ភ្នំពេញៈ អាស៊ាន​បាន​ប្តេជ្ញា​អនុវត្ត​កិច្ច​ព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់ជ្រុង​ជ្រោយ​តំបន់ (RCEP) ដែល​បាន​ចូលជា​ធរមាន​កាល​ពី​ដើម​ឆ្នាំនេះ ដើម្បី​បង្កើន​ភាព​ទាក់ទាញ​របស់​អាស៊ាន​លើ​វិស័យ​ពាណិជ្ជកម្ម វិនិយោគ និង​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​ពិភព​លោក។ នេះ​បើ​តាម​ការ​បញ្ជាក់របស់​ប្រមុខ​ការ​ទូត​កម្ពុជា​លោក ប្រាក់ សុខុន ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត នា​ថ្ងៃទី៦ ខែសីហា។

កិច្ច​ព្រមព្រៀង RCEP ជា​គំនិត​ផ្តួចផ្តើម​របស់​អាស៊ាន និង​ត្រូវ​បាន​ប្រកាស​ឱ្យ​ចាប់​ផ្តើម​ការ​ចរចា​​ក្នុង​ឆ្នាំ ២០១២ នៅ​រាជធានី​ភ្នំពេញ។ កិច្ចព្រមព្រៀង​នេះ​គឺជា​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ដ៏​ធំ​បំផុត​លើ​ពិភពលោក ដែល​មាន​សមាជិក​ចំនួន ១៥ ប្រទេស រួម​មាន​ប្រទេសសមាជិក​អាស៊ាន​ទាំង​១០ និង​ប្រទេស​ដៃគូ​ពាណិជ្ជកម្ម​សេរីអាស៊ាន​ចំនួន ៥ ដូចជា ប្រទេស​អូស្ត្រាលី ចិន ជប៉ុន កូរ៉េខាងត្បូង និង នូវែលសេឡង់។

លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត បន្ទាប់ពី​បិទ​បញ្ចប់​កិច្ច​ប្រជុំ​រដ្ឋមន្ត្រីការ​បរទេស​អាស៊ានលើក​ទី​៥៥ និង​កិច្ច​ប្រជុំ​ពាក់ព័ន្ធ នៅ​រាជធានី​ភ្នំពេញ​ថា អាស៊ាន​ក៏​បាន​បញ្ជាក់​ពី​សារៈសំខាន់​នៃ​ការ​បង្រួម​គម្លាត​នៃ​ការ​អភិវឌ្ឍ​តាម​រយៈផែន​ការ​ការងារ​ទី៤ និង​គំនិត​ផ្តួចផ្តើម​សមាហរណកម្ម​អាស៊ាន​សម្រាប់​ឆ្នាំ ២០១១-២០២៥ និង​ជំរុញ​ការ​តភ្ជាប់​ក្នុង​តំបន់​តាម​រយៈផែនការ​មេស្តីពីការ​តភ្ជាប់​អាស៊ាន​ឆ្នាំ ២០២៥។

ក្រៅពីនេះ អាស៊ាន​ក៏​បាន​គូស​បញ្ជាក់​សារៈសំខាន់​នៃ​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤ ដែល​ទាមទារ​ឱ្យ​មាន​ការ​ផ្លាស់ប្តូរ​ឌីជីថល និង​ស្វាគមន៍​រាល់ជំនួយ​គាំទ្រ​ពី​ដៃគូ​សន្ទនា​ដើម្បី​ជួយ​ឱ្យ​អាស៊ាន​អាច​ទទួល​យក​បដិវត្តន៍​ឧស្សាហកម្ម​ទី៤ រួម​ទាំង​គំនិត​ផ្តើម​ដើម្បី​បង្កើន​សមត្ថភាព​និង​ការ​ត្រៀមខ្លួន​របស់​អាស៊ាន។

លោក​ថ្លែង​ថា៖ «យើង​ក៏​បាន​ពិភាក្សា​ផងដែរ​អំពី​តម្រូវការ​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាក់ស្តែង​រវាង​អាស៊ាន និង​តំបន់​ផ្សេង​ទៀត​នៅ​ក្នុងក្របខ័ណ្ឌ​នៃ​ទស្សនវិស័យ​អាស៊ាន​ស្តីពី​ឥណ្ឌូប៉ាស៊ីហ្វិក​លើ​វិស័យ​ចំនួន ៤ គឺ កិច្ច​សហប្រតិបត្តិការ​លម្ហសមុទ្រ ការ​តភ្ជាប់ គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​របស់​អង្គការ​សហប្រជាជាតិ ២០៣០ និង​វិស័យ​និង​កិច្ច​សហប្រតិបត្តិការ​ផ្សេង​ទៀត»៕