
ភ្នំពេញៈ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានស្នើសុំឱ្យចក្រភពអង់គ្លេស បន្តជួយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាលើវិស័យសកម្មភាពមីនរហូតដល់កម្ពុជាសម្រេចបាននូវគោលដៅគ្មានមីនឆ្នាំ ២០២៥។ ចក្រភពអង់គ្លេស អះអាងថា នឹងបន្តគិតគូរចូលរួមគាំទ្រជួយដល់រាជរដ្ឋាភិបាលកម្ពុជាលើវិស័យមីននេះបន្ថែមទៀត។
ក្នុងជំនួបកិច្ចពិភាក្សាការងារជាមួយរដ្ឋមន្ត្រីចក្រភពអង់គ្លេសទទួលបន្ទុកអាស៊ី លោកស្រី Amanda Milling លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីនបានលើកឡើងអំពីភាពជាដៃគូនិងកិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងវិស័យសកម្មភាពមីននៅកម្ពុជា។
លោក លីធុជ គូសបញ្ជាក់ថា នេះជាជំនួបវិជ្ជមានស្តីពីកិច្ចសហប្រតិបត្តិការវិស័យមីនរវាងកម្ពុជានិងចក្រភពអង់គ្លេស។
ជាមួយគ្នានេះ លោកទេសរដ្ឋមន្រ្តីបាន ស្នើសុំ ឱ្យចក្រភពអង់គ្លេស បន្តជួយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា លើវិស័យសកម្មភាព មីន រហូតដល់កម្ពុជាសម្រេចបាននូវគោលដៅគ្មានមីនឆ្នាំ ២០២៥។
លោកស្រី Amanda Milling បានវាយតម្លៃខ្ពស់ដល់ការងារបោសសម្អាតមីននៅកម្ពុជា ដែលជាតម្រូវការចាំបាច់ ក្នុងការចូលរួមជួយ ដល់ប្រជាជនកម្ពុជា កាត់បន្ថយគ្រោះថ្នាក់ និងការអភិវឌ្ឍប្រទេសជាតិ។ លោកស្រីបញ្ជាក់ថា ចក្រភពអង់គ្លេស នឹងបន្តគិតគូរចូលរួមគាំទ្រជួយដល់រាជរដ្ឋាភិបាលកម្ពុជាលើវិស័យមីននេះបន្ថែមទៀត៕