ្វើវិសោធនកម្ម​នេះ​ពុំបាន​មក​ចូលរួម​តាម​ការ​អញ្ជើញ​របស់​ក្រសួង​យុត្តិធម៌​នោះ​ទេ»។

ក្រសួង​យុត្តិធម៌​ពិនិត្យ​ឃើញ​ថា ប្រសិន​បើ​គណបក្ស​នយោបាយ និង​អង្គការ​សង្គម​ស៊ីវិល​ទាំង​នោះ ពិត​ជា​មាន​បំណង​ដោយ​សុទ្ធចិត្ត​ដើម្បី​ចង់ការពារ​រដ្ឋធម្មនុញ្ញ​របបប្រជាធិបតេយ្យ​សេរីពហុបក្ស របបរាជានិយម​អាស្រ័យ​ដោយ​រដ្ឋធម្មនុញ្ញ ឬ​របប​សភា​និយម ដូច​អ្វី​ដែល​បាន​អះអាងពិត​ប្រាកដ​មែន​នោះ គួរ​ណាស់​តែ​តំណាង​គណបក្ស​នយោបាយ ឬ​តំណាង​អង្គការ​សង្គម​ស៊ីវិល​ទាំង​នោះ អញ្ជើញ​តាម​ការ​អញ្ជើញ​របស់ក្រសួង​យុត្តិធម៌​ដើម្បី​ស្វែងយល់​ឱ្យ​បាន​ត្រឹមត្រូវ​អំពី​ខ្លឹមសារ និង​គោល​បំណង​ពិតប្រាកដ​នៃ​ការ​ធ្វើវិសោធនកម្ម លើក​ទី​១០ នេះ ឬ​ដើម្បី​លើកយក​ទឡ្ហីករណ៍​មក​តទល់​ពន្យល់​គ្នា​ទៅ​វិញ​ទៅមក​ជាមួយ​ក្រសួង​យុត្តិធម៌ ដោយ​មាន​ការ​ផ្សាយផ្ទាល់​តាម​បណ្តាញ​សារព័ត៌មាន ដើម្បី​អាច​ឱ្យសាធារណជន អាច​យល់​ច្បាស់​ថា តើ​វិសោធនកម្ម រដ្ឋធម្មនុញ្ញ​លើក​ទី១០ នេះ​ពិត​ជា​បាន​ប៉ះពាល់​ដល់​របបប្រជាធិបតេយ្យ​សេរីពហុបក្ស ឬ​របប​រាជានិយម អាស្រ័យ​ដោយ​រដ្ឋធម្មនុញ្ញ ឬ​របបសភានិយម ដូច​អ្វី​ដែល​គណបក្ស​នយោបាយ​ទាំង ៤ ឬ អង្គការ​សង្គម​ស៊ីវិល​ទាំង ១០៤ បាន​លើក​ឡើង​នោះ​ដែរ​ឬទេ។

ក្រសួង​យុត្តិធម៌​បាន​សម្តែងការ​សោកស្តាយ​ដោយ​គណបក្ស​នយោបាយ និង​អង្គការ​សង្គម​ស៊ីវិល​ទាំង​នោះ មិន​បាន​ចូលរួម​តាម​ការ​អញ្ជើញខាង​លើ​នេះ​ក្រោម​លេសនានា​ដោយ​មិន​សមហេតុផល។ យ៉ាងណា​ក្រសួង​យុត្តិធម៌​សង្ឃឹមថា តាម​រយៈការ​បកស្រាយ​បំភ្លឺ​ជា​បន្តបន្ទាប់​របស់តំណាង​រាជរដ្ឋាភិបាល, គណបក្ស​នយោបាយ​ទាំង ៤ និង​អង្គការ​សង្គម​ស៊ីវិល​ទាំង​១០៤ ពិត​ជា​អាច​ទទួល​យក​នូវ​ការ​ពន្យល់​បកស្រាយ បំភ្លឺរបស់​តំណាង​រាជរដ្ឋាភិបាល​អំពី​ខ្លឹមសារ និង​គោលបំណង​ពិតប្រាកដ​នៃ​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នេះ។

ក្រសួង​យុត្តិធម៌​បញ្ជាក់​ថា សេចក្តី​ព្រាង​ច្បាប់​ធម្មនុញ្ញ​ស្តីពី​ការ​ធ្វើវិសោធនកម្ម​លើក​ទី​១០ នេះ ត្រូវ​បាន​រដ្ឋសភានៃ​ព្រះរាជាណាចក្រកម្ពុជា សម្រេច​អនុម័ត​ដោយ​មតិ​ភាគច្រើន​លើស​ពី​ពីរភាគបី​នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំង​មូល នា​សម័យ​ប្រជុំ​រដ្ឋសភា​លើក​ទី​៧ នីតិកាល​ទី៦ កាលពី​ថ្ងៃទី​២៨ ខែ​កក្កដា ឆ្នាំ ២០២២ ហើយ​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏​បាន​សម្រេច​ផ្តល់​យោបល់​យល់ព្រម​ទាំង​ស្រុង​លើ ទម្រង់ច្បាប់ និង​គតិច្បាប់​ដោយ​ឥត​កែប្រែ​ដោយ​មតិភាគច្រើន​លើសពី ២ ភាគ ៣ នៃ​ចំនួន​សមាជិក​ព្រឹទ្ធសភា​ទាំង​មូល​នា​សម័យ​ប្រជុំ​លើក​ទី៩ នីតិកាល​ទី៤ នៅ​ថ្ងៃ​ទី៥ ខែសីហា ឆ្នាំ ២០២២ នេះ។

ក្រសួង​យុត្តិធម៌​លើក​ឡើង​ថា៖ «ជានីតិវិធី​បន្ត, ច្បាប់​ធម្មនុញ្ញ​នេះ នឹង​ត្រូវ​ថ្វាយ​ព្រះករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជា​ទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​នៃ​ប្រជាជាតិ​ខ្មែរ ដើម្បី​ទ្រង់ឡាយ​ព្រះហស្តលេខា​ប្រកាស​ឱ្យ​ប្រើ ដែល​ជា​នីតិវិធី​ចុងក្រោយនៃ​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ដោយ​អនុលោម​ទៅ​តាម​នីតិវិធី​ជាធរមាន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា»។

ក្រោយ​នីតិវិធី​ទាំង​នេះ​បាន​ចប់​សព្វ​គ្រប់ រដ្ឋធម្មនុញ្ញ​ក្រោយ​វិសោធនកម្ម​នេះ នឹង​ក្លាយ​ជា​មូលដ្ឋាន​គ្រឹះ​សម្រាប់ជាតិ ដើម្បី​ធានា​ការពារ​ឧត្តមប្រយោជន៍​របស់ជាតិ និង​ប្រជាជន​កម្ពុជា ហើយ​ទាំង​ប្រជាជន​កម្ពុជា ទាំង​គណបក្ស​នយោបាយ​ទាំងអស់​ដែល​ទទួល​បាន​ការ​បោះឆ្នោត​គាំទ្រពី​សំណាក់​ប្រជាជន​កម្ពុជា នឹង​ទទួល​បាន​អត្ថប្រយោជន៍​ពី​ភាព​មិន​ជាប់គាំង និង​កិច្ច​ដំណើរការ​ដោយរលូន និង​ប្រកប​ដោយ​និរន្តរភាព​នៃ​ស្ថាប័ន​កំពូល​របស់ជាតិ ពិសេស ស្ថាប័ន​នីតិប្រតិបត្តិ ដែល​មាន​បេសកកម្ម​ដឹកនាំ​ការងារ​ទូទៅ​របស់ជាតិ៕